២ សាំយូអែល 15:1-6
២ សាំយូអែល 15:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចអំពីនោះមក អាប់សាឡុមចាត់ចែងរទេះ និងសេះ ហើយមនុស្សហាសិបនាក់ សម្រាប់រត់ខាងមុខទ្រង់ ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជម្រះ នោះអាប់សាឡុមហៅអ្នកនោះមកសួរថា៖ «អ្នកមកពីស្រុកណា»។ គេទូលឆ្លើយថា៖ «ទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់ មកពីកុលសម្ព័ន្ធណាមួយក្នុងសាសន៍អ៊ីស្រាអែល» ទើបអាប់សាឡុមមានរាជឱង្ការថា៖ «មើល៍ ដំណើររឿងរបស់អ្នកជាល្អត្រឹមត្រូវហើយ តែស្តេចមិនបានតាំងអ្នកណា ឲ្យស្តាប់រឿងអ្នកទេ»។ អាប់សាឡុមក៏មានរាជឱង្ការថែមទៀតថា៖ «ឱបើយើងបានធ្វើជាចៅហ្វាយនៅក្នុងនគរនេះទៅអេះ នោះអស់អ្នកណាដែលមានរឿងមានក្តីនឹងបានមកឯយើង ហើយយើងនឹងជំនុំជម្រះឲ្យគេតាមយុត្តិធម៌»។ នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ ស្ដេចក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ អាប់សាឡុមតែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជម្រះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកអ៊ីស្រាអែលទាំងឡាយ។
២ សាំយូអែល 15:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមកទៀត សម្ដេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។ សម្ដេចតែងតែតើនឡើងពីព្រលឹម យាងទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅគាល់ស្ដេច សូមស្ដេចរកយុត្តិធម៌ឲ្យ សម្ដេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ទូលបង្គំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។ សម្ដេចអាប់សាឡុមតែងតែពោលថា៖ «មើល៍! សំណុំរឿងរបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែ នៅក្នុងដំណាក់ស្ដេច គ្មាននរណាម្នាក់អើពើនឹងអ្នកទេ»។ សម្ដេចអាប់សាឡុមពោលទៀតថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងលើស្រុកនេះ អស់អ្នកដែលមានរឿង ហើយរត់មករកខ្ញុំឲ្យជំនុំជម្រះក្ដី នោះខ្ញុំនឹងរកយុត្តិធម៌ឲ្យ»។ ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកក្រាបថ្វាយបង្គំ នោះសម្ដេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។ សម្ដេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមករកព្រះរាជាជំនុំជម្រះក្ដី។ សម្ដេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រាអែលតាមរបៀបនេះឯង។
២ សាំយូអែល 15:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអំពីនោះមក អាប់សាឡំមទ្រង់ចាត់ចែងរទេះនឹងសេះ ហើយមនុស្ស៥០នាក់ សំរាប់រត់ខាងមុខទ្រង់ ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជំរះ នោះអាប់សាឡំម ទ្រង់ហៅអ្នកនោះមកសួរថា អ្នកមកពីស្រុកណា គេទូលឆ្លើយថា ទូលបង្គំ ជាអ្នកបំរើនៃទ្រង់ មកពីពូជអំបូរណាមួយក្នុងសាសន៍អ៊ីស្រាអែល ទើបអាប់សាឡំមមានបន្ទូលថា មើល ដំណើររឿងរបស់អ្នកជាល្អត្រឹមត្រូវហើយ តែស្តេចមិនបានតាំងអ្នកណា ឲ្យស្តាប់រឿងអ្នកទេ អាប់សាឡំមក៏មានបន្ទូលថែមទៀតថា ឱបើយើងបានធ្វើជាចៅហ្វាយនៅក្នុងនគរនេះទៅអេះ នោះអស់អ្នកណាដែលមានរឿងមានក្តីនឹងបានមកឯយើង ហើយយើងនឹងជំនុំជំរះឲ្យគេតាមយុត្តិធម៌ នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ នោះទ្រង់ក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ អាប់សាឡំមទ្រង់តែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជំរះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកជនជាតិអ៊ីស្រាអែលទាំងឡាយ។