២ សាំយូអែល 5:1-25

២ សាំយូអែល 5:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «ទូល‌បង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា‌មួយ​ព្រះករុណា​ដែរ។ កាល​ពីមុន កាល​ព្រះបាទ​សូល​ធ្វើ​ជា​ស្តេច​លើ​ទូល‌បង្គំ​គ្រប់​គ្នា គឺ​ទ្រង់​ហើយ​ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល មួយ​ទៀត ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ព្រះករុណា​ថា "ឯង​ត្រូវ​ធ្វើ​ជា​គង្វាល ឃ្វាល​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​មេ​គ្រប់‌គ្រង​លើ​ពួក​សាសន៍​អ៊ីស្រា‌អែល"»។ ដូច្នេះ ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​គាល់​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ព្រះបាទ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ដែរ។ កាល​ព្រះបាទ​ដាវីឌឡើង​គ្រង‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សាមសិប​ឆ្នាំ ក៏​សោយ‌រាជ្យ​បាន​សែសិប​ឆ្នាំ។ នៅ​ក្រុង​ហេប្រុន ព្រះ‌បាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​យូដា​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ប្រាំមួយ​ខែ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​អស់​រយៈ​ពេល​សាមសិប​បី​ឆ្នាំ។ នៅ​គ្រា​នោះ ស្តេច និង​ពួក​ទ័ព​របស់​ទ្រង់ បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល​ងាយ​ដល់​ដាវីឌ​ថា៖ «ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ និង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កម្ចាត់​ឯង​បាន​ដែរ» ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ។ ប៉ុន្តែ ដាវីឌ​បាន​ចាប់​យក​បាន​ទី​មាំ‌មួន​នៃ​ស៊ីយ៉ូន ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ។ នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​វាយ​ពួក​យេប៊ូស​បាន នោះ​ត្រូវ​តែ​ឡើង​តាម​ផ្លូវ​បង្ហូរ​ទឹក​ទៅ ហើយ​វាយ​ទាំង​ពួក​កង្វាក់ និង​ពួក​កង្វិន​នុ៎ះ​ឯង គឺ​អស់​អ្នក​ដែល​ដាវីឌ​ស្អប់ »។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា «អ្នក​ខ្វាក់ និង​អ្នក​ខ្វិន មិន​អាច​ចូល​មកក្នុង​ដំណាក់​នេះ​បាន​ឡើយ»។ ព្រះបាទ​ដាវីឌ​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំ​វិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង។ ព្រះបាទ​ដាវីឌ​បាន​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​គង់​ជា‌មួយ។ រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​តម្កើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក​ម្នាង និង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង។ ឯ​បុត្រា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម មាន​នាម​ដូច្នេះ គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន យីបហារ អេលីសួរ នេផេក យ៉ាភា អេលី‌សាម៉ា អេលាដា និង​អេលី‌ផាលេត។ កាល​សាសន៍​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់​ឡើង​មក​រក​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ជម្រក​លាក់​ខ្លួន។ ឯ​ពួក​ភីលី‌ស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម។ ព្រះបាទ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ឬ? តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូល‌បង្គំ​ឬ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ឡើង​ទៅ​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ពួក​ភីលី‌ស្ទីន​មក​ក្នុង​ដៃ​របស់​អ្នក​ហើយ»។ ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទម្លាយ មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់» ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ាស៊ីម ។ គេ​ក៏​បោះចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ ហើយ​ដាវីឌ និង​ពួក​ទ័ព​បាន​ប្រមូល​យក​ទាំង​អស់​ទៅ។ ក្រោយ​នោះ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត។ ពេល​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហាម​ថា៖ «កុំ​ឡើង​ទៅ​ឡើយ ត្រូវ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​គេ​ពី​ខាង​ចម្ការ​មក​វិញ។ កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលី‌ស្ទីន»។ ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​យ៉ាង​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ស្តេច​បាន​ប្រហារ​ពួក​ភីលី‌ស្ទីន ចាប់​ពី​ក្រុង​កេបា​រហូត​ទៅ​ដល់​ក្រុង​កេស៊ើរ។

ចែក​រំលែក
អាន ២ សាំយូអែល 5

២ សាំយូអែល 5:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុល‌សម្ព័ន្ធ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​មក​គាល់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ថា៖ «ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា​ដែរ។ កាល​ពី​មុន នៅ​គ្រា​ដែល​ព្រះ‌បាទ​សូល​គ្រង​រាជ្យ​លើ​ពួក​ទូលបង្គំ ព្រះ‌ករុណា​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។ ដូច្នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​ក្រុង​ហេប្រូន រួច​ហើយ​ពួក​គេ​ចាក់​ប្រេង​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​ពេល​ឡើង​គ្រង​រាជ្យ ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​សាម‌សិប​វស្សា ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។ នៅ​ក្រុង​ហេប្រូន ទ្រង់​សោយ​រាជ្យ​លើ​ស្រុក​យូដា​បាន​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ បន្ទាប់​មក នៅ​ក្រុង​យេរូ‌សាឡឹម ទ្រង់​សោយ​រាជ្យ​បាន​សាម‌សិប​បី​ឆ្នាំ​លើ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​កង‌ទ័ព​នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម។ ជន‌ជាតិ​យេ‌ប៊ូស​ដែល​រស់​នៅ​តំបន់​នោះ និយាយ​ប្រមាថ​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ទីក្រុង​របស់​យើង​មិន​បាន​ទេ ទោះ​បី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ខ្វិន ក៏​អាច​រុញ​ច្រាន​អ្នក​ឲ្យ​ថយ​ក្រោយ​វិញ​ដែរ»។ គេ​ពោល​ដូច្នេះ មក​ពី​គេ​គិត​ថា ព្រះ‌បាទ​ដាវីឌ​មិន​អាច​ដណ្ដើម​យក​ទីក្រុង​ឡើយ។ ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ី‌យ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះ‌បាទ​ដាវីឌ”។ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ចង់​វាយ​ពួក​យេ‌ប៊ូស ត្រូវ​ឡើង​តាម​ប្រឡាយ​ទឹក នោះ​នឹង​ទៅ​ដល់​ពួក​ខ្វិន និង​ពួក​ខ្វាក់ ដែល​ដាវីឌ​ស្អប់​នោះ​មិន​ខាន!»។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា៖ «អ្នក​ខ្វាក់ អ្នក​ខ្វិន គ្មាន​សិទ្ធិ​ចូល​ក្នុង​ព្រះ‌ដំណាក់​ទេ!»។ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ ដែល​ស្ដេច​ហៅ​ថា «បុរី​ព្រះ‌បាទ​ដាវីឌ»។ បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​ស្ដេច។ ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល គង់​នៅ​ជា​មួយ។ ព្រះ‌បាទ​ហ៊ី‌រ៉ាម ជា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ស្ដេច​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​ស្ដេច​បាន​ចម្រុង‌ចម្រើន​ឡើង ព្រោះ​តែ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ។ ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេប្រូន​មក​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​មាន​ស្នំ​ឯក និង​មហេសី​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ថ្វាយ​ស្ដេច។ នេះ​ជា​បញ្ជី​រាយ​នាម​បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​សាំមួរ សូបាប់ ណាថាន សាឡូម៉ូន យីប‌ហារ អេលី‌សួ នេផេក យ៉ាភា អេលី‌សាម៉ា អេលា‌ដា និង​អេលី‌ផាលេត។ កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​យាង​ទៅ​ជ្រក​ក្នុង​ជម្រក​មួយ។ ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ដែរ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ដល់​បាល-‌ពេរ៉ា‌ស៊ីម ហើយ​វាយ​ឈ្នះ​ពួក​ភីលីស្ទីន​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​មុខ​ខ្ញុំ ដូច​ទឹក​បាក់​ទំនប់»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បាល-‌ពេរ៉ា‌ស៊ីម។ ពេល​បាក់​ទ័ព​រត់​ទៅ កង‌ទ័ព​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។ ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព​នៅ​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម​សា​ជា​ថ្មី។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​មក​វិញ។ កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ដ្បិត​គឺ​ពេល​នោះ​ហើយ ដែល​យើង​ជា​ព្រះ‌អម្ចាស់​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។ ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ទ្រង់​វាយ​ឈ្នះ​ពួក​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេ‌បា រហូត​ដល់​ក្រុង​កេ‌ស៊ើរ។

ចែក​រំលែក
អាន ២ សាំយូអែល 5

២ សាំយូអែល 5:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ពូជ​អំបូរ​នៃ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា ទូលបង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា​មួយ​នឹង​ទ្រង់​ដែរ កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​លើ​ទូលបង្គំ​គ្រប់​គ្នា នោះ​គឺ​ទ្រង់​ហើយ ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រាអែល​ចេញ​ចូល ១​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ទ្រង់​ថា ត្រូវ​ឲ្យ​ឯង​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​អ៊ីស្រាអែល ជា​រាស្ត្រ​អញ គឺ​ជា​មេ​គ្រប់‌គ្រង​លើ​ពួក​សាសន៍​អ៊ីស្រាអែល​ផង គឺ​យ៉ាង​នោះ​ហើយ ដែល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រាអែល បាន​មក​ឯ​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ស្តេច​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ដែរ កាល​ដាវីឌ​បាន​ទទួល​គ្រង‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣០​ឆ្នាំ ទ្រង់​ក៏​សោយ‌រាជ្យ​បាន​៤០​ឆ្នាំ គឺ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​ពួក​យូដា នៅ​ហេប្រុន​អស់​៧​ឆ្នាំ​៦​ខែ ឯ​នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ផង បាន​៣៣​ឆ្នាំ។ នៅ​គ្រា​នោះស្តេចហើយ​នឹង​ពួក​ទ័ព​ទ្រង់ ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល‌ងាយ​ដល់​ដាវីឌ​ថា ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ នឹង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កំចាត់​ឯង​បាន​ដែរ ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ ប៉ុន្តែដាវីឌ​ទ្រង់​ចាប់​យក​បាន​ទី​មាំ‌មួន​ឈ្មោះ​ស៊ីយ៉ូន (នេះ​ហើយ​ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ) នៅ​ថ្ងៃ​នោះ ដាវីឌ​បាន​មាន​បន្ទូល​ថា បើ​អ្នក​ណា​នឹង​វាយ​ពួក​យេប៊ូស​បាន នោះ​ត្រូវ​តែ​ឡើង​តាម​ផ្លូវ​បង្ហូរ​ទឹក​ទៅ ហើយ​វាយ​ទាំង​ពួក​កង្វាក់ នឹង​ពួក​កង្វិន​នុ៎ះ​ឯង ដែល​ចិត្ត​យើង​ខ្ពើម​ទាំង​ម៉្លេះ ដោយ​ព្រោះ​ពួក​កង្វាក់ ហើយ​ពួក​កង្វិន​បាន​និយាយ​ថា វា​ចូល​មក​មិន​បាន​ទេ រួច​ទ្រង់​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ជា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំវិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង ដាវីឌ​ទ្រង់​ក៏​ចំរើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ទ្រង់​គង់​ជា​មួយ។ រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម ហើយ​នឹង​ឈើ​តាត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ដាវីឌ នោះ​ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​លើក​ដំកើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ‌អង្គ។ គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក‌ម្នាង នឹង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង ឯ​បុត្រា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម មាន​នាម​ដូច្នេះ គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន យីបហារ អេលីសួរ នេផេក យ៉ាភា អេលី‌សាម៉ា អេលាដា ហើយ​នឹង​អេលី‌ផា‌លេត។ កាល​សាសន៍​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច លើ​សាសន៍​អ៊ីស្រាអែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់ ឡើង​មក​រក​ដាវីឌ តែ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​យាង​ចុះ​ទៅ​ឯ​ទី​ពំនួន ឯ​ពួក​ភីលីស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម នោះ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ទូលបង្គំ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​ដៃ​ឯង​ជា​ពិត​ប្រាកដ នោះ​ដាវីឌ​ទ្រង់​យាង​ទៅ​ដល់​បាល-ពេរ៉ា‌ស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​បន្ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទំលាយ​មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ា‌ស៊ីម គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​គេ​នៅ​ទី​នោះ ហើយ​ដាវីឌនឹង​ពួក​ទ័ព​ទ្រង់​នាំ​យក​ទាំង​អស់​ទៅ។ ក្រោយ​នោះពួក​ភីលីស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត តែ​កាល​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មាន​បន្ទូល​ហាម​ថា កុំ​ឲ្យ​ឡើង​ទៅ​ឡើយ ត្រូវ​ឲ្យ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​ឯ​គេ​ពី​ខាង​ចំការ​មន​វិញ កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ឯង​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលីស្ទីន ដាវីឌ​ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ហើយ​ស្តេច​ទ្រង់​ប្រហារ​ពួក​ភីលីស្ទីន ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ទៅ​ដល់​ក្រុង​កេស៊ើរ។

ចែក​រំលែក
អាន ២ សាំយូអែល 5