២ សាំយូអែល 18:1-33
២ សាំយូអែល 18:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះបាទដាវីឌបានត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយទ្រង់ ក៏តាំងឲ្យមានមេលើមួយពាន់នាក់ ហើយមេលើមួយរយនាក់។ ព្រះបាទដាវីឌបានចែកពលទ័ពជាបីកង មួយកងនៅក្រោមអំណាចយ៉ូអាប់ មួយទៀតនៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថ ស្ដេចមានរាជឱង្ការទៅគេថា៖ «យើងក៏នឹងចេញទៅជាមួយអ្នករាល់គ្នាដែរ»។ ប៉ុន្តែ ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅឡើយ ដ្បិតប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គេមិនរវល់នឹងយើងខ្ញុំទេ។ ប្រសិនបើយើងខ្ញុំស្លាប់អស់ពាក់កណ្ដាល គេក៏មិនរវល់នឹងយើងខ្ញុំដែរ។ រីឯព្រះករុណាវិញ មានតម្លៃស្មើនឹងយើងខ្ញុំមួយម៉ឺននាក់ឯណោះ។ ដូច្នេះ គួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។ នោះស្តេចមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមដែលអ្នករាល់គ្នាគិតឃើញថាត្រូវ»។ ដូច្នេះ ស្ដេចក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្ដាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់ ស្ដេចក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ និងអ៊ីតតាយថា៖ «ចូរមេត្តាដល់អាប់សាឡុមជាកូនប្រុសយើងផង ដោយយល់ដល់យើង»។ បណ្ដាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំពីដំណើរអាប់សាឡុម ដល់ពួកមេទាំងប៉ុន្មានដែរ។ ដូច្នេះ ពួកបណ្ដាទ័ពក៏ចេញទៅទាស់នឹងពួកអ៊ីស្រាអែល ហើយតយុទ្ធគ្នានៅក្នុងព្រៃអេប្រាអិម បណ្ដាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួនពីរម៉ឺននាក់។ ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។ អាប់សាឡុមបានប្រទះនឹងពួកពលទ័ពខាងព្រះបាទដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ធំមួយដែលមានមែកសាខា នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតជើងពីដី ឯលាកាត់ដែលស្ដេចគង់ក៏ដើរបង្ហួសទៅ។ ខណៈនោះ មានមនុស្សម្នាក់បានឃើញ ក៏ទៅជម្រាបដល់យ៉ូអាប់ថា៖ «ន៏ ខ្ញុំបានឃើញអាប់សាឡុមព្យួរនៅលើដើមម៉ៃសាក់មួយ»។ ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា៖ «បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសម្លាប់នៅទីនោះភ្លាមទៅ យើងនឹងបានឲ្យប្រាក់ដប់ដួង និងខ្សែក្រវាត់មួយដល់ឯង»។ ប៉ុន្តែ អ្នកនោះឆ្លើយតបថា៖ «បើទុកជាបានប្រាក់មួយពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក និងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត្ន កុំឲ្យអ្នកណាពាល់អាប់សាឡុម ជាកូនមានវ័យក្មេងនោះឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើខ្ញុំបានប្រព្រឹត្តក្បត់ចំពោះព្រះជន្មព្រះរាជបុត្រ (នោះគ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ) សូម្បីតែលោកក៏ទាស់នឹងខ្ញុំដែរ»។ យ៉ូអាប់ឆ្លើយថា៖ «មិនគួរឲ្យអ្នកនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ» រួចលោកចាប់យកដែកពួយបីកាន់នៅដៃ ទៅពួយទម្លុះត្រង់បេះដូងអាប់សាឡុម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ។ យុវជនដប់នាក់ដែលកាន់អាវុធរបស់លោកយ៉ូអាប់ ក៏ចោមរោមវាយសម្លាប់អាប់សាឡុមទៅ។ រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ។ គេយកសពរបស់អាប់សាឡុមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្ដាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ។ នៅគ្រាដែលអាប់សាឡុមគង់ព្រះជន្មនៅឡើយ ទ្រង់ធ្វើបង្គោលថ្មមួយ ទុកនៅច្រកភ្នំនៃហ្លួងសម្រាប់ជាទីរំឭក ដោយនឹកថា៖ «យើងគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះយើងទេ»។ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡុម» ដរាបដល់សព្វថ្ងៃនេះ។ គ្រានោះ អ័ហ៊ីម៉ាសកូនសាដុក មានវាចាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេចពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ»។ ប៉ុន្តែ យ៉ូអាប់ឆ្លើយថា៖ «ថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅឡើយ ព្រោះរាជបុត្ររបស់ស្តេចសុគតហើយ»។ រួចយ៉ូអាប់ក៏ប្រាប់គូស៊ីថា៖ «ចូរទៅទូលស្តេចពីការដែលអ្នកបានឃើញចុះ»។ គូស៊ីក៏ក្រាបសំពះយ៉ូអាប់ ហើយរត់ចេញទៅ។ នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា៖ «ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង» យ៉ូអាប់តបថា៖ «កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ» តែគាត់ថា៖ «ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ»។ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា៖ «ចូររត់ទៅចុះ»។ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។ ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំងពីរ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក។ អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានរាជឱង្ការថា៖ «បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ»។ អ្នកនោះមកកាន់តែជិតដល់ រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា៖ «មើលន៏ មានម្នាក់ទៀតរត់មកដែរ»។ ស្ដេចមានរាជឱង្ការថា៖ «នោះក៏នាំដំណឹងមកដែរ»។ អ្នកចាំយាមទូលថា៖ «ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក» ស្តេចមានរាជឱង្ការតបថា៖ «អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក»។ គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា៖ «មានសុខហើយ»។ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេចទូលថា៖ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយព្រះអង្គបានប្រគល់ពួកអ្នកដែលលើកដៃទាស់នឹងព្រះករុណាជាអម្ចាស់នៃទូលបង្គំ មកហើយ»។ ស្ដេចមានរាជឱង្ការសួរថា៖ «តើអាប់សាឡុមជាកូនប្រុសយើងសុខសប្បាយឬទេ?»។ អ័ហ៊ីម៉ាសទូលឆ្លើយថា៖ «កាលយ៉ូអាប់បានចាត់ទូលបង្គំ ជាអ្នកបម្រើព្រះករុណា មក នោះទូលបង្គំឃើញថា មានជ្រួលជ្រើមជាខ្លាំង តែមិនដឹងជាមានហេតុអ្វីទេ»។ ដូច្នេះ ស្តេចប្រាប់ថា៖ «ចូរឯងបែរទៅ ឈរខាងនោះសិន»។ គាត់ក៏បែរទៅ ឈរស្ងៀមនៅទីនោះ។ លំដាប់នោះ គូស៊ីក៏មកដល់ទូលថា៖ «ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណាជាអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃទាស់នឹងព្រះករុណាហើយ»។ ស្តេចមានរាជឱង្ការសួរគូស៊ីថា៖ «តើអាប់សាឡុមកូនប្រុសយើងសុខសប្បាយឬទេ?»។ គូស៊ីទូលឆ្លើយថា៖ «សូមឲ្យពួកខ្មាំងសត្រូវនៃព្រះករុណាជាអម្ចាស់នៃទូលបង្គំ និងអស់អ្នកដែលលើកគ្នាក្បត់ចំពោះទ្រង់ បានដូចជាបុត្រាទ្រង់ចុះ»។ នោះស្ដេចមានសេចក្ដីរំជួលក្នុងព្រះហឫទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានរាជឱង្ការដូច្នេះថា៖ «ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ! ឱអាប់សាឡុមបុត្របិតាអើយ ស៊ូឲ្យយើងបានស្លាប់ជំនួសឯង ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ!»។
២ សាំយូអែល 18:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌយាងត្រួតពិនិត្យកងទ័ពដែលមកជាមួយ ហើយតែងតាំងមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឲ្យត្រួតលើពួកគេ។ ស្ដេចចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។ ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្ដាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯព្រះករុណាមានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះគួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ ស្ដេចគង់នៅត្រង់មាត់ទ្វារក្រុង ហើយពលទ័ពក៏ចេញទៅ តាមកង តាមក្រុមរបស់ខ្លួន។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាបុត្ររបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្ដែផ្ដាំមេទ័ពទាំងអស់ ស្ដីអំពីស្ដេចអាប់សាឡុម។ ពលទ័ពរបស់ព្រះបាទដាវីឌចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែល ហើយការប្រយុទ្ធផ្ទុះឡើងរវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម កងទ័ពអ៊ីស្រាអែលចាញ់កងទ័ពរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។ ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។ ពេលកំពុងជិះលា ស្ដេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែព្រះកេសារបស់ស្ដេចអាប់សាឡុមទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្ដេចអាប់សាឡុមនៅព្យួរផុតជើងពីដី។ ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជម្រាបលោកយ៉ូអាប់ថា៖ «ខ្ញុំប្របាទឃើញស្ដេចអាប់សាឡុមនៅព្យួរជាប់នឹងមែកឈើ»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារឲ្យស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងឲ្យប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។ ទាហាននោះតបទៅលោកយ៉ូអាប់ថា៖ «ទោះបីលោកឲ្យប្រាក់ខ្ញុំប្របាទមួយពាន់ស្លឹងក្ដី ក៏ខ្ញុំប្របាទមិនធ្វើឃាតបុត្ររបស់ស្ដេចដែរ ព្រោះយើងទាំងអស់គ្នាបានឮស្ដេចមានរាជឱង្ការផ្ដែផ្ដាំលោក ព្រមទាំងលោកអប៊ីសាយ និងលោកអ៊ីតតាយថា “សូមប្រណីដល់អាប់សាឡុមផង!”។ ប្រសិនបើខ្ញុំប្របាទធ្វើគុតបុត្ររបស់ស្ដេច នោះខ្ញុំប្របាទពុំអាចលាក់រឿងនេះមិនឲ្យស្ដេចជ្រាបបានទេ ហើយលោកផ្ទាល់ក៏មិនការពារខ្ញុំប្របាទដែរ»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ លោកចាប់យកជន្លួញបីដើមមកចាក់ទម្លុះត្រង់បេះដូងស្ដេចអាប់សាឡុមដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។ ពលទាហានកំលោះៗចំនួនដប់នាក់ ដែលកាន់អាវុធរបស់លោកយ៉ូអាប់ នាំគ្នាឡោមព័ទ្ធស្ដេចអាប់សាឡុម ហើយវាយប្រហារឲ្យសុគតទៅ។ បន្ទាប់មក លោកយ៉ូអាប់បញ្ជាឲ្យគេផ្លុំត្រែបញ្ឈប់ការប្រយុទ្ធ។ ដូច្នេះ ពលទាហានរបស់ព្រះបាទដាវីឌក៏ឈប់ដេញតាមកងទ័ពអ៊ីស្រាអែល។ គេយកសពស្ដេចអាប់សាឡុមទៅបោះចោលក្នុងរណ្ដៅមួយដ៏ធំ នៅកណ្ដាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រាអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។ កាលមានព្រះជន្មនៅឡើយ ស្ដេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្ដេច ដ្បិតស្តេចគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្ដេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម»រហូតដល់សព្វថ្ងៃ។ លោកអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកឲ្យខ្ញុំរត់ទៅទូលព្រះករុណាអំពីដំណឹងល្អថា ព្រះអម្ចាស់បានរកយុត្តិធម៌ឲ្យព្រះករុណា ដោយរំដោះព្រះករុណាពីកណ្ដាប់ដៃរបស់សត្រូវ»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ទេ! ចាំថ្ងៃក្រោយ សឹមលោកនាំដំណឹងទៅ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្ដេចសោយទិវង្គត»។ លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅទូលព្រះបាទដាវីឌតាមហេតុការណ៍ដែលអ្នកបានឃើញចុះ!»។ ជនជាតិអេត្យូពីនោះ ក្រាបសំពះលាលោកយ៉ូអាប់ ហើយរត់ចេញទៅ។ ពេលនោះ លោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក ទទូចសុំលោកយ៉ូអាប់ម្ដងទៀតថា៖ «ទោះបីមានរឿងអ្វីក៏ដោយ ទុកឲ្យខ្ញុំរត់ទៅតាមជនជាតិអេត្យូពីនេះផង»។ លោកយ៉ូអាប់សួរថា៖ «កូនអើយ ហេតុអ្វីបានជាអ្នកចង់រត់ទៅដូច្នេះ? ដំណឹងនេះមិនផ្ដល់រង្វាន់អ្វីដល់អ្នកទេ!»។ លោកអហ៊ីម៉ាស់តបថា៖ «ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងរត់ទៅ!»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «រត់ទៅចុះ!»។ លោកអហ៊ីម៉ាស់រត់ចេញទៅតាមផ្លូវវាលទំនាបទន្លេយ័រដាន់ ហើយរត់ទៅមុនជនជាតិអេត្យូពី។ ពេលនោះ ព្រះបាទដាវីឌគង់នៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងនៃកំពែងក្រុង។ អ្នកយាមម្នាក់ឡើងទៅលើកំពែងក្រុង ហើយសម្លឹងមើលទៅឃើញមនុស្សម្នាក់កំពុងរត់តម្រង់មក។ គេស្រែកទូលស្ដេច ហើយស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ អ្នកនោះរត់ចូលមកកាន់តែជិត។ អ្នកយាមក្រឡេកទៅឃើញមនុស្សម្នាក់ទៀតរត់តម្រង់មក គេក៏ស្រែកប្រាប់អ្នកយាមទ្វារថា៖ «មានម្នាក់ទៀតរត់តម្រង់មកដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកនោះក៏នាំដំណឹងល្អមកដែរ»។ អ្នកយាមទូលថា៖ «តាមមើលរបៀបរត់នេះ ទូលបង្គំស្គាល់ច្បាស់ថាអ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក»។ ស្ដេចមានរាជឱង្ការថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។ ពេលមកដល់ លោកអហ៊ីម៉ាស់ទូលថា៖ «សូមក្រាបថ្វាយបង្គំព្រះករុណា!»។ គាត់ក្រាបថ្វាយបង្គំស្ដេចដល់ដី ហើយទូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រគល់ពួកបះបោរមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា!»។ ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាសទូលថា៖ «ពេលលោកយ៉ូអាប់ចាត់ទូលបង្គំ និងអ្នកបម្រើម្នាក់ទៀតមកនោះ ទូលបង្គំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ទូលបង្គំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរថយទៅឈរនៅជិតនោះចុះ»។ លោកអហ៊ីម៉ាស់ក៏ដកខ្លួន ហើយឈរចាំ។ រំពេចនោះ ជនជាតិអេត្យូពីមកដល់ ទូលស្ដេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់បានរកយុត្តិធម៌ថ្វាយព្រះករុណាហើយ ព្រះអង្គបានរំដោះព្រះករុណា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។ ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពី ទូលថា៖ «បពិត្រព្រះករុណា! សូមឲ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណា ត្រូវវិនាសដូចយុវជននោះចុះ!»។ ពេលនោះ ព្រះបាទដាវីឌក្ដុកក្ដួលក្នុងព្រះហឫទ័យយ៉ាងខ្លាំង ស្ដេចយាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្ដេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ! អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។
២ សាំយូអែល 18:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ដាវីឌទ្រង់ត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយនឹងទ្រង់ ក៏តាំងឲ្យមានមេលើ១ពាន់នាក់ ហើយមេលើ១រយនាក់ រួចទ្រង់ចែកគេជា៣កង ចាត់ឲ្យចេញទៅ ១កងនៅក្រោមអំណាចយ៉ូអាប់ មួយទៀត នៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថស្តេចទ្រង់មានបន្ទូលទៅគេថា យើងនឹងចេញទៅជាមួយនឹងឯងរាល់គ្នាដែរ តែបណ្តាទ័ពទូលឆ្លើយថា មិនត្រូវឲ្យទ្រង់យាងទៅឡើយ ដ្បិតបើយើងខ្ញុំរាល់គ្នារត់ទៅ នោះគេមិនសូវរវល់នឹងយើងខ្ញុំប៉ុន្មានទេ បើកាលណាពួកយើងខ្ញុំស្លាប់អស់ពាក់កណ្តាល ក៏គេឥតរវល់ដែរ តែឯទ្រង់វិញ នោះមានដំឡៃស្មើនឹងពួកយើងខ្ញុំ១ម៉ឺននាក់ ដូច្នេះស៊ូឲ្យទ្រង់ប្រុងប្រៀប នឹងជួយយើងខ្ញុំរាល់គ្នា ពីទីក្រុងនេះវិញជាជាង នោះស្តេចទ្រង់មានបន្ទូលថា យើងនឹងធ្វើតាមដែលឯងរាល់គ្នាគិតឃើញថាត្រូវ ដូច្នេះស្តេចទ្រង់ក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្តាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់ ស្តេចទ្រង់ក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ នឹងអ៊ីតតាយថា ចូរមេត្តាដល់អាប់សាឡំម ជាកូនប្រុសយើងផង ដោយយល់ដល់យើង បណ្តាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំ ពីដំណើរអាប់សាឡំម ដល់ពួកមេទាំងប៉ុន្មានដែរ។ ដូច្នេះពួកបណ្តាទ័ព ក៏ចេញទៅទាស់នឹងពួកអ៊ីស្រាអែល ហើយតយុទ្ធគ្នានៅក្នុងព្រៃអេប្រាអិម បណ្តាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួន២ម៉ឺននាក់ ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្តាមនុស្សវិនាសទៅ ច្រើនជាងវិនាស ដោយមុខដាវទៅទៀត។ រីឯអាប់សាឡំម ទ្រង់ប្រទះនឹងពួកពលទ័ពខាងដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ដែលសាងញ៉ាង នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតពីដីឡើង ឯលាកាត់ដែលទ្រង់គង់ក៏ដើរបង្ហួសទៅ ខណនោះ មានមនុស្សម្នាក់បានឃើញ ក៏ទៅជំរាបដល់យ៉ូអាប់ថា ន៏ ខ្ញុំបានឃើញអាប់សាឡំម ព្យួរនៅលើដើមម៉ៃសាក់មួយ ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសំឡាប់នៅទីនោះភ្លាមទៅ នោះអញនឹងបានឲ្យប្រាក់១០ដួង នឹងខ្សែក្រវាត់១ដល់ឯង តែអ្នកនោះឆ្លើយតបថា បើទុកជាបានប្រាក់១ពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក នឹងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត កុំឲ្យអ្នកណាពាល់អាប់សាឡំម ជាកូនមានវ័យក្មេងនោះឡើយ បើសិនជាខ្ញុំបានក្បត់ចំពោះព្រះជន្មព្រះរាជបុត្រនោះវិញ គ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ សូម្បីតែលោកក៏នឹងលើក ទាស់នឹងខ្ញុំដែរ យ៉ូអាប់ឆ្លើយថា មិនគួរឲ្យអញនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ រួចលោកចាប់យកដែកពួយ៣ កាន់នៅដៃទៅពួយទំលុះត្រង់បេះដូងអាប់សាឡំម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ ឯមនុស្សកំឡោះ១០នាក់ ដែលកាន់គ្រឿងរបស់យ៉ូអាប់ ក៏ចោមរោមវាយសំឡាប់អាប់សាឡំមទៅ។ រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ គេយកសពរបស់អាប់សាឡំមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្តាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ រីឯនៅគ្រាដែលអាប់សាឡំមគង់ព្រះជន្មនៅឡើយ នោះទ្រង់ធ្វើបង្គោលថ្ម១ ទុកនៅច្រកភ្នំនៃហ្លួងសំរាប់ជាទីរំឭក ដោយនឹកថា អញគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះអញទេ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡំម» ដរាបដល់សព្វថ្ងៃនេះ។ គ្រានោះអ័ហ៊ីម៉ាស កូនសាដុក មានវាចាថា សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេច ពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ តែយ៉ូអាប់ឆ្លើយថា ថ្ងៃនេះឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះឯងមិនត្រូវនាំយកដំណឹងទៅឡើយ ពីព្រោះព្រះរាជបុត្រនៃស្តេចសុគតហើយ រួចមកយ៉ូអាប់ប្រាប់ទៅគូស៊ីថា ចូរឯងទៅទូលស្តេចពីការដែលឯងបានឃើញចុះ គូស៊ីក៏ក្រាបសំពះយ៉ូអាប់ ហើយរត់ទៅ នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង យ៉ូអាប់តបថា កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ តែគាត់ថា ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ ដូច្នេះយ៉ូអាប់ក៏បណ្តោយថា ចូររត់ទៅចុះ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។ ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំង២ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានបន្ទូលថា បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ អ្នកនោះមកកាន់តែជិតដល់ រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា មើលន៏ មានម្នាក់ទៀតរត់មកដែរ ស្តេចទ្រង់មានបន្ទូលថា នោះក៏នាំដំណឹងមកដែរ អ្នកចាំយាមទូលថា ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក ស្តេចមានបន្ទូលតបថា អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក។ គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា មានសុខហើយ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេច ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយទ្រង់បានប្រគល់ពួកអ្នកដែលលើកដៃទាស់នឹងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ មកហើយ ស្តេចទ្រង់មានបន្ទូលសួរថា តើអាប់សាឡំម ជាកូនប្រុសយើង សុខសប្បាយទេឬ អ័ហ៊ីម៉ាសទូលឆ្លើយថា កាលយ៉ូអាប់បានចាត់ទូលបង្គំ ជាអ្នកបំរើនៃព្រះករុណាមក នោះទូលបង្គំឃើញថា មានជ្រួលជ្រើមជាខ្លាំង តែមិនដឹងជាមានហេតុអ្វីទេ ដូច្នេះ ស្តេចប្រាប់ថា ចូរឯងបែរទៅ ឈរខាងនោះសិន គាត់ក៏បែរទៅ ឈរស្ងៀមនៅទីនោះ។ លំដាប់នោះ គូស៊ីក៏មកដល់ទូលថា ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃ ទាស់នឹងព្រះករុណាហើយ ស្តេចទ្រង់មានបន្ទូលសួរគូស៊ីថា តើអាប់សាឡំមកូនប្រុសយើងសុខសប្បាយទេឬ គូស៊ីទូលឆ្លើយថា សូមឲ្យពួកខ្មាំងសត្រូវនៃព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ នឹងអស់អ្នកដែលលើកគ្នាក្បត់ចំពោះទ្រង់ បានដូចជាបុត្រាទ្រង់ចុះ នោះស្តេចទ្រង់មានសេចក្ដីរំជួលក្នុងព្រះទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែងកំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានបន្ទូលដូច្នេះថា ឱអាប់សាឡំម កូនអញ កូនអញអើយ ឱអាប់សាឡំម កូនអញអើយ ស៊ូឲ្យអញបានស្លាប់ជំនួសឯង ឱអាប់សាឡំម កូនអញ កូនអញអើយ។