២ សាំយូអែល 17:24-29

២ សាំយូអែល 17:24-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះបាទ​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់សា‌ឡុម និង​ពួក​ពល​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ ក៏​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ អាប់សា‌ឡុម​បាន​តាំង​អ័ម៉ា‌សា​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់។ អ័ម៉ា‌សា​ជា​កូន​របស់​សាសន៍​អ៊ី‌ស្មា‌អែល ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​រៀបការ​នឹង​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់។ ចំណែក​ពួក​អ៊ីស្រា‌អែល និង​អាប់សា‌ឡុម​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាត។ កាល​ព្រះបាទ​ដាវីឌ​បាន​ទៅ​ដល់​ម៉ាហា‌ណែម​ហើយ នោះ​សូប៊ី​ជា​កូន​ណា‌ហាស ដែល​នៅ​ត្រង់​រ៉ាបា ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ម៉ាគារ​ជា​កូន​អាំមាល​នៅ​ឡូរ-ដេបារ និង​បារស៊ី‌ឡាយ​ជា​ពួក​កាឡាត​ដែល​នៅ​រ៉ូគី‌លីម គេ​យក​គ្រែ ចាន ឆ្នាំង​ផ្សេងៗ ព្រម​ទាំង​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ម្សៅ លាជ ពពាយ និង​សណ្តែក ទឹក​ឃ្មុំ ខ្លាញ់​ទឹក​ដោះ​គោ សត្វ​ចៀម ទឹក​ដោះ​គោ​ខះ​មក សម្រាប់​ព្រះបាទ​ដាវីឌ និង​ប្រជាជន​ដែល​នៅ​ជា‌មួយ​បាន​បរិ‌ភោគ ដោយ​ថា៖ «ពួក​ប្រជាជន​ឃ្លាន​ណាស់ ហើយ​ល្វើយ​នៅ​ទី​រហោ‌ស្ថាន»។

២ សាំយូអែល 17:24-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ពេល​ដែល​ស្ដេច​អាប់‌សា‌ឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌បាទ​ដាវីឌ​បាន​យាង​ដល់​ក្រុង​ម៉ាហា‌ណែម។ ស្ដេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា​ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ម្នាក់​ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល​ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូយ៉ា​ដែល​ជា​ម្ដាយ​របស់​លោក​យ៉ូអាប់។ ស្ដេច​អាប់‌សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាដ។ កាល​ព្រះ‌បាទ​ដាវីឌ​យាង​ដល់​ក្រុង​ម៉ាហា‌ណែម ស្ដេច​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។ ពួក​គេ​នាំ​យក​ភួយ មុង កន្ទេល ចាន ឆ្នាំង ព្រម​ទាំង​ស្បៀង​អាហារ គឺ​មាន​អង្ករ ពោត ម្សៅ លាជ ពពាយ សណ្ដែក ទឹក​ឃ្មុំ ទឹក​ដោះ​គោ ចៀម និង​ប្រូម៉ាស់ មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ និង​បណ្ដា‌ជន​ដែល​នៅ​ជា​មួយ ដោយ​ពួក​គេ​គិត​ថា បណ្ដា‌ជន​នឿយ‌ហត់ ស្រេក​ឃ្លាន នៅ​ពេល​ដើរ​កាត់​វាល​រហោ‌ស្ថាន។

២ សាំយូអែល 17:24-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់‌សា‌ឡំម នឹង​ពួក​ពល​ទ័ព​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​ឆ្លង​ទន្លេ​យ័រដាន់​ទៅ អាប់‌សា‌ឡំម​បាន​តាំង​អ័ម៉ាសា​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ រីឯ​អ័ម៉ាសា​នេះ លោក​ជា​កូន​របស់​សាសន៍​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​ចូល​ទៅ​ឯ​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់ ចំណែក​ពួក​អ៊ីស្រាអែល នឹង​អាប់‌សា‌ឡំម គេ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត។ កាល​ដាវីឌ​បាន​ទៅ​ដល់​ម៉ាហា‌ណែម​ហើយ នោះ​សូប៊ី ជា​កូន​ណា‌ហាស ដែល​នៅ​ត្រង់​រ៉ាបា ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ម៉ាគារ​ជា​កូន​អាំមាល​នៅ​ឡូរ-ដេបារ នឹង​បារស៊ី‌ឡាយ​ជា​ពួក​កាឡាត​ដែល​នៅ​រ៉ូគី‌លីម គេ​យក​គ្រែ ចាន ឆ្នាំង​ផ្សេងៗ ព្រម​ទាំង​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ម្សៅ លាជ ពពាយ សណ្តែក‌បាយ នឹង​សណ្តែក​លីង ទឹក​ឃ្មុំ ខ្លាញ់​ទឹក​ដោះ សត្វ​ចៀម ទឹក​ដោះ​គោ​ខះ មក​សំរាប់​ដាវីឌ នឹង​ពួក​បណ្តាជន​ដែល​នៅ​ជា​មួយ​បាន​បរិភោគ ដោយ​ថា ពួក​បណ្តាជន​គេ​ស្រេក​ឃ្លាន ហើយ​ល្វើយ​នៅ​ទី​រហោ‌ស្ថាន។