២ សាំយូអែល 23:1-25
២ សាំយូអែល 23:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ ជាពាក្យទំនាយរបស់ព្រះបាទដាវីឌ បុត្ររបស់លោកអ៊ីសាយ ជាពាក្យទំនាយរបស់មនុស្សដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់ ជាអ្នកដែលព្រះរបស់លោកយ៉ាកុបបានចាក់ប្រេងតាំង ជាអ្នកតែងទំនុកយ៉ាងពីរោះក្នុងសាសន៍អ៊ីស្រាអែល ទ្រង់ថ្លែងថា៖ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា បានមានព្រះបន្ទូលតាមរយៈខ្ញុំ ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។ ព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែល បានមានព្រះបន្ទូលមកខ្ញុំថា អ្នកណាដែលគ្រប់គ្រងលើប្រជាជន ដោយសុចរិត ហើយគ្រប់គ្រងដោយកោតខ្លាចព្រះ អ្នកនោះប្រៀបដូចជាពន្លឺនៅពេលព្រលឹមស្រាង ពេលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់។ តើវង្សរបស់ខ្ញុំមិនមែនដូច្នេះ នៅចំពោះព្រះទេឬ? ដ្បិតព្រះអង្គបានតាំងសញ្ញានឹងខ្ញុំ ឲ្យនៅជាប់អស់កល្បជានិច្ច ជាសញ្ញាដែលមានរបៀបរៀបរយ ហើយពិតប្រាកដ។ តើមិនមែនព្រះអង្គ ដែលប្រទានឲ្យខ្ញុំបានចម្រើនឡើង ហើយជួយខ្ញុំឲ្យមានសេចក្ដីប៉ងប្រាថ្នាគ្រប់យ៉ាង? ប៉ុន្តែ ពួកមនុស្សអាក្រក់វិញ ប្រៀបដូចជាបន្លាដែលគេបោះចោល ព្រោះគេមិនអាចលូកដៃចាប់កាន់បានឡើយ។ អ្នកណាដែលប៉ះវា គឺត្រូវតែមានដែក និងដងលំពែងផង គេនឹងប្រមូលវាដុតឲ្យឆេះសុសនៅទីនោះ។ ទាំងនេះជាឈ្មោះទាហានខ្លាំងពូកែរបស់ព្រះបាទដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សម្លាប់មនុស្សអស់ប្រាំបីរយនាក់ក្នុងមួយពេល។ បន្ទាប់មក អេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំងបីនាក់ ដែលនៅជាមួយព្រះបាទដាវីឌ ក្នុងគ្រាដែលពួកភីលីស្ទីនលើកគ្នាមកច្បាំង ហើយពួកអ៊ីស្រាអែលដកថយនោះ។ ប៉ុន្តែ លោកបានក្រោកឡើងប្រហារពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ ហើយបណ្ដាទ័ពក៏ត្រឡប់មករកលោកវិញ គ្រាន់តែប្រមូលជ័យភណ្ឌប៉ុណ្ណោះ។ បន្ទាប់ពីលោកនោះមក គឺសាំម៉ាជាកូនអ័កេ ពួកហារ៉ារី។ នៅគ្រាដែលពួកភីលីស្ទីនបាននាំគ្នាមួយកង នៅត្រង់ចម្ការសណ្តែកមួយកន្លែង ហើយពួកពលទ័ពបានរត់ចេញពីមុខពួកភីលីស្ទីនទៅ។ តែលោកនៅឈរកណ្ដាលចម្ការ ការពារដីនោះ ហើយសម្លាប់ពួកភីលីស្ទីន។ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ។ ថ្ងៃក្រោយទៀត នៅដើមរដូវចម្រូត មានបីនាក់ ក្នុងចំណោមពួកប្រធានសាមសិបនាក់ បានទៅគាល់ព្រះបាទដាវីឌនៅក្នុងរអាងអាឌូឡាម ខណៈពេលពួកភីលីស្ទីនបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម។ នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ ហើយមានពួកទ័ពភីលីស្ទីននៅត្រង់ភូមិបេថ្លេហិម។ ព្រះបាទដាវីឌនឹកស្រេកទឹក ហើយមានរាជឱង្ការថា៖ «អូ គួរមានអ្នកណាម្នាក់ ដងទឹកអណ្តូងដែលនៅមាត់ទ្វារភូមិបេថ្លេហិមឲ្យយើងផឹក!»។ ចំណែកពួកអ្នកខ្លាំងពូកែទាំងបីនាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារភូមិបេថ្លេហិម យកទឹកមកថ្វាយព្រះបាទដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ។ ស្តេចទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមឲ្យការនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?» ហេតុនោះហើយបានជាស្ដេចមិនព្រមសោយទឹកនោះ។ នេះហើយជាស្នាដៃរបស់អ្នកខ្លាំងពូកែទាំងបីនាក់បានធ្វើ។ អ័ប៊ីសាយជាប្អូនយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប នោះ លោកបានលើកលំពែងសម្លាប់សត្រូវអស់បីរយនាក់ ហើយលោកក៏មានឈ្មោះល្បីដូចអ្នកទាំងបីរូបនោះដែរ។ លោកមានកេរ្តិ៍ឈ្មោះខ្លាំងជាងគេ ក្នុងចំណោមអ្នកទាំងសាមសិប រូប ហើយលោកបានក្លាយជាមេបញ្ជាការលើពួកគេ តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។ បេណាយ៉ា កូនយេហូយ៉ាដា ជាកូនដែលខ្លាំងពូកែម្នាក់ នៅកាបសៀល ជាអ្នកដែលមានស្នាដៃល្អៗជាច្រើន។ លោកបានសម្លាប់កូនទាំងពីររបស់អ័រាល សាសន៍ម៉ូអាប់ ហើយបានចុះទៅក្នុងរណ្តៅសម្លាប់សត្វសិង្ហមួយ នៅថ្ងៃមានធ្លាក់ព្រឹល ហើយលោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ដែលមានមាឌធំខ្ពស់ សាសន៍អេស៊ីព្ទម្នាក់នោះកាន់លំពែងនៅដៃ ប៉ុន្តែ បេណាយ៉ាប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកកន្ត្រាក់យកលំពែងពីដៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សម្លាប់នឹងលំពែងរបស់គេនោះទៅ។ នេះហើយជាស្នាដៃរបស់បេណាយ៉ា កូនយេហូយ៉ាដាបានធ្វើ ដែលនាំឲ្យលោកមានឈ្មោះល្បីដូចអ្នកខ្លាំងពូកែទាំងបីរូបនោះដែរ។ លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកឲ្យត្រួតលើពួកកងអង្គរក្សរបស់ស្ដេច។ ក្នុងចំណោមសាមសិបរូប មានអេសាអែលប្អូនយ៉ូអាប់ អែលហាណានកូនដូដូរ ពីភូមិបេថ្លេហិម សាំម៉ាជាពួកហារ៉ូដ អេលីកាជាពួកហារ៉ូដ
២ សាំយូអែល 23:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាពាក្យបណ្ដាំចុងក្រោយបង្អស់ របស់ព្រះបាទដាវីឌ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងដោយព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ជាមនុស្សដែលព្រះជាម្ចាស់លើកតម្កើង យ៉ាងខ្ពស់បំផុត ជាស្ដេចដែលព្រះរបស់លោកយ៉ាកុប បានចាក់ប្រេងអភិសេក ជាស្ដេចដែល ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈខ្ញុំ ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។ ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្ដេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចព្រះជាម្ចាស់ ស្ដេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។ ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលឡើយ។ មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។ រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លា ដែលគេបោះចោល គឺមិនដែលមាននរណាយកដៃពាល់ឡើយ។ ជនដែលចង់ពាល់វា ត្រូវតែកាន់តម្ពក់ដែក ឬដងលំពែង ហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។ នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកនេះហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។ បន្ទាប់មក គឺលោកអេឡាសារជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងព្រះបាទដាវីឌ ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រាអែលដកថយ។ ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្ដាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជយភណ្ឌប៉ុណ្ណោះ។ បន្ទាប់មកទៀត គឺលោកសាំម៉ាជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្ដុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្ដែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។ ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។ ថ្ងៃមួយ នៅរដូវចម្រូត នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលគាល់ព្រះបាទដាវីឌក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ពនៅជ្រលងភ្នំរេផែម។ ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។ ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម មកឲ្យយើង?»។ ពេលនោះ ទាហានដ៏អង់អាចទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ។ ប៉ុន្តែ ស្ដេចមិនព្រមសោយទេ ទ្រង់យកទឹកនោះទៅច្រួចលើដី ថ្វាយព្រះអម្ចាស់។ ស្ដេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងទទួលទានទឹកនេះទេ ដ្បិតទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិត ដើម្បីទៅដងយកមក»។ ដូច្នេះ ស្ដេចមិនព្រមសោយទឹកនោះទេ។ នេះហើយជាស្នាដៃដែលទាហានអង់អាចទាំងបីរូបបានប្រព្រឹត្ត។ លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។ ក្នុងចំណោមមេទ័ពទាំងបី លោកទទួលកិត្តិយសខ្លាំងជាងគេ លោកជាប្រមុខលើមេទ័ពទាំងបី តែលោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។ លោកបេណាយ៉ា អ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃយ៉ាងច្រើន គឺលោកហើយដែលបានវាយពួកអរាលពីរនាក់ពីស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃធ្លាក់ទឹកកក។ លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។ នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីក្នុងក្រុមទាំងបីរូប។ ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ តែលោកពុំអាចប្រៀបស្មើនឹងមេទ័ពទាំងបីរូបបានឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។ ក្នុងក្រុមទាំងសាមសិបនាក់ មានលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូ អ្នកភូមិបេថ្លេហិម លោកសាំម៉ាជាអ្នកស្រុកហារ៉ូដ លោកអេលីកាជាអ្នកស្រុកហារ៉ូដ
២ សាំយូអែល 23:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯព្រះបន្ទូលក្រោយបង្អស់របស់ដាវីឌ នោះគឺថា ដាវីឌជាបុត្រអ៊ីសាយ ទ្រង់មានបន្ទូល គឺជាមនុស្សដែលបានដំកើងឡើងជាខ្ពស់ ជាអ្នកដែលព្រះនៃយ៉ាកុបបានចាក់ប្រេងតាំងឲ្យ ជាអ្នកតែងទំនុកយ៉ាងពីរោះ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានមានបន្ទូលដោយសារខ្ញុំ ព្រះបន្ទូលនៃទ្រង់នៅលើអណ្តាតខ្ញុំ ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់ តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្ដីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្ដីសង្គ្រោះនឹងសេចក្ដីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ តែបណ្តាពួកមនុស្សអាក្រក់សុទ្ធតែដូចបន្លាដែលគេចោល ពីព្រោះនឹងចាប់កាន់ដោយដៃមិនបាន មនុស្សណាដែលពាល់វា ត្រូវតែមានដែក ហើយដងលំពែងផង គេនឹងដុតវាឲ្យសុសនៅទីនោះឯង។ នេះជាឈ្មោះពួកខ្លាំងពូកែរបស់ដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សំឡាប់មនុស្ស៨០០ក្នុងគ្រាតែ១ បន្ទាប់ពីលោកមក មានអេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំង៣នាក់ ដែលនៅជាមួយនឹងដាវីឌ ក្នុងកាលដែលប្រកួតនឹងពួកភីលីស្ទីនដែលមូលគ្នាមកច្បាំង នៅវេលាដែលពួកអ៊ីស្រាអែលឡើងទៅបាត់ហើយ លោកនេះក៏ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យមានជ័យជំនះយ៉ាងធំ រួចបណ្តាទ័ពក៏ត្រឡប់មកឯលោក ឲ្យទាន់តែនឹងប្រមូលរបឹបទេ បន្ទាប់ពីលោកនោះមក មានសាំម៉ាជាកូនអ័កេ ពួកហារ៉ារី គ្រានោះពួកភីលីស្ទីនបានមូលគ្នា១កង នៅទីដែលមានចំការសណ្តែកបាយ ហើយពួកពលទ័ពក៏រត់ចេញពីមុខពួកភីលីស្ទីនទៅ តែលោកឈរនៅកណ្តាលចំការនោះ រាំងរាហើយសំឡាប់ពួកភីលីស្ទីន ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យមានជ័យជំនះយ៉ាងធំ។ មាន៣នាក់ ក្នុងពួកជាប្រធានទាំង៣០ បានចុះទៅឯដាវីឌនៅក្នុងរអាងអាឌូឡាម ក្នុងរដូវចំរូត ឯកងពួកភីលីស្ទីន គេបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម នៅគ្រានោះដាវីឌគង់នៅទីពំនួន ហើយមានពួកទ័ពភីលីស្ទីននៅត្រង់បេថ្លេហិម ដាវីឌទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិម មកឲ្យអញផឹកទៅអេះ ចំណែកពួកអ្នកខ្លាំងពូកែទាំង៣នាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារបេថ្លេហិមយកមកថ្វាយដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ រួចទូលថា ឱព្រះយេហូវ៉ាអើយ សូមឲ្យការយ៉ាងនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬអី គឺដោយហេតុនោះ បានជាទ្រង់មិនព្រមសោយទឹកនោះទេ អ្នកខ្លាំងពូកែទាំង៣នេះ បានប្រព្រឹត្តយ៉ាងដូច្នោះ។ ឯអ័ប៊ីសាយ ជាប្អូនយ៉ូអាប់កូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នោះ លោកបានលើកលំពែងសំឡាប់៣០០នាក់ ហើយក៏ល្បីឈ្មោះក្នុង៣នាក់នោះ ក្នុងបណ្តា៣នាក់នោះ គេរាប់អានលោកជាងគេ បានជាលើកលោកធ្វើជាមេ ប៉ុន្តែលោកមិនស្មើនឹងពួក៣នាក់មុននោះទេ។ រីឯបេណាយ៉ា ជាកូនយេហូយ៉ាដា ជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅកាបសៀល ជាអ្នកដែលបានធ្វើការមានថ្វីដៃច្រើន លោកបានសំឡាប់កូនទាំង២របស់អ័រាលសាសន៍ម៉ូអាប់ទៅ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១នៅថ្ងៃមានហិមៈ ហើយលោកសំឡាប់សាសន៍អេស៊ីព្ទម្នាក់ដែលគួរស្ញែងខ្លាច វាកាន់លំពែងនៅដៃ តែលោកមានតែដំបងកាន់ចុះទៅឯវាប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃនៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សំឡាប់ នឹងលំពែងរបស់ខ្លួនវានោះឯង គឺការយ៉ាងនោះដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយក៏មានល្បីឈ្មោះក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ គេរាប់អានលោក ជាជាងមនុស្ស៣០នាក់ តែលោកមិនស្មើនឹងពួក៣នាក់មុននោះទេ ដាវីឌទ្រង់តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។ ឯអេសាអែល ជាប្អូនយ៉ូអាប់ លោកជាម្នាក់ក្នុងពួក៣០នាក់នោះដែរ អែលហាណាន ជាកូនដូដូរ ពីក្រុងបេថ្លេហិម សាំម៉ា ជាពួកហារ៉ុឌ អេលីកា ជាពួកហារ៉ុឌ