២ សាំយូអែល 19:1-7
២ សាំយូអែល 19:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានគេទៅជម្រាបយ៉ូអាប់ថា៖ «ស្តេចព្រះកន្សែង សោយសោកនឹងអាប់សាឡុម»។ ថ្ងៃនោះ ជ័យជម្នះត្រឡប់ទៅជាទុក្ខសោកសម្រាប់ប្រជាជនទាំងឡាយ ព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចសោយសោកនឹងបុត្រា។ ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាមនុស្សដែលលបចេញពីទីចម្បាំងទៅ ដោយអាម៉ាស់។ ឯស្តេចបិទព្រះភក្ត្រ ស្រែកឡើងយ៉ាងខ្លាំងថា៖ «ឱអាប់សាឡុមបុត្របិតា ឱអាប់សាឡុមបុត្របិតា បុត្របិតាអើយ»។ ពេលនោះ យ៉ូអាប់មកគាល់ស្តេចនៅក្នុងដំណាក់ ទូលថា៖ «នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាអ្នកបម្រើរបស់ព្រះករុណាមានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានសង្គ្រោះដល់ព្រះជន្មព្រះករុណា និងបុត្រា បុត្រី ពួកភរិយា ព្រមទាំងពួកអ្នកម្នាងរបស់ព្រះករុណាផង ព្រោះព្រះករុណាស្រឡាញ់ពួកអ្នកដែលស្អប់ព្រះករុណា ហើយស្អប់ដល់ពួកអ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសម្ដែងថា មិនរាប់អានដល់ទាំងពួកអ្នកធំ អ្នកតូច ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡុមនៅរស់នៅឡើយ ហើយបើយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានពេញចិត្តព្រះករុណាណាស់។ ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានរាជឱង្ការឲ្យពួកអ្នកបម្រើរបស់ទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា "ប្រសិនបើទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយនៅជាមួយទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត"»។
២ សាំយូអែល 19:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគេមកជម្រាបលោកយ៉ូអាប់ថា ស្ដេចទ្រង់ព្រះកន្សែង និងអាឡោះអាល័យស្ដេចអាប់សាឡុម។ ជ័យជម្នះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។ នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរភូមិទាំងក្ដីអាម៉ាស់។ រីឯស្ដេចវិញ ស្ដេចគ្របព្រះភ័ក្ត្រជិត ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ!»។ ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្ដេចនៅក្នុងបន្ទប់ ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះករុណា ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះករុណាធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។ ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយស្អប់អ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ នៅថ្ងៃនេះ ព្រះករុណាបង្ហាញថា ព្រះករុណាមិនគិតគូរដល់មេបញ្ជាការ និងពលទាហានទេ។ ទូលបង្គំដឹងថា ប្រសិនបើស្ដេចអាប់សាឡុមនៅរស់ ហើយទូលបង្គំទាំងអស់គ្នាស្លាប់ ព្រះករុណាមុខជាយល់ថាជាការធម្មតា។ ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយយាងចេញទៅលើកទឹកចិត្តពលទាហានផង។ ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើព្រះករុណាមិនយាងចេញទៅទេ យប់នេះនឹងគ្មាននរណាម្នាក់នៅបម្រើព្រះករុណាទៀតឡើយ ហើយព្រះករុណាត្រូវវេទនាលើសទុក្ខវេទនាទាំងប៉ុន្មាន ដែលព្រះករុណាធ្លាប់ជួបប្រទះតាំងពីក្មេងមកទល់សព្វថ្ងៃ»។
២ សាំយូអែល 19:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេទៅជំរាបដល់យ៉ូអាប់ថា ស្តេចទ្រង់ព្រះកន្សែងសោកទោមនស្សនឹងអាប់សាឡំម ថ្ងៃនោះឯង ការជ័យជំនះក៏ត្រឡប់ទៅជាសេចក្ដីទុក្ខសោកដល់ពួកជនទាំងឡាយវិញ ពីព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចទ្រង់សោកទោមនស្សនឹងព្រះរាជបុត្រា ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាពួកមនុស្ស ដែលលបចេញពីទីចំបាំងទៅ ដោយខ្មាស ឯស្តេច ទ្រង់បិទព្រះភ័ក្ត្រ ស្រែកឡើងជាខ្លាំងថា ឱអាប់សាឡំម កូនអញអើយ ឱអាប់សាឡំម កូនអញ ជាកូនអញអើយ គ្រានោះ យ៉ូអាប់មកឯស្តេច នៅក្នុងព្រះរាជមន្ទីរទូលថា នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាពួកអ្នកបំរើទ្រង់មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានជួយសង្គ្រោះដល់ព្រះជន្មនៃព្រះករុណា នឹងព្រះរាជបុត្រា បុត្រី ពួកភរិយា ហើយនឹងពួកអ្នកម្នាងរបស់ព្រះករុណានៅថ្ងៃនេះផង ដោយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ទ្រង់ ហើយក៏ស្អប់ដល់ពួកអ្នកដែលស្រឡាញ់ទ្រង់វិញ ដ្បិតនៅថ្ងៃនេះព្រះករុណាបានសំដែងថា ទ្រង់មិនរាប់អាន ដល់ទាំងពួកអ្នកធំតូចផង ហើយនៅថ្ងៃនេះទូលបង្គំក៏យល់ឃើញថា បើអាប់សាឡំមនៅរស់នៅឡើយ ហើយយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានជាទីពេញដល់ព្រះហឫទ័យទ្រង់ណាស់ ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានបន្ទូលឲ្យពួកអ្នកបំរើទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា បើសិនជាទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយ នៅជាមួយនឹងទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត