២ សាំយូអែល 16:5-14
២ សាំយូអែល 16:5-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ ក៏យកថ្មចោលដាវីឌ ហើយនឹងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មាន គេដើរអមទ្រង់ ទាំងខាងស្តាំ និងខាងឆ្វេង។ ស៊ីម៉ាយវាជេរដូច្នេះថា៖ «អាខ្ចាយឈាម អាមនុស្សពាល ចូរទៅៗ ព្រះយេហូវ៉ាបានទម្លាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់ស្ដេចសូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡុម ជាកូនឯងវិញ មើល៍ ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ព្រោះឯងជាមនុស្សខ្ចាយឈាម»។ នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា៖ «តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណាជាអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ»។ ស្តេចមានរាជឱង្ការថា៖ «នែ៎ កូនសេរូយ៉ាអើយ តើយើងនឹងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាបានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះ តើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ»។ រួចដាវីឌមានរាជឱង្ការទៅអ័ប៊ីសាយ និងពួកមហាតលិកទ្រង់ទាំងប៉ុន្មានថា៖ «មើល៍ អំបាលតែកូនដែលខ្លួនយើងបង្កើត ម៉េចវារកជីវិតយើងទៅហើយ ចំណង់បើពូជពួកបេនយ៉ាមីននេះ តើនឹងលើសជាងអម្បាលម៉ានទៅទៀត កុំធ្វើវា ឲ្យវាជេរចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់វាមកហើយ។ ប្រហែលជាព្រះយេហូវ៉ានឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចព្រះអង្គនឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ»។ នោះដាវីឌក៏យាងតាមផ្លូវទៅ ព្រមទាំងពួកទ្រង់ផង ឯស៊ីម៉ាយវាដើរតាមចង្កេះភ្នំទន្ទឹមនឹងទ្រង់ដែរ ទាំងជេរបណ្តើរ ព្រមទាំងចោលថ្មទៅលើទ្រង់ ហើយបាចសាចធូលីដីផង យ៉ាងនោះស្តេច និងប្រជាជនទាំងប៉ុន្មានដែលនៅជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ ទាំងអស់កម្លាំង ហើយសម្រាកនៅទីនោះ។
២ សាំយូអែល 16:5-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះបាទដាវីឌយាងទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្ដេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្ដាសាព្រះបាទដាវីឌ។ គាត់ចោលដុំថ្មទៅលើព្រះបាទដាវីឌ និងនាម៉ឺនមន្ត្រីរបស់ស្ដេច ទោះបីមានបណ្ដាជន និងពលទាហាន នៅអមសងខាងស្ដេចក៏ដោយ។ គាត់ជេរប្រទេចផ្ដាសាស្ដេចថា៖ «ចេញទៅ! ចេញទៅ! អាឃាតក! អាចោលម្សៀត! ព្រះអម្ចាស់ដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ព្រះបាទសូល ដែលឯងបានដណ្ដើមរាជ្យ។ ហេតុនេះហើយបានជាព្រះអម្ចាស់ដករាជ្យពីឯង ប្រគល់ទៅឲ្យសម្ដេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។ លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ទូលស្ដេចថា៖ «បពិត្រព្រះករុណា ម្ដេចក៏ទុកឲ្យអាឆ្កែងាប់នេះជេរប្រទេចផ្ដាសាព្រះករុណាជាអម្ចាស់ដូច្នេះ? ទូលបង្គំសូមទៅកាត់កវា»។ ស្ដេចមានរាជឱង្ការថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើព្រះអម្ចាស់បង្គាប់ឲ្យគាត់ដាក់បណ្ដាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្ដីបន្ទោសគាត់ឡើយ!»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែបុត្របង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើព្រះអម្ចាស់បង្គាប់ដូច្នេះ ទុកឲ្យអ្នកស្រុកបេនយ៉ាមីនម្នាក់នេះជេរប្រទេចផ្ដាសាយើងទៅ! ព្រះអម្ចាស់ប្រហែលជាទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្ដាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។ ព្រះបាទដាវីឌ និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីព្រះបាទដាវីឌ។ គាត់ដើរបណ្ដើរ ជេរប្រទេចផ្ដាសាបណ្ដើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្ដេចផង។ ស្ដេច និងបណ្ដាជនទាំងមូលដែលរួមដំណើរជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។
២ សាំយូអែល 16:5-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមក កាលស្តេចដាវីឌទ្រង់បានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់សូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ ក៏យកថ្មចោលដាវីឌ ហើយនឹងពួកមហាតលិកទាំងប៉ុន្មាន ឯពួកបណ្ដាជននឹងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មាន គេដើរអមទ្រង់ ទាំងខាងស្តាំ នឹងខាងឆ្វេង ស៊ីម៉ាយវាជេរដូច្នេះថា អាខ្ចាយឈាម អាមនុស្សពាល ចូរទៅៗ ព្រះយេហូវ៉ាបានទំលាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់សូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡំម ជាកូនឯងវិញ មើល ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ពីព្រោះឯងជាមនុស្សខ្ចាយឈាម។ នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ ស្តេចមានបន្ទូលថា នែ កូនសេរូយ៉ាអើយ តើយើង នឹងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះតើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ រួចដាវីឌមានបន្ទូលទៅអ័ប៊ីសាយ នឹងពួកមហាតលិកទ្រង់ទាំងប៉ុន្មានថា មើល អំបាលតែកូនដែលខ្លួនយើងបង្កើត ម៉េចវារកជីវិតយើងទៅហើយ ចំណង់បើពូជពួកបេនយ៉ាមីននេះ តើនឹងលើសជាងអំបាលម៉ានទៅទៀត កុំធ្វើវា ឲ្យវាជេរចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់វាមកហើយ ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចទ្រង់នឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ នោះដាវីឌក៏យាងតាមផ្លូវទៅ ព្រមទាំងពួកទ្រង់ផង ឯស៊ីម៉ាយវាដើរតាមចង្កេះភ្នំទន្ទឹមនឹងទ្រង់ដែរ ទាំងជេរបណ្តើរ ព្រមទាំងចោលថ្មទៅលើទ្រង់ ហើយបាចសាចធូលីដីផង យ៉ាងនោះស្តេច នឹងពួកបណ្តាជនទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ទៅដល់ទីឈប់ទាំងអស់កំឡាំង ហើយគេសំរាកនៅទីនោះ។