២ សាំយូអែល 24:1-24

២ សាំយូអែល 24:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែលមាន​ម្ដង​ទៀត ដែល​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ដាវីឌ​ប្រព្រឹត្ត​ទាស់​នឹង​គេ ដោយ​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ចុះ»។ ដូច្នេះ ស្តេច​បាន​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​ដើរ​ទៅ​សព្វ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា ហើយ​រាប់​ចំនួន​ប្រជាជន ដើម្បី​ឲ្យ​យើង​បាន​ដឹង​ថា​មាន​ប៉ុន្មាន​នាក់»។ ប៉ុន្តែ យ៉ូអាប់​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ឲ្យ​មាន​ប្រជាជន​ចំនួន​មួយរយ​ដង​លើស​ទៅ​ទៀត ហើយ​សូម​ព្រះ‌នេត្រ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ទត​ឃើញ​ផង។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ សព្វ​ព្រះ‌ហឫ‌ទ័យ​ធ្វើ​ការ​នេះ?» ប៉ុន្តែ ព្រះបន្ទូល​របស់​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ និង​ពួក​មេ‌ទ័ព រួច​យ៉ូអាប់ និង​ពួក​មេ‌ទ័ព ក៏​ចេញ​ពី​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រា‌អែល។ ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ចាប់​ផ្ដើម​ពីក្រុង​អារ៉ូ‌អ៊ើរ និងពី​ទី​ក្រុង​ដែល នៅ​កណ្ដាល​ជ្រលង​ភ្នំ ឆ្ពោះ​ទៅ​ស្រុក​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។ បន្ទាប់​មក ពួក​គេ​បាន​មក​ដល់​ស្រុក​កាឡាត ហើយ​មក​ដល់​ក្រុង​កាដេស ក្នុង​ស្រុក​របស់​សាសន៍​ហេត រួច​គេ​មក​ដល់​ស្រុក​ដាន់ ហើយ​ចេញ​ពី​ស្រុក​ដាន់​វាង​ទៅស្រុក​ស៊ីដូន គេ​មក​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​តំបន់​ណេកិប​ស្រុក​យូដា ត្រង់​បៀប-សេបា។ ដូច្នេះ ពេល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​មូល អស់​រយៈ​ពេល​ប្រាំបួន​ខែ​ម្ភៃ​ថ្ងៃ​មក គេ​បាន​វិល​មក​ដល់​ក្រុង​យេរូ‌សាឡិម​វិញ។ យ៉ូអាប់​បាន​ទូល​ស្ដេចពី​ចំនួនប្រជា​ជន គឺ​មាន​មនុស្ស​ខ្លាំង​ពូកែ​ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រា‌អែល​ចំនួន​ប្រាំបី​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​ប្រាំ​សែន​នាក់។ ក្រោយ​ដែល​រាប់​ចំនួន​ប្រជាជន​ហើយ នោះ​ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​លែង​ទោស​នៃ​ការ​អា‌ក្រក់​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់»។ ព្រឹក​ឡើង ពេល​ព្រះបាទ​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ហោរា​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ ឲ្យ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​ដាក់​សេចក្ដី​ទាំង​បី​នេះ​ឲ្យអ្នក ចូរ​រើស​យក​មួយ​ចុះ ឲ្យ​យើង​បាន​ធ្វើ​យ៉ាង​នោះ​ដល់​អ្នក"»។ ដូច្នេះ កាដ​ក៏​ទៅ​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស​បី​ឆ្នាំ នៅ​ក្នុង​ស្រុក? ឬព្រះ‌ករុណា​ត្រូវ​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​បី​ខែ ដែល​គេ​ដេញ​តាម? ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​បី​ថ្ងៃ​នៅ​ក្នុង​ស្រុក​វិញ? សូម​ពិចារ‌ណា​ឥឡូវ​ចុះ ហើយ​មាន​រាជ‌ឱង្ការ​មក ឲ្យ​ទូល‌បង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទូល‌បង្គំ​មក»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់​នោះ ហើយ​មាន​មនុស្ស​ស្លាប់​តាំង​តែ​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា អស់​ចំនួន​ប្រាំពីរ​ម៉ឺន​នាក់។ ប៉ុន្តែ កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត ហើយ​ក៏​បញ្ឈប់​សេចក្ដី​ឃោរឃៅ​នោះ​ទៅ ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​ប្រជាជន​ថា៖ «ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ»។ ខណៈ​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា សាសន៍​យេប៊ូស។ ពេល​ព្រះបាទ​ដាវីឌ​បាន​ទត​ឃើញ​ទេវតា ដែល​បាន​ប្រហារ​ប្រជាជន នោះ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ ទូល‌បង្គំ​បាន​ធ្វើ​បាប គឺ​ទូល‌បង្គំ​ដែល​ត្រូវ​មាន​ទោស តែ​ឯ​តួ​ចៀម​ទាំង​នេះ តើ​បាន​ធ្វើ​អ្វី? សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ទាស់​នឹង​ទូល‌បង្គំ ហើយ​នឹង​ពួក​វង្ស​របស់​ទូល‌បង្គំ​វិញ​ចុះ»។ នៅ​ថ្ងៃ​នោះ កាដ​បាន​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស​ទៅ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាដ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ ពេល​អ័រ៉ៅ‌ណា​បាន​ក្រឡេក​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​រក​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី។ អ័រ៉ៅ‌ណា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ តើ​ទ្រង់​យាង​មក​រក​ទូល‌បង្គំ​មាន​ការ​អ្វី?» ព្រះបាទ​ដាវីឌ​ឆ្លើយ​ថា៖ «មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​ដក​សេចក្ដី​វេទនា​នេះ​ចេញ​ពី​ប្រជាជន​ទៅ»។ អ័រ៉ៅ‌ណា​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ហឫ‌ទ័យ នៅ​ទី​នេះ មាន​គោ​សម្រាប់​តង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់។ អ័រ៉ៅ‌ណា​សូម​ថ្វាយ​ទាំង​អស់​នេះ​ដល់​ស្តេច» ហើយ​អ័រ៉ៅ‌ណា​បាន​ពោល​ទៅ​ស្ដេច​ទៀត​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ទទួល​ទ្រង់​ផង»។ ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័រ៉ៅ‌ណា​ថា៖ «ទេ គឺ​យើង​ចង់​ទិញ​ពី​ឯង​ពេញ​តម្លៃ យើង​មិន​ព្រម​យក​របស់​ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ តម្លៃ​ជា​ប្រាក់​ហាសិប​សេកែល។

២ សាំយូអែល 24:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ទ្រង់​ពិរោធ​សា​ជា​ថ្មី ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះអង្គ​ជំរុញ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​បង្ក​វិបត្តិ​មួយ​ដល់​ពួក​គេ ដោយ​បង្គាប់​ស្ដេច​ឲ្យ​ធ្វើ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា។ ពេល​លោក​យ៉ូអាប់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព នៅ​ជា​មួយ​ស្ដេច ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ចូរ​លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល គឺ​ចាប់​ពី​ក្រុង​ដាន់​រហូត​ទៅ​ដល់​ក្រុង​បៀរ‌សេបា ហើយ​ធ្វើ​ជំរឿន​ប្រជា‌ជន ដ្បិត​យើង​ចង់​ដឹង​ថា ពួក​គេ​មាន​ចំនួន​ប៉ុន្មាន»។ លោក​យ៉ូអាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ ហើយ​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​ទត​ឃើញ​ផ្ទាល់​នឹង​ព្រះ‌នេត្រ​ផង។ ប៉ុន្តែ ហេតុ​អ្វី​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ប្រព្រឹត្ត​អំពើ​នេះ?»។ ដោយ​បញ្ជា​របស់​ស្ដេច​មាន​លក្ខណៈ​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់ និង​មេ‌ទ័ព​ឯ​ទៀតៗ ត្រូវ​តែ​អនុវត្ត​តាម។ គេ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះ‌រាជា ដើម្បី​ទៅ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល។ ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។ បន្ទាប់​មក ពួក​គេ​ទៅ​ដល់​ស្រុក​កាឡាដ និង​ស្រុក​ថាសធីម-‌ហុដស៊ី រួច​ទៅ​ស្រុក​ដាន់‌យ៉ាអន និង​តំបន់​ស៊ីដូន។ ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេបា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​មូល​អស់​រយៈ​ពេល​ប្រាំ​បួន​ខែ​ម្ភៃ​ថ្ងៃ​មក ពួក​គេ​ក៏​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។ លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ស្ដេច​អំពី​ចំនួន​ប្រជា‌ជន គឺ​នៅ​ស្រុក​អ៊ីស្រា‌អែល មាន​ពល​ទាហាន​ដែល​អាច​ប្រដាប់​អាវុធ​ធ្វើ​សឹក​បាន ៨០០ ០០០ នាក់ និង​នៅ​ស្រុក​យូដា​មាន​ចំនួន ៥០០ ០០០ នាក់។ ព្រះ‌បាទ​ដាវីឌ​ដឹង​ខ្លួន​ប្រព្រឹត្ត​ខុស​ដោយ​បាន​ជំរឿន​ប្រជា‌ជន​ដូច្នេះ ស្ដេច​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះអង្គ​អត់‌ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។ នៅ​ថ្ងៃ​បន្ទាប់ ពេល​ព្រះ‌បាទ​ដាវីឌ​តើន​ឡើង ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្យាការី​កាដ ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​ដាវីឌ ដូច​ត​ទៅ៖ «ចូរ​ទៅ​ប្រាប់​ស្ដេច​ដាវីឌ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ!”»។ លោក​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ឬ​ក៏​ព្រះ‌ករុណា​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ព្រះ‌ករុណា​ពិចារណា​មើល​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​ចាត់​ទូលបង្គំ​ឲ្យ​មក»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌អម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​នោះ​រហូត​ដល់​ពេល​កំណត់។ ពី​ក្រុង​ដាន់​ដល់​ក្រុង​បៀរ‌សេបា មាន​ប្រជា‌ជន​ស្លាប់​ទាំង​អស់ ៧០ ០០០​នាក់។ កាល​ទេវតា​លើក​ដៃ​ឡើង​បម្រុង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​អាណិត មិន​ព្រម​ដាក់​ទោស​ក្រុង​នេះ​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា ដែល​កំពុង​បំផ្លាញ​ប្រជា‌ជន​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេ‌ប៊ូស។ កាល​ព្រះ‌បាទ​ដាវីឌ​ឃើញ​ទេវតា​ប្រហារ​ជីវិត​ប្រជា‌ជន​ដូច្នេះ ស្ដេច​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​ទេ​តើ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប! ទូលបង្គំ​បាន​ប្រព្រឹត្ត​ខុស រីឯ​ប្រជា‌ជន​នេះ​វិញ​ពុំ​បាន​ធ្វើ​អំពើ​អាក្រក់​ណា​ទេ។ សូម​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ និង​ក្រុម​គ្រួសារ​ទូលបង្គំ​ចុះ!»។ នៅ​ថ្ងៃ​ដដែល​នោះ ព្យាការី​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ហើយ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ទី​នោះ​ចុះ!»។ ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​តាម​ពាក្យ​របស់​លោក​កាដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់។ កាល​លោក​អរ៉ៅ‌ណា​ក្រឡេក​ទៅ​ឃើញ​ស្ដេច ព្រម​ទាំង​ពួក​នាម៉ឺន កំពុង​ចូល​មក​រក​លោក លោក​ក៏​ចេញ​ទៅ​ទទួល ហើយ​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ឱន​មុខ​ដល់​ដី។ លោក​អរ៉ៅ‌ណា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! ទ្រង់​យាង​មក​ផ្ទះ​ទូលបង្គំ​មាន​ការ​អ្វី​ដែរ?»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មក​ទិញ​លាន​បោក​ស្រូវ​របស់​អ្នក សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ផុត​ពី​គ្រោះ​កាច»។ លោក​អរ៉ៅ‌ណា​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «សូម​ព្រះ‌ករុណា​ជា​អម្ចាស់​យក​អ្វីៗ​តាម​តែ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចុះ ហើយ​សូម​យក​គោ​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះ‌អម្ចាស់ យក​រនាស់ និង​នឹម​ធ្វើ​ជា​អុស។ បពិត្រ​ព្រះ‌រាជា ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់​ដល់​ព្រះ‌រាជា ឲ្យ​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ករុណា​សព្វ​ព្រះ‌ហឫទ័យ​ទទួល​តង្វាយ​នេះ!»។ ប៉ុន្តែ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​លោក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​យញ្ញ‌បូជា​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​នោះ​ឡើយ!»។ ព្រះ‌បាទ​ដាវីឌ​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហា‌សិប​ស្លឹង។

២ សាំយូអែល 24:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​មួយ​គ្រា​ទៀត ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ឆួល​ឡើង​ចំពោះ​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​បណ្តាល​ដាវីឌ​ឲ្យ​ប្រព្រឹត្ត​ទាស់​នឹង​គេ ដោយ​បន្ទូល​ថា ចូរ​ទៅ​រាប់​ចំនួន​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ចុះ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ឲ្យ​ដើរ​ទៅ​មក​គ្រប់​ក្នុង​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ហើយ​រាប់​បណ្តាជន​ទាំង‌ឡាយ ដើម្បី​ឲ្យ​យើង​បាន​ដឹង​ចំនួន យ៉ូអាប់​ទូល​ទាស់​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ពួក​ជន​ឲ្យ​មាន​ចំនួន​១០០​ដង​លើស​ទៅ​ទៀត ហើយ​សូម​ឲ្យ​ព្រះ‌នេត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​ឃើញ​ផង តែ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ សព្វ​ព្រះ‌ហឫទ័យ​ក្នុង​ការ​នោះ ប៉ុន្តែព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ ហើយ​នឹង​ពួក​មេ‌ទ័ព រួច​យ៉ូអាប់នឹង​ពួក​មេ‌ទ័ព ក៏​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រាអែល គេ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អារ៉ូ‌អ៊ើរ ជា​ខាង​ស្តាំ​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ ខាង​ស្រុក​កាឌ់ ជិត​យ៉ាស៊ើរ រួច​គេ​ទៅ​ដល់​ស្រុក​កាឡាត នឹង​ស្រុក​ថាស‌ធីម-ហ៊ុតស៊ី ពី​នោះ​ក៏​ទៅ​ដល់​ដាន់-យ្អាន ហើយ​វាង​រហូត​ដល់​ស៊ីដូន គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី នឹង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា ដូច្នេះកាល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​អស់​រួច​ហើយ ដល់​ផុត​៩​ខែ​២០​ថ្ងៃ នោះ​គេ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡិម​វិញ យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំង‌ឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រាអែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។ ក្រោយ​ដែល​រាប់​ចំនួន​បណ្តាជន​ហើយ នោះ​ដាវីឌ​មាន​ព្រះ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទូលបង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូលបង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​ចោល​ទោស​នៃ​ការ​អាក្រក់​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ដ្បិត​ទូលបង្គំ​បា​ន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់ ព្រឹក​ឡើង កាល​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ហោរា​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្ដី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង ដូច្នេះកាឌ់​ក៏​ទៅ​ឯ​ដាវីឌ​ទូល​ថា តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ណា ចង់​ឲ្យ​មាន​អំណត់​៧​ឆ្នាំ​នៅ​ក្នុង​នគរ ឬ​ចង់​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​៣​ខែ កំពុង​ដែល​គេ​ដេញ​តាម ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​៣​ថ្ងៃ​នៅ​ក្នុង​នគរ​វិញ សូម​ពិចារណា​ឥឡូវ​ចុះ ហើយ​មាន​បន្ទូល​មក ឲ្យ​ទូលបង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក ដាវីឌ​មាន​បន្ទូល​តប​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ។ ដូច្នេះព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់​នោះ ហើយ​មាន​មនុស្ស​ស្លាប់​តាំង​តែ​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា អស់​ចំនួន​៧​ម៉ឺន​នាក់ តែ​កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​រំជួល​ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ក៏​មាន​បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​បណ្តាជន​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា សាសន៍​យេប៊ូស ឯ​ដាវីឌ កាល​ទ្រង់​ទត​ឃើញ​ទេវតា​ដែល​បាន​ប្រហារ​ពួក​ជន នោះ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទូលបង្គំ​បាន​ធ្វើ​បាប គឺ​ទូលបង្គំ​ដែល​ត្រូវ​មាន​ទោស តែ​ឯ​តួ​ចៀម​ទាំង​នេះ តើ​បាន​ធ្វើ​អ្វី សូម​ឲ្យ​ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​ទាស់​នឹង​ទូលបង្គំ ហើយ​នឹង​ពួក​វង្ស​បិតា​របស់​ទូលបង្គំ​វិញ​ចុះ។ នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាឌ់ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ឯ​អ័រ៉ៅណា គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ស្តេច នឹង​ពួក​មហា‌តលិក កំពុង​តែ​មក​ឯ​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តើ​ទ្រង់​យាង​មក​ឯ​ទូលបង្គំ​មាន​ការ​អ្វី ដាវីឌ​ឆ្លើយ​ថា មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​សេចក្ដី​វេទនា​នេះ​បាន​ថយ​ចេញ​ពី​ពួក​ជន​ទៅ អ័រ៉ៅណា​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ទ័យ មើល មាន​គោ​នេះ​សំរាប់​ដង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ នឹង​នឹម​គោ ទុក​ជា​ឧស​ស្រាប់ អ័រ៉ៅណា​ក៏​ថ្វាយ​ទាំង​អស់​នោះ​ដល់​ស្តេច ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ទទួល​ទ្រង់​ផង តែ​ស្តេច​មាន​បន្ទូល​ទៅ​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​ដំឡៃ​វិញ យើង​មិន​ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឡើយ ដូច្នេះដាវីឌ​ក៏​ទិញ​លាន​ស្រូវ នឹង​គោ​ទាំង​នោះ ដំឡៃ​ជា​ប្រាក់​៥០​រៀល