២ សាំយូអែល 19:1-43
២ សាំយូអែល 19:1-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានគេទៅជម្រាបយ៉ូអាប់ថា៖ «ស្តេចព្រះកន្សែង សោយសោកនឹងអាប់សាឡុម»។ ថ្ងៃនោះ ជ័យជម្នះត្រឡប់ទៅជាទុក្ខសោកសម្រាប់ប្រជាជនទាំងឡាយ ព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចសោយសោកនឹងបុត្រា។ ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាមនុស្សដែលលបចេញពីទីចម្បាំងទៅ ដោយអាម៉ាស់។ ឯស្តេចបិទព្រះភក្ត្រ ស្រែកឡើងយ៉ាងខ្លាំងថា៖ «ឱអាប់សាឡុមបុត្របិតា ឱអាប់សាឡុមបុត្របិតា បុត្របិតាអើយ»។ ពេលនោះ យ៉ូអាប់មកគាល់ស្តេចនៅក្នុងដំណាក់ ទូលថា៖ «នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាអ្នកបម្រើរបស់ព្រះករុណាមានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានសង្គ្រោះដល់ព្រះជន្មព្រះករុណា និងបុត្រា បុត្រី ពួកភរិយា ព្រមទាំងពួកអ្នកម្នាងរបស់ព្រះករុណាផង ព្រោះព្រះករុណាស្រឡាញ់ពួកអ្នកដែលស្អប់ព្រះករុណា ហើយស្អប់ដល់ពួកអ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសម្ដែងថា មិនរាប់អានដល់ទាំងពួកអ្នកធំ អ្នកតូច ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡុមនៅរស់នៅឡើយ ហើយបើយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានពេញចិត្តព្រះករុណាណាស់។ ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានរាជឱង្ការឲ្យពួកអ្នកបម្រើរបស់ទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា "ប្រសិនបើទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយនៅជាមួយទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត"»។ ដូច្នេះ ស្ដេចក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់ប្រជាជនថា៖ «មើល៍ ស្ដេចកំពុងតែគង់នៅមាត់ទ្វារ» ដូច្នេះ ប្រជាជនទាំងអស់ក៏មកគាល់ស្តេច។ ពួកអ៊ីស្រាអែលបានរត់ទៅទីលំនៅរបស់គេរៀងខ្លួន ប្រជាជនទាំងអស់ក៏កើតវិវាទគ្នា នៅពេញក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ដោយនិយាយថា៖ «ស្តេចបានជួយឲ្យយើងរួចពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ ក៏បានសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ចេញពីនគរទៅ ដោយព្រោះអាប់សាឡុម។ ឯអាប់សាឡុម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ?»។ ចំណែកព្រះបាទដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងសង្ឃអ័បៀថើរ ដោយពាក្យថា៖ «ចូរសួរពួកចាស់ទុំនៃពួកយូដាថា "ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ? ដ្បិតសូរសព្ទដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯរាជដំណាក់ហើយ។ អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ?" មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។ អ័ម៉ាសាបានបន្ទន់ចិត្តពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា៖ «សូមព្រះករុណាទ្រង់យាងត្រឡប់មកវិញ ព្រមទាំងអ្នកបម្រើរបស់ព្រះរុណាទាំងប៉ុន្មានផង»។ ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចម្លងទ្រង់ពីទន្លេយ័រដាន់មក។ រីឯស៊ីម៉ាយជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលនៅភូមិបាហ៊ូរីម ក៏ប្រញាប់ចុះមកទទួលព្រះបាទដាវីឌជាមួយពួកយូដាដែរ មានទាំងពួកបេនយ៉ាមីនមួយពាន់នាក់ ហើយស៊ីបាជាអ្នកបម្រើរបស់ព្រះវង្សនៃស្ដេចសូល និងកូនទាំងដប់ប្រាំនាក់ ព្រមទាំងបាវបម្រើគាត់ទាំងម្ភៃនាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច ក៏មានទូកមួយឆ្លងទៅ សម្រាប់នឹងទទួលចម្លងពួករាជវង្សស្តេចមក ហើយនឹងធ្វើតាមព្រះហឫទ័យស្ដេច។ នៅគ្រាដែលស្តេចរៀបឆ្លងទន្លេយ័រដាន់មក នោះស៊ីម៉ាយជាកូនកេរ៉ា ក៏ក្រាបថ្វាយបង្គំស្ដេច ហើយទូលថា៖ «បពិត្រព្រះករុណា សូមកុំប្រកាន់ទោសទូលបង្គំឡើយ សូមកុំរឭកដល់ការអាក្រក់ដែលទូលបង្គំជាបាវបម្រើទ្រង់បានប្រព្រឹត្តល្មើសនៅថ្ងៃដែលព្រះករុណាជាអម្ចាស់នៃទូលបង្គំបានយាងចេញពីក្រុងយេរូសាឡិមទៅនោះ ឬយកព្រះហឫទ័យទុកដាក់ឲ្យសោះ។ ដ្បិតទូលបង្គំជាបាវបម្រើរបស់ព្រះករុណាយល់ឃើញថា បានធ្វើអាក្រក់ហើយ ហេតុនោះបានជាទូលបង្គំមកដល់នៅថ្ងៃនេះ មុនជាងបណ្ដាវង្សានុវង្សនៃយ៉ូសែបទៅទៀត ដើម្បីនឹងចុះមកទទួលព្រះករុណាជាម្ចាស់នៃទូលបង្គំ»។ ប៉ុន្តែ អ័ប៊ីសាយជាកូនសេរូយ៉ាចាប់ពាក្យទូលថា៖ «តើមិនត្រូវសម្លាប់ស៊ីម៉ាយ ដោយព្រោះបានជេរប្រមាថដល់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេឬ»។ ប៉ុន្តែ ដាវីឌមានរាជឱង្ការថា៖ «ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹងនឹងយើងនៅថ្ងៃនេះដូច្នេះ? តើត្រូវសម្លាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬ? ដ្បិតតើយើងមិនដឹងទេថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ?» រួចស្ដេចមានរាជឱង្ការស្បថនឹងស៊ីម៉ាយថា៖ «ឯងមិនត្រូវស្លាប់ទេ»។ ចំណែកមេភីបូសែត ជាព្រះវង្សស្ដេចសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្ដេចចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីគាល់ស្តេច នោះស្ដេចមានរាជឱង្ការសួរថា៖ «មេភីបូសែត អើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយយើង?» លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំជាបាវបម្រើព្រះករុណា ប្រាប់គាត់ថា "ខ្ញុំនឹងចងកែបលាជិះទៅជាមួយព្រះរាជាដែរ" ដ្បិតទូលបង្គំជាមនុស្សខ្វិន តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបម្រើ នៅចំពោះទ្រង់វិញ ឯព្រះករុណាជាម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សម្រេចតាមតែព្រះហឫទ័យចុះ។ ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំ ជាបាវបម្រើនៃទ្រង់ បាននៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វីស្រែករកព្រះករុណាទៀត?» ស្ដេចមានរាជឱង្ការតបថា៖ «ហេតុអ្វីអ្នកនៅនិយាយពីរឿងរបស់អ្នកទៀត? យើងសម្រេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចម្ការគ្នាទៅ»។ មេភីបូសែត ទូលឆ្លើយថា៖ «ឲ្យគេយកទាំងអស់ទៅចុះ ព្រោះព្រះករុណាជាម្ចាស់ បានវិលមកឯដំណាក់ ដោយសុខសាន្តវិញហើយ»។ ឯបារស៊ីឡាយ ជាអ្នកស្រុកកាឡាត លោកចុះពីក្រុងរ៉ូគីលីម មកឆ្លងទន្លេយ័រដាន់ ដើម្បីជូនស្តេចទៅត្រើយម្ខាងដែរ លោកជាមនុស្សមានវ័យកន្លងហើយ មានអាយុប៉ែតសិបឆ្នាំគត់ លោកបានផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច ក្នុងកាលដែលទ្រង់គង់នៅស្រុកម៉ាហាណែម ដ្បិតលោកជាអ្នកមានស្តុក ស្ដេចមានរាជឱង្ការទៅលោកថា៖ «សូមអញ្ជើញទៅជាមួយខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡិមនោះ ថ្ងៃនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬ តើទូលបង្គំជាបាវបម្រើរបស់ទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេងរបស់ពួកចម្រៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វីឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាអម្ចាស់នៃទូលបង្គំទៀត ទូលបង្គំជាបាវបម្រើទ្រង់ ចង់គ្រាន់តែឆ្លងជូនព្រះករុណា ទៅត្រឹមត្រើយទន្លេយ័រដាន់ម្ខាងប៉ុណ្ណោះទេ ហេតុអ្វីបានជាចង់សងទូលបង្គំ ដោយរង្វាន់ជាធំម៉្លេះធ្វើអី សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបម្រើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល៍ នេះគីមហាំ ជាអ្នកបម្រើរបស់ព្រះអង្គ សូមឲ្យវាឆ្លងទៅជាមួយព្រះករុណា ជាអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វាតាមព្រះហឫទ័យផង»។ ស្ដេចមានរាជឱង្ការតបថា៖ «គីមហាំនឹងឆ្លងទៅជាមួយខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ»។ ដូច្នេះ ប្រជាជនបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្ដេចក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ រីឯស្ដេចយាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្ដាពួកយូដា និងពួកអ៊ីស្រាអែលមួយចំហៀង គេក៏ដង្ហែស្តេចទៅ នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា៖ «ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះហឫទ័យព្រះករុណា ដោយចម្លងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន និងបណ្ដាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ»។ ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា៖ «ព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលស្តេចត្រូវបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ?» តែប្រជាជនអ៊ីស្រាអែលឆ្លើយតបទៅពួកយូដាវិញថា៖ «យើងមានចំណែកដប់ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើងដូច្នេះ? តើយើងមិនបានពិគ្រោះគ្នាជាមុនអំពីដំណើរនាំស្តេចរបស់យើងមកវិញទេឬ?» ប៉ុន្តែ ពាក្យសម្ដីរបស់ពួកយូដាម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែល។
២ សាំយូអែល 19:1-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគេមកជម្រាបលោកយ៉ូអាប់ថា ស្ដេចទ្រង់ព្រះកន្សែង និងអាឡោះអាល័យស្ដេចអាប់សាឡុម។ ជ័យជម្នះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។ នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរភូមិទាំងក្ដីអាម៉ាស់។ រីឯស្ដេចវិញ ស្ដេចគ្របព្រះភ័ក្ត្រជិត ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ!»។ ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្ដេចនៅក្នុងបន្ទប់ ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះករុណា ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះករុណាធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។ ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយស្អប់អ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ នៅថ្ងៃនេះ ព្រះករុណាបង្ហាញថា ព្រះករុណាមិនគិតគូរដល់មេបញ្ជាការ និងពលទាហានទេ។ ទូលបង្គំដឹងថា ប្រសិនបើស្ដេចអាប់សាឡុមនៅរស់ ហើយទូលបង្គំទាំងអស់គ្នាស្លាប់ ព្រះករុណាមុខជាយល់ថាជាការធម្មតា។ ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយយាងចេញទៅលើកទឹកចិត្តពលទាហានផង។ ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើព្រះករុណាមិនយាងចេញទៅទេ យប់នេះនឹងគ្មាននរណាម្នាក់នៅបម្រើព្រះករុណាទៀតឡើយ ហើយព្រះករុណាត្រូវវេទនាលើសទុក្ខវេទនាទាំងប៉ុន្មាន ដែលព្រះករុណាធ្លាប់ជួបប្រទះតាំងពីក្មេងមកទល់សព្វថ្ងៃ»។ ស្ដេចក៏ក្រោកឡើង យាងចេញមកគង់នៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្ដេចគង់នៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ក៏នាំគ្នាមកគាល់ស្ដេច។ ពលទាហានអ៊ីស្រាអែលបានបាក់ទ័ព រត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។ នៅតាមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ប្រជាជនទាំងមូលពិភាក្សាគ្នាថា៖ «ព្រះបាទដាវីឌបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ជាពិសេស រំដោះយើងឲ្យរួចពីពួកភីលីស្ទីន តែឥឡូវនេះ ព្រះរាជាបានភៀសខ្លួនចេញពីស្រុក ព្រោះតែស្ដេចអាប់សាឡុម។ រីឯស្ដេចអាប់សាឡុមដែលយើងចាក់ប្រេងអភិសេកជាស្ដេចនោះ បានសោយទិវង្គតនៅក្នុងសង្គ្រាមទៅហើយ។ ដូច្នេះ តើពួកយើងនៅរង់ចាំអ្វីទៀត ម្ដេចមិនទៅយាងព្រះរាជាឲ្យត្រឡប់មកវិញ?»។ រីឯព្រះបាទដាវីឌ ទ្រង់ចាត់គេឲ្យទៅជម្រាបលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើរដូចតទៅ៖ «ចូរសាកសួរអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ដូច្នេះ ម្ដេចក៏មិនយាងស្ដេចចូលក្នុងដំណាក់វិញ? ស្ដេចបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រាអែលទាំងមូលហើយ។ អស់លោកជាបងប្អូន និងជាសាច់ញាតិរបស់ស្ដេច។ ដូច្នេះ កុំបង្អង់នៅចាំក្រោយគេ ក្នុងការយាងស្ដេចមកវិញនោះឡើយ។ បន្ទាប់មក សូមលោកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ”»។ ព្រះបាទដាវីឌធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នាចាត់មនុស្សឲ្យទៅទូលស្ដេចថា៖ «សូមព្រះករុណាយាងមកវិញ ជាមួយកងទ័ពទាំងមូលរបស់ព្រះករុណាចុះ»។ ដូច្នេះ ស្ដេចយាងត្រឡប់មកវិញ។ ពេលស្ដេចយាងមកដល់មាត់ទន្លេយ័រដាន់ អ្នកស្រុកយូដាទាំងមូលនាំគ្នាទទួលស្ដេចនៅគីលកាល់ ដើម្បីជួយចម្លងស្ដេចឆ្លងទន្លេយ័រដាន់។ លោកស៊ីម៉ាយជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន នៅបាហ៊ូរីម ក៏ប្រញាប់ប្រញាល់ចុះមកជាមួយពួកយូដាដែរ ដើម្បីថ្វាយបង្គំព្រះបាទដាវីឌ។ លោកនាំពួកបេនយ៉ាមីនចំនួនមួយពាន់នាក់ ព្រមទាំងស៊ីបា ជាអ្នកបម្រើនៃញាតិវង្សរបស់ព្រះបាទសូល កូនប្រុសទាំងដប់ប្រាំនាក់ និងអ្នកបម្រើរបស់គាត់ចំនួនម្ភៃនាក់ មកជាមួយផង។ ពួកគេប្រញាប់ប្រញាល់ឆ្លងទន្លេយ័រដាន់ទៅទទួលស្ដេច ដើម្បីជួយចម្លងព្រះរាជវង្សឆ្លងកាត់ទន្លេ ហើយចាំទទួលបញ្ជាពីស្ដេច។ ពេលស្ដេចឆ្លងមកដល់ត្រើយម្ខាង ហើយលោកស៊ីម៉ាយក្រាបថ្វាយបង្គំ ឱនមុខដល់ដី។ គាត់ទូលថា៖ «បពិត្រព្រះករុណា! សូមកុំប្រកាន់ទោសទូលបង្គំ! សូមមេត្តាបំភ្លេចកំហុស ដែលទូលបង្គំបានប្រព្រឹត្តចំពោះព្រះករុណា នៅថ្ងៃស្ដេចយាងចេញពីក្រុងយេរូសាឡឹម សូមកុំចងគំនុំនឹងទូលបង្គំឡើយ។ ទូលបង្គំសូមសារភាពថា ទូលបង្គំបានប្រព្រឹត្តអំពើបាបមែន ប៉ុន្តែ ថ្ងៃនេះ សូមព្រះករុណាទតមើលចុះ ក្នុងចំណោមពូជពង្សលោកយ៉ូសែបទាំងមូល ទូលបង្គំចុះមកទទួលព្រះករុណាមុនគេ»។ លោកអប៊ីសាយ ជាកូនអ្នកស្រីសេរូយ៉ា ទូលស្ដេចថា៖ «ស៊ីម៉ាយត្រូវតែស្លាប់ ព្រោះគាត់បានដាក់បណ្ដាសា ស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក!»។ ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយ និងលោកយ៉ូអាប់ ជាបងថា៖ «កូនអ្នកស្រីសេរូយ៉ាអើយ កុំលូកដៃក្នុងរឿងនេះឲ្យសោះ! ហេតុអ្វីបានជាលោកទាំងពីរជំទាស់នឹងខ្ញុំនៅពេលនេះដូច្នេះ? មិនត្រូវសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ក្នុងថ្ងៃនេះឡើយ ដ្បិតខ្ញុំដឹងច្បាស់ថា ខ្ញុំពិតជាស្ដេចលើប្រជាជនអ៊ីស្រាអែលវិញហើយ!»។ បន្ទាប់មក ស្ដេចមានរាជឱង្ការស្បថនឹងលោកស៊ីម៉ាយថា៖ «អ្នកមិនត្រូវស្លាប់ទេ!»។ លោកមេភីបូសែតជាចៅរបស់ព្រះបាទសូល បានមកទទួលព្រះបាទដាវីឌដែរ។ តាំងពីពេលស្ដេចយាងចាកចេញទៅ រហូតដល់ថ្ងៃស្ដេចយាងត្រឡប់មកវិញដោយសុខសាន្ត លោកមេភីបូសែតពុំបានលាងជើង កោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។ នៅពេលលោកចូលទៅគាល់ស្ដេចនៅក្រុងយេរូសាឡឹម ស្ដេចសួរលោកថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ លោកទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់! អ្នកបម្រើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ។ ទូលបង្គំមានបំណងឲ្យគេចងកែបលា ដើម្បីជិះទៅតាមព្រះករុណា ព្រោះទូលបង្គំជាមនុស្សខ្វិន តែអ្នកបម្រើរបស់ទូលបង្គំបានទៅទូលមួលបង្កាច់ពីទូលបង្គំ ថ្វាយព្រះករុណាជាអម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបដូចជាទេវតា*របស់ព្រះជាម្ចាស់ ដូច្នេះ សូមព្រះករុណាសម្រេចតាមព្រះហឫទ័យចុះ។ ទោះបីព្រះករុណាជាអម្ចាស់យល់ឃើញថា ពូជពង្សទាំងអស់របស់ព្រះបាទសូល ជាជីតាទូលបង្គំ ត្រូវតែស្លាប់ក៏ដោយ ក៏ព្រះករុណាបានប្រោសប្រទានឲ្យទូលបង្គំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយព្រះករុណាដែរ។ ទូលបង្គំគ្មានសិទ្ធិនឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតឡើយ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបា បែងចែកដីស្រែចម្ការរបស់ព្រះបាទសូល»។ លោកមេភីបូសែតទូលថា៖ «ឲ្យគេយកទាំងអស់ចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»។ លោកបាស៊ីឡៃជាអ្នកស្រុកកាឡាដ បានធ្វើដំណើរពីភូមិរ៉ូគីលីមមកទន្លេយ័រដាន់ដែរ ដើម្បីជូនដំណើរស្ដេចឆ្លងទៅត្រើយម្ខាង។ លោកមានវ័យចាស់ជរាហើយ គឺអាយុប៉ែតសិបឆ្នាំ។ ពេលស្ដេចគង់នៅក្រុងម៉ាហាណែម លោកផ្គត់ផ្គង់អ្វីៗទាំងអស់ដែលស្ដេចត្រូវការ ដ្បិតលោកជាអ្នកមានស្ដុកស្ដម្ភ។ ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងយេរូសាឡឹមជាមួយខ្ញុំ ខ្ញុំនឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលលោកត្រូវការ»។ លោកបាស៊ីឡៃទូលស្ដេចថា៖ «បពិត្រព្រះករុណា! តើឲ្យទូលបង្គំឡើងទៅក្រុងយេរូសាឡឹមជាមួយព្រះករុណាធ្វើអ្វី ទូលបង្គំរស់មិនបានប៉ុន្មានឆ្នាំទៀតទេ! ពេលនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ ទូលបង្គំលែងដឹងរសជាតិឆ្ងាញ់ ឬមិនឆ្ងាញ់ ទូលបង្គំលែងដឹងរសជាតិអាហារ និងស្រាដែលទូលបង្គំទទួលទាន ហើយទូលបង្គំក៏ស្ដាប់សំឡេងអ្នកចម្រៀងប្រុសស្រីលែងឮដែរ។ ដូច្នេះ មិនបាច់ឲ្យទូលបង្គំទៅនាំតែអំពល់ទុក្ខព្រះករុណាឡើយ។ ទូលបង្គំមកនេះ គឺគ្រាន់តែជូនដំណើរព្រះករុណាឆ្លងទន្លេយ័រដាន់ប៉ុណ្ណោះ។ ម្យ៉ាងទៀត ទូលបង្គំមិនសមនឹងទទួលរង្វាន់នេះពីព្រះករុណាទេ! សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅកាន់ទីក្រុងរបស់ទូលបង្គំវិញចុះ។ ទូលបង្គំនឹងស្លាប់នៅទីនោះ ក្បែរផ្នូរឪពុកម្ដាយទូលបង្គំ។ ប៉ុន្តែ ទូលបង្គំសូមផ្ញើគីមហាំ ជាកូនប្រុសរបស់ទូលបង្គំ ឲ្យតាមដង្ហែព្រះករុណា សូមមេត្តាប្រោសដល់វា តាមព្រះហឫទ័យរបស់ព្រះករុណាផង»។ ស្ដេចមានរាជឱង្ការថា៖ «ឲ្យគីមហាំទៅជាមួយខ្ញុំចុះ ខ្ញុំនឹងប្រព្រឹត្តចំពោះគាត់ តាមបំណងរបស់លោក។ អ្វីៗដែលលោកចង់បាន ខ្ញុំនឹងបំពេញជូនទាំងអស់»។ ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្ដេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ ព្រះបាទដាវីឌបានបន្តដំណើរទៅដល់គីលកាល់ ដោយមានលោកគីមហាំដង្ហែទៅជាមួយផង។ ជនជាតិយូដាទាំងអស់ ព្រមទាំងជនជាតិអ៊ីស្រាអែលចំនួនពាក់កណ្ដាល នាំគ្នាដង្ហែស្ដេចឆ្លងទន្លេយ័រដាន់។ អ្នកស្រុកអ៊ីស្រាអែលទាំងមូលចូលទៅគាល់ស្ដេច ហើយទូលថា៖ «ហេតុអ្វីព្រះករុណាទុកឲ្យតែបងប្អូនជនជាតិយូដាដង្ហែព្រះករុណា ដោយនាំព្រះករុណា និងរាជវង្សានុវង្ស ឆ្លងទន្លេយ័រដាន់ដូច្នេះ ដ្បិតយើងខ្ញុំក៏ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ?»។ ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រាអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងព្រះករុណាជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្ដេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្ដេចដែរ»។ ពេលនោះ ជនជាតិអ៊ីស្រាអែលតបទៅជនជាតិយូដាវិញថា៖ «យើងមានសិទ្ធិដប់ដងលើសអ្នករាល់គ្នា ក្នុងការទទួលព្រះបាទដាវីឌជាស្ដេចរបស់យើង ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើងដូច្នេះ? គឺពួកយើងទេតើដែលបានផ្ដើមគំនិតយាងស្ដេចរបស់យើងឲ្យវិលមកវិញមុនគេ!»។ ប៉ុន្តែ ជនជាតិយូដានិយាយម៉ឺងម៉ាត់ជាងជនជាតិអ៊ីស្រាអែល។
២ សាំយូអែល 19:1-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេទៅជំរាបដល់យ៉ូអាប់ថា ស្តេចទ្រង់ព្រះកន្សែងសោកទោមនស្សនឹងអាប់សាឡំម ថ្ងៃនោះឯង ការជ័យជំនះក៏ត្រឡប់ទៅជាសេចក្ដីទុក្ខសោកដល់ពួកជនទាំងឡាយវិញ ពីព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចទ្រង់សោកទោមនស្សនឹងព្រះរាជបុត្រា ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាពួកមនុស្ស ដែលលបចេញពីទីចំបាំងទៅ ដោយខ្មាស ឯស្តេច ទ្រង់បិទព្រះភ័ក្ត្រ ស្រែកឡើងជាខ្លាំងថា ឱអាប់សាឡំម កូនអញអើយ ឱអាប់សាឡំម កូនអញ ជាកូនអញអើយ គ្រានោះ យ៉ូអាប់មកឯស្តេច នៅក្នុងព្រះរាជមន្ទីរទូលថា នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាពួកអ្នកបំរើទ្រង់មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានជួយសង្គ្រោះដល់ព្រះជន្មនៃព្រះករុណា នឹងព្រះរាជបុត្រា បុត្រី ពួកភរិយា ហើយនឹងពួកអ្នកម្នាងរបស់ព្រះករុណានៅថ្ងៃនេះផង ដោយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ទ្រង់ ហើយក៏ស្អប់ដល់ពួកអ្នកដែលស្រឡាញ់ទ្រង់វិញ ដ្បិតនៅថ្ងៃនេះព្រះករុណាបានសំដែងថា ទ្រង់មិនរាប់អាន ដល់ទាំងពួកអ្នកធំតូចផង ហើយនៅថ្ងៃនេះទូលបង្គំក៏យល់ឃើញថា បើអាប់សាឡំមនៅរស់នៅឡើយ ហើយយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានជាទីពេញដល់ព្រះហឫទ័យទ្រង់ណាស់ ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានបន្ទូលឲ្យពួកអ្នកបំរើទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា បើសិនជាទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយ នៅជាមួយនឹងទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត ដូច្នេះ ស្តេចទ្រង់ក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់បណ្តាជនទាំងឡាយថា មើល ស្តេចទ្រង់កំពុងតែគង់នៅមាត់ទ្វារ នោះពួកបណ្តាជនទាំងឡាយ ក៏មកគាល់នៅចំពោះស្តេច។ រីឯពួកអ៊ីស្រាអែល គេបានរត់ទៅឯទីលំនៅរបស់គេរៀងខ្លួន ហើយបណ្តាជនទាំងឡាយក៏កើតវិវាទគ្នា នៅពេញក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ថា ស្តេចទ្រង់បានជួយឲ្យយើងរួច ពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវយើង ក៏បានជួយសង្គ្រោះឲ្យរួចពីកណ្តាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ពីមុខអាប់សាឡំម ចេញពីនគរទៅ ឯអាប់សាឡំម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ។ ចំណែកស្តេចដាវីឌ ទ្រង់ចាត់គេទៅឯសាដុក នឹងអ័បៀថើរដ៏ជាសង្ឃ ដោយបន្ទូលថា ចូរសួរដល់ពួកចាស់ទុំនៃពួកយូដាថា ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ ដ្បិតសូរសព្ទ ដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯព្រះរាជមន្ទីរហើយ អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ មួយទៀតត្រូវប្រាប់ដល់អ័ម៉ាសាថា តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬអី បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួយយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង យ៉ាងនោះទ្រង់បានបំពត់ចិត្តរបស់ពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់វិញ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា សូមព្រះករុណាទ្រង់យាងត្រឡប់មក ព្រមទាំងពួកទ្រង់ផង ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចំឡងទ្រង់ពីទន្លេយ័រដាន់មក។ រីឯស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ដែលនៅភូមិបាហ៊ូរីម ក៏ប្រញាប់ចុះមកទទួលស្តេចដាវីឌជាមួយនឹងពួកយូដាដែរ មានទាំងពួកបេនយ៉ាមីន១ពាន់នាក់ ហើយស៊ីបា ជាអ្នកបំរើរបស់ព្រះវង្សនៃសូល នឹងកូនទាំង១៥នាក់ ព្រមទាំងបាវបំរើគាត់ទាំង២០នាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច ក៏មានទូក១ឆ្លងទៅសំរាប់នឹងទទួលចំឡងពួករាជវង្សស្តេចមក ហើយនឹងធ្វើតាមព្រះទ័យទ្រង់ នៅគ្រាដែលស្តេចរៀបឆ្លងទន្លេយ័រដាន់មក នោះស៊ីម៉ាយ ជាកូនកេរ៉ា ក៏ផ្តួលខ្លួនក្រាបចុះ នៅចំពោះទ្រង់ ទូលថា បពិត្រព្រះអម្ចាស់ សូមកុំប្រកាន់ទោសទូលបង្គំឡើយ សូមកុំរឭកដល់សេចក្ដីអាក្រក់ ដែលទូលបង្គំជាបាវបំរើទ្រង់ បានប្រព្រឹត្តដោយល្មើស នៅថ្ងៃដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានយាងចេញពីក្រុងយេរូសាឡិមទៅនោះ ឬយកព្រះទ័យទុកដាក់ឲ្យសោះ ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់យល់ឃើញថា បានធ្វើអាក្រក់ហើយ ហេតុនោះបានជាទូលបង្គំមកដល់ នៅថ្ងៃនេះ មុនជាងបណ្តាវង្សានុវង្សនៃយ៉ូសែបទៅទៀត ដើម្បីនឹងចុះមកទទួលព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ តែអ័ប៊ីសាយ ជាកូនសេរូយ៉ា ចាប់ពាក្យទូលថា តើមិនត្រូវសំឡាប់ស៊ីម៉ាយ ដោយព្រោះបានជេរប្រមាថ ដល់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេឬអី ប៉ុន្តែដាវីឌមានបន្ទូលថា ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹងនឹងយើងនៅថ្ងៃនេះដូច្នេះ តើត្រូវសំឡាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬអី ដ្បិតតើយើងមិនដឹងទេឬអីថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ រួចស្តេចទ្រង់មានបន្ទូលស្បថនឹងស៊ីម៉ាយថា ឯងមិនត្រូវស្លាប់ទេ។ ចំណែកមភីបូសែត ជាព្រះវង្សសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្តេចទ្រង់ចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីនឹងគាល់ស្តេច នោះទ្រង់មានបន្ទូលសួរថា មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយនឹងយើង លោកក្រាបទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់ បានសំរេចថា នឹងចងកែបលាជិះទៅជាមួយនឹងព្រះករុណាដែរ ពីព្រោះទូលបង្គំជាមនុស្សខ្វិនជើង តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបំរើ នៅចំពោះទ្រង់វិញ ឯព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សំរេចតាមតែព្រះហឫទ័យចុះ ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ ប៉ុន្តែទ្រង់បានប្រោសដំរូវឲ្យទូលបង្គំ ជាបាវបំរើនៃទ្រង់ បាននៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះតើទូលបង្គំនៅមានច្បាប់អ្វីនឹងស្រែករកព្រះករុណាទៀត ស្តេចទ្រង់មានបន្ទូលតបថា អ្នកនៅនិយាយពីរឿងអ្នកទៀតធ្វើអី យើងសំរេចថា ចូរឲ្យអ្នកនឹងស៊ីបាបែងចែកស្រែចំការគ្នាទៅ មភីបូសែតទូលឆ្លើយថា ឲ្យគេយកទាំងអស់ទៅចុះ ពីព្រោះព្រះករុណាជាព្រះអម្ចាស់ បានវិលមកឯដំណាក់ដោយសុខសាន្តហើយ។ ឯបារស៊ីឡាយ ជាពួកកាឡាត លោកចុះពីក្រុងរ៉ូគីលីម មកឆ្លងទន្លេយ័រដាន់ ដើម្បីនឹងជូនស្តេចទៅត្រើយម្ខាងដែរ លោកជាមនុស្សមានវ័យកន្លងហើយ មានអាយុ៨០ឆ្នាំគត់ លោកបានផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច ក្នុងកាលដែលទ្រង់គង់នៅស្រុកម៉ាហាណែម ដ្បិតលោកជាអ្នកមានស្តុក ស្តេចទ្រង់មានបន្ទូលទៅលោកថា សូមអញ្ជើញទៅជាមួយនឹងខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡិមនោះ ថ្ងៃនេះ ទូលបង្គំមានអាយុ៨០ឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬអី តើទូលបង្គំ ជាបាវបំរើនៃទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេងរបស់ពួកចំរៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វីឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំទៀត ទូលបង្គំជាបាវបំរើទ្រង់ ចង់គ្រាន់តែឆ្លងជូនព្រះករុណា ទៅត្រឹមត្រើយទន្លេយ័រដាន់ម្ខាងប៉ុណ្ណោះទេ ហេតុអ្វីបានជាចង់សងទូលបង្គំ ដោយរង្វាន់ជាធំម៉្លេះធ្វើអី សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបំរើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល នេះគីមហាំ ជាអ្នកបំរើទ្រង់ សូមឲ្យវាឆ្លងទៅជាមួយនឹងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វា តាមព្រះទ័យផង ស្តេចទ្រង់មានបន្ទូលតបថា គីមហាំនឹងឆ្លងទៅជាមួយនឹងខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ ដូច្នេះ បណ្តាជនទាំងឡាយបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្តេចទ្រង់ក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ រីឯស្តេចទ្រង់យាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្តាពួកយូដា នឹងពួកអ៊ីស្រាអែល១ចំហៀង គេក៏ដង្ហែស្តេចទៅ នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះទ័យព្រះករុណា ដោយចំឡងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន នឹងបណ្តាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា គឺពីព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលត្រូវឲ្យស្តេចបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ តែពួកអ៊ីស្រាអែលគេឆ្លើយតបទៅពួកយូដាវិញថា យើងមានចំណែក១០ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើង ដោយមិនបានពិគ្រោះនឹងយើងជាមុន ពីដំណើរនាំស្តេចមក ប៉ុន្តែពាក្យសំដីរបស់ពួកយូដា បានម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែលវិញ។