២ សាំយូអែល 6:1-11
២ សាំយូអែល 6:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះបាទដាវីឌប្រមូលមនុស្សទាំងអស់ ជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួនបីម៉ឺននាក់ ព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីយកហិបរបស់ព្រះឡើងមក ជាហិបដែលគេហៅតាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្ដាលចេរូប៊ីម។ គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។ គេយករទេះដែលដឹកហិបរបស់ព្រះ ចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហិបផង។ ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ គេលេងភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា និងឈិង នៅចំពោះព្រះយេហូវ៉ា។ នៅពេលគេបានទៅដល់លានស្រូវរបស់ណាកុន អ៊ុសាបានលូកដៃទៅចាប់ទប់ហិបរបស់ព្រះ ដោយព្រោះគោកញ្ជ្រោលធ្វើឲ្យហិបនោះចង់ធ្លាក់។ ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។ ឯព្រះបាទដាវីឌខ្ញាល់យ៉ាងខ្លាំង ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសា រួចទ្រង់ហៅកន្លែងនោះថា ពេរេស-អ៊ុសា រហូតដល់សព្វថ្ងៃនេះ។ នៅថ្ងៃនោះ ព្រះបាទដាវីឌកោតខ្លាចព្រះយេហូវ៉ា ហើយមានរាជឱង្ការថា៖ «ធ្វើដូចម្តេចឲ្យហិបនៃព្រះយេហូវ៉ាចូលមកវិញបាន?» យ៉ាងនោះ ព្រះបាទដាវីឌបែរជាមិនបាននាំយកហិបនៃព្រះយេហូវ៉ា ចូលទៅក្នុងក្រុងរបស់ដាវីឌទេ គឺទង់យកទៅដាក់នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ជាអ្នកមកពីក្រុងកាថវិញ។ ហិបរបស់ព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ក្រុងកាថានោះរយៈពេលបីខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដុម ព្រមទាំងគ្រួសារគាត់ទាំងអស់គ្នា។
២ សាំយូអែល 6:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រាអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។ ព្រះបាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកចេរូប៊ីន*។ គេបានដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។ គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ ដង្ហែមក ដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។ ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។ កាលមកដល់លានស្រូវរបស់លោកណាកុន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់ព្រះជាម្ចាស់ ព្រោះគោបានធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយព្រះអង្គប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់ព្រះជាម្ចាស់។ ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់វាយប្រហារលោកអ៊ូសាឲ្យស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។ នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះអម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងមិនហ៊ានយកហិបនៃព្រះអម្ចាស់ចូលទៅក្នុងដំណាក់របស់យើងទេ!»។ ដូច្នេះ ស្ដេចមិនចង់យកហិបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែទ្រង់បានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដអេដុម ជាអ្នកស្រុកកាថ។ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដអេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់លោកអូបេដអេដុម និងក្រុមគ្រួសាររបស់គាត់ទាំងមូល។
២ សាំយូអែល 6:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកដាវីឌទ្រង់ប្រមូលអស់ទាំងមនុស្សជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួន៣ម៉ឺននាក់ រួចដាវីឌ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីនឹងនាំយកហឹបនៃព្រះឡើងមក ជាហឹបដែលគេឲ្យឈ្មោះ តាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីន គេផ្ទុកហឹបនៃព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំទៅ មានឈ្មោះអ៊ុសា ហើយនឹងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីន៉ាដាប់ ជាអ្នកបររទេះថ្មីនោះ គេនាំយករទេះដែលផ្ទុកហឹបនៃព្រះ ចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហឹបផង ឯដាវីឌ នឹងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនឹងឈឹង នៅចំពោះព្រះយេហូវ៉ា។ លុះគេបានទៅដល់លានស្រូវរបស់ណាកុនហើយ នោះអ៊ុសាគាត់លូកដៃទៅចាប់ទប់ហឹបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសាបង់ រួចទ្រង់ហៅកន្លែងនោះឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ នៅថ្ងៃនោះដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានបន្ទូលថា ធ្វើដូចម្តេចឲ្យហឹបនៃព្រះយេហូវ៉ាចូលមកឯអញបាន យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ា ចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដំម ជាអ្នកមកពីក្រុងកាថវិញ ដូច្នេះ ហឹបនៃព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដំម ពីក្រុងកាថនោះអស់៣ខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដំម ព្រមទាំងពួកគ្រួគាត់ទាំងអស់គ្នា។