២ សាំយូអែល 16:15-23

២ សាំយូអែល 16:15-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រី​ឯ​អាប់សា‌ឡុម និង​ប្រជា​ជនទាំង​អស់ គឺ​ពួក​អ៊ីស្រា‌អែល បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​ទាំង​អ័ហ៊ី‌ថូផែល​មក​ជា‌មួយ​ដែរ ហើយ​កាល​ហ៊ូ‌សាយ ជា​ពួក​អើគី ជា​សម្លាញ់​ព្រះបាទ​ដាវីឌ បាន​មក​ដល់​អាប់សា‌ឡុម នោះ​លោក​ទូល​ទៅ​អាប់សា‌ឡុម​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ! សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។ អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​ហ៊ូសាយ​ថា៖ «តើ​អ្នក​សង​គុណ​ដល់​សម្លាញ់​អ្នក​យ៉ាង​ហ្នឹង​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​តាម​សម្លាញ់​ទៅ?» នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា៖ «ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា និង​ប្រជាជន​ទាំង​នេះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូល‌បង្គំ​នឹង​នៅ​ជា‌មួយ​អ្នក​នោះ។ មួយ​ទៀត តើ​គួរ​ឲ្យ​ទូល‌បង្គំ​បម្រើ​អ្នក​ណា? តើ​មិន​គួរ​ឲ្យ​បម្រើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ? ដូច្នេះ ទូល‌បង្គំ​នៅ​បម្រើ​ព្រះ‌ករុណា ដូច​ជា​បាន​បម្រើ​ព្រះ‌បិតា​ដែរ»។ ពេល​នោះ អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​អ័ហ៊ី‌ថូផែល​ថា៖ «ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា?» អ័ហ៊ី‌ថូផែល​ក៏​ឆ្លើយ​ថា៖ «សូម​ទ្រង់​ចូលទៅឯ​ពួក​អ្នក​ម្នាង​របស់​‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ និង​ដឹង​ថា បិតា​ទ្រង់​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ទ្រង់ គេ​នឹង​មាន​កម្លាំង​ឡើង»។ ដូច្នេះ គេ​ក៏​បោះ​ជំរំ​នៅ​លើ​ដំបូល​ដំណាក់​ថ្វាយ​អាប់សា‌ឡុម រួច​ទ្រង់​ក៏​ចូល​ទៅ​ឯ​ពួក​អ្នក​ម្នាង​របស់​បិតា ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ​ច្បាស់។ នៅ​គ្រា​នោះ យោបល់​របស់​អ័ហ៊ី‌ថូផែលបាន​ផ្ដល់​មក​ដូច​ជា​អ្នក​ដែល​បានប្រឹក្សា​នឹង​ព្រះ​បន្ទូលរបស់​ព្រះ ការ​ដែល​លោក​ជួយ​គំនិត ទោះ​ទាំង​ព្រះបាទ​ដាវីឌ និង​អាប់សា‌ឡុម តែង​តែ​ធ្វើ​តាម​យោបល់​របស់​លោក​ទាំង​អស់។

២ សាំយូអែល 16:15-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​អាប់‌សា‌ឡុម និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចូល​ដល់​ក្រុង​យេរូ‌សាឡឹម។ លោក​អហ៊ី‌ថូផែល​ក៏​នៅ​ជា​មួយ​ស្ដេច​អាប់‌សា‌ឡុម​ដែរ។ លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី ដែល​ជា​មន្ត្រី​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ ចូល​ទៅ​គាល់​ស្ដេច​អាប់‌សា‌ឡុម ពោល​ថា៖ «ជយោ​ព្រះ‌រាជា! ជយោ​ព្រះ‌រាជា!»។ ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «ចិត្ត​ស្មោះ​ត្រង់​ចំពោះ​បិតា​ខ្ញុំ ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​នោះ នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​លោក​មិន​ទៅ​តាម​បិតា​ខ្ញុំ?»។ លោក​ហ៊ូសាយ​ទូល​ថា៖ «ទេ! បើ​ព្រះ‌អម្ចាស់ និង​ប្រជា‌ជន​អ៊ីស្រា‌អែល ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ជ្រើស​រើស​ស្ដេច​ណា ទូលបង្គំ​នៅ​ជា​មួយ​ស្ដេច​នោះ​ហើយ។ ម្យ៉ាង​ទៀត ទូលបង្គំ​ត្រូវ​បម្រើ​អ្នក​ណា? ព្រះ‌ករុណា​ជា​បុត្រ​របស់​មិត្ត​សម្លាញ់​ទូលបង្គំ ដូច្នេះ ទូលបង្គំ​នឹង​បម្រើ​ព្រះ‌ករុណា ដូច​ទូលបង្គំ​បាន​បម្រើ​បិតា​របស់​ព្រះ‌ករុណា​ដែរ»។ ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អហ៊ី‌ថូផែល​ថា៖ «ចូរ​អស់​លោក​ពិភាក្សា​គ្នា​អំពី​កិច្ចការ ដែល​ពួក​យើង​ត្រូវ​ធ្វើ​នោះ​ទៅ»។ លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​យាង​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​បិតា​របស់​ព្រះ‌ករុណា​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌ករុណា​តាំង​ខ្លួន​ជា​សត្រូវ​នឹង​បិតា ហើយ​បក្ស​ពួក​របស់​ព្រះ‌ករុណា​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។ គេ​បាន​ដំឡើង​ពន្លា​មួយ​ថ្វាយ​ស្ដេច​អាប់‌សា‌ឡុម តាម​ថែវ នៅ​ជាន់​ខាង​លើ​ដំណាក់ ហើយ​ស្ដេច​អាប់‌សា‌ឡុម​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ស្រី​ស្នំ​របស់​បិតា ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ។ នៅ​គ្រា​នោះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មាន​ឥទ្ធិ‌ពល​ដូច​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ព្រះ‌បាទ​ដាវីឌ និង​ស្ដេច​អាប់‌សា‌ឡុម​តែងតែ​ធ្វើ​តាម​យោបល់​ទាំង​ប៉ុន្មាន​របស់​លោក។

២ សាំយូអែល 16:15-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​អាប់‌សា‌ឡំម នឹង​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​ទាំង​អ័ហ៊ី‌ថូ‌ផែល​មក​ជា​មួយ​ដែរ ហើយ​កាល​ហ៊ូសាយ ជា​ពួក​អើគី ជា​សំឡាញ់​ដាវីឌ បាន​មក​ដល់​អាប់‌សា‌ឡំម នោះ​លោក​ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​ជា​យូរ‌អង្វែង​ទៅ សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន អាប់‌សា‌ឡំម​មាន​បន្ទូល​ទៅ​ហ៊ូសាយ​ថា អ្នក​សង​គុណ​ដល់​សំឡាញ់​អ្នក​យ៉ាង​ហ្នឹង​ឬ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​តាម​សំឡាញ់​ទៅ នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា នឹង​បណ្តាជន​ទាំង​នេះ ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូលបង្គំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​នោះ​វិញ មួយ​សោត​ទៀត តើ​គួរ​ឲ្យ​ទូលបង្គំ​បាន​បំរើ​ចំពោះ​អ្នក​ណា តើ​មិន​គួរ​ឲ្យ​បំរើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ​អី ដូច្នេះ ទូលបង្គំ​នឹង​បំរើ​នៅ​ចំពោះ​ព្រះ‌ករុណា ដូច​ជា​បាន​បំរើ​នៅ​ចំពោះ​ព្រះវរ‌បិតា​ដែរ។ នោះ​អាប់‌សា‌ឡំម​មាន​បន្ទូល ទៅ​អ័ហ៊ី‌ថូ‌ផែល​ថា ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ជា​ធ្វើ​យ៉ាង​ណា​ផង អ័ហ៊ី‌ថូ‌ផែល​ក៏​ឆ្លើយ​ថា ដូច្នេះ សូម​ទ្រង់​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​នឹង​ដឹង​ថា ព្រះ‌បិតា​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​នឹង​បាន​ចំរើន​កំឡាំង​ដៃ​ឡើង ដូច្នេះ គេ​ក៏​ដំឡើង​ត្រសាល​នៅ​លើ​ដំបូល​ដំណាក់​ថ្វាយ​អាប់‌សា‌ឡំម រួច​ទ្រង់​ក៏​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​បិតា​ទ្រង់ ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ឃើញ​ច្បាស់ ឯ​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល ដែល​សំដែង​មក​នៅ​គ្រា​នោះ ក៏​ដូច​ជា​អ្នក​ណា​បាន​ទូល​សួរ​ចំពោះ​ព្រះ​ហើយ ឯ​ការ​ដែល​លោក​ជួយ​គំនិត ដល់​ទាំង​ដាវីឌ នឹង​អាប់‌សា‌ឡំម​ផង ក៏​យ៉ាង​នោះ​ទាំង​អស់។