២ សាំយូអែល 3:1-39
២ សាំយូអែល 3:1-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មានចម្បាំងយ៉ាងយូររវាងរាជវង្សស្តេចសូល និងរាជវង្សព្រះបាទដាវីឌ តែព្រះបាទដាវីឌចេះតែមានកម្លាំងខ្លាំងឡើង ហើយរាជវង្សស្តេចសូលកាន់តែខ្សោយទៅ។ ព្រះបាទដាវីឌបង្កើតបានបុត្រាខ្លះនៅក្រុងហេប្រុន បុត្រច្បង គឺអាំណូន ដែលប្រសូត្រពីនាងអ័ហ៊ីណោមជាអ្នកស្រុកយេសរាល បុត្របន្ទាប់ គឺគីលាប ដែលប្រសូត្រពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទីបី គឺអាប់សាឡុម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី បុត្រទីបួន គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទីប្រាំ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល។ បុត្រទីប្រាំមួយ គឺយីតរាម ប្រសូត្រពីនាងអេកឡា ជាភរិយារបស់ព្រះបាទដាវីឌ បុត្រទាំងអស់នេះបានប្រសូត្រនៅក្រុងហេប្រុន។ នៅគ្រាដែលរាជវង្សស្តេចសូល និងរាជវង្សព្រះបាទដាវីឌកំពុងតែមានចម្បាំងនឹងគ្នា នោះអ័ប៊ីនើរក៏ចម្រើនកម្លាំងខាងរាជវង្សស្តេចសូល។ រីឯស្តេចសូល មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា ពេលនោះ អ៊ីស-បូសែតមានរាជឱង្ការទៅអ័ប៊ីនើរថា៖ «ហេតុអ្វីបានជាអ្នកចូលទៅស្ត្រីអ្នកម្នាងរបស់បិតារបស់យើងដូច្នេះ?» នោះអ័ប៊ីនើរក៏មានកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា៖ «ទូលបង្គំជាក្បាលឆ្កែរបស់ពួកយូដាឬ? សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសម្ដែងគុណដល់រាជវង្សស្តេចសូល ជាបិតារបស់ទ្រង់ ព្រមទាំងវង្សានុវង្ស និងមិត្តសម្លាញ់របស់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំពីរឿងស្រីនោះ ប្រសិនបើទូលបង្គំមិនលើកព្រះបាទដាវីឌឡើង ដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់នោះ សូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សស្តេចសូល ទៅលើដាវីឌ ឲ្យសោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា »។ ព្រះបាទអ៊ីស-បូសែត មិនអាចឆ្លើយតបនឹងអ័ប៊ីនើរ សូម្បីតែមួយម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។ នោះអ័ប៊ីនើរចាត់សារឲ្យទៅព្រះបាទដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា៖ «តើអ្នកណាជាស្តេចផែនដី? សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឲ្យវិលមកខាងទ្រង់»។ ដាវីឌក៏តបថា៖ «យើងយល់ព្រមចុះសញ្ញានឹងអ្នក ប៉ុន្តែ យើងមានសំណូមពរមួយ គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាលជាបុត្រីរបស់ស្ដេចសូលមក នៅពេលដែលអ្នកមកជួបយើង»។ ដាវីឌក៏ចាត់សារឲ្យទៅអ៊ីស-បូសែតបុត្រារបស់ស្តេចសូលថា៖ «ចូរឲ្យមីកាលជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសារស្បែកចុងស្វាសពួកភីលីស្ទីនមួយរយនាក់នោះមកខ្ញុំវិញ»។ នោះអ៊ីស-បូសែតក៏ចាត់គេឲ្យទៅនាំនាងពីប៉ាលធាល ជាកូនឡាអ៊ីស ប្តីនាងមក ឯប្តីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា៖ «ចូរវិលទៅវិញចុះ» នោះគាត់ក៏ត្រឡប់ទៅវិញ។ គ្រានោះ អ័ប៊ីនើរមានប្រសាសន៍ទៅកាន់ពួកចាស់ទុំនៃពួកអ៊ីស្រាអែលថា៖ «កាលពីដើម អ្នករាល់គ្នាចង់បានដាវីឌឲ្យធ្វើជាស្តេចលើអ្នករាល់គ្នា ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីដាវីឌហើយថា "យើងនឹងសង្គ្រោះពួកអ៊ីស្រាអែល ជាប្រជារាស្ត្រឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងពីកណ្ដាប់ដៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌជាអ្នកបម្រើរបស់យើង"»។ អ័ប៊ីនើរក៏មានប្រសាសន៍ទៅពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល និងគ្រួសារបេនយ៉ាមីនទាំងអស់។ ដូច្នេះ អ័ប៊ីនើរបានមកជួបដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្សម្ភៃនាក់មកជាមួយផង ឯព្រះបាទដាវីឌបានរៀបជប់លៀងអ័ប៊ីនើរ និងពួកមនុស្សដែលមកជាមួយ។ នោះអ័ប៊ីនើរទូលទៅដាវីឌថា៖ «ទូលបង្គំនឹងឡើងចេញទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់ ឲ្យមកជួបព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដើម្បីឲ្យគេចុះសញ្ញានឹងទ្រង់ ឲ្យទ្រង់បានសោយរាជ្យលើគ្រប់ទាំងអស់ តាមព្រះហឫទ័យ»។ ដូច្នេះ ដាវីឌបានឲ្យអ័ប៊ីនើរទៅវិញ ហើយលោកក៏ទៅដោយសុខសាន្ត។ ខណៈនោះ យ៉ូអាប់ និងពួកពលរបស់ដាវីឌ ត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ក៏នាំយករបឹបជាច្រើនមកជាមួយដែរ តែចំណែកអ័ប៊ីនើរមិននៅជាមួយដាវីឌក្នុងក្រុងហេប្រុនទេ ដ្បិតទ្រង់បានឲ្យលោកទៅផុតហើយ លោកក៏បានទៅដោយសុខសាន្ត។ កាលយ៉ូអាប់ និងពួកពលទាំងប៉ុន្មានដែលនៅជាមួយលោក បានមកដល់ហើយ នោះគេជម្រាបយ៉ូអាប់ថា៖ «អ័ប៊ីនើរជាកូននើរ បានឡើងមកគាល់ស្តេច ហើយទ្រង់បានឲ្យទៅវិញដោយសុខសាន្ត»។ នោះយ៉ូអាប់លោកចូលទៅគាល់ស្តេច ទូលសួរថា៖ «តើទ្រង់បានធ្វើអ្វីដូច្នេះ? មើល៍ អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ? ទ្រង់ស្គាល់អ័ប៊ីនើរជាកូននើរហើយ ថាគេមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល និងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង»។ ពេលយ៉ូអាប់បានចេញពីដាវីឌទៅ នោះក៏ចាត់គេឲ្យទៅតាមហៅអ័ប៊ីនើរមក គេនាំលោកពីត្រង់អណ្តូងស៊ីរ៉ាមកវិញ តែព្រះបាទដាវីឌមិនជ្រាបទេ។ កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោកទៅកណ្ដាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសម្ងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន។ កាលដាវីឌបានជ្រាប ទ្រង់មានរាជឱង្ការថា៖ «យើង និងរាជ្យរបស់យើងឥតមានទោសខាងឯឈាមអ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ាជាដរាបទៅ។ សូមឲ្យទោសនោះធ្លាក់ទៅលើក្បាលយ៉ូអាប់ និងវង្សាញាតិរបស់គេទាំងអស់វិញចុះ សូមកុំឲ្យខានមានអ្នកណា ក្នុងពូជពង្សយ៉ូអាប់ដែលហូរខ្ទុះ ឬកើតឃ្លង់ ឬដែលត្រូវច្រត់លើឈើច្រត់ ឬដែលដួលស្លាប់ដោយដាវ ឬដែលខ្វះអាហារនោះឡើយ»។ គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយជាប្អូនលោក បានសម្លាប់អ័ប៊ីនើរទៅ ដោយព្រោះសម្លាប់អេសាអែលជាប្អូន នៅក្នុងចម្បាំងត្រង់គីបៀន។ គ្រានោះ ព្រះបាទដាវីឌបានត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្ដាទ័ពរាល់គ្នា ដែលនៅជាមួយលោកថា៖ «ចូរអ្នករាល់គ្នាហែកសម្លៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ»។ ឯព្រះបាទដាវីឌក៏យាងតាមក្តារមឈូសដែរ។ គេបញ្ចុះសពអ័ប៊ីនើរនៅត្រង់ហេប្រុន ហើយស្តេចព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួកប្រជារាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ។ ស្ដេចទួញទំនួញនឹងអ័ប៊ីនើរថា៖ «តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬ? ដៃឯងឥតជាប់ចំណង ហើយជើងក៏ឥតជាប់ច្រវាក់ដែរ ដូចជាមនុស្សដែលត្រូវដួលស្លាប់ នៅមុខពួកមនុស្សទុច្ចរិត»។ ហើយប្រជាជនទាំងអស់ក៏យំស្ដាយស្រណោះលោកម្តងទៀត។ ពេលនោះ ប្រជាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យព្រះបាទដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ព្រះបាទដាវីឌស្បថថា៖ «បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ»។ ពួកប្រជាជនក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ។ ដូច្នេះ នៅថ្ងៃនោះ ប្រជាជន និងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសម្លាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកពីស្តេចទេ។ ស្តេចមានរាជឱង្ការទៅពួកមហាតលិកថា៖ «តើមិនដឹងទេថា នៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ? នៅថ្ងៃនេះ ទោះបើគេបានចាក់ប្រេងតាំងយើង ឲ្យធ្វើជាស្តេចក៏ដោយ គង់តែយើងខ្សោយដែរ ឯពួកកូនសេរូយ៉ាទាំងនេះ គេរឹងទទឹងនឹងយើងហួសពេក ដូច្នេះ សូមឲ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ»។
២ សាំយូអែល 3:1-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ មានកើតចម្បាំងយ៉ាងយូររវាងញាតិវង្សរបស់ព្រះបាទសូល និងញាតិវង្សរបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ព្រះបាទសូលវិញ កាន់តែចុះខ្សោយជាលំដាប់។ បុត្ររបស់ព្រះបាទដាវីឌជាច្រើនអង្គបានប្រសូតនៅក្រុងហេប្រូន គឺបុត្រច្បង ព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរ ព្រះនាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល បុត្រទីបី ព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេសួរី បុត្រទីបួន ព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត បុត្រទីប្រាំ ព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយ ព្រះនាមយីតរាម ប្រសូតពីនាងអេកឡា ដែលជាមហេសីរបស់ស្ដេចដែរ។ នេះជាបុត្ររបស់ព្រះបាទដាវីឌដែលប្រសូតនៅក្រុងហេប្រូន។ នៅគ្រាមានចម្បាំងរវាងញាតិវង្សរបស់ព្រះបាទសូល និងញាតិវង្សរបស់ព្រះបាទដាវីឌនោះ លោកអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួន ក្នុងញាតិវង្សព្រះបាទសូល។ ព្រះបាទសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ព្រះបាទអ៊ីសបូសែតមានរាជឱង្ការទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់បិតាយើង?»។ កាលឮព្រះបាទអ៊ីសបូសែតមានរាជឱង្ការដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្ដេចវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ទូលបង្គំសម្តែងភក្ដីភាពចំពោះរាជវង្សព្រះបាទសូល ដែលជាបិតារបស់ព្រះករុណាចំពោះបងប្អូន និងមិត្តភក្ដិរបស់ព្រះករុណា។ ទូលបង្គំពុំបានប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចដាវីឌឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ព្រះករុណាបែរជាស្ដីបន្ទោសទូលបង្គំ ព្រោះតែរឿងស្រីទៅវិញ!។ ដូច្នេះ ប្រសិនបើទូលបង្គំមិនផ្ទេររាជសម្បត្តិនេះទៅឲ្យព្រះបាទដាវីឌ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ទេ សូមព្រះអង្គដាក់ទោសទូលបង្គំយ៉ាងធ្ងន់ចុះ! ដ្បិតព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងដករាជសម្បត្តិចេញពីរាជវង្សរបស់ព្រះបាទសូល ហើយតែងតាំងព្រះបាទដាវីឌឲ្យគ្រងរាជ្យលើអ៊ីស្រាអែល និងយូដា ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា»។ ព្រះបាទអ៊ីសបូសែតមិនហ៊ានឆ្លើយទៅលោកអប៊ីនើរវិញ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ព្រោះទ្រង់ខ្លាចលោកអប៊ីនើរណាស់។ លោកអប៊ីនើរចាត់អ្នកនាំសារឲ្យចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីទូលថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់នរណា? សូមចងសម្ពន្ធមេត្រីជាមួយទូលបង្គំមក នោះទូលបង្គំនឹងជួយប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណា»។ ព្រះបាទដាវីឌឆ្លើយទៅវិញថា៖ «យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក ប៉ុន្តែ យើងមានសំណូមពរតែមួយប៉ុណ្ណោះ គឺពេលលោកមកជួបយើង ត្រូវនាំព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូលមកជាមួយផង បើមិនដូច្នោះទេ សូមកុំមកជួបមុខយើងឡើយ»។ បន្ទាប់មក ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូលថា៖ «សូមប្រគល់ព្រះនាងមិកាល់ ជាមហេសីរបស់ទូលបង្គំ មកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំយកស្បែកអង្គជាតរបស់ពួកភីលីស្ទីន ចំនួនមួយរយជូនជាបណ្ណាការ»។ ព្រះបាទអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំព្រះនាងមិកាល់ពីផ្ទះប្ដីរបស់ព្រះនាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។ លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។ លោកអប៊ីនើរពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ដោយពោលថា៖ «អស់លោកចង់បានព្រះបាទដាវីឌ ជាស្ដេច តាំងពីយូរណាស់មកហើយ។ ឥឡូវនេះ សូមយាងស្ដេចមកគ្រងរាជ្យចុះ! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះបាទដាវីឌថា “យើងនឹងសង្គ្រោះអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង”»។ លោកអប៊ីនើរមានប្រសាសន៍បែបនេះជាមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅទូលព្រះបាទដាវីឌនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្ដីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល។ លោកអប៊ីនើរចូលទៅគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ដោយមានមនុស្សម្ភៃនាក់អមដំណើរទៅជាមួយ។ ព្រះបាទដាវីឌបានរៀបចំពិធីជប់លៀងជូនលោកអប៊ីនើរ និងអស់អ្នកដែលមកជាមួយ។ លោកអប៊ីនើរទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណា ទូលបង្គំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណាជាអម្ចាស់។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ហើយពេលនោះ ព្រះករុណាគ្រងរាជ្យលើស្រុកនេះទាំងមូល តាមព្រះហឫទ័យរបស់ព្រះករុណា»។ ព្រះបាទដាវីឌអនុញ្ញាតឲ្យលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។ បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ព្រះបាទដាវីឌ វិលមកពីច្បាំងវិញ ទាំងនាំយកជយភណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយព្រះបាទដាវីឌទេ ដ្បិតព្រះរាជាអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។ កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយលោកមកដល់ មានគេជម្រាបលោកថា៖ «លោកអប៊ីនើរ ជាកូនរបស់នើរ បានចូលមកគាល់ព្រះរាជា ហើយស្ដេចអនុញ្ញាតឲ្យគាត់ចាកចេញទៅ ដោយសុខសាន្ត»។ លោកយ៉ូអាប់ក៏ចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ? អប៊ីនើរចូលមកគាល់ព្រះករុណា ហើយព្រះករុណាអនុញ្ញាតឲ្យគេចាកចេញទៅ ដោយស្រួល។ ព្រះករុណាស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតព្រះករុណា ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ព្រះករុណា និងដឹងអំពីគ្រប់កិច្ចការដែលព្រះករុណាកំពុងធ្វើ»។ លោកយ៉ូអាប់ចាកចេញពីស្ដេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្ដូងទឹកស៊ីរ៉ាមកវិញ។ ព្រះបាទដាវីឌពុំបានជ្រាបពីរឿងនេះទេ។ កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិត ត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។ ក្រោយមក ព្រះបាទដាវីឌជ្រាបអំពីរឿងនេះ ទ្រង់មានរាជឱង្ការថា៖ «ព្រះអម្ចាស់ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់លោកទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។ លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកលោក ក្នុងពេលប្រយុទ្ធនៅគីបៀន។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយលោកថា៖ «ចូរហែកសម្លៀកបំពាក់ រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ព្រះបាទដាវីឌយាងតាមក្រោយមឈូស។ គេបានបញ្ចុះសពលោកអប៊ីនើរនៅក្រុងហេប្រូន។ ព្រះរាជាទ្រង់ព្រះកន្សែង ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។ បន្ទាប់មក ព្រះបាទដាវីឌលើកទំនុកមួយរំឭកពីលោកអប៊ីនើរ ដូចតទៅ៖ «អប៊ីនើរអើយ លោកមិនគួរស្លាប់ ដូចមនុស្សលេលាបែបនេះសោះ! ដៃរបស់លោកគ្មានជាប់ចំណង ជើងរបស់លោកក៏គ្មានជាប់ច្រវាក់ដែរ តែលោកបានដួលស្លាប់ ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។ ប្រជាជនទាំងមូលនាំគ្នាយំស្ដាយលោកអប៊ីនើរសាជាថ្មី។ បន្ទាប់មក ពួកគេចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីថ្វាយព្រះស្ងោយទាន់មេឃនៅភ្លឺ ប៉ុន្តែ ព្រះរាជាសច្ចាថា៖ «ប្រសិនបើយើងបរិភោគនំប៉័ង ឬអ្វីក៏ដោយ មុនពេលថ្ងៃលិច សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ!»។ ឃើញដូច្នេះ ប្រជាជនទាំងមូលពេញចិត្តណាស់ គឺដូចគេតែងតែពេញចិត្តចំពោះកិច្ចការឯទៀតៗ ដែលព្រះរាជាបានធ្វើដែរ។ នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា ព្រះរាជាមិនបានចេញបញ្ជាឲ្យគេសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកដឹងទេថា ថ្ងៃនេះ អ៊ីស្រាអែលបាត់បង់វរជនមួយរូប ដែលជាមេដឹកនាំដ៏សំខាន់! ទោះបីព្រះជាម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំជាស្ដេចក្ដី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមព្រះអម្ចាស់ដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
២ សាំយូអែល 3:1-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ រាជវង្សសូល នឹងរាជវង្សដាវីឌ គេច្បាំងគ្នាអស់កាលជាយូរ តែដាវីឌចេះតែមានកំឡាំងខ្លាំងឡើង ហើយរាជវង្សសូលក៏កាន់តែខ្សោយទៅ។ រីឯនៅក្រុងហេប្រុន ដាវីឌបង្កើតបានបុត្រាខ្លះ បុត្រច្បងរបស់ទ្រង់ គឺអាំណូន ដែលកើតនឹងនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្របន្ទាប់ គឺគីលាប ដែលកើតនឹងនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល បុត្រទី៦ គឺយីតរាម ដែលកើតនឹងនាងអេកឡា ភរិយារបស់ដាវីឌ បុត្រទាំងនេះបានកើតឡើងដល់ដាវីឌនៅក្រុងហេប្រុន។ នៅគ្រាដែលរាជវង្សសូល នឹងរាជវង្សដាវីឌកំពុងតែមានចំបាំងដល់គ្នា នោះអ័ប៊ីនើរក៏ចំរើនកំឡាំងខ្លួនខាងឯរាជវង្សសូល រីឯសូល ទ្រង់មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា គ្រានោះ អ៊ីស-បូសែតមានបន្ទូលទៅអ័ប៊ីនើរថា ហេតុអ្វីបានជាអ្នកចូលទៅឯស្ត្រីអ្នកម្នាងរបស់បិតាយើងដូច្នេះ នោះអ័ប៊ីនើរក៏មានសេចក្ដីកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា ទូលបង្គំជាក្បាលឆ្កែរបស់ផងពួកយូដាឬអី សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសំដែងគុណ ដល់រាជវង្សរបស់សូល ជាបិតាទ្រង់ ព្រមទាំងវង្សានុវង្ស នឹងមិត្រសំឡាញ់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ ទៅក្នុងកណ្តាប់ដៃដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំ ពីរឿងស្រីនោះឬ បើសិនជាទូលបង្គំមិនលើកដាវីឌឡើង តាមដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់ហើយ នោះសូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សសូលទៅលើដាវីឌ ឲ្យសោយរាជ្យឡើង លើពួកអ៊ីស្រាអែល នឹងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា នោះទ្រង់រកឆ្លើយតបនឹងអ័ប៊ីនើរសូម្បីតែ១ម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។ នោះអ័ប៊ីនើរចាត់សារឲ្យទៅឯដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា តើអ្នកណាជាស្តេចផែនដី សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឲ្យវិលមកខាងទ្រង់ ដាវីឌក៏តបថា អើ យើងនឹងចុះសញ្ញានឹងអ្នក ប៉ុន្តែតោងឲ្យអ្នកធ្វើការនេះសិន គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាល ជាបុត្រីសូលមក ក្នុងកាលដែលអ្នកមកសួរយើង ដាវីឌក៏ចាត់សារឲ្យទៅឯអ៊ីស-បូសែត ជាបុត្រាសូលថា ចូរឲ្យមីកាល ជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសារស្បែកចុងស្វាសនៃពួកភីលីស្ទីន១០០នាក់នោះមកខ្ញុំវិញ នោះអ៊ីស-បូសែតក៏ចាត់គេឲ្យទៅនាំយកនាង ពីប៉ាលធាល ជាកូនឡាអ៊ីស ប្ដីនាងមក ឯប្ដីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា ចូរវិលទៅវិញចុះ នោះគាត់ក៏ត្រឡប់ទៅវិញ។ គ្រានោះ អ័ប៊ីនើរមានប្រសាសន៍នឹងពួកចាស់ទុំនៃពួកអ៊ីស្រាអែលថា កាលពីដើមអ្នករាល់គ្នាចង់បានដាវីឌឲ្យធ្វើជាស្តេចលើអ្នករាល់គ្នា ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលពីដាវីឌហើយ ថាអញនឹងជួយសង្គ្រោះពួកអ៊ីស្រាអែល ជារាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ហើយពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌ ជាអ្នកបំរើរបស់អញ អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល នឹងពួកគ្រួបេនយ៉ាមីនទាំងអស់ ដូច្នេះ អ័ប៊ីនើរបានមកឯដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្ស២០នាក់មកជាមួយផង ឯដាវីឌ ទ្រង់រៀបជប់លៀងអ័ប៊ីនើរ នឹងពួកមនុស្សដែលមកជាមួយដែរ នោះអ័ប៊ីនើរទូលទៅដាវីឌថា ទូលបង្គំនឹងឡើងចេញទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់ ឲ្យមកឯព្រះករុណាជាម្ចាស់នៃទូលបង្គំ ដើម្បីឲ្យគេចុះសញ្ញានឹងទ្រង់ ឲ្យទ្រង់បានសោយរាជ្យលើគ្រប់ទាំងអស់ តាមព្រះហឫទ័យ រួចដាវីឌទ្រង់ឲ្យអ័ប៊ីនើរទៅវិញ ហើយលោកក៏ទៅដោយសុខសាន្ត។ ខណនោះ យ៉ូអាប់នឹងពួកពលរបស់ដាវីឌ ត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ក៏នាំយករបឹបជាច្រើនមកជាមួយដែរ តែចំណែកអ័ប៊ីនើរមិននៅជាមួយនឹងដាវីឌក្នុងក្រុងហេប្រុនទេ ដ្បិតទ្រង់បានឲ្យលោកទៅផុតហើយ លោកក៏បានទៅដោយសុខសាន្ត កាលយ៉ូអាប់ នឹងពួកពលទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក បានមកដល់ហើយ នោះមានគេជំរាបយ៉ូអាប់ថា អ័ប៊ីនើរ ជាកូននើរបានឡើងមកគាល់ស្តេច ហើយទ្រង់បានឲ្យទៅវិញដោយសុខសាន្ត នោះយ៉ូអាប់លោកចូលទៅឯស្តេច ទូលសួរថា តើទ្រង់បានធ្វើអ្វីដូច្នេះ មើល អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ ទ្រង់ស្គាល់អ័ប៊ីនើរ ជាកូននើរហើយ ថាវាបានមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល នឹងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង រួចកាលយ៉ូអាប់បានចេញពីចំពោះដាវីឌទៅ នោះក៏ចាត់គេឲ្យទៅតាមហៅអ័ប៊ីនើរមក គេនាំលោកពីត្រង់អណ្តូងស៊ីរ៉ា មកវិញ តែដាវីឌមិនជ្រាបទេ។ កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោក ទៅឯទីកណ្តាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសំងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន កាលដាវីឌបានជ្រាប នោះទ្រង់មានបន្ទូលថា ឯអញហើយនឹងរាជ្យអញ ឥតមានទោសខាងឯឈាមអ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ា ជាដរាបទៅ សូមឲ្យទោសនោះធ្លាក់ទៅលើក្បាលយ៉ូអាប់ នឹងវង្សាញាតិរបស់គេទាំងអស់វិញចុះ សូមកុំឲ្យខានមានអ្នកណា ក្នុងពូជពង្សយ៉ូអាប់ដែលហូរខ្ទុះ ឬកើតឃ្លង់ ឬដែលត្រូវច្រត់លើឈើច្រត់ ឬដែលដួលស្លាប់ដោយដាវ ឬដែលខ្វះអាហារនោះឡើង គឺយ៉ាងនោះ ដែលយ៉ូអាប់ នឹងអ័ប៊ីសាយ ជាប្អូនលោកបានសំឡាប់អ័ប៊ីនើរទៅ ដោយព្រោះសំឡាប់អេសាអែលជាប្អូន នៅក្នុងចំបាំងត្រង់គីបៀន។ គ្រានោះ ដាវីឌទ្រង់ត្រាស់បង្គាប់ដល់យ៉ូអាប់ នឹងបណ្តាទ័ពរាល់គ្នា ដែលនៅជាមួយនឹងលោកថា ចូរឯងរាល់គ្នាហែកសំលៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ ឯដាវីឌទ្រង់ក៏យាងតាមក្តារមឈូសដែរ គេបញ្ចុះសពអ័ប៊ីនើរ នៅត្រង់ហេប្រុន ហើយស្តេចទ្រង់ព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួករាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ ទ្រង់ទួញទំនួញនឹងអ័ប៊ីនើរថា តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬអី ដៃឯងឥតជាប់ចំណង ហើយជើងក៏ឥតជាប់ច្រវាក់ដែរ ឯងបានដួលស្លាប់ ដូចជាមនុស្សដែលត្រូវដួលស្លាប់ ដោយសារពួកទុច្ចរិត រួចបណ្តាជនទាំងអស់គ្នា ក៏យំនឹងលោកម្តងទៀត នោះបណ្តាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែដាវីឌទ្រង់ស្បថថា បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះទ្រង់ធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ ពួកបណ្តាជនទាំងឡាយក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ ដូច្នេះ នៅថ្ងៃនោះបណ្តាជន នឹងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសំឡាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកអំពីស្តេចទេ ស្តេចទ្រង់ក៏មានបន្ទូលទៅពួកមហាតលិកទ្រង់ថា តើមិនដឹងទេឬអី ថានៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ ហើយនៅថ្ងៃនេះ ទោះបើគេបានចាក់ប្រេងតាំងយើង ឲ្យធ្វើជាស្តេចក៏ដោយ គង់តែយើងខ្សោយដែរ ឯពួកកូនសេរូយ៉ាទាំងនេះ គេរឹងទទឹងនឹងយើងហួសពេក ដូច្នេះ សូមឲ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ។