២ សាំយូអែល 22:1-51
២ សាំយូអែល 22:1-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន និងពីកណ្ដាប់ដៃរបស់ស្តេចសូល ព្រះបាទដាវីឌបានពោលទំនុកទូលព្រះយេហូវ៉ាថា៖ ព្រះយេហូវ៉ាជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ព្រះអង្គជាអ្នកជួយទូលបង្គំឲ្យរួច ព្រះអង្គជាថ្មដានៃទូលបង្គំ ទូលបង្គំនឹងយកព្រះអង្គជាទីពឹង ព្រះអង្គក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ជាជម្រកដ៏រឹងមាំ និងជាទីជ្រកកោនរបស់ទូលបង្គំ ព្រះអង្គជាអង្គសង្គ្រោះ ដែលសង្គ្រោះទូលបង្គំ ឲ្យរួចពីអំពើឃោរឃៅ។ ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលព្រះអង្គគាប់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ ឲ្យរួចពីពួកខ្មាំងសត្រូវហើយ។ ដ្បិតរលកនៃសេចក្ដីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។ ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរុំជុំវិញទូលបង្គំ ខ្សែរូតនៃសេចក្ដីស្លាប់ បានស្ទះផ្លូវទូលបង្គំហើយ។ នៅគ្រាមានសេចក្ដីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងទូលបង្គំពីក្នុងព្រះវិហារ របស់ព្រះអង្គ សម្រែករបស់ទូលបង្គំ បានឮនៅព្រះកាណ៌របស់ព្រះអង្គ។ ពេលនោះ ផែនដីបានញ័រកក្រើក ឫសផ្ទៃមេឃក៏រំពើក ហើយត្រូវរញ្ជួយដោយព្រោះព្រះអង្គ មានសេចក្ដីក្រោធ។ មានផ្សែងហុយចេញពីព្រះនាសារបស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងចេញពីព្រះឧស្ឋរបស់ព្រះអង្គ ហើយក៏មានរងើកភ្លើងព្រួសចេញពីព្រះឧស្ឋ របស់ព្រះអង្គមកដែរ។ ព្រះអង្គបានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់នៅក្រោមព្រះបាទ របស់ព្រះអង្គ។ ព្រះអង្គគង់លើចេរូប៊ីមហោះមក ឃើញព្រះអង្គដូចជាគង់លើស្លាបរបស់ខ្យល់។ ព្រះអង្គបានយកភាពងងឹតធ្វើជាព្រះពន្លា បាំងជុំវិញព្រះអង្គ គឺមានពពកយ៉ាងក្រាស់ពេញដោយទឹកផ្ដុំគ្នា។ មានផ្លេកបន្ទោរភ្លឺព្រាកៗនៅពីមុខព្រះអង្គ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ ព្រះយេហូវ៉ាបានបញ្ចេញផ្គរពីលើមេឃ ព្រះដ៏ខ្ពស់បំផុតបន្លឺព្រះសូរសៀង។ ព្រះអង្គបាញ់ព្រួញទៅកម្ចាត់កម្ចាយគេ និងរន្ទះទៅបំបាក់គេដែរ។ ពេលនោះ បាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍ក៏បានលេចឲ្យឃើញដែរ ដោយសារព្រះយេហូវ៉ាបានគំរាម គឺមានខ្យល់បក់គំហុកចេញពីព្រះនាសា របស់ព្រះអង្គ។ ព្រះអង្គបានចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំ ព្រះអង្គបានស្រង់ទូលបង្គំចេញពីទឹកធំ។ ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកម្លាំងខ្លាំងជាងទូលបង្គំ។ នៅថ្ងៃដែលទូលបង្គំមានសេចក្ដីអន្តរាយ នោះគេបានមកស្ទាក់ផ្លូវទូលបង្គំ តែព្រះយេហូវ៉ាជាជន្ទល់នៃទូលបង្គំ។ ព្រះអង្គបាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ដោយព្រោះព្រះអង្គស្រឡាញ់ទូលបង្គំ។ ព្រះយេហូវ៉ាបានប្រទានរង្វាន់ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ព្រះអង្គបានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធដែលទូលបង្គំប្រព្រឹត្ត។ ដ្បិតទូលបង្គំបានប្រតិបត្តិតាមផ្លូវ របស់ព្រះយេហូវ៉ា ហើយមិនដែលឃ្លាតចេញពីព្រះនៃទូលបង្គំ ដោយប្រព្រឹត្តការអាក្រក់ឡើយ។ ព្រោះគ្រប់បញ្ញត្តិរបស់ព្រះអង្គ នៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យ របស់ព្រះអង្គណាមួយសោះ។ ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះព្រះអង្គ ហើយបានរក្សាខ្លួនឲ្យរួចពីការអាក្រក់របស់ទូលបង្គំ។ ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រទានរង្វាន់មក តាមសេចក្ដីទៀងត្រង់របស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធរបស់ទូលបង្គំ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ។ ព្រះអង្គសម្ដែងសេចក្ដីមេត្តា ចំពោះអ្នកណាដែលមានចិត្តមេត្តា ហើយសម្ដែងសេចក្ដីគ្រប់លក្ខណ៍ ចំពោះអ្នកណាដែលគ្រប់លក្ខណ៍ ព្រះអង្គសម្ដែងសេចក្ដីបរិសុទ្ធ ចំពោះអ្នកណាដែលបរិសុទ្ធ តែព្រះអង្គតយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ។ ព្រះអង្គសង្គ្រោះមនុស្សដែលបន្ទាបខ្លួន តែព្រះនេត្ររបស់ព្រះអង្គទតមើលពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ។ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាបំភ្លឺក្នុងទីងងឹតរបស់ទូលបង្គំ។ ដោយសារពឹងដល់ព្រះអង្គ នោះទូលបង្គំអាចរត់ចូលទៅតទល់នឹងកងទ័ព ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំអាចលោតរំលងកំផែងបាន។ ផ្លូវរបស់ព្រះសុទ្ធតែគ្រប់លក្ខណ៍ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានសាកមើលដែរ ព្រះអង្គជាខែលដល់អស់អ្នកណា ដែលជ្រកក្នុងព្រះអង្គ។ តើអ្នកណាជាព្រះ ក្រៅពីព្រះយេហូវ៉ា? ហើយតើអ្នកណាជាថ្មដា ក្រៅពីព្រះនៃយើងខ្ញុំតែមួយ? ព្រះជាជម្រកដ៏មាំមួនរបស់ទូលបង្គំ ព្រះអង្គនាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍។ ព្រះអង្គធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់ របស់ទូលបង្គំ។ ព្រះអង្គបង្ហាត់ទូលបង្គំ ឲ្យស្ទាត់ជំនាញក្នុងចម្បាំង រហូតដល់ដើមដៃរបស់ទូលបង្គំមានកម្លាំង ដើម្បីដំឡើងធ្នូលង្ហិនបាន។ ព្រះអង្គបានប្រទានខែលនៃការសង្គ្រោះ របស់ព្រះអង្គមកទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ព្រះអង្គ បានលើកទូលបង្គំឡើងជាធំ។ ព្រះអង្គបានធ្វើឲ្យជំហានរបស់ទូលបង្គំ ទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ ទូលបង្គំបានដេញតាមពួកខ្មាំងសត្រូវ ហើយបំផ្លាញពួកគេ ទូលបង្គំក៏មិនបានវិលមកវិញ ទាល់តែគេត្រូវវិនាសអស់រលីង។ ទូលបង្គំបានបំផ្លាញពួកគេ ទាំងចាក់ទម្លុះគេ មិនឲ្យក្រោកឡើងវិញឡើយ ពួកគេបានដួលនៅក្រោមជើងទូលបង្គំ។ ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំ ដោយកម្លាំងសម្រាប់ធ្វើចម្បាំង ឯពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ នោះព្រះអង្គបានបន្ទន់គេ នៅក្រោមទូលបង្គំវិញ។ ព្រះអង្គបានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នង នៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានកាត់ពួកអ្នក ដែលស្អប់ទូលបង្គំចេញ។ គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ សម្រាប់ជួយសង្គ្រោះគេឡើយ ក៏សង្ឃឹមដល់ព្រះយេហូវ៉ា តែព្រះអង្គមិនបានឆ្លើយមកសោះ។ ទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីបានជាន់ឈ្លីគេ ដូចជាភក់នៅក្នុងផ្លូវ ហើយកម្ចាត់កម្ចាយអស់ទៅ។ ព្រះអង្គបានជួយទូលបង្គំ ឲ្យរួចពីការទាស់ទែងគ្នា ក្នុងប្រជារាស្ត្រទូលបង្គំ ព្រះអង្គបានរក្សាទូលបង្គំទុក ឲ្យធ្វើជាមេលើប្រជាជាតិនានា ប្រជាជនដែលទូលបង្គំមិនបានស្គាល់ គេនឹងមកចំណុះទូលបង្គំ។ ពួកសាសន៍ដទៃនឹងចុះចូល ស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម។ ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយចេញពីទីពួនរបស់គេមក ដោយញាប់ញ័រ។ ព្រះយេហូវ៉ាមានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដា នៃសេចក្ដីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង គឺជាព្រះដែលសម្រេចសេចក្ដីសងសឹក ជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗ នៅក្រោមអំណាចទូលបង្គំ ព្រមទាំងនាំទូលបង្គំចេញឲ្យរួច ពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងយ៉ាងខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំឲ្យរួចពីមនុស្សច្រឡោតផង។ ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គ នៅកណ្ដាលអស់ទាំងសាសន៍ និងច្រៀងទំនុកសរសើរថ្វាយព្រះនាម របស់ព្រះអង្គ។ ព្រះអង្គបានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំ ដល់ស្តេចរបស់ព្រះអង្គ ហើយក៏សម្ដែងសេចក្ដីសប្បុរសដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងព្រះរាជវង្ស ជារៀងដរាបតទៅ។
២ សាំយូអែល 22:1-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពេលព្រះអម្ចាស់រំដោះព្រះបាទដាវីឌ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្ដាប់ដៃរបស់ព្រះបាទសូលហើយ ព្រះបាទដាវីឌស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ដូចតទៅ៖ «ព្រះអម្ចាស់ជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាព្រះដែលរំដោះខ្ញុំ។ ព្រះជាម្ចាស់ជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ។ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។ ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះអម្ចាស់! សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។ សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ប្រៀបបីដូចជា សំណាញ់ដែលគេបោះមកលើខ្ញុំ។ នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់ ព្រះកាណ៌របស់ព្រះអង្គ។ នៅពេលព្រះអង្គទ្រង់ព្រះពិរោធ ផែនដីកក្រើកញាប់ញ័រ ផ្ទៃមេឃរង្គើរហូតដល់គ្រឹះរបស់វា។ មានផ្សែងហុយចេញមកពីព្រះនាសា របស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក ហើយក៏មានរងើកភ្លើងខ្ទាតចេញមកពី ព្រះឱស្ឋរបស់ព្រះអង្គដែរ។ ព្រះអង្គផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក ដោយមានពពកយ៉ាងក្រាស់នៅពីក្រោម ព្រះបាទាផង។ ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមក ព្រះអង្គយាងចេញមក ដោយគង់នៅលើ វាយោដូចគង់នៅលើស្លាបបក្សី។ ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញដោយទឹក ធ្វើជាព្រះពន្លា។ មានផ្លេកបន្ទោរភ្លឺនៅខាងមុខព្រះអង្គ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀងមកពីលើ។ ព្រះអង្គបាញ់ព្រួញទៅលើខ្មាំងសត្រូវ ដើម្បីកម្ចាត់កម្ចាយពួកគេ។ ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។ ដោយសារព្រះបន្ទូលគំរាមរបស់ព្រះអម្ចាស់ និងដោយសារខ្យល់ព្យុះដែលបក់ចេញមកពី ព្រះនាសារបស់ព្រះអង្គ បាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។ ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវ ដ៏ខ្លាំងពូកែ និងឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ហើយមានកម្លាំងខ្លាំងជាងខ្ញុំផង។ នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ ក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែកដល់ខ្ញុំ។ ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។ ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គតបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ហើយខ្ញុំមិនឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ ខ្ញុំមិនបំពានលើច្បាប់របស់ព្រះអង្គទេ។ ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង ហើយខ្ញុំបានប្រុងប្រយ័ត្នខ្លួន មិនឲ្យមានកំហុសឡើយ។ ហេតុនេះ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្ត អំពើបរិសុទ្ធ។ ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យ ស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ។ ព្រះអង្គសង្គ្រោះមនុស្សទន់ទាប ព្រះអង្គទតមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ ដើម្បីបន្ទាបពួកគេ។ ឱព្រះអម្ចាស់អើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំ ហើយព្រះអង្គក៏បំភ្លឺភាពងងឹតរបស់ ទូលបង្គំដែរ។ ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំវាយលុក ខ្មាំងសត្រូវ និងឲ្យទូលបង្គំអាចលោតរំលង កំពែងក្រុងរបស់ពួកគេ។ មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុង ព្រះអង្គជាខែលការពារអស់អ្នកដែលមក ជ្រកកោននឹងព្រះអង្គ។ មានតែព្រះអម្ចាស់មួយទេដែលពិតជាព្រះជាម្ចាស់ មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។ ព្រះជាម្ចាស់ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរៀបចំមាគ៌ារបស់ខ្ញុំឲ្យបាន ល្អឥតខ្ចោះ។ ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿន ដូចសត្វក្ដាន់ ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។ ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។ ព្រះអង្គការពារ និងសង្គ្រោះទូលបង្គំ ព្រះអង្គគាំទ្រទូលបង្គំ ហើយព្រះអង្គលើកទូលបង្គំឡើង ដោយព្រះហឫទ័យមេត្តា។ ព្រះអង្គការពារទូលបង្គំមិនឲ្យខ្មាំងសត្រូវ ដេញទាន់ មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។ ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ និងបំផ្លាញពួកគេ ហើយទូលបង្គំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកម្ទេចពួកគេអស់។ ទូលបង្គំកម្ទេច និងកាប់សម្លាប់ពួកគេ មិនឲ្យពួកគេក្រោកឡើងវិញឡើយ ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។ ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំង ធ្វើសឹក និងបង្ក្រាបខ្មាំងសត្រូវ។ ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ពរត់ នៅមុខទូលបង្គំ ហើយទូលបង្គំបានធ្វើឲ្យអស់អ្នកដែល ស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។ ពួកគេនាំគ្នាសម្លឹងរកមើលជំនួយ តែគ្មាននរណាជួយពួកគេឡើយ គេស្រែកហៅព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបនឹងពួកគេទេ។ ទូលបង្គំកម្ទេចពួកគេឲ្យម៉ដ្ត ដូចធូលីដី ទូលបង្គំជាន់ឈ្លីពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។ ព្រះអង្គបានរំដោះឲ្យទូលបង្គំ រួចពីការបះបោររបស់ប្រជាជន ហើយទុកឲ្យទូលបង្គំធ្វើជាមេដឹកនាំ លើប្រជាជាតិនានា ប្រជាជនមួយដែលទូលបង្គំមិនធ្លាប់ស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជម្រករបស់គេមក ទាំងភ័យញាប់ញ័រ។ ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គ ដែលជាថ្មដារបស់ទូលបង្គំ! សូមលើកតម្កើងព្រះជាម្ចាស់ ជាថ្មដា ដែលបានសង្គ្រោះទូលបង្គំ! ដ្បិតព្រះអង្គបានឲ្យទូលបង្គំមានជ័យជម្នះ លើខ្មាំងសត្រូវ ព្រះអង្គបានបន្ទាបប្រជាជននានា ឲ្យមកនៅក្រោមអំណាចទូលបង្គំ ហើយព្រះអង្គបានដកខ្ញុំឲ្យរួចផុតពី កណ្ដាប់ដៃរបស់ខ្មាំងសត្រូវ! ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ជាង បច្ចាមិត្តរបស់ទូលបង្គំ និងរំដោះទូលបង្គំឲ្យរួចផុតពីមនុស្ស ឃោរឃៅ។ ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើង ព្រះអង្គក្នុងចំណោមប្រជាជាតិនានា ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀង លើកតម្កើងព្រះនាមរបស់ព្រះអង្គ។ ព្រះអង្គប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្ដេចដែលព្រះអង្គបានតែងតាំង។ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះ ស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្ដេចដាវីឌ និងពូជពង្ស រៀងរហូតតទៅ»។
២ សាំយូអែល 22:1-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅថ្ងៃ ដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទ្រង់ទាំងប៉ុន្មាន ហើយពីកណ្តាប់ដៃនៃសូល នោះទ្រង់ក៏ពោលទំនុកនេះទូលព្រះយេហូវ៉ាថា ព្រះយេហូវ៉ាទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ទ្រង់ជាអ្នកជួយទូលបង្គំឲ្យរួច ព្រះទ្រង់ជាថ្មដានៃទូលបង្គំៗនឹងយកទ្រង់ជាទីពឹង ទ្រង់ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាទីជ្រកកោននៃទូលបង្គំ ទ្រង់ជាអ្នកជួយសង្គ្រោះ ដែលសង្គ្រោះទូលបង្គំឲ្យរួចពីអំណាចអាក្រក់ ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គាប់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ ឲ្យរួចពីពួកខ្មាំងសត្រូវហើយ ដ្បិតរលកនៃសេចក្ដីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ សេចក្ដីទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។ ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរុំរួបជុំវិញទូលបង្គំ ខ្សែរូតនៃសេចក្ដីស្លាប់បានស្ទះផ្លូវទូលបង្គំហើយ នៅគ្រាមានសេចក្ដីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងនៃទូលបង្គំពីក្នុងព្រះវិហារទ្រង់ សំរែករបស់ទូលបង្គំបានឮនៅព្រះកាណ៌ទ្រង់ នោះផែនដីបានញ័រកក្រើក ឫសផ្ទៃមេឃក៏រំពើក ហើយត្រូវរញ្ជួយ ដោយព្រោះទ្រង់មានសេចក្ដីក្រោធ មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ភ្លើងដែលចេញពីព្រះឱស្ឋទ្រង់មក ក៏ឆេះបន្សុស ហើយផុសចេញជាព្រាកផ្លេកៗ ទ្រង់បានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់ ទ្រង់គង់លើចេរូប៊ីនហោះមកឃើញទ្រង់គង់លើស្លាបនៃខ្យល់ ទ្រង់បានយកសេចក្ដីងងឹតធ្វើជាព្រះពន្លាបាំងជុំវិញទ្រង់ គឺជាទឹករួបរួមគ្នា ហើយនឹងពពកយ៉ាងក្រាស់នៅលើមេឃ មានព្រាកផ្លេកៗបានកាត់ឡើង ដោយសាររស្មីនៅចំពោះទ្រង់ ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរពីលើមេឃ ព្រះដ៏ខ្ពស់បំផុតទ្រង់បន្លឺព្រះសូរសៀង ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ នឹងរន្ទះទៅបំបាក់គេដែរ នោះបាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយបានបើកឲ្យឃើញច្បាស់ ដោយព្រះយេហូវ៉ាទ្រង់បន្ទោស គឺកាលឮសូរខ្យល់គំហុកចេញពីព្រះនាសាទ្រង់។ ទ្រង់ចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំស្រង់ចេញពីទឹកធំ ទ្រង់បានដោះឲ្យទូលបង្គំរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកំឡាំងច្រើនជាងទូលបង្គំ នៅថ្ងៃដែលទូលបង្គំកើតមានសេចក្ដីអន្តរាយ នោះគេបានមកស្ទាក់ផ្លូវទូលបង្គំ តែព្រះយេហូវ៉ាទ្រង់ជាជន្ទល់នៃទូលបង្គំ ទ្រង់ក៏បាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំ ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំតាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ហើយមិនដែលថយក្រោយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ ពីព្រោះគ្រប់ទាំងបញ្ញត្តរបស់ទ្រង់ បាននៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញ ពីក្រិត្យរបស់ទ្រង់ណាមួយសោះ ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីអាក្រក់របស់ទូលបង្គំ ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់ប្រទានរង្វាន់មក តាមសេចក្ដីទៀងត្រង់របស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធរបស់ទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់។ ទ្រង់សំដែងសេចក្ដីមេត្តា ចំពោះអ្នកណា ដែលមានចិត្តមេត្តា ក៏សំដែងសេចក្ដីគ្រប់លក្ខណ៍ ចំពោះអ្នកណាដែលគ្រប់លក្ខណ៍ ទ្រង់សំដែងសេចក្ដីបរិសុទ្ធចំពោះអ្នកណាដែលបរិសុទ្ធ តែទ្រង់តយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ ទ្រង់តែងសង្គ្រោះដល់មនុស្សដែលត្រូវគេសង្កត់សង្កិន តែព្រះនេត្រទ្រង់ទតឃើញពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ ពីព្រោះដោយពឹងដល់ទ្រង់ នោះទូលបង្គំរត់ចូលទៅតនឹងកងទ័ព ដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំលោតរំលងកំផែងបាន ឯផ្លូវរបស់ព្រះ នោះគ្រប់លក្ខណ៍ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលដែរ ទ្រង់ជាខែលដល់អស់អ្នកណាដែលជ្រកក្នុងទ្រង់។ តើអ្នកណាជាព្រះ លើកតែព្រះយេហូវ៉ាប៉ុណ្ណោះ ហើយតើអ្នកណាជាថ្មដា លើកតែព្រះនៃយើងខ្ញុំតែមួយ ព្រះទ្រង់ជាបន្ទាយមាំមួននៃទូលបង្គំ ទ្រង់នាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍ ទ្រង់ធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយក៏ដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់របស់ទូលបង្គំ ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យជំនាញក្នុងការចំបាំង រហូតដល់ដើមដៃទូលបង្គំ មានកំឡាំងនឹងដំឡើងធ្នូលង្ហិនបាន ទ្រង់បានប្រទានខែល នៃសេចក្ដីសង្គ្រោះរបស់ទ្រង់ មកទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ទ្រង់បានលើកទូលបង្គំឡើងជាធំ ទ្រង់បានធ្វើឲ្យជំហានទូលបង្គំទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ ទូលបង្គំបានដេញតាមពួកខ្មាំងសត្រូវ ហើយបំផ្លាញគេបង់ ទូលបង្គំក៏មិនបានវិលមកវិញ ទាល់តែគេត្រូវវិនាសអស់រលីង ទូលបង្គំបានធ្វើឲ្យគេវិនាសអស់រលីង បានទាំងចាក់ទំលុះគេ ឲ្យគេក្រោកឡើងវិញមិនរួច គេបានដួលនៅក្រោមជើងទូលបង្គំ ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំងសំរាប់ធ្វើចំបាំង ឯពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ នោះទ្រង់បានបន្ទន់គេ នៅក្រោមទូលបង្គំវិញ ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានកាត់ពួកអ្នក ដែលស្អប់ទូលបង្គំចេញ គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ សំរាប់នឹងជួយសង្គ្រោះគេឡើយ ក៏សង្ឃឹមដល់ព្រះយេហូវ៉ា តែទ្រង់មិនបានឆ្លើយមកសោះ នោះទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីក៏បានជាន់ឈ្លីគេ ដូចជាភក់នៅក្នុងផ្លូវ ហើយកំចាត់កំចាយអស់ទៅ។ ទ្រង់បានជួយទូលបង្គំឲ្យរួចពីការទាស់ទែងគ្នាក្នុងពួករាស្ត្រទូលបង្គំ ទ្រង់បានរក្សាទូលបង្គំទុក ឲ្យធ្វើជាមេលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនបានស្គាល់ គេនឹងមកចំណុះទូលបង្គំ ពួកសាសន៍ដទៃនឹងចុះចូលស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនឹងចេញពីទីពួនរបស់គេមកដោយញាប់ញ័រ។ ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដានៃសេចក្ដីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង គឺជាព្រះដែលសំរេចសេចក្ដីសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗនៅក្រោមអំណាចទូលបង្គំ ព្រមទាំងនាំទូលបង្គំចេញឲ្យរួចពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងជាខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំឲ្យរួចពីមនុស្សច្រឡោតផង ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់។ ទ្រង់បានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចនៃទ្រង់ ហើយក៏សំដែងសេចក្ដីសប្បុរសដល់អ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដល់ដាវីឌនឹងព្រះរាជវង្ស ជារៀងរាបដរាបទៅ។