២ សាំយូអែល 6:1-7
២ សាំយូអែល 6:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះបាទដាវីឌប្រមូលមនុស្សទាំងអស់ ជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួនបីម៉ឺននាក់ ព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីយកហិបរបស់ព្រះឡើងមក ជាហិបដែលគេហៅតាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្ដាលចេរូប៊ីម។ គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។ គេយករទេះដែលដឹកហិបរបស់ព្រះ ចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហិបផង។ ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ គេលេងភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា និងឈិង នៅចំពោះព្រះយេហូវ៉ា។ នៅពេលគេបានទៅដល់លានស្រូវរបស់ណាកុន អ៊ុសាបានលូកដៃទៅចាប់ទប់ហិបរបស់ព្រះ ដោយព្រោះគោកញ្ជ្រោលធ្វើឲ្យហិបនោះចង់ធ្លាក់។ ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។
២ សាំយូអែល 6:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រាអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។ ព្រះបាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកចេរូប៊ីន*។ គេបានដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។ គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ ដង្ហែមក ដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។ ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។ កាលមកដល់លានស្រូវរបស់លោកណាកុន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់ព្រះជាម្ចាស់ ព្រោះគោបានធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយព្រះអង្គប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់ព្រះជាម្ចាស់។
២ សាំយូអែល 6:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកដាវីឌទ្រង់ប្រមូលអស់ទាំងមនុស្សជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួន៣ម៉ឺននាក់ រួចដាវីឌ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីនឹងនាំយកហឹបនៃព្រះឡើងមក ជាហឹបដែលគេឲ្យឈ្មោះ តាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីន គេផ្ទុកហឹបនៃព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំទៅ មានឈ្មោះអ៊ុសា ហើយនឹងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីន៉ាដាប់ ជាអ្នកបររទេះថ្មីនោះ គេនាំយករទេះដែលផ្ទុកហឹបនៃព្រះ ចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហឹបផង ឯដាវីឌ នឹងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនឹងឈឹង នៅចំពោះព្រះយេហូវ៉ា។ លុះគេបានទៅដល់លានស្រូវរបស់ណាកុនហើយ នោះអ៊ុសាគាត់លូកដៃទៅចាប់ទប់ហឹបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ