២ សាំយូអែល 22:21-31

២ សាំយូអែល 22:21-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។ ដ្បិត​ទូល‌បង្គំ​បាន​ប្រតិបត្តិ​តាម​ផ្លូវ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ឃ្លាត​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ ដោយ​ប្រព្រឹត្ត​ការ​អាក្រក់​ឡើយ។ ព្រោះ​គ្រប់​បញ្ញត្តិ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ របស់​ព្រះ‌អង្គ​ណា​មួយ​សោះ។ ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​ការ​អាក្រក់​របស់​ទូល‌បង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​សម្ដែង​សេចក្ដី​មេត្តា ចំពោះ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ហើយ​សម្ដែង​សេចក្ដី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍ ព្រះ‌អង្គ​សម្ដែង​សេចក្ដី​បរិសុទ្ធ ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ព្រះ‌អង្គ​ត​យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ។ ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ដែល​បន្ទាប​ខ្លួន តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​មើល​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ។ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ចង្កៀង​នៃ​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​បំភ្លឺ​ក្នុង​ទី​ងងឹត​របស់​ទូល‌បង្គំ។ ដោយ‌សារ​ពឹង​ដល់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​អាច​រត់​ចូល​ទៅ​តទល់​នឹង​កង‌ទ័ព ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​អាច​លោត​រំលង​កំផែង​បាន។ ផ្លូវ​របស់​ព្រះ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បាន​សាក​មើល​ដែរ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក​ណា ដែល​ជ្រក​ក្នុង​ព្រះ‌អង្គ។

២ សាំយូអែល 22:21-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បំពាន​លើ​ច្បាប់​របស់​ព្រះអង្គ​ទេ។ ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។ ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត អំពើ​បរិសុទ្ធ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​សរ។ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះអង្គ​ក៏​សម្តែង​ថា ព្រះអង្គ​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ ព្រះអង្គ​សម្តែង​ថា​ព្រះអង្គ​ឈ្លាស‌វៃ។ ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប ព្រះអង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​ពួក​គេ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ពន្លឺ​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បំភ្លឺ​ភាព​ងងឹត​របស់ ទូលបង្គំ​ដែរ។ ព្រះអង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​វាយ​លុក ខ្មាំង​សត្រូវ និង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលង កំពែង​ក្រុង​របស់​ពួក​គេ។ មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក ជ្រក​កោន​នឹង​ព្រះអង្គ។

២ សាំយូអែល 22:21-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ​តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ថយ​ក្រោយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ​ដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​បញ្ញត្ត​របស់​ទ្រង់ បាន​នៅ​ចំពោះ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ ពី​ក្រិត្យ​របស់​ទ្រង់​ណា​មួយ​សោះ ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​របស់​ទូលបង្គំ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូលបង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់។ ទ្រង់​សំដែង​សេចក្ដី​មេត្តា ចំពោះ​អ្នក​ណា ដែល​មាន​ចិត្ត​មេត្តា ក៏​សំដែង​សេចក្ដី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍ ទ្រង់​សំដែង​សេចក្ដី​បរិសុទ្ធ​ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ទ្រង់​ត‌យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ ទ្រង់​តែង​សង្គ្រោះ​ដល់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូលបង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូលបង្គំ ពី​ព្រោះ​ដោយ​ពឹង​ដល់​ទ្រង់ នោះ​ទូលបង្គំ​រត់​ចូល​ទៅ​ត​នឹង​កង‌ទ័ព ដោយ‌សារ​ព្រះ​នៃ​ទូលបង្គំ នោះ​ទូលបង្គំ​លោត​រំលង​កំផែង​បាន ឯ​ផ្លូវ​របស់​ព្រះ នោះ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ដែរ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ជ្រក​ក្នុង​ទ្រង់។