២ សាំយូអែល 19:39-43
២ សាំយូអែល 19:39-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ប្រជាជនបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្ដេចក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ រីឯស្ដេចយាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្ដាពួកយូដា និងពួកអ៊ីស្រាអែលមួយចំហៀង គេក៏ដង្ហែស្តេចទៅ នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា៖ «ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះហឫទ័យព្រះករុណា ដោយចម្លងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន និងបណ្ដាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ»។ ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា៖ «ព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលស្តេចត្រូវបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ?» តែប្រជាជនអ៊ីស្រាអែលឆ្លើយតបទៅពួកយូដាវិញថា៖ «យើងមានចំណែកដប់ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើងដូច្នេះ? តើយើងមិនបានពិគ្រោះគ្នាជាមុនអំពីដំណើរនាំស្តេចរបស់យើងមកវិញទេឬ?» ប៉ុន្តែ ពាក្យសម្ដីរបស់ពួកយូដាម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែល។
២ សាំយូអែល 19:39-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្ដេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ ព្រះបាទដាវីឌបានបន្តដំណើរទៅដល់គីលកាល់ ដោយមានលោកគីមហាំដង្ហែទៅជាមួយផង។ ជនជាតិយូដាទាំងអស់ ព្រមទាំងជនជាតិអ៊ីស្រាអែលចំនួនពាក់កណ្ដាល នាំគ្នាដង្ហែស្ដេចឆ្លងទន្លេយ័រដាន់។ អ្នកស្រុកអ៊ីស្រាអែលទាំងមូលចូលទៅគាល់ស្ដេច ហើយទូលថា៖ «ហេតុអ្វីព្រះករុណាទុកឲ្យតែបងប្អូនជនជាតិយូដាដង្ហែព្រះករុណា ដោយនាំព្រះករុណា និងរាជវង្សានុវង្ស ឆ្លងទន្លេយ័រដាន់ដូច្នេះ ដ្បិតយើងខ្ញុំក៏ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ?»។ ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រាអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងព្រះករុណាជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្ដេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្ដេចដែរ»។ ពេលនោះ ជនជាតិអ៊ីស្រាអែលតបទៅជនជាតិយូដាវិញថា៖ «យើងមានសិទ្ធិដប់ដងលើសអ្នករាល់គ្នា ក្នុងការទទួលព្រះបាទដាវីឌជាស្ដេចរបស់យើង ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើងដូច្នេះ? គឺពួកយើងទេតើដែលបានផ្ដើមគំនិតយាងស្ដេចរបស់យើងឲ្យវិលមកវិញមុនគេ!»។ ប៉ុន្តែ ជនជាតិយូដានិយាយម៉ឺងម៉ាត់ជាងជនជាតិអ៊ីស្រាអែល។
២ សាំយូអែល 19:39-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បណ្តាជនទាំងឡាយបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្តេចទ្រង់ក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ រីឯស្តេចទ្រង់យាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្តាពួកយូដា នឹងពួកអ៊ីស្រាអែល១ចំហៀង គេក៏ដង្ហែស្តេចទៅ នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះទ័យព្រះករុណា ដោយចំឡងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន នឹងបណ្តាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា គឺពីព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលត្រូវឲ្យស្តេចបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ តែពួកអ៊ីស្រាអែលគេឆ្លើយតបទៅពួកយូដាវិញថា យើងមានចំណែក១០ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើង ដោយមិនបានពិគ្រោះនឹងយើងជាមុន ពីដំណើរនាំស្តេចមក ប៉ុន្តែពាក្យសំដីរបស់ពួកយូដា បានម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែលវិញ។