២ សាំយូអែល 19:1-23

២ សាំយូអែល 19:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​គេ​ទៅ​ជម្រាប​យ៉ូអាប់​ថា៖ «ស្តេច​ព្រះ‌កន្សែង សោយ​សោក​នឹង​អាប់សា‌ឡុម»។ ថ្ងៃ​នោះ ជ័យ‌ជម្នះ​ត្រឡប់​ទៅ​ជា​ទុក្ខ​សោក​សម្រាប់​ប្រជា​ជន​ទាំង‌ឡាយ ព្រោះ​នៅ​ថ្ងៃ​នោះ គេ​ឮ​ដំណឹង​ថា ស្តេច​សោយ​សោក​នឹង​បុត្រា។ ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជាជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​មនុស្ស​ដែល​លប​ចេញ​ពី​ទី​ចម្បាំង​ទៅ ដោយ​អាម៉ាស់។ ឯ​ស្តេច​បិទ​ព្រះ‌ភក្ត្រ ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ឱ​អាប់សា‌ឡុម​បុត្រ​បិតា ឱ​អាប់សា‌ឡុម​បុត្រ​បិតា បុត្រ​បិតា​អើយ»។ ពេល​នោះ យ៉ូអាប់​មក​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ ទូល​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជាជន​ទាំង‌ឡាយ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះករុណា​មាន​សេចក្ដី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​ព្រះ‌ករុណា និង​បុត្រា បុត្រី ពួក​ភរិយា ព្រម​ទាំង​ពួក​អ្នក​ម្នាង​របស់​ព្រះ‌ករុណា​ផង ព្រោះ​ព្រះ​ករុណា​ស្រឡាញ់​ពួក​អ្នក​ដែល​ស្អប់​ព្រះករុណា ហើយ​ស្អប់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​ករុណា​ទៅ​វិញ។ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​សម្ដែង​ថា មិន​រាប់‌អាន​ដល់​ទាំង​ពួក​អ្នក​ធំ អ្នក​តូច ហើយ​នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ក៏​យល់​ឃើញ​ថា បើ​អាប់សា‌ឡុម​នៅ​រស់​នៅ​ឡើយ ហើយ​បើ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ស្លាប់​ទៅ នោះ​នឹង​បាន​ពេញ​ចិត្តព្រះករុណា​ណាស់។ ដូច្នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង យាង​ចេញ​ទៅ​មាន​រាជ‌ឱង្ការ​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ក្សាន្ត​ចិត្ត​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា "ប្រសិន‌បើ​ទ្រង់​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ​នៅ​ជា‌មួយ​ទ្រង់ នៅ​យប់​នេះ​ឡើយ យ៉ាង​នោះ​នឹង​បាន​អា‌ក្រក់​ដល់​ព្រះ‌ករុណា លើស​ជាង​អស់​ទាំង​ការ​អា‌ក្រក់​ដែល​កើត​ដល់​ទ្រង់ តាំង​ពី​កុមារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត"»។ ដូច្នេះ ស្ដេច​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​គង់​នៅ​មាត់​ទ្វារ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រកាស​ដល់​ប្រជាជន​ថា៖ «មើល៍ ស្ដេច​កំពុង​តែ​គង់​នៅ​មាត់​ទ្វារ» ដូច្នេះ ប្រជាជន​ទាំង​អស់​ក៏​មក​គាល់​ស្តេច។ ពួក​អ៊ីស្រា‌អែល​បាន​រត់​ទៅ​ទី​លំ‌នៅ​របស់​គេ​រៀង​ខ្លួន ប្រជាជន​ទាំង​អស់​ក៏​កើត​វិវាទ​គ្នា នៅ​ពេញ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​និយាយ​ថា៖ «ស្តេច​បាន​ជួយ​ឲ្យ​យើង​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ ក៏​បាន​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​ភីលី‌ស្ទីន​ដែរ ឥឡូវ​នេះ ទ្រង់​បាន​រត់​ចេញ​ពី​នគរ​ទៅ ដោយ​ព្រោះ​អាប់សាឡុម។ ឯ​អាប់សា‌ឡុម ដែល​យើង​បាន​ចាក់​ប្រេង​តាំង​ឲ្យ​សោយ‌រាជ្យ​លើ​យើង នោះ​បាន​សុគត​ក្នុង​សង្គ្រាម​ហើយ ដូច្នេះ ហេតុ​អ្វី​បាន​ជា​នៅ​ស្ងៀម មិន​ទៅ​នាំ​ស្តេច​ត្រឡប់​មក​វិញ?»។ ចំណែក​ព្រះបាទ​ដាវីឌ ទ្រង់​ចាត់​គេ​ទៅ​ឯ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ ដោយ​ពាក្យ​ថា៖ «ចូរ​សួរ​ពួក​ចាស់​ទុំ​នៃ​ពួក​យូដា​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​ក្នុង​ដំណាក់​វិញ​ដូច្នេះ? ដ្បិត​សូរ‌សព្ទ​ដែល​ពួក​អ៊ីស្រា‌អែល​កំពុង​តែ​និយាយ​គ្នា​នោះ បាន​ឮ​ទៅ​ដល់​ស្តេច​នៅ​ឯ​រាជ​ដំណាក់​ហើយ។ អ្នក​រាល់​គ្នា​ជា​ពួក​ញាតិ ហើយ​ជា​សាច់​ឈាម​នឹង​យើង​ផង ហេតុ​អ្វី​បាន​ជា​នៅ​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​ដូច្នេះ?" មួយ​ទៀត ត្រូវ​ប្រាប់​ដល់​អ័ម៉ា‌សាថា "តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ? បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង"»។ អ័ម៉ាសា​បាន​បន្ទន់​ចិត្ត​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក​វិញ ព្រម​ទាំង​អ្នក​បម្រើ​របស់​ព្រះរុណាទាំង​ប៉ុន្មាន​ផង»។ ដូច្នេះ ស្តេច​ក៏​យាង​ត្រឡប់​ទៅ​វិញ បាន​ដល់​ត្រឹម​ទន្លេ​យ័រ‌ដាន់ ឯ​ពួក​យូដា​គេ​ទៅ​ដល់​ក្រុង​គីល‌កាល ដើម្បី​នឹង​ទៅ​ទទួល​ស្តេច ហើយ​ចម្លង​ទ្រង់​ពី​ទន្លេ​យ័រ‌ដាន់​មក។ រី​ឯ​ស៊ីម៉ាយ​ជា​កូន​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដែល​នៅ​ភូមិ​បាហ៊ូ‌រីម ក៏​ប្រញាប់​ចុះ​មក​ទទួល​ព្រះបាទ​ដាវីឌ​ជា‌មួយ​ពួក​យូដា​ដែរ មាន​ទាំង​ពួក​បេនយ៉ាមីន​មួយ​ពាន់​នាក់ ហើយ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌វង្ស​នៃ​ស្ដេចសូល និង​កូន​ទាំង​ដប់ប្រាំ​នាក់ ព្រម​ទាំង​បាវ​បម្រើ​គាត់​ទាំង​ម្ភៃ​នាក់ មក​ជា‌មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច ក៏​មាន​ទូក​មួយ​ឆ្លង​ទៅ សម្រាប់​នឹង​ទទួល​ចម្លង​ពួក​រាជ‌វង្ស​ស្តេច​មក ហើយ​នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ស្ដេច។ នៅ​គ្រា​ដែល​ស្តេច​រៀប​ឆ្លង​ទន្លេ​យ័រ‌ដាន់​មក នោះ​ស៊ីម៉ាយ​ជា​កូន​កេរ៉ា ក៏​ក្រាប​ថ្វាយ​បង្គំ​ស្ដេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​កុំ​ប្រកាន់​ទោស​ទូល‌បង្គំ​ឡើយ សូម​កុំ​រឭក​ដល់​ការ​អាក្រក់​ដែល​ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស​នៅ​ថ្ងៃ​ដែល​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ។ ដ្បិត​ទូល‌បង្គំ​ជា​បាវ​បម្រើ​របស់​ព្រះ‌ករុណា​យល់​ឃើញ​ថា បាន​ធ្វើ​អា‌ក្រក់​ហើយ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​មក​ដល់​នៅ​ថ្ងៃ​នេះ មុន​ជាង​បណ្ដា​វង្សា‌នុវង្ស​នៃ​យ៉ូសែប​ទៅ​ទៀត ដើម្បី​នឹង​ចុះ​មក​ទទួល​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ»។ ប៉ុន្តែ អ័ប៊ី‌សាយ​ជា​កូន​សេរូយ៉ា​ចាប់​ពាក្យ​ទូល​ថា៖ «តើ​មិន​ត្រូវ​សម្លាប់​ស៊ីម៉ាយ ដោយ​ព្រោះ​បាន​ជេរ​ប្រមាថ​ដល់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ​ឬ»។ ប៉ុន្តែ ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ? តើ​ត្រូវ​សម្លាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​នៅ​ថ្ងៃ​នេះ​ឬ? ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​វិញ​ហើយ?» រួច​ស្ដេច​មាន​រាជ‌ឱង្ការ​ស្បថ​នឹង​ស៊ីម៉ាយ​ថា៖ «ឯង​មិន​ត្រូវ​ស្លាប់​ទេ»។

២ សាំយូអែល 19:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​គេ​មក​ជម្រាប​លោក​យ៉ូអាប់​ថា ស្ដេច​ទ្រង់​ព្រះ‌កន្សែង និង​អាឡោះ‌អាល័យ​ស្ដេច​អាប់‌សា‌ឡុម។ ជ័យ‌ជម្នះ​នៅ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ ដ្បិត​កង‌ទ័ព​ទាំង​មូល​ឮ​គេ​និយាយ​ថា ព្រះ‌រាជា​សោក​សង្រេង​អាឡោះ‌អាល័យ​បុត្រ។ នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរ‌ភូមិ​ទាំង​ក្ដី​អាម៉ាស់។ រីឯ​ស្ដេច​វិញ ស្ដេច​គ្រប​ព្រះ‌ភ័ក្ត្រ​ជិត ហើយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ!»។ ពេល​នោះ លោក​យ៉ូអាប់​ចូល​គាល់​ស្ដេច​នៅ​ក្នុង​បន្ទប់ ហើយ​ទូល​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ព្រះ‌ករុណា​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។ ព្រះ‌ករុណា​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ‌ករុណា ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌ករុណា​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បង្ហាញ​ថា ព្រះ‌ករុណា​មិន​គិត‌គូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ទូលបង្គំ​ដឹង​ថា ប្រសិន​បើ​ស្ដេច​អាប់‌សា‌ឡុម​នៅ​រស់ ហើយ​ទូលបង្គំ​ទាំង​អស់​គ្នា​ស្លាប់ ព្រះ‌ករុណា​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះ‌ករុណា​មិន​យាង​ចេញ​ទៅ​ទេ យប់​នេះ​នឹង​គ្មាន​នរណា​ម្នាក់​នៅ​បម្រើ​ព្រះ‌ករុណា​ទៀត​ឡើយ ហើយ​ព្រះ‌ករុណា​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។ ស្ដេច​ក៏​ក្រោក​ឡើង យាង​ចេញ​មក​គង់​នៅ​មាត់​ទ្វារ​ក្រុង។ គេ​ប្រកាស​ប្រាប់​ពល​ទាហាន​ទាំង​មូល​ថា ស្ដេច​គង់​នៅ​មាត់​ទ្វារ​ក្រុង។ ពល​ទាហាន​ទាំង​អស់​ក៏​នាំ​គ្នា​មក​គាល់​ស្ដេច។ ពល​ទាហាន​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព រត់​ចូល​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។ នៅ​តាម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ប្រជា‌ជន​ទាំង​មូល​ពិភាក្សា​គ្នា​ថា៖ «ព្រះ‌បាទ​ដាវីឌ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ជា​ពិសេស រំដោះ​យើង​ឲ្យ​រួច​ពី​ពួក​ភីលីស្ទីន តែ​ឥឡូវ​នេះ ព្រះ‌រាជា​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក ព្រោះ​តែ​ស្ដេច​អាប់‌សា‌ឡុម។ រីឯ​ស្ដេច​អាប់‌សា‌ឡុម​ដែល​យើង​ចាក់​ប្រេង​អភិ‌សេក​ជា​ស្ដេច​នោះ បាន​សោយ​ទិវង្គត​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់‌ចាំ​អ្វី​ទៀត ម្ដេច​មិន​ទៅ​យាង​ព្រះ‌រាជា​ឲ្យ​ត្រឡប់​មក​វិញ?»។ រីឯ​ព្រះ‌បាទ​ដាវីឌ ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្ដេច​ក៏​មិន​យាង​ស្ដេច​ចូល​ក្នុង​ដំណាក់​វិញ? ស្ដេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ហើយ។ អស់​លោក​ជា​បងប្អូន និង​ជា​សាច់‌ញាតិ​របស់​ស្ដេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​យាង​ស្ដេច​មក​វិញ​នោះ​ឡើយ។ បន្ទាប់​មក សូម​លោក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ា‌សា​ផង​ថា “លោក​ជា​សាច់‌ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​យើង​ចុះ”»។ ព្រះ‌បាទ​ដាវីឌ​ធ្វើ​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​មក​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌ករុណា​ចុះ»។ ដូច្នេះ ស្ដេច​យាង​ត្រឡប់​មក​វិញ។ ពេល​ស្ដេច​យាង​មក​ដល់​មាត់​ទន្លេ​យ័រដាន់ អ្នក​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​ទទួល​ស្ដេច​នៅ​គីល‌កាល់ ដើម្បី​ជួយ​ចម្លង​ស្ដេច​ឆ្លង​ទន្លេ​យ័រដាន់។ លោក​ស៊ី‌ម៉ាយ​ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន នៅ​បាហ៊ូ‌រីម ក៏​ប្រញាប់‌ប្រញាល់​ចុះ​មក​ជា​មួយ​ពួក​យូដា​ដែរ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌បាទ​ដាវីឌ។ លោក​នាំ​ពួក​បេន‌យ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បម្រើ​នៃ​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់‌ប្រញាល់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ទទួល​ស្ដេច ដើម្បី​ជួយ​ចម្លង​ព្រះ‌រាជ‌វង្ស​ឆ្លង​កាត់​ទន្លេ ហើយ​ចាំ​ទទួល​បញ្ជា​ពី​ស្ដេច។ ពេល​ស្ដេច​ឆ្លង​មក​ដល់​ត្រើយ​ម្ខាង ហើយ​លោក​ស៊ីម៉ាយ​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី។ គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ! សូម​មេត្តា​បំភ្លេច​កំហុស ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា នៅ​ថ្ងៃ​ស្ដេច​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម សូម​កុំ​ចង​គំនុំ​នឹង​ទូលបង្គំ​ឡើយ។ ទូលបង្គំ​សូម​សារ‌ភាព​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន ប៉ុន្តែ ថ្ងៃ​នេះ សូម​ព្រះ‌ករុណា​ទត​មើល​ចុះ ក្នុង​ចំណោម​ពូជ‌ពង្ស​លោក​យ៉ូសែប​ទាំង​មូល ទូលបង្គំ​ចុះ​មក​ទទួល​ព្រះ‌ករុណា​មុន​គេ»។ លោក​អប៊ី‌សាយ ជា​កូន​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «ស៊ីម៉ាយ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​ដាក់​បណ្ដាសា ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិ‌សេក!»។ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​បង​ថា៖ «កូន​អ្នក​ស្រី​សេរូយ៉ា​អើយ កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​ឲ្យ​សោះ! ហេតុ​អ្វី​បាន​ជា​លោក​ទាំង​ពីរ​ជំទាស់​នឹង​ខ្ញុំ​នៅ​ពេល​នេះ​ដូច្នេះ? មិន​ត្រូវ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ពិត​ជា​ស្ដេច​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ​ហើយ!»។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ស្បថ​នឹង​លោក​ស៊ីម៉ាយ​ថា៖ «អ្នក​មិន​ត្រូវ​ស្លាប់​ទេ!»។

២ សាំយូអែល 19:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​គេ​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ស្តេច​ទ្រង់​ព្រះ‌កន្សែង​សោក​ទោមនស្ស​នឹង​អាប់‌សា‌ឡំម ថ្ងៃ​នោះ​ឯង ការ​ជ័យ‌ជំនះ​ក៏​ត្រឡប់​ទៅ​ជា​សេចក្ដី​ទុក្ខ​សោក​ដល់​ពួក​ជន​ទាំង‌ឡាយ​វិញ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ គេ​ឮ​ដំណឹង​ថា ស្តេច​ទ្រង់​សោក​ទោមនស្ស​នឹង​ព្រះ‌រាជ​បុត្រា ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជា‌ជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​ពួក​មនុស្ស ដែល​លប​ចេញ​ពី​ទី​ចំបាំង​ទៅ ដោយ​ខ្មាស ឯ​ស្តេច ទ្រង់​បិទ​ព្រះ‌ភ័ក្ត្រ ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ ជា​កូន​អញ​អើយ គ្រា​នោះ យ៉ូអាប់​មក​ឯ​ស្តេច នៅ​ក្នុង​ព្រះ‌រាជ​មន្ទីរ​ទូល​ថា នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ដែល​ជា​ពួក​អ្នក​បំរើ​ទ្រង់​មាន​សេចក្ដី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​នៃព្រះ‌ករុណា នឹង​ព្រះ‌រាជ​បុត្រា បុត្រី ពួក​ភរិយា ហើយ​នឹង​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ​ផង ដោយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ហើយ​ក៏​ស្អប់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​វិញ ដ្បិត​នៅ​ថ្ងៃ​នេះព្រះ‌ករុណា​បាន​សំដែង​ថា ទ្រង់​មិន​រាប់‌អាន ដល់​ទាំង​ពួក​អ្នក​ធំ​តូច​ផង ហើយ​នៅ​ថ្ងៃ​នេះទូលបង្គំ​ក៏​យល់​ឃើញ​ថា បើ​អាប់‌សា‌ឡំម​នៅ​រស់​នៅ​ឡើយ ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ស្លាប់​ទៅ នោះ​នឹង​បាន​ជា​ទី​ពេញ​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ណាស់ ដូច្នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង យាង​ចេញ​ទៅ​មាន​បន្ទូល​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់​ក្សាន្ត​ចិត្ត​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​សិន​ជា​ទ្រង់​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​យប់​នេះ​ឡើយ យ៉ាង​នោះ​នឹង​បាន​អាក្រក់​ដល់​ព្រះ‌ករុណា លើស​ជាង​អស់​ទាំង​ការ​អាក្រក់​ដែល​កើត​ដល់​ទ្រង់ តាំង​ពី​កុមារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត ដូច្នេះ ស្តេច​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​គង់​នៅ​មាត់​ទ្វារ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រកាស​ដល់​បណ្តាជន​ទាំង‌ឡាយ​ថា មើល ស្តេច​ទ្រង់​កំពុង​តែ​គង់​នៅ​មាត់​ទ្វារ នោះ​ពួក​បណ្តាជន​ទាំង‌ឡាយ ក៏​មក​គាល់​នៅ​ចំពោះ​ស្តេច។ រីឯ​ពួក​អ៊ីស្រាអែល គេ​បាន​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​កើត​វិវាទ​គ្នា នៅ​ពេញ​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ថា ស្តេច​ទ្រង់​បាន​ជួយ​ឲ្យ​យើង​រួច ពី​កណ្តាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ​យើង ក៏​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន​ដែរ ឥឡូវ​នេះ ទ្រង់​បាន​រត់​ពី​មុខ​អាប់‌សា‌ឡំម ចេញ​ពី​នគរ​ទៅ ឯ​អាប់‌សា‌ឡំម ដែល​យើង​បាន​ចាក់​ប្រេង​តាំង​ឲ្យ​សោយ‌រាជ្យ​លើ​យើង នោះ​បាន​សុគត​ក្នុង​សង្គ្រាម​ហើយ ដូច្នេះហេតុ​អ្វី​បាន​ជា​នៅ​ស្ងៀម មិន​ទៅ​នាំ​ស្តេច​ត្រឡប់​មក​វិញ។ ចំណែក​ស្តេច​ដាវីឌ ទ្រង់​ចាត់​គេ​ទៅ​ឯ​សាដុក នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ដោយ​បន្ទូល​ថា ចូរ​សួរ​ដល់​ពួក​ចាស់‌ទុំ​នៃ​ពួក​យូដា​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​ក្នុង​ដំណាក់​វិញ​ដូច្នេះ ដ្បិត​សូរ‌សព្ទ ដែល​ពួក​អ៊ីស្រាអែល​កំពុង​តែ​និយាយ​គ្នា​នោះ បាន​ឮ​ទៅ​ដល់​ស្តេច​នៅ​ឯ​ព្រះ‌រាជ​មន្ទីរ​ហើយ អ្នក​រាល់​គ្នា​ជា​ពួក​ញាតិ ហើយ​ជា​សាច់​ឈាម​នឹង​យើង​ផង ហេតុ​អ្វី​បាន​ជា​នៅ​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​ដូច្នេះ មួយ​ទៀតត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង យ៉ាង​នោះ​ទ្រង់​បាន​បំពត់​ចិត្ត​របស់​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់​វិញ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក ព្រម​ទាំង​ពួក​ទ្រង់​ផង ដូច្នេះ ស្តេច​ក៏​យាង​ត្រឡប់​ទៅ​វិញ បាន​ដល់​ត្រឹម​ទន្លេ​យ័រដាន់ ឯ​ពួក​យូដា​គេ​ទៅ​ដល់​ក្រុង​គីល‌កាល ដើម្បី​នឹង​ទៅ​ទទួល​ស្តេច ហើយ​ចំឡង​ទ្រង់​ពី​ទន្លេ​យ័រដាន់​មក។ រីឯ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ដែល​នៅ​ភូមិ​បាហ៊ូរីម ក៏​ប្រញាប់​ចុះ​មក​ទទួល​ស្តេច​ដាវីឌ​ជា​មួយ​នឹង​ពួក​យូដា​ដែរ មាន​ទាំង​ពួក​បេន‌យ៉ាមីន​១​ពាន់​នាក់ ហើយ​ស៊ីបា ជា​អ្នក​បំរើ​របស់​ព្រះ‌វង្ស​នៃ​សូល នឹង​កូន​ទាំង​១៥​នាក់ ព្រម​ទាំង​បាវ​បំរើ​គាត់​ទាំង​២០​នាក់ មក​ជា​មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច ក៏​មាន​ទូក​១​ឆ្លង​ទៅ​សំរាប់​នឹង​ទទួល​ចំឡងពួក​រាជ‌វង្ស​ស្តេច​មក ហើយ​នឹង​ធ្វើ​តាម​ព្រះ‌ទ័យ​ទ្រង់ នៅ​គ្រា​ដែល​ស្តេច​រៀប​ឆ្លង​ទន្លេ​យ័រដាន់​មក នោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ទ្រង់ ទូល​ថា បពិត្រ​ព្រះ‌អម្ចាស់ សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ​ឡើយ សូម​កុំ​រឭក​ដល់​សេចក្ដី​អាក្រក់ ដែល​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រព្រឹត្ត​ដោយ​ល្មើស នៅ​ថ្ងៃ​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ ដ្បិត​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់​យល់​ឃើញ​ថា បាន​ធ្វើ​អាក្រក់​ហើយ ហេតុ​នោះ​បាន​ជា​ទូលបង្គំ​មក​ដល់ នៅ​ថ្ងៃ​នេះ មុន​ជាង​បណ្តា​វង្សា‌នុវង្ស​នៃ​យ៉ូសែប​ទៅ​ទៀត ដើម្បី​នឹង​ចុះ​មក​ទទួល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា ចាប់​ពាក្យ​ទូល​ថា តើ​មិន​ត្រូវ​សំឡាប់​ស៊ីម៉ាយ ដោយ​ព្រោះ​បាន​ជេរ​ប្រមាថ ដល់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ​ឬ​អី ប៉ុន្តែដាវីឌ​មាន​បន្ទូល​ថា ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ តើ​ត្រូវ​សំឡាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រាអែល​នៅ​ថ្ងៃ​នេះ​ឬ​អី ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​វិញ​ហើយ រួច​ស្តេច​ទ្រង់​មាន​បន្ទូល​ស្បថ​នឹង​ស៊ីម៉ាយ​ថា ឯង​មិន​ត្រូវ​ស្លាប់​ទេ។