២ សាំយូអែល 6:1-15

២ សាំយូអែល 6:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះបាទ​ដាវីឌ​ប្រមូល​មនុស្ស​ទាំង​អស់ ជ្រើស​រើស​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ម្តង​ទៀត បាន​ចំនួន​បី​ម៉ឺន​នាក់ ព្រះបាទ​ដាវីឌ ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​យក​ហិប​របស់​ព្រះ​ឡើង​មក ជា​ហិប​ដែល​គេ​ហៅ​តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម។ គេ​ដាក់​ហិប​របស់​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ។ អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។ គេ​យក​រទេះ​ដែល​ដឹក​ហិប​របស់​ព្រះ ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ​នោះ​ទៅ មាន​អ័ហ៊ីយ៉ូរ​ដើរ​ខាង​មុខ​ហិប​ផង។ ព្រះបាទ​ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​លេង​ភ្លេង​គ្រប់​មុខ ដែល​ធ្វើ​ពី​ឈើ​កកោះ គឺ​ស៊ុង ពិណ ក្រាប់ រុម្មនា និង​ឈិង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ នៅ​ពេល​គេ​បាន​ទៅ​ដល់​លាន​ស្រូវ​របស់​ណាកុន អ៊ុសា​បាន​លូក​ដៃ​ទៅ​ចាប់​ទប់​ហិប​របស់​ព្រះ ដោយ​ព្រោះ​គោ​កញ្ជ្រោល​ធ្វើ​ឲ្យ​ហិប​នោះ​ចង់​ធ្លាក់។ ពេល​នោះ ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​នៅ​ទី​នោះ ដោយ​កំហុស​របស់​គាត់ ហើយ​គាត់​ស្លាប់​នៅ​ទី​នោះ ជិត​ហិប​នៃ​ព្រះ។ ឯ​ព្រះបាទ​ដាវីឌ​ខ្ញាល់​យ៉ាង​ខ្លាំង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា រួច​ទ្រង់​ហៅ​កន្លែង​នោះ​ថា ពេរេស-អ៊ុសា រហូតដល់​សព្វ​ថ្ងៃ​នេះ។ នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​វិញ​បាន?» យ៉ាង​នោះ ព្រះបាទ​ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ក្រុង​របស់​ដាវីឌ​ទេ គឺ​ទង់​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ។ ហិប​របស់​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ក្រុង​កាថា​នោះរយៈ​ពេល​បី​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដុម ព្រម​ទាំង​គ្រួសារ​គាត់​ទាំង​អស់​គ្នា។ មាន​គេ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​អូបិឌ-អេដុម និង​អ្វីៗ​ទាំងអស់​របស់​គាត់ ដោយ​ព្រោះ​ហិបរបស់​ព្រះ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​យក​ហិប​របស់​ព្រះ​ពី​ផ្ទះ​អូបិឌ-អេដុម ចូល​មក​ក្នុង​ក្រុង​របស់​ព្រះករុណា​វិញ​ដោយ​អំណរ។ កាល​ពួក​អ្នក​ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​ប្រាំមួយ​ជំហាន ទ្រង់​ថ្វាយ​គោ​ឈ្មោល​មួយ និង​កូន​គោ​មួយ​យ៉ាង​ធាត់។ ព្រះបាទ​ដាវីឌ​លោត​កញ្ឆេង​អស់​ពី​កម្លាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត​ទេស។ ព្រះបាទ​ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​យក​ហិប​របស់​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ និង​សូរ​ផ្លុំ​ត្រែ​ផង។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ​ប្រមូល​ពល​ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល ចំនួន​ប្រមាណ​បី​ម៉ឺន​នាក់​សា​ជា​ថ្មី។ ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ពី​ក្រុង​បា‌លេ ក្នុង​ស្រុក​យូដា។ ហិប​នេះ​ឧទ្ទិស​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន*។ គេ​បាន​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។ គេ​ដឹក​ហិប​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ ដង្ហែ​មក ដោយ​មាន​លោក​អហ៊ី‌យ៉ូ​ដើរ​នៅ​ខាង​មុខ។ ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ឧបករណ៍​តន្ត្រី​គ្រប់​ប្រភេទ ដែល​ធ្វើ​អំពី​ឈើ​ខ្លឹម ព្រម​ទាំង​ពិណ ឃឹម ស្គរ ឃ្មោះ និង​ឈិង។ កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​ណាកុន លោក​អ៊ូសា​លើក​ដៃ​ទៅ​ទប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គោ​បាន​ធ្វើ​ឲ្យ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។ ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អ៊ូសា ហើយ​ព្រះអង្គ​ប្រហារ​លោក​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌បាទ​ដាវីឌ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​វាយ​ប្រហារ​លោក​អ៊ូសា​ឲ្យ​ស្លាប់​មួយ​រំពេច​ដូច្នេះ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-‌អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃ​ព្រះ‌អម្ចាស់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។ ដូច្នេះ ស្ដេច​មិន​ចង់​យក​ហិប​របស់​ព្រះ‌អម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ព្រះ‌បាទ​ដាវីឌ តែ​ទ្រង់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេដ‌អេដុម ជា​អ្នក​ស្រុក​កាថ។ ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេដ‌អេដុម ជា​អ្នក​ស្រុក​កាថ​ចំនួន​បី​ខែ។ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក​អូបេដ‌អេដុម និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល។ មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដ‌អេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយ‌សារ​តែ​ហិប​របស់​ព្រះ‌ជាម្ចាស់»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ផ្ទះ​លោក​អូបេដ‌អេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីក‌រាយ​ផង។ នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់ ដើរ​បាន​ប្រាំ​មួយ​ជំហាន ព្រះ‌បាទ​ដាវីឌ​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា។ ព្រះ‌បាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។ ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មកដាវីឌ​ទ្រង់​ប្រមូល​អស់​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អ៊ីស្រាអែល​ម្តង​ទៀត បាន​ចំនួន​៣​ម៉ឺន​នាក់ រួច​ដាវីឌ ព្រម​ទាំង​បណ្តាជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ​ឡើង​មក ជា​ហឹប​ដែល​គេ​ឲ្យ​ឈ្មោះ តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្តាល​ចេរូប៊ីន គេ​ផ្ទុក​ហឹប​នៃ​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​ទៅ មាន​ឈ្មោះ​អ៊ុសា ហើយ​នឹង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ន៉ាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ គេ​នាំ​យក​រទេះ​ដែល​ផ្ទុក​ហឹប​នៃ​ព្រះ ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​នោះ​ទៅ មាន​អ័ហ៊ីយ៉ូរ​ដើរ​ខាង​មុខ​ហឹប​ផង ឯ​ដាវីឌ នឹង​ពួក​ផ្ទះ​អ៊ីស្រាអែល​ទាំង​អស់ គេ​លេង​ប្រដាប់​ភ្លេង​គ្រប់​មុខ ដែល​ធ្វើ​ពី​ឈើ​កកោះ គឺ​ស៊ុង ពិណ ក្រាប់ រុម្មនា ហើយ​នឹង​ឈឹង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ លុះ​គេ​បាន​ទៅ​ដល់​លាន​ស្រូវ​របស់​ណាកុនហើយ នោះ​អ៊ុសា​គាត់​លូក​ដៃ​ទៅ​ចាប់​ទប់​ហឹប​នៃ​ព្រះ ពី​ព្រោះ​គោ​កញ្ជ្រោល​ឡើង ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ញាល់​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​នៅ​ទី​នោះ ដោយ​ព្រោះ​កំហុស​របស់​គាត់ ហើយ​គាត់​ស្លាប់​នៅ​ទី​នោះ ជិត​ហឹប​នៃ​ព្រះ​ទៅ ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌ទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា​បង់ រួច​ទ្រង់​ហៅ​កន្លែង​នោះ​ឈ្មោះ​ថា ពេរេស-អ៊ុសា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នៅ​ថ្ងៃ​នោះដាវីឌ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ឯ​អញ​បាន យ៉ាង​នោះ ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​ទ្រង់ ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​ទ្រង់​នាំ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ ដូច្នេះ ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ពី​ក្រុង​កាថ​នោះ​អស់​៣​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដំម ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​គ្នា។ មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដំម នឹង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ ពី​ផ្ទះ​អូបិឌ-អេដំម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ នឹង​កូន​គោ​១​យ៉ាង​ធាត់ ដាវីឌ​ក៏​លោត‌កញ្ឆេង​អស់​ពី​កំឡាំង​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដូច្នេះ ដាវីឌនឹង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង នឹង​សូរ​ផ្លុំ​ត្រែ​ផង។

ចែក​រំលែក
អាន ២ សាំយូអែល 6