២ សាំយូអែល 15:13-37 - Compare All Versions

២ សាំយូអែល 15:13-37 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ហើយ!»។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ ដោយ​មុខ​ដាវ»។ ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទ្រង់​សម្រេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​រាជ‌វង្សា‌នុវង្សដោយ​ថ្មើរ​ជើង។ ស្ដេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះឲ្យ​នៅ​ចាំ​ដំណាក់។ ពេល​ស្ដេច និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ​ដែល​នៅ​ចុង​គេ​បំផុត។ ពួក​រាជ​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ស្ដេច គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ស្ដេច។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មក​តាម​យើង? ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ហើយ​នៅ​ជា​មួយ​ស្ដេច​ថ្មី​ចុះ! ដ្បិត​លោក​ជា​ជន​បរទេស​ដែល​គេ​និរទេស​ពី​ស្រុក​របស់​ខ្លួន​មក។ លោក​ទើប​នឹង​មក​ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​របស់​យើង​ពុំ​ទាន់​បាន​ប៉ុន្មាន​ផង ថ្ងៃ​នេះ តើ​គួរ​ឲ្យ​យើង​នាំ​លោក​ទៅ​ជា​មួយ​ដែរ​ឬ? ដ្បិត​យើង​ក៏​ពុំ​ដឹង​ថា​យើង​ត្រូវ​ទៅ​ទី​ណា​ផង​នោះ! ចូរ​នាំ​បងប្អូន​របស់​លោក​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ។ សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​លោក ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ស្មោះ​ត្រង់»។ ប៉ុន្តែ លោក​អ៊ីត‌តាយ​ទូល​ព្រះ‌រាជា​វិញ​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​ព្រះ‌ករុណា​ផ្ទាល់​ថា ព្រះ‌ករុណា​យាង​ទៅ​ទី​ណា ទូលបង្គំ​សុខ​ចិត្ត​ទៅ​ទី​នោះ ហើយ​រួម​ស្លាប់​រស់​ជា​មួយ​ព្រះ‌ករុណា​ដែរ»។ ព្រះ‌បាទ​ដាវីឌ​តប​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​ដំណើរ​ទៅ​មុខ​ចុះ!»។ ដូច្នេះ លោក​អ៊ីត‌តាយ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ជា​មួយ​ពល​ទាហាន និង​ក្រុម​គ្រួសារ​របស់​គេ។ ពេល​ក្បួន​ដង្ហែ​ស្ដេច​ចេញ​ដំណើរ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ស្ដេច​យាង​កាត់​ជ្រោះ​កេដ្រូន ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។ លោក​បូជា‌ចារ្យ​សាដុក​ក៏​នៅ​ទី​នោះ ដោយ​មាន​ពួក​លេវី​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌ជាម្ចាស់​នៅ​ជា​មួយ​ដែរ។ ពួក​គេ​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​ចុះ លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ក៏​ឡើង​ពី​ជ្រោះ​មក​ដែរ ហើយ​រង់‌ចាំ​នៅ​ទី​នោះ រហូត​ដល់​ប្រជា‌ជន​ចេញ​ផុត​ពី​ទីក្រុង​ទាំង​អស់​គ្នា។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​សាដុក​ថា៖ «ចូរ​នាំ​ហិប​ព្រះ‌ជាម្ចាស់​ទៅ​ទីក្រុង​វិញ​ចុះ។ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង ព្រះអង្គ​ប្រាកដ​ជា​នាំ​យើង​មក​វិញ ហើយ​យើង​នឹង​ឃើញ​ហិប​នេះ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​សា​ជា​ថ្មី។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះអង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង​ទៀត​ទេ សូម​ព្រះអង្គ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ដោយ​សុខ‌សាន្ត ជា​មួយ​អហ៊ី‌ម៉ាស ជា​កូន​របស់​លោក ព្រម​ទាំង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​ចុះ។ ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់‌ចាំ​នៅ​តំបន់​វាល​រហោ‌ស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​លោក»។ ដូច្នេះ លោក​សាដុក និង​លោក​អបៀ‌ថើរ ក៏​សែង​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ។ ព្រះ‌បាទ​ដាវីឌ​យាង​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​ទ្រង់​ព្រះ‌កន្សែង​ផង ស្ដេច​ទទូរ​ព្រះ‌សិរសា ហើយ​យាង​ព្រះ‌បាទា​ទទេ។ រីឯ​បណ្ដា‌ជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្ដេច​ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ​ទាំង​យំ​ដែរ។ មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ដែរ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។ ពេល​ព្រះ‌បាទ​ដាវីឌ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី មក​ជួប​ស្ដេច ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «កុំ​មក​ជា​មួយ​យើង​អី! ក្រែង​លោក​ទៅ​ជា​បន្ទុក​មួយ​សម្រាប់​យើង ចូរ​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់‌សា‌ឡុម​ថា “បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ស្ម័គ្រ​ចិត្ត​បម្រើ​ទ្រង់​ហើយ។ កាល​ពី​មុន ទូលបង្គំ​បាន​បម្រើ​បិតា​របស់​ព្រះ‌ករុណា ឥឡូវ​នេះ ទូលបង្គំ​ត្រូវ​តែ​បម្រើ​ព្រះ‌ករុណា​ដែរ”។ ធ្វើ​ដូច្នេះ លោក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ី‌ថូផែល។ ម្យ៉ាង​ទៀត លោក​បូជា‌ចារ្យ​សាដុក និង​អបៀ‌ថើរ ក៏​ចាំ​ជួយ​លោក​ដែរ។ អ្វីៗ​ដែល​លោក​ឮ​ពី​ដំណាក់​ស្ដេច ចូរ​ប្រាប់​លោក​បូជា‌ចារ្យ​សាដុក និង​អបៀ‌ថើរ​ឲ្យ​ដឹង​ផង។ រីឯ​អហ៊ី‌ម៉ាស់​ជា​កូន​របស់​លោក​សាដុក និង​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​អបៀ‌ថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​ឲ្យ​នាំ​ដំណឹង​ដែល​លោក​ដឹង មក​ប្រាប់​យើង​ផង»។ លោក​ហ៊ូសាយ ជា​មន្ត្រី​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ បាន​វិល​ចូល​ទៅ​ក្រុង​វិញ ចំ​ពេល​ដែល​សម្ដេច​អាប់‌សា‌ឡុម​យាង​ចូល​ទីក្រុង​ដែរ។

២ សាំយូអែល 15:13-37 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

គ្រា​នោះមាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់‌សា‌ឡំម​ហើយ ដូច្នេះ ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទ្រង់​ថា ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់‌សា‌ឡំម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អាក្រក់​ដល់​យើង​រាល់​គ្នា ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា បពិត្រ ព្រះ‌ករុណា ទូលបង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ហើយ នោះ​ស្តេច​ទ្រង់​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក‌ម្នាង​១០​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ ស្តេច​ទ្រង់​យាង​ចេញ​ទៅមាន​ទាំង​ពួក​ទ្រង់​ទាំង​អស់ ដើរ​ទៅ​តាម ឯ​ទ្រង់​ក៏​ឈប់​នៅ​ត្រង់​ផ្ទះ​ដែល​នៅ​ទី​បំផុត ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​៦០០​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។ ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា​មួយ​នឹង​ពួក​យើង​ដូច្នេះ ចូរ​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ ដែល​អ្នក​ទើប​នឹង​មក​ពី​ម្សិល‌មិញ តើ​ថ្ងៃ​នេះ​គួរ​ឲ្យ​យើង នាំ​អ្នក​មក​ដើរ​សាត់‌ព្រាត់ ទៅ​ជា​មួយ​នឹង​យើង ដែល​យើង​ក៏​មិន​ដឹង​ជា​ទៅ​ឯ​ណា​ផង​ឬ​អី ចូរ​ត្រឡប់​ទៅ​វិញ ហើយ​នាំ​បង​ប្អូន​អ្នក​ទៅ​ផង សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​ពិត​ត្រង់​ចុះ តែ​អ៊ីត‌តាយ​ទូល​តប​ថា ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នឹង​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ដ៏​មាន​ព្រះ‌ជន្មាយុ​ថា នៅ​កន្លែង​ណា​ដែល​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​គង់​នៅ ទោះ​បើ​ស្លាប់ឬ​រស់​ក្តី នោះ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​នៅ​ទី​នោះ​ដែរ ដូច្នេះ ដាវីឌ​មាន​បន្ទូល​ប្រាប់​ថា ចូរ​ឆ្លង​ទៅ​ចុះ នោះ​អ៊ីត‌តាយ ជា​អ្នក​ក្រុង​កាថ ព្រម​ទាំង​ពួក​លោក នឹង​កូន​ចៅ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​នាំ​គ្នា​ឆ្លង​ទៅ ពួក​អ្នក​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ គេ​នាំ​គ្នា​យំ​ដោយ​សំឡេង​ជា​ខ្លាំង ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​ឆ្លង​ទៅ ឯ​ស្តេច ទ្រង់​យាង​ឆ្លង​ជ្រោះ​កេដ្រុន​ដែរ គ្រប់​គ្នា​ឆ្លង​ទៅ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ទី​រហោ‌ស្ថាន។ រីឯ​សាដុក លោក​ក៏​មក​ដែរ ព្រម​ទាំង​ពួក​លេវី​ទាំង​អស់ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ផង គេ​ក៏​ដាក់​ហឹប​នៃ​ព្រះ​ចុះ ហើយ​អ័បៀ‌ថើរ​លោក​ឡើង​ទៅ ដរាប​ដល់​ពួក​បណ្តាជន បាន​ចាក‌ចេញ​ផុត​ពី​ទី​ក្រុង​ទាំង​អស់​ទៅ រួច​ស្តេច​មាន​បន្ទូល​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហឹប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ បើ​សិន​ជា​យើង​នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហឹប​នេះ នឹង​ទី​លំនៅ​របស់​ទ្រង់​ផង តែ​បើ​ទ្រង់​មាន​បន្ទូល​មក​ដូច្នេះ​ថា អញ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ឯង​ទេ នោះ​មើល យើង​នេះ​ហើយ សូម​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​តាម​ព្រះ‌ហឫទ័យ​ចុះ ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​សាដុក​ដ៏​ជា​សង្ឃ​ទៀត​ថា លោក​ជា​អ្នក​មើល‌ឆុត ដូច្នេះ ចូរ​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ​ដោយ​សុខ‌សាន្ត​ចុះ នាំ​ទាំង​អ័ហ៊ីម៉ាស កូន​លោក នឹង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ទៅ​ជា​មួយ​ផង ឯ​យើងៗ​នឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង ដូច្នេះ សាដុក នឹង​អ័បៀ‌ថើរ ក៏​សែង​ហឹប​នៃ​ព្រះ​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ក៏​នៅ​ទី​នោះ។ ឯ​ដាវីឌ ទ្រង់​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ មាន​ម្នាក់​ទូល​ដាវីឌ​ថា អ័ហ៊ី‌ថូ‌ផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​នោះ ជា​មួយ​នឹង​អាប់‌សា‌ឡំម​ដែរ នោះ​ដាវីឌ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ កាល​ដាវីឌ​បាន​យាង​ដល់​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​ថ្វាយ‌បង្គំ​ព្រះ នោះ​ឃើញ​ហ៊ូសាយ ជា​ពួក​អើគី ចូល​មក​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​អាវ​រហែក នឹង​ដី​នៅ​លើ​ក្បាល ដាវីឌ​មាន​បន្ទូល​ទៅ​លោក​ថា បើ​អ្នក​ទៅ​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ជា​បន្ទុក​ដល់​យើង​ទេ តែ​បើ​សិន​ជា​អ្នក​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់‌សា‌ឡំម​ថា បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​ដល់​ព្រះ‌បិតា​ទ្រង់​កាល​ពី​ដើម​ដែរ បើ​ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​អាច​ឈ្នះ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល​ឲ្យ​យើង​បាន នៅ​ទី​នោះអ្នក​ក៏​មាន​សាដុក នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​នៅ​ជា​មួយ​ដែរ យ៉ាង​នោះ ការ​អ្វី​ដែល​អ្នក​ឮ​ពី​ក្នុង​ដំណាក់​ស្តេច​មក នោះ​ចូរ​សា‌សព្ទ​ប្រាប់​ដល់​សាដុក នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ លោក​ទាំង​២​នោះ​មាន​កូន​២​នាក់​នៅ​ជា​មួយ គឺ​អ័ហ៊ីម៉ាស​ជា​កូន​សាដុក នឹង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ត្រូវ​ឲ្យ​អ្នក​ចាត់​មក ឲ្យ​យើង​ដឹង​ពី​គ្រប់​សេចក្ដី ដែល​អ្នក​ឮ ដូច្នេះ ហ៊ូសាយ ជា​សំឡាញ់​របស់​ដាវីឌ ក៏​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ ឯ​អាប់‌សា‌ឡំម​ទ្រង់​ក៏​យាង​ចូល​មក ដល់​ក្រុង​យេរូ‌សាឡិម​ដែរ។

២ សាំយូអែល 15:13-37 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

គ្រា​នោះ មាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់សា‌ឡុម​ហើយ ដូច្នេះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សា‌ឡុម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អា‌ក្រក់​ដល់​យើង ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ»។ ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គម្ចាស់​នៃ​ទូល‌បង្គំ​ហើយ នោះ​ស្ដេច​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក​ម្នាង​ដប់​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ ស្ដេច​យាង​ចេញ​ទៅ​មាន​ទាំង​ពួក​ទ្រង់​ទាំង​អស់ ដើរ​ទៅ​តាម ឯ​ទ្រង់​ក៏​ឈប់​នៅ​ត្រង់​ផ្ទះ​ដែល​នៅ​ទី​បំផុត ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​គេ​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​ប្រាំមួយ​រយ​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា‌មួយ​ពួក​យើង​ដូច្នេះ? ចូរ​ត្រឡប់​ទៅ​នៅ​ជា‌មួយ​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ។ អ្នក​ទើប​មក​ពី​ម្សិល‌មិញ តើ​ថ្ងៃ​នេះ​គួរ​ឲ្យ​យើង នាំ​អ្នក​មក​ដើរ​សាត់‌ព្រាត់ ទៅ​ជា‌មួយ​យើង ដែល​យើង​ក៏​មិន​ដឹង​ជា​ទៅ​ឯ​ណា​ផង​ឬ? ចូរ​ត្រឡប់​ទៅ​វិញ ហើយ​នាំ​បង‌ប្អូន​អ្នក​ទៅ​ផង សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​ពិត​ត្រង់​ចុះ»។ ប៉ុន្តែ អ៊ីត‌តាយ​ទូល​តប​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ និង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ដ៏​មាន​ព្រះ‌ជន្មថា នៅ​កន្លែង​ណា​ដែល​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​គង់​នៅ ទោះ​បើ​ស្លាប់ ឬ​រស់​ក្តី នោះ​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ និង​នៅ​ទី​នោះ​ដែរ»។ ដូច្នេះ ដាវីឌ​មាន​រាជ‌ឱង្ការ​ប្រាប់​ថា ចូរ​ឆ្លង​ទៅ​ចុះ នោះ​អ៊ីត‌តាយ ជា​អ្នក​ក្រុង​កាថ ព្រម​ទាំង​ពួក​លោក និង​កូន​ចៅ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ ក៏​នាំ​គ្នា​ឆ្លង​ទៅ ពួក​អ្នក​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ គេ​នាំ​គ្នា​យំ​ដោយ​សំឡេង​ជា​ខ្លាំង ហើយ​ប្រជាជន​ក៏​ឆ្លង​ទៅ ឯ​ស្តេច ទ្រង់​យាង​ឆ្លង​ជ្រោះ​កេដ្រុន​ដែរ គ្រប់​គ្នា​ឆ្លង​ទៅ តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ទី​រហោ‌ស្ថាន។ រី​ឯ​សាដុក លោក​ក៏​មក​ដែរ ព្រម​ទាំង​ពួក​លេវី​ទាំង​អស់ ដែល​សែង​ហិប​សញ្ញា​របស់​ព្រះ​ផង គេ​ក៏​ដាក់​ហិប​នៃ​ព្រះ​ចុះ ហើយ​អ័បៀ‌ថើរ​លោក​ឡើង​ទៅ ដរាប​ដល់​ពួក​ប្រជាជន បាន​ចាក‌ចេញ​ផុត​ពី​ទី​ក្រុង​ទាំង​អស់​ទៅ រួច​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហិប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ ប្រសិន‌បើ​យើង​នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហិប​នេះ និង​ទី​លំ‌នៅ​របស់​ទ្រង់​ផង តែ​បើ​ទ្រង់​មាន​រាជ‌ឱង្ការ​មក​ដូច្នេះ​ថា យើង​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឯង​ទេ នោះ​មើល៍ យើង​នេះ​ហើយ សូម​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​តាម​ព្រះ‌ហឫ‌ទ័យ​ចុះ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​សង្ឃ​សាដុក​ទៀត​ថា លោក​ជា​អ្នក​មើល​ឆុត ដូច្នេះ ចូរ​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ​ដោយ​សុខ‌សាន្ត​ចុះ នាំ​ទាំង​អ័ហ៊ីម៉ាស កូន​លោក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ទៅ​ជា‌មួយ​ផង ឯ​យើង យើងនឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង ដូច្នេះ សាដុក និង​អ័បៀ‌ថើរ ក៏​សែង​ហឹង​នៃ​ព្រះ​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ក៏​នៅ​ទី​នោះ។ ព្រះបាទ​ដាវីឌ​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ។ មាន​ម្នាក់​ទូល​ព្រះបាទ​ដាវីឌ​ថា អ័ហ៊ី‌ថូផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​ជា‌មួយ​អាប់‌សា‌ឡុម​ដែរ។ នោះ​ព្រះបាទ​ដាវីឌ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ»។ ពេល​ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​ថ្វាយ‌បង្គំ​ព្រះ នោះ​ឃើញ​ហ៊ូសាយ ជា​ពួក​អើគី​ចូល​មក​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «បើ​អ្នក​ទៅ​ជា‌មួយ​យើង អ្នក​នឹងក្លាយ​ជា​បន្ទុក​ដល់​យើង​ហើយ។ ប៉ុន្តែ ប្រសិន‌បើ​អ្នក​ត្រឡប់​ទៅ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់សា‌ឡុម​ថា "បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដល់​បិតា​ទ្រង់​កាល​ពី​ដើម​ដែរ"។ ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​អាច​ឈ្នះ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល​ឲ្យ​យើង​បាន។ នៅ​ទី​នោះ អ្នក​ក៏​មាន​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​នៅ​ជា‌មួយ​ដែរ ការ​អ្វី​ដែល​អ្នក​ឮ​ពី​ក្នុង​ដំណាក់​ស្តេច​មក ចូរ​ប្រាប់​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​ឲ្យ​ដឹង​ផង។ លោក​ទាំង​ពីរ​នោះ​មាន​កូន​ពីរ​នាក់​នៅ​ជា‌មួយ គឺ​អ័ហ៊ីម៉ាស ជា​កូន​សាដុក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ អ្នក​ត្រូវ​ចាត់​មក​ឲ្យ​យើង​ដឹង​ពី​គ្រប់​សេចក្ដី​ដែល​អ្នក​ឮ»។ ដូច្នេះ ហ៊ូ‌សាយ ជា​សម្លាញ់​របស់​ដាវីឌ ក៏​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ ឯ​អាប់សា‌ឡុម​ក៏​យាង​ចូល​មក​ដល់​ក្រុង​យេរូ‌សាឡិម​ដែរ។