២ សាំយូអែល 23:8-17
២ សាំយូអែល 23:8-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទាំងនេះជាឈ្មោះទាហានខ្លាំងពូកែរបស់ព្រះបាទដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សម្លាប់មនុស្សអស់ប្រាំបីរយនាក់ក្នុងមួយពេល។ បន្ទាប់មក អេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំងបីនាក់ ដែលនៅជាមួយព្រះបាទដាវីឌ ក្នុងគ្រាដែលពួកភីលីស្ទីនលើកគ្នាមកច្បាំង ហើយពួកអ៊ីស្រាអែលដកថយនោះ។ ប៉ុន្តែ លោកបានក្រោកឡើងប្រហារពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ ហើយបណ្ដាទ័ពក៏ត្រឡប់មករកលោកវិញ គ្រាន់តែប្រមូលជ័យភណ្ឌប៉ុណ្ណោះ។ បន្ទាប់ពីលោកនោះមក គឺសាំម៉ាជាកូនអ័កេ ពួកហារ៉ារី។ នៅគ្រាដែលពួកភីលីស្ទីនបាននាំគ្នាមួយកង នៅត្រង់ចម្ការសណ្តែកមួយកន្លែង ហើយពួកពលទ័ពបានរត់ចេញពីមុខពួកភីលីស្ទីនទៅ។ តែលោកនៅឈរកណ្ដាលចម្ការ ការពារដីនោះ ហើយសម្លាប់ពួកភីលីស្ទីន។ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ។ ថ្ងៃក្រោយទៀត នៅដើមរដូវចម្រូត មានបីនាក់ ក្នុងចំណោមពួកប្រធានសាមសិបនាក់ បានទៅគាល់ព្រះបាទដាវីឌនៅក្នុងរអាងអាឌូឡាម ខណៈពេលពួកភីលីស្ទីនបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម។ នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ ហើយមានពួកទ័ពភីលីស្ទីននៅត្រង់ភូមិបេថ្លេហិម។ ព្រះបាទដាវីឌនឹកស្រេកទឹក ហើយមានរាជឱង្ការថា៖ «អូ គួរមានអ្នកណាម្នាក់ ដងទឹកអណ្តូងដែលនៅមាត់ទ្វារភូមិបេថ្លេហិមឲ្យយើងផឹក!»។ ចំណែកពួកអ្នកខ្លាំងពូកែទាំងបីនាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារភូមិបេថ្លេហិម យកទឹកមកថ្វាយព្រះបាទដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ។ ស្តេចទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមឲ្យការនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?» ហេតុនោះហើយបានជាស្ដេចមិនព្រមសោយទឹកនោះ។ នេះហើយជាស្នាដៃរបស់អ្នកខ្លាំងពូកែទាំងបីនាក់បានធ្វើ។
២ សាំយូអែល 23:8-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកនេះហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។ បន្ទាប់មក គឺលោកអេឡាសារជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងព្រះបាទដាវីឌ ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រាអែលដកថយ។ ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្ដាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជយភណ្ឌប៉ុណ្ណោះ។ បន្ទាប់មកទៀត គឺលោកសាំម៉ាជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្ដុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្ដែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។ ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។ ថ្ងៃមួយ នៅរដូវចម្រូត នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលគាល់ព្រះបាទដាវីឌក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ពនៅជ្រលងភ្នំរេផែម។ ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។ ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម មកឲ្យយើង?»។ ពេលនោះ ទាហានដ៏អង់អាចទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ។ ប៉ុន្តែ ស្ដេចមិនព្រមសោយទេ ទ្រង់យកទឹកនោះទៅច្រួចលើដី ថ្វាយព្រះអម្ចាស់។ ស្ដេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងទទួលទានទឹកនេះទេ ដ្បិតទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិត ដើម្បីទៅដងយកមក»។ ដូច្នេះ ស្ដេចមិនព្រមសោយទឹកនោះទេ។ នេះហើយជាស្នាដៃដែលទាហានអង់អាចទាំងបីរូបបានប្រព្រឹត្ត។
២ សាំយូអែល 23:8-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាឈ្មោះពួកខ្លាំងពូកែរបស់ដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សំឡាប់មនុស្ស៨០០ក្នុងគ្រាតែ១ បន្ទាប់ពីលោកមក មានអេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំង៣នាក់ ដែលនៅជាមួយនឹងដាវីឌ ក្នុងកាលដែលប្រកួតនឹងពួកភីលីស្ទីនដែលមូលគ្នាមកច្បាំង នៅវេលាដែលពួកអ៊ីស្រាអែលឡើងទៅបាត់ហើយ លោកនេះក៏ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យមានជ័យជំនះយ៉ាងធំ រួចបណ្តាទ័ពក៏ត្រឡប់មកឯលោក ឲ្យទាន់តែនឹងប្រមូលរបឹបទេ បន្ទាប់ពីលោកនោះមក មានសាំម៉ាជាកូនអ័កេ ពួកហារ៉ារី គ្រានោះពួកភីលីស្ទីនបានមូលគ្នា១កង នៅទីដែលមានចំការសណ្តែកបាយ ហើយពួកពលទ័ពក៏រត់ចេញពីមុខពួកភីលីស្ទីនទៅ តែលោកឈរនៅកណ្តាលចំការនោះ រាំងរាហើយសំឡាប់ពួកភីលីស្ទីន ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យមានជ័យជំនះយ៉ាងធំ។ មាន៣នាក់ ក្នុងពួកជាប្រធានទាំង៣០ បានចុះទៅឯដាវីឌនៅក្នុងរអាងអាឌូឡាម ក្នុងរដូវចំរូត ឯកងពួកភីលីស្ទីន គេបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម នៅគ្រានោះដាវីឌគង់នៅទីពំនួន ហើយមានពួកទ័ពភីលីស្ទីននៅត្រង់បេថ្លេហិម ដាវីឌទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិម មកឲ្យអញផឹកទៅអេះ ចំណែកពួកអ្នកខ្លាំងពូកែទាំង៣នាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារបេថ្លេហិមយកមកថ្វាយដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ រួចទូលថា ឱព្រះយេហូវ៉ាអើយ សូមឲ្យការយ៉ាងនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬអី គឺដោយហេតុនោះ បានជាទ្រង់មិនព្រមសោយទឹកនោះទេ អ្នកខ្លាំងពូកែទាំង៣នេះ បានប្រព្រឹត្តយ៉ាងដូច្នោះ។