២ សាំយូអែល 16:1-4
២ សាំយូអែល 16:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះបាទដាវីឌបានយាងហួសពីកំពូលភ្នំបន្តិចទៅ នោះឃើញស៊ីបា ជាអ្នកបម្រើរបស់មេភីបូសែត មកជួបនឹងទ្រង់ នាំទាំងសត្វលាពីរចងកែបជាស្រេច ផ្ទុកដោយនំបុ័ងពីររយដុំ ទំពាំងបាយជូរក្រៀមមួយរយចង្កោម ហើយផ្លែរដូវក្តៅមួយរយ ព្រមទាំងថង់ស្បែកពេញដោយស្រាទំពាំងបាយជូរផង។ ស្តេចមានរាជឱង្ការសួរស៊ីបាថា៖ «ឯងយករបស់ទាំងនេះមកធ្វើអី?» ស៊ីបាទូលថា៖ «សត្វលាសម្រាប់ជាជំនិះដល់ពួកព្រះរាជ្យវង្សនៃទ្រង់ ឯនំបុ័ង និងផ្លែរដូវក្តៅ សម្រាប់ឲ្យពួកកំលោះៗបរិភោគ ហើយស្រាទំពាំងបាយជូរ សម្រាប់អ្នកណាដែលហេវនៅទីរហោស្ថាន»។ ស្តេចសួរថា៖ «តើរាជបុត្ររបស់ចៅហ្វាយឯងនៅឯណា?» ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូសាឡិម ដ្បិតលោកគិតថា "នៅថ្ងៃនេះ ពួកវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល គេនឹងប្រគល់រាជ្យរបស់បិតាមកយើងវិញ"»។ នោះស្តេចមានរាជឱង្ការទៅស៊ីបាថា៖ «នែ៎ របស់ទ្រព្យទាំងប៉ុន្មាននៃមេភីបូសែត ជារបស់ឯងវិញ»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណរបស់ទ្រង់ផង»។
២ សាំយូអែល 16:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌយាងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ីបា ជាអ្នកបម្រើរបស់លោកមេភីបូសែត ក៏មកជួបថ្វាយបង្គំស្ដេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំប៉័ងចំនួនពីររយដុំ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំងបាយជូរមួយថង់ស្បែកផង។ ព្រះរាជាសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា សត្វលាទាំងពីរនេះជាជំនិះសម្រាប់ព្រះរាជវង្ស នំប៉័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។ ព្រះរាជាសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូសាឡឹម ដ្បិតលោកគិតថា ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលនឹងប្រគល់រាជ្យរបស់ជីតាលោកមកឲ្យលោកវិញ»។ ស្ដេចមានរាជឱង្ការថា៖ «អ្វីៗទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់លោកមេភីបូសែត យើងប្រគល់ឲ្យអ្នកទាំងអស់»។ ស៊ីបាក្រាបថ្វាយបង្គំស្ដេច ហើយទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមទ្រង់ប្រណីសន្ដោសទូលបង្គំរហូតតទៅ!»។
២ សាំយូអែល 16:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលដាវីឌបានយាងហួសពីកំពូលភ្នំបន្តិចទៅ នោះឃើញស៊ីបា ជាអ្នកបំរើរបស់មភីបូសែត មកជួបនឹងទ្រង់ នាំទាំងសត្វលា២ចងកែបជាស្រេច ផ្ទុកដោយនំបុ័ង២០០ដុំ ទំពាំងបាយជូរក្រៀម១០០ចង្កោម ហើយផ្លែរដូវក្តៅ១០០ ព្រមទាំងថង់ស្បែកពេញដោយស្រាទំពាំងបាយជូរផង ស្តេចទ្រង់មានបន្ទូលសួរស៊ីបាថា ឯងយករបស់ទាំងនេះមកធ្វើអី ស៊ីបាទូលថា សត្វលាសំរាប់ជាជំនិះដល់ពួកព្រះរាជវង្សនៃទ្រង់ ឯនំបុ័ង នឹងផ្លែរដូវក្តៅសំរាប់ឲ្យពួកកំឡោះៗបរិភោគ ហើយស្រាទំពាំងបាយជូរសំរាប់អ្នកណា ដែលហេវនៅទីរហោស្ថាន ស្តេចទ្រង់សួរថា តើរាជបុត្ររបស់ចៅហ្វាយឯងនៅឯណា ស៊ីបាទូលថា លោកនៅឯក្រុងយេរូសាឡិម ដ្បិតលោកគិតថា នៅថ្ងៃនេះ ពួកវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល គេនឹងប្រគល់រាជ្យរបស់បិតាមកអញវិញ នោះស្តេចមានបន្ទូលទៅស៊ីបាថា នែ របស់ទ្រព្យទាំងប៉ុន្មាននៃមភីបូសែតជារបស់ផងឯងវិញ ស៊ីបាទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ផង។