២ សាំយូអែល 24:15-25
២ សាំយូអែល 24:15-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានជំងឺអាសន្នរោគកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់នោះ ហើយមានមនុស្សស្លាប់តាំងតែពីក្រុងដាន់ រហូតដល់បៀរ-សេបា អស់ចំនួនប្រាំពីរម៉ឺននាក់។ ប៉ុន្តែ កាលទេវតាលើកដៃទៅ ដើម្បីបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាមានព្រះហឫទ័យអាណិត ហើយក៏បញ្ឈប់សេចក្ដីឃោរឃៅនោះទៅ ទាំងមានព្រះបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញប្រជាជនថា៖ «ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ»។ ខណៈនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស។ ពេលព្រះបាទដាវីឌបានទតឃើញទេវតា ដែលបានប្រហារប្រជាជន នោះក៏ទូលដល់ព្រះយេហូវ៉ាថា៖ «មើល៍ ទូលបង្គំបានធ្វើបាប គឺទូលបង្គំដែលត្រូវមានទោស តែឯតួចៀមទាំងនេះ តើបានធ្វើអ្វី? សូមឲ្យព្រះហស្តរបស់ព្រះអង្គបានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំវិញចុះ»។ នៅថ្ងៃនោះ កាដបានចូលមកគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាឡើងទៅស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ»។ ដូច្នេះ ព្រះបាទដាវីឌក៏ឡើងទៅតាមពាក្យរបស់កាដ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ ពេលអ័រ៉ៅណាបានក្រឡេកទៅឃើញស្តេច និងពួកមហាតលិក កំពុងតែមករកគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដី។ អ័រ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមករកទូលបង្គំមានការអ្វី?» ព្រះបាទដាវីឌឆ្លើយថា៖ «មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ដើម្បីដកសេចក្ដីវេទនានេះចេញពីប្រជាជនទៅ»។ អ័រ៉ៅណាទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះហឫទ័យ នៅទីនេះ មានគោសម្រាប់តង្វាយដុត ហើយប្រដាប់បែនស្រូវ និងនឹមគោ ទុកជាឧសស្រាប់។ អ័រ៉ៅណាសូមថ្វាយទាំងអស់នេះដល់ស្តេច» ហើយអ័រ៉ៅណាបានពោលទៅស្ដេចទៀតថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ ទទួលទ្រង់ផង»។ ប៉ុន្តែ ស្តេចមានរាជឱង្ការទៅអ័រ៉ៅណាថា៖ «ទេ គឺយើងចង់ទិញពីឯងពេញតម្លៃ យើងមិនព្រមយករបស់ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ានៃយើងឡើយ»។ ដូច្នេះ ព្រះបាទដាវីឌក៏ទិញលានស្រូវ និងគោទាំងនោះ តម្លៃជាប្រាក់ហាសិបសេកែល។ ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚
២ សាំយូអែល 24:15-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានធ្វើឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីព្រឹកនោះរហូតដល់ពេលកំណត់។ ពីក្រុងដាន់ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។ កាលទេវតាលើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតា ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ កាលព្រះបាទដាវីឌឃើញទេវតាប្រហារជីវិតប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទេតើដែលបានប្រព្រឹត្តអំពើបាប! ទូលបង្គំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមព្រះអង្គដាក់ទោសទូលបង្គំ និងក្រុមគ្រួសារទូលបង្គំចុះ!»។ នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។ ព្រះបាទដាវីឌយាងទៅតាមពាក្យរបស់លោកកាដ ដូចព្រះអម្ចាស់បានបង្គាប់។ កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្ដេច ឱនមុខដល់ដី។ លោកអរ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ទ្រង់យាងមកផ្ទះទូលបង្គំមានការអ្វីដែរ?»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នក សង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។ លោកអរ៉ៅណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់យកអ្វីៗតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ ហើយសូមយកគោធ្វើជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់ យករនាស់ និងនឹមធ្វើជាអុស។ បពិត្រព្រះរាជា ទូលបង្គំសូមថ្វាយទាំងអស់ដល់ព្រះរាជា ឲ្យតែព្រះអម្ចាស់ ជាព្រះរបស់ករុណាសព្វព្រះហឫទ័យទទួលតង្វាយនេះ!»។ ប៉ុន្តែ ស្ដេចមានរាជឱង្ការទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីលោកពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបង់ប្រាក់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងនោះឡើយ!»។ ព្រះបាទដាវីឌទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។ ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្ដោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។
២ សាំយូអែល 24:15-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យមានជំងឺអាសន្នរោគកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់នោះ ហើយមានមនុស្សស្លាប់តាំងតែពីក្រុងដាន់ រហូតដល់បៀរ-សេបា អស់ចំនួន៧ម៉ឺននាក់ តែកាលទេវតាលើកដៃទៅ ដើម្បីនឹងបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យរំជួលថយចេញពីការអាក្រក់នោះ ក៏មានបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញបណ្តាជនថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស ឯដាវីឌ កាលទ្រង់ទតឃើញទេវតាដែលបានប្រហារពួកជន នោះក៏ទូលដល់ព្រះយេហូវ៉ាថា មើល ទូលបង្គំបានធ្វើបាប គឺទូលបង្គំដែលត្រូវមានទោស តែឯតួចៀមទាំងនេះ តើបានធ្វើអ្វី សូមឲ្យព្រះហស្តនៃទ្រង់បានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សបិតារបស់ទូលបង្គំវិញចុះ។ នៅថ្ងៃនោះឯង កាឌ់ក៏ចូលមកគាល់ដាវីឌ ទូលថា សូមព្រះករុណាឡើងទៅស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ ដូច្នេះ ដាវីឌក៏ឡើងទៅតាមពាក្យរបស់កាឌ់ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក ឯអ័រ៉ៅណា គាត់ក្រឡេកមើលទៅឃើញស្តេច នឹងពួកមហាតលិក កំពុងតែមកឯគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំនៅចំពោះស្តេចទូលថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមកឯទូលបង្គំមានការអ្វី ដាវីឌឆ្លើយថា មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ប្រយោជន៍ឲ្យសេចក្ដីវេទនានេះបានថយចេញពីពួកជនទៅ អ័រ៉ៅណាទូលទ្រង់ថា បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះទ័យ មើល មានគោនេះសំរាប់ដង្វាយដុត ហើយប្រដាប់បែនស្រូវ នឹងនឹមគោ ទុកជាឧសស្រាប់ អ័រ៉ៅណាក៏ថ្វាយទាំងអស់នោះដល់ស្តេច ដោយពាក្យថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃទ្រង់ទទួលទ្រង់ផង តែស្តេចមានបន្ទូលទៅអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញពីឯងតាមដំឡៃវិញ យើងមិនព្រមយករបស់ ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃយើងឡើយ ដូច្នេះដាវីឌក៏ទិញលានស្រូវ នឹងគោទាំងនោះ ដំឡៃជាប្រាក់៥០រៀល រួចទ្រង់ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រីទៅ នោះព្រះយេហូវ៉ាទ្រង់ព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយសេចក្ដីវេទនានោះ ក៏ថយចេញពីពួកអ៊ីស្រាអែលទៅ។:៚