២ សាំយូអែល 2:1-7
២ សាំយូអែល 2:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក ដាវីឌបានទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវឡើងទៅទីក្រុងរបស់ស្រុកយូដាណាមួយឬ?»។ ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរឡើងទៅចុះ» រួចដាវីឌទូលសួរថា៖ «តើឲ្យទូលបង្គំឡើងទៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅហេប្រុន»។ ដូច្នេះ ដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធរបស់គាត់ទាំងពីរនាក់ទៅជាមួយដែរ គឺអ័ហ៊ីណោមជាអ្នកស្រុកយេសរាល និងអ័ប៊ីកែលជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល ។ ដាវីឌបាននាំពួកអ្នកដែលនៅជាមួយ ព្រមទាំងគ្រួសាររបស់គេរៀងខ្លួនឡើងទៅដែរ គេបានតាំងទីលំនៅក្នុងតំបន់នៃក្រុងហេប្រុន។ ពេលនោះ អ្នកស្រុកនាំគ្នាមក ហើយចាក់ប្រេងតាំងដាវីឌឲ្យធ្វើជាស្តេចលើពួកយូដា។ មានគេទូលដល់ដាវីឌថា៖ «ពួកដែលបញ្ចុះអដ្ឋិរបស់ស្ដេចសូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត »។ ដាវីឌបានបញ្ជូនសារទៅពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា៖ «សូមឲ្យព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នាចុះ ព្រោះអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរសដល់ស្ដេចសូល ជាចៅហ្វាយរបស់អ្នក ដោយបញ្ចុះអដ្ឋិទ្រង់ ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ខ្ញុំក៏នឹងសងដល់អ្នករាល់គ្នាដោយសប្បុរសនោះដែរ។ ដូច្នេះ សូមអ្នករាល់គ្នាមានកម្លាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ»។
២ សាំយូអែល 2:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយព្រឹត្តិការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយក្នុងស្រុកយូដាឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។ លោកដាវីឌក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាភរិយារបស់សពលោកណាបាលនៅភូមិកើមែល។ លោកដាវីឌបាននាំអស់អ្នកដែលនៅជាមួយលោក និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។ ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពព្រះបាទសូល។ ព្រះបាទដាវីឌក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសម្តែងភក្ដីភាពចំពោះព្រះបាទសូល ជាម្ចាស់របស់អ្នករាល់គ្នា ដោយបានបញ្ចុះសពស្ដេច។ ឥឡូវនេះ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាវិញ។ ដោយសារអ្នករាល់គ្នាធ្វើដូច្នេះ ខ្ញុំក៏នឹងប្រព្រឹត្តល្អចំពោះអ្នករាល់គ្នាដែរ។ ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ព្រះបាទសូល ជាម្ចាស់របស់អ្នករាល់គ្នាបានសោយទិវង្គតផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានចាក់ប្រេងអភិសេកខ្ញុំ ជាស្ដេចគ្រប់គ្រងលើពួកគេ»។
២ សាំយូអែល 2:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅក្នុងទីក្រុង របស់ស្រុកយូដាណាមួយឬអី ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ចូរឡើងទៅចុះ រួចដាវីឌទូលសួរថា តើឲ្យទូលបង្គំឡើងទៅឯណា ទ្រង់មានបន្ទូលថា ចូរទៅឯហេប្រុនចុះ ដូច្នេះដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធខ្លួនទាំង២ ទៅជាមួយផងគឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល នឹងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល ឯពួកអ្នកដែលនៅជាមួយ នោះលោកក៏នាំគេ ព្រមទាំងពួកគ្រួគេរៀងខ្លួនឡើងទៅដែរ គេក៏តាំងទីលំនៅៗក្នុងអស់ទាំងតំបន់នៃក្រុងហេប្រុន រួចពួកយូដា គេមកចាក់ប្រេងតាំងដាវីឌឡើងធ្វើជាស្តេច លើជនជាតិរបស់ខ្លួននៅទីនោះ។ មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត នោះដាវីឌទ្រង់ចាត់សារ ឲ្យទៅឯពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា សូមឲ្យព្រះយេហូវ៉ាទ្រង់ប្រទានពរដល់អ្នករាល់គ្នាចុះ ពីព្រោះអ្នករាល់គ្នាបានសំដែងសេចក្ដីសប្បុរសដល់សូល ជាចៅហ្វាយនៃអ្នក ដោយបញ្ចុះអដ្ឋិទ្រង់ ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាទ្រង់សំដែងសេចក្ដីសប្បុរស ហើយនឹងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងសងដល់អ្នករាល់គ្នា ដោយព្រោះការសប្បុរសនោះដែរ ដូច្នេះ សូមឲ្យអ្នករាល់គ្នាមានកំឡាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតសូល ជាចៅហ្វាយនៃអ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀតពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ។