២ សាំយូអែល 17:6-23
២ សាំយូអែល 17:6-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលហ៊ូសាយបានមកដល់អាប់សាឡុមហើយ ស្ដេចមានរាជឱង្ការថា៖ «អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមអី? បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ»។ ដូច្នេះ ហ៊ូសាយក៏ទូលឆ្លើយថា៖ «សេចក្ដីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ ដ្បិតទ្រង់ជ្រាបថា បិតា និងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀត បិតាទ្រង់ជាមនុស្សថ្នឹកចម្បាំងផង ទ្រង់មិនផ្ទំនៅជាមួយពួកពលទេ។ ពេលថ្មើរនេះ មុខជាទ្រង់ពួននៅក្នុងរណ្តៅណាមួយ ឬនៅកន្លែងណាទៀតមិនខាន ដូច្នេះ កាលណាចាប់ផ្ដើមច្បាំងគ្នា ហើយមានពួកយើងខ្លះដួលស្លាប់ នោះអ្នកណាដែលឮ គេនឹងផ្សាយប្រាប់ថា មានពួកខាងអាប់សាឡុមស្លាប់សន្ធឹកហើយ យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា បិតាទ្រង់ និងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់ ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយអង្គទ្រង់វិញ។ យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់បិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនឹងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងបិតា និងពួកដែលនៅជាមួយផង។ ឬបើបានចូលទៅជ្រកក្នុងទីក្រុងណា នោះពួកអ៊ីស្រាអែលទាំងអស់នឹងយកពួរទៅទាញអូសទីក្រុងនោះទម្លាក់ចុះក្នុងទន្លេ ដរាបដល់រកថ្មមួយយ៉ាងតូច នៅទីនោះមិនឃើញផង»។ នោះអាប់សាឡុម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា៖ «គំនិតរបស់ហ៊ូសាយជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល» (ព្រះយេហូវ៉ាបានតម្រូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំការអាក្រក់មកលើអាប់សាឡុមវិញ)។ គ្រានោះ ហ៊ូសាយរៀបរាប់ប្រាប់សង្ឃសាដុក និងសង្ឃអ័បៀថើរថា៖ «អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡុម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះមួយៗ តែខ្ញុំបានទូលយ៉ាងនេះវិញ។ ដូច្នេះ សូមចាត់គេជាប្រញាប់ ឲ្យទៅទូលដល់ព្រះករុណាថា "នៅយប់នេះ សូមទ្រង់កុំផ្ទំនៅទីរហោស្ថានឡើយ សូមយាងឆ្លងទៅខាងមុខទៀតទៅ ក្រែងព្រះករុណា និងពួកអ្នកដែលនៅជាមួយ ត្រូវវិនាសបាត់"»។ រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូលក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ព្រះបាទដាវីឌ។ ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡុម តែអ្នកទាំងពីរនាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំងពីរក៏ចុះទៅពួនក្នុងអណ្តូងនោះ។ ឯស្ត្រីជាម្ចាស់ផ្ទះ ក៏យកសំពត់គ្របមាត់អណ្តូង ហើយរាយហាលអង្ករពីលើ ឥតមានអ្នកណាសង្ស័យឡើយ។ ចំណែកពួកអ្នកដែលអាប់សាឡុមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា៖ «តើអ័ហ៊ីម៉ាស និងយ៉ូណាថាននៅឯណា?» តែស្រីនោះឆ្លើយថា៖ «គេបានឆ្លងស្ទឹងទៅបាត់ហើយ»។ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នាត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។ ពេលគេចេញទៅបាត់ហើយ នោះអ្នកទាំងពីរក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ព្រះបាទដាវីឌ ដោយពាក្យថា៖ «សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ»។ ដូច្នេះ ដាវីឌ និងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ លុះថ្ងៃភឺ្លឡើង គ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ផុតឥតសល់ម្នាក់ឡើយ។ ពេលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
២ សាំយូអែល 17:6-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកហ៊ូសាយមកដល់ ស្ដេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីថូផែល រួចស្ដេចសួរលោកថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើលោកមានយោបល់ផ្សេង សូមមានប្រសាសន៍មក!»។ លោកហ៊ូសាយទូលស្ដេចអាប់សាឡុមថា៖ «លើកនេះ យោបល់របស់លោកអហ៊ីថូផែលមិនល្អទេ។ ព្រះករុណាជ្រាបច្បាស់ហើយថា បិតារបស់ព្រះករុណា និងបរិវារ សុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្ដៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត បិតារបស់ព្រះករុណាជាអ្នកចម្បាំង ពេលយប់ ទ្រង់មិនផ្ទំជាមួយពលទាហានទេ។ ទ្រង់ពិតជាលាក់ខ្លួននៅក្នុងរូងថ្ម ឬកន្លែងណាផ្សេងមិនខានឡើយ។ ប្រសិនបើមានទាហានស្លាប់នៅក្នុងជួរយើង ចាប់តាំងពីពេលផ្ដើមប្រយុទ្ធ នោះនឹងមានលេចឮដំណឹងថា ទ័ពរបស់ព្រះបាទអាប់សាឡុមទទួលបរាជ័យហើយ។ ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងថា បិតារបស់ព្រះករុណាជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។ រីឯទូលបង្គំវិញ ទូលបង្គំសូមថ្វាយយោបល់ដូចតទៅ: សូមព្រះករុណាប្រមូលទាហានអ៊ីស្រាអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា ឲ្យបានចំនួនច្រើនដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ បន្ទាប់មក សូមព្រះករុណាផ្ទាល់នាំមុខគេចេញទៅច្បាំង។ យើងនឹងទៅទាន់ស្ដេចដាវីឌ នៅកន្លែងដែលទ្រង់ស្នាក់អាស្រ័យ យើងនឹងសង្គ្រុបលើពួកគេ ដោយមិនឲ្យគេដឹងខ្លួន គឺយើងនឹងប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រត់រួចឡើយ។ ប្រសិនបើពួកគេរត់ទៅជ្រកនៅក្រុងណាមួយ ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងនាំគ្នាចងខ្សែពួរទាញក្រុងនោះទម្លាក់ទៅក្នុងជ្រោះ ឥតមាននៅសល់ដុំថ្មណាមួយទៀតឡើយ»។ ស្ដេចអាប់សាឡុម និងជនជាតិអ៊ីស្រាអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ ព្រះអម្ចាស់បានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្ដេចអាប់សាឡុមវិនាស។ លោកហ៊ូសាយរៀបរាប់ជូនលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើ អំពីយោបល់ដែលលោកអហ៊ីថូផែលបានទូលស្ដេចអាប់សាឡុម និងជម្រាបពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល។ លោកក៏បានរៀបរាប់អំពីយោបល់របស់លោកផ្ទាល់ដែរ។ លោកបន្ថែមទៀតថា៖ «ឥឡូវនេះ ចូរប្រញាប់ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា យប់នេះ កុំឈប់នៅវាលរហោស្ថានជិតទន្លេយ័រដាន់ឡើយ គឺត្រូវឆ្លងទៅត្រើយម្ខាង ដើម្បីកុំឲ្យព្រះរាជា និងបណ្ដាជនទាំងអស់ដែលនៅជាមួយត្រូវវិនាស»។ លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។ ប៉ុន្តែ មានយុវជនម្នាក់បានឃើញលោកទាំងពីរ ក៏នាំដំណឹងទៅទូលស្ដេចអាប់សាឡុម។ លោកទាំងពីរប្រញាប់ប្រញាល់ចេញទៅ ហើយទៅដល់ផ្ទះអ្នកស្រុកម្នាក់ នៅភូមិបាហ៊ូរីម។ ក្នុងបរិវេណផ្ទះនោះមានអណ្ដូងមួយ ដែលលោកទាំងពីរចុះទៅពួន។ ស្ត្រីជាមេផ្ទះយកកន្ទេលមកក្រាលលើគម្របអណ្ដូង ហើយយកស្រូវមកចាក់រាយពីលើ ដើម្បីកុំឲ្យគេចាប់អារម្មណ៍។ ពួកអ្នកដែលស្ដេចអាប់សាឡុមចាត់ឲ្យដេញតាម បានមកដល់ផ្ទះស្ត្រីនោះ ហើយសួរថា៖ «តើលោកអហ៊ីម៉ាស់ និងលោកយ៉ូណាថាននៅឯណា?»។ គាត់ឆ្លើយថា៖ «ពួកលោកឆ្លងផុតទៅហើយ»។ ពួកគេរុករក តែពុំបានប្រទះឃើញលោកទាំងពីរទេ ដូច្នេះ ពួកគេត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្ដូង ហើយនាំគ្នាទៅទូលព្រះបាទដាវីឌអំពីយោបល់របស់លោកអហ៊ីថូផែល ហើយពោលថា៖ «សូមព្រះករុណាឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។ ព្រះបាទដាវីឌ និងបណ្ដាជនទាំងអស់ដែលនៅជាមួយ នាំគ្នាឆ្លងទន្លេយ័រដាន់។ លុះព្រលឹមស្រាងៗ ពួកគេឆ្លងទន្លេយ័រដាន់ទាំងអស់គ្នាគ្មានសល់នរណាម្នាក់ឡើយ។ ចំណែកឯលោកអហ៊ីថូផែលវិញ ដោយឃើញថា គេមិនធ្វើតាមយោបល់របស់គាត់ គាត់ក៏ចងកែបលា ហើយឡើងជិះត្រឡប់ទៅស្រុកភូមិរបស់គាត់។ គាត់ផ្ដែផ្ដាំគ្រួសារ ហើយចងកសម្លាប់ខ្លួនទៅ។ គេបានបញ្ចុះសពគាត់ក្នុងផ្នូរឪពុករបស់គាត់។
២ សាំយូអែល 17:6-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលហ៊ូសាយបានមកដល់អាប់សាឡំមហើយ នោះទ្រង់មានបន្ទូលថា អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមឬអី បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ ដូច្នេះហ៊ូសាយក៏ទូលឆ្លើយថា សេចក្ដីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ ដ្បិតទ្រង់ជ្រាបថា ព្រះបិតា នឹងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀតព្រះបិតាទ្រង់ជាមនុស្សថ្នឹកចំបាំងផង ទ្រង់មិនផ្ទំនៅជាមួយនឹងពួកពលទេ ពេលថ្មើរនេះ មុខជាទ្រង់ពួននៅក្នុងរណ្តៅណាមួយ ឬនៅកន្លែងណាទៀតមិនខាន ដូច្នេះ កាលណាចាប់តាំងច្បាំងគ្នា ហើយមានពួកយើងខ្លះដួលស្លាប់ នោះអ្នកណាដែលឮ គេនឹងផ្សាយប្រាប់ថា មានពួកខាងអាប់សាឡំមស្លាប់សន្ធឹកហើយ យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ នឹងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់ ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់ព្រះបិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនឹងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងព្រះបិតានឹងពួកដែលនៅជាមួយផង ឬបើបានចូលទៅជ្រកក្នុងទីក្រុងណា នោះពួកអ៊ីស្រាអែលទាំងអស់នឹងយកពួរ ទៅទាញអូសទីក្រុងនោះ ទំលាក់ចុះក្នុងទន្លេ ដរាបដល់រកថ្ម១យ៉ាងតូច នៅទីនោះមិនឃើញផង នោះអាប់សាឡំម នឹងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា គំនិតរបស់ហ៊ូសាយ ជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល (ព្រះយេហូវ៉ាទ្រង់បានដំរូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំសេចក្ដីអាក្រក់មកលើអាប់សាឡំមវិញ)។ គ្រានោះហ៊ូសាយរ៉ាយរឿងប្រាប់សាដុក ហើយនឹងអ័បៀថើរដ៏ជាសង្ឃថា អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡំម នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះ១ៗ តែខ្ញុំបានទូលយ៉ាងនេះវិញ ដូច្នេះ សូមចាត់គេជាប្រញាប់ ឲ្យទៅទូលដល់ព្រះករុណាថា នៅយប់នេះ សូមទ្រង់កុំផ្ទំនៅទីរហោស្ថានឡើយ សូមយាងឆ្លងទៅខាងមុខទៀតទៅ ក្រែងព្រះករុណា នឹងពួកអ្នកដែលនៅជាមួយ ត្រូវវិនាសបាត់។ រីឯយ៉ូណាថាន នឹងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូល ក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡំម តែអ្នកទាំង២នាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំង២ក៏ចុះទៅពួនក្នុងអណ្តូងនោះ ឯស្ត្រី ជាម្ចាស់ផ្ទះ ក៏យកសំពត់គ្របមាត់អណ្តូង ហើយរាយហាលអង្ករពីលើ ឥតមានអ្នកណាសង្ស័យឡើយ ចំណែកពួកអ្នកដែលអាប់សាឡំមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា តើអ័ហ៊ីម៉ាស នឹងយ៉ូណាថាននៅឯណា តែស្រីនោះឆ្លើយថា គេបានឆ្លងស្ទឹងទៅបាត់ហើយ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នា ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។ លុះកាលគេចេញទៅបាត់ហើយ នោះអ្នកទាំង២ក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ស្តេចដាវីឌ ដោយពាក្យថា សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ ដូច្នេះ ដាវីឌនឹងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ទៅ លុះថ្ងៃភ្លឺឡើង នោះគ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ទាំងអស់ផុតឥតសល់ដល់ម្នាក់ឡើយ។ កាលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។