២ សាំយូអែល 14:15-23
២ សាំយូអែល 14:15-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ដែលខ្ញុំម្ចាស់មកក្រាបទូលពាក្យទាំងនេះ ដល់ព្រះករុណា ជាព្រះអម្ចាស់នោះ គឺព្រោះប្រជាជនបានធ្វើឲ្យខ្ញុំម្ចាស់ភិតភ័យដូច្នេះ ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ បានសម្រេចនឹងមកទូលដល់ព្រះករុណា ដោយស្មានថា ប្រាកដជាទ្រង់នឹងធ្វើសម្រេចតាមពាក្យសំណូមរបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ ជាមិនខាន ដ្បិតមុខជាទ្រង់នឹងស្តាប់តាម ដើម្បីនឹងប្រោសឲ្យអ្នកបម្រើរបស់ទ្រង់រួចពីកណ្ដាប់ដៃនៃមនុស្ស ដែលចង់បំផ្លាញទាំងខ្ញុំម្ចាស់ និងកូនខ្ញុំម្ចាស់ ឲ្យបាត់ពីមត៌កនៃព្រះទៅផង ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណានឹងធ្វើឲ្យខ្ញុំម្ចាស់បានស្ងប់ ដ្បិតព្រះរាជារបស់ខ្ញុំម្ចាស់ ប្រៀបដូចជាទេវតារបស់ព្រះ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ាជាព្រះរបស់ព្រះករុណា ក៏គង់ជាមួយព្រះករុណាដែរ»។ នោះស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «កុំលាក់សេចក្ដីណាដែលយើងសួរនាងឡើយ» នាងទូលតបថា៖ «សូមព្រះករុណាជាម្ចាស់ មានរាជឱង្ការមកចុះ»។ នោះស្តេចមានរាជឱង្ការសួរថា៖ «ឯសេចក្ដីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនាងទេឬ?» ស្ត្រីនោះទូលឆ្លើយថា៖ «ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មរបស់ទ្រង់ ព្រះករុណាជាម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្ដីដែលព្រះករុណាជាម្ចាស់មានរាជឱង្ការនោះឡើយ គឺយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណាហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គផង។ យ៉ូអាប់ជាអ្នកបម្រើរបស់ទ្រង់បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញាដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន»។ រួចពីនោះមក ស្ដេចមានរាជឱង្ការទៅកាន់យ៉ូអាប់ថា៖ «មើល៍ ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡុម ជាកូនប្រុសយើង មកវិញចុះ»។ នោះយ៉ូអាប់ក៏ទម្លាក់ខ្លួន ក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា៖ «បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំជាបាវបម្រើទ្រង់ បានប្រកបដោយព្រះគុណរបស់ទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្ដីសំណូមរបស់ទូលបង្គំ ជាបាវបម្រើទ្រង់»។ ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡុមមកឯក្រុងយេរូសាឡិមវិញ
២ សាំយូអែល 14:15-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ត្របានធ្វើឲ្យខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ស្ដេចប្រហែលជាធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបម្រើរបស់ព្រះករុណា។ ព្រះករុណាមុខជាស្ដាប់ពាក្យខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ និងកូន ពីកណ្ដាប់ដៃរបស់អ្នកដែលចង់បំផ្លាញយើងឲ្យបាត់ពីទឹកដី ជាកេរមត៌ករបស់ព្រះជាម្ចាស់។ ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។ ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «យើងសូមសួរនាងរឿងមួយ ហើយនាងមិនត្រូវលាក់លៀមអ្វីឡើយ»។ ស្ត្រីនោះទូលវិញថា៖ «បពិត្រព្រះករុណា សូមមានរាជឱង្ការមកចុះ!»។ ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកយ៉ូអាប់ឬដែលបានរួមគំនិតជាមួយនាងក្នុងរឿងនេះ?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់សូមស្បថថា នេះពិតដូចព្រះករុណាមានរាជឱង្ការមែន! គឺលោកយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណា បានបង្គាប់ឲ្យខ្ញុំម្ចាស់និយាយពាក្យទាំងអស់នេះ។ លោកធ្វើដូច្នេះ ដើម្បីសម្រួលសភាពការណ៍។ ប៉ុន្តែ ព្រះករុណាជ្រាបអ្វីៗទាំងប៉ុន្មានដែលកើតមាននៅលើផែនដី ដ្បិតទ្រង់មានប្រាជ្ញាដូចទេវតារបស់ព្រះជាម្ចាស់ដែរ»។ ស្ដេចមានរាជឱង្ការទៅលោកយ៉ូអាប់ថា៖ «យើងយល់ព្រមតាមសំណូមពររបស់លោកហើយ ចូរទៅនាំអាប់សាឡុមមកវិញចុះ»។ លោកយ៉ូអាប់ក្រាបថ្វាយបង្គំស្ដេចឱនមុខដល់ដី ហើយអរព្រះគុណថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ថ្ងៃនេះ ទូលបង្គំដឹងថា ព្រះករុណានៅតែប្រណីសន្ដោសទូលបង្គំ ព្រោះស្ដេចបានយល់ព្រមតាមសំណូមពររបស់ទូលបង្គំ»។ លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្ដេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។
២ សាំយូអែល 14:15-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ដែលខ្ញុំម្ចាស់មកក្រាបទូលពាក្យទាំងនេះ ដល់ព្រះករុណា ជាព្រះអម្ចាស់ នោះគឺពីព្រោះបណ្តាជនបានធ្វើឲ្យខ្ញុំម្ចាស់ភិតភ័យដូច្នេះ ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បានសំរេចនឹងមកទូលដល់ព្រះករុណា ដោយស្មានថា ប្រាកដជាទ្រង់នឹងធ្វើសំរេចតាមពាក្យសំណូមរបស់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ ជាមិនខាន ដ្បិតមុខជាទ្រង់នឹងស្តាប់តាម ដើម្បីនឹងប្រោសឲ្យអ្នកបំរើទ្រង់រួចពីកណ្តាប់ដៃនៃមនុស្ស ដែលចង់បំផ្លាញទាំងខ្ញុំម្ចាស់ នឹងកូនខ្ញុំម្ចាស់ឲ្យបាត់ពីមរដកនៃព្រះទៅផង នោះខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បាននឹកថា ព្រះបន្ទូលនៃព្រះករុណាជាព្រះអម្ចាស់នឹងបានស្រួល ពីព្រោះទ្រង់ព្រះករុណាជាព្រះអម្ចាស់ ទ្រង់ដូចជាទេវតានៃព្រះហើយ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏គង់ជាមួយនឹងទ្រង់ដែរ។ នោះស្តេចទ្រង់មានបន្ទូលនឹងស្ត្រីនោះថា កុំឲ្យលាក់អ្វីចំពោះសេចក្ដីនេះដែលយើងសួរនាងឡើយ នាងទូលតបថា សូមទ្រង់ព្រះករុណា ជាព្រះអម្ចាស់ មានបន្ទូលឥឡូវនេះចុះ នោះស្តេចមានបន្ទូលសួរថា ឯសេចក្ដីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនឹងនាងទេឬអី ស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មនៃទ្រង់ព្រះករុណាជាព្រះអម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្ដីដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់ បានមានបន្ទូលនោះឡើយ គឺយ៉ូអាប់ ជាអ្នកបំរើនៃទ្រង់ហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ផង យ៉ូអាប់ជាអ្នកបំរើទ្រង់ បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញា ដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន។ រួចពីនោះមក ស្តេចទ្រង់មានបន្ទូលនឹងយ៉ូអាប់ថា មើល ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ នោះយ៉ូអាប់ក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្ដីសំណូមរបស់ទូលបង្គំ ជាបាវបំរើទ្រង់ ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡំមមកឯក្រុងយេរូសាឡិមវិញ