២ សាំយូអែល 5:6-12

២ សាំយូអែល 5:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ស្តេច និង​ពួក​ទ័ព​របស់​ទ្រង់ បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល​ងាយ​ដល់​ដាវីឌ​ថា៖ «ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ និង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កម្ចាត់​ឯង​បាន​ដែរ» ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ។ ប៉ុន្តែ ដាវីឌ​បាន​ចាប់​យក​បាន​ទី​មាំ‌មួន​នៃ​ស៊ីយ៉ូន ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ។ នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​វាយ​ពួក​យេប៊ូស​បាន នោះ​ត្រូវ​តែ​ឡើង​តាម​ផ្លូវ​បង្ហូរ​ទឹក​ទៅ ហើយ​វាយ​ទាំង​ពួក​កង្វាក់ និង​ពួក​កង្វិន​នុ៎ះ​ឯង គឺ​អស់​អ្នក​ដែល​ដាវីឌ​ស្អប់ »។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា «អ្នក​ខ្វាក់ និង​អ្នក​ខ្វិន មិន​អាច​ចូល​មកក្នុង​ដំណាក់​នេះ​បាន​ឡើយ»។ ព្រះបាទ​ដាវីឌ​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំ​វិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង។ ព្រះបាទ​ដាវីឌ​បាន​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​គង់​ជា‌មួយ។ រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​តម្កើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ២ សាំយូអែល 5

២ សាំយូអែល 5:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​កង‌ទ័ព​នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម។ ជន‌ជាតិ​យេ‌ប៊ូស​ដែល​រស់​នៅ​តំបន់​នោះ និយាយ​ប្រមាថ​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ទីក្រុង​របស់​យើង​មិន​បាន​ទេ ទោះ​បី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ខ្វិន ក៏​អាច​រុញ​ច្រាន​អ្នក​ឲ្យ​ថយ​ក្រោយ​វិញ​ដែរ»។ គេ​ពោល​ដូច្នេះ មក​ពី​គេ​គិត​ថា ព្រះ‌បាទ​ដាវីឌ​មិន​អាច​ដណ្ដើម​យក​ទីក្រុង​ឡើយ។ ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ី‌យ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះ‌បាទ​ដាវីឌ”។ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ចង់​វាយ​ពួក​យេ‌ប៊ូស ត្រូវ​ឡើង​តាម​ប្រឡាយ​ទឹក នោះ​នឹង​ទៅ​ដល់​ពួក​ខ្វិន និង​ពួក​ខ្វាក់ ដែល​ដាវីឌ​ស្អប់​នោះ​មិន​ខាន!»។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា៖ «អ្នក​ខ្វាក់ អ្នក​ខ្វិន គ្មាន​សិទ្ធិ​ចូល​ក្នុង​ព្រះ‌ដំណាក់​ទេ!»។ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ ដែល​ស្ដេច​ហៅ​ថា «បុរី​ព្រះ‌បាទ​ដាវីឌ»។ បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​ស្ដេច។ ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល គង់​នៅ​ជា​មួយ។ ព្រះ‌បាទ​ហ៊ី‌រ៉ាម ជា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ស្ដេច​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​ស្ដេច​បាន​ចម្រុង‌ចម្រើន​ឡើង ព្រោះ​តែ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ។

ចែក​រំលែក
អាន ២ សាំយូអែល 5

២ សាំយូអែល 5:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះស្តេចហើយ​នឹង​ពួក​ទ័ព​ទ្រង់ ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល‌ងាយ​ដល់​ដាវីឌ​ថា ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ នឹង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កំចាត់​ឯង​បាន​ដែរ ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ ប៉ុន្តែដាវីឌ​ទ្រង់​ចាប់​យក​បាន​ទី​មាំ‌មួន​ឈ្មោះ​ស៊ីយ៉ូន (នេះ​ហើយ​ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ) នៅ​ថ្ងៃ​នោះ ដាវីឌ​បាន​មាន​បន្ទូល​ថា បើ​អ្នក​ណា​នឹង​វាយ​ពួក​យេប៊ូស​បាន នោះ​ត្រូវ​តែ​ឡើង​តាម​ផ្លូវ​បង្ហូរ​ទឹក​ទៅ ហើយ​វាយ​ទាំង​ពួក​កង្វាក់ នឹង​ពួក​កង្វិន​នុ៎ះ​ឯង ដែល​ចិត្ត​យើង​ខ្ពើម​ទាំង​ម៉្លេះ ដោយ​ព្រោះ​ពួក​កង្វាក់ ហើយ​ពួក​កង្វិន​បាន​និយាយ​ថា វា​ចូល​មក​មិន​បាន​ទេ រួច​ទ្រង់​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ជា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំវិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង ដាវីឌ​ទ្រង់​ក៏​ចំរើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ទ្រង់​គង់​ជា​មួយ។ រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម ហើយ​នឹង​ឈើ​តាត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ដាវីឌ នោះ​ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​លើក​ដំកើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ២ សាំយូអែល 5