២ សាំយូអែល 14:1-33

២ សាំយូអែល 14:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រី​ឯ​យ៉ូអាប់​ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​នឹក​រឭក​ដល់​អាប់សា‌ឡុម នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា៖ «សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ រួច​ចូល​ទៅ​គាល់​ស្តេច​ទូល​យ៉ាង​ដូច្នេះ» នោះ​យ៉ូអាប់​ក៏​បង្គាប់​ពាក្យ​ឲ្យ​និយាយ។ កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ​បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទម្លាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ នោះ​ស្តេច​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?» នាង​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះករុណា ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​មេម៉ាយ ប្តី​ខ្ញុំ​ម្ចាស់​បាន​ស្លាប់​ចោល​ទៅ​ហើយ ហើយ​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​កូន​ប្រុស​ពីរ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចម្ការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​មួយ​បាន​វាយ​មួយ​ស្លាប់​ទៅ។ ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់​ដោយ​ថា "ចូរ​ប្រគល់​អា​មួយ​ដែល​សម្លាប់​បង​ខ្លួន​មក​ឲ្យ​យើង​សម្លាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង​ដែល​វា​បាន​សម្លាប់​ចុះ យើង​នឹង​សម្លាប់​ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មត៌ក​នេះ​ទៅ​ផង" ដូច្នេះ គេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្តី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ»។ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស្ត្រី​នោះ​ថា៖ «ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង»។ នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា៖ «ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​អំពើ​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ និង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា និង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ»។ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ»។ រួច​នាង​ទូល​ថា៖ «សូម​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក នឹង​ឈាម​មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សម្លាប់​កូន​របស់​ខ្ញុំ​ម្ចាស់»។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​មួយ​សរ‌សៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ»។ ស្ត្រី​នោះ​ក៏​ទូល​ថា៖ «សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ទូល​មួយ​ម៉ាត់​សិន» រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​និយាយ​មក!» ដូច្នេះ ស្ត្រី​នោះ​ក៏​ទូល​សួរ​ថា៖ «បើ​យ៉ាង​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​ការ​យ៉ាង​នេះ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ? ដ្បិត​ដែល​ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ ទ្រង់​ក៏​ដូច​ជា​អ្នក​មាន​ទោស​ដែរ ព្រោះ​ទ្រង់​មិន​នាំ​អ្នក​ដែល​ទ្រង់​បាន​និរទេស​ទៅ​ឲ្យ​មក​វិញ។ ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី និង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ ឥឡូវ​នេះ ដែល​ខ្ញុំ​ម្ចាស់​មក​ក្រាប​ទូល​ពាក្យ​ទាំង​នេះ ដល់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នោះ គឺ​ព្រោះ​ប្រជាជន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភិត‌ភ័យ​ដូច្នេះ ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​សម្រេច​នឹង​មក​ទូល​ដល់​ព្រះ‌ករុណា ដោយ​ស្មាន​ថា ប្រាកដ​ជា​ទ្រង់​នឹង​ធ្វើ​សម្រេច​តាម​ពាក្យ​សំណូម​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ ជា​មិន​ខាន ដ្បិត​មុខ​ជា​ទ្រង់​នឹង​ស្តាប់​តាម ដើម្បី​នឹង​ប្រោស​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​រួច​ពី​កណ្ដាប់​ដៃ​នៃ​មនុស្ស ដែល​ចង់​បំផ្លាញ​ទាំង​ខ្ញុំ​ម្ចាស់ និង​កូន​ខ្ញុំ​ម្ចាស់ ឲ្យ​បាត់​ពី​មត៌ក​នៃ​ព្រះ​ទៅ​ផង ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ស្ងប់ ដ្បិត​ព្រះ‌រាជា​របស់​ខ្ញុំ​ម្ចាស់ ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ដើម្បី​នឹង​ពិចា‌រណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ព្រះ‌ករុណា ក៏​គង់​ជា‌មួយ​ព្រះករុណា​ដែរ»។ នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «កុំ​លាក់​សេចក្ដី​ណា​ដែល​យើង​សួរ​នាង​ឡើយ» នាង​ទូល​តប​ថា៖ «សូម​ព្រះ‌ករុណា​ជា​ម្ចាស់ មាន​រាជ‌ឱង្ការ​មក​ចុះ»។ នោះ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា‌មួយ​នាង​ទេ​ឬ?» ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​របស់​ទ្រង់ ព្រះ‌ករុណា​ជា​ម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌ករុណា​ជា​ម្ចាស់​មាន​រាជ‌ឱង្ការ​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះករុណា​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។ យ៉ូអាប់​ជា​អ្នក​បម្រើ​របស់​ទ្រង់​បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា​ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន»។ រួច​ពី​នោះ​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​យ៉ូអាប់​ថា៖ «មើល៍ ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះ ចូរ​ទៅ​នាំ​អាប់សា‌ឡុម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ»។ នោះ​យ៉ូអាប់​ក៏​ទម្លាក់​ខ្លួន ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់»។ ដូច្នេះ យ៉ូអាប់​ក៏​រៀបចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់សា‌ឡុម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ តែ​ស្តេច​មាន​រាជ‌ឱង្ការ​ប្រាប់​ថា៖ «ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំ​នៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​យើង​ឡើយ»។ ដូច្នេះ អាប់សា‌ឡុម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ ឥត​បាន​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ទេ។ រី​ឯ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់សា‌ឡុម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ ដ្បិត​ចាប់​តាំង​ពី​ផ្ទៃ​ព្រះ‌បាទ រហូត​ដល់​កំពូល​ព្រះ‌សិរ​ទ្រង់ នោះ​ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ រី​ឯ​ព្រះ‌កេសា លុះ​ដល់​ចុង​ឆ្នាំ ទ្រង់​ក៏​កាត់​ចេញ ព្រោះ​ធ្ងន់​ណាស់​ដល់​ទ្រង់ ហេតុ​នោះ​បាន​ជា​រាល់​តែ​ឆ្នាំ ទ្រង់​តែង​កាត់​ចេញ ហើយ​តាម​តម្លឹង​ហ្លួង ឃើញ​មាន​ទម្ងន់​ពីររយ​សេកែល។ អាប់សា‌ឡុម​បង្កើត​បាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ នាម​នាង​តាម៉ារ នាង​នោះ​ជា​ស្ត្រី​មាន​រូប​ល្អ​ស្រស់។ អាប់សា‌ឡុម​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ពេញ​ពីរ​ឆ្នាំ ឥត​ដែល​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ឡើយ រួច​មក​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ូអាប់​មក ដើម្បី​ឲ្យ​លោក​ទៅ​គាល់​ស្តេច តែ​លោក​មិន​ព្រម​មក​ទេ ទ្រង់​ក៏​ចាត់​គេ​ទៅ​ម្តង​ទៀត តែ​លោក​មិន​ព្រម​មក​សោះ​ឡើយ ហេតុ​នោះ​បាន​ជា​អាប់សា‌ឡុម​បង្គាប់​ដល់​ពួក​បាវ​បម្រើ​ទ្រង់​ថា៖ «មើល​ន៏ ស្រែ​របស់​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង មាន​ទាំង​ស្រូវ​ឱក​ផង ចូរ​ដុត​ចោល​ទៅ»។ ពួក​បាវ​បម្រើ​របស់​ទ្រង់​ក៏​ទៅ​ដុត​ស្រែ​នោះ ដូច្នេះ យ៉ូអាប់​ក៏​ក្រោក​ឡើង ចូល​ទៅ​ឯ​អាប់សា‌ឡុម នៅ​ក្នុង​លំ‌នៅ​ទ្រង់ សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​បាវ​របស់​ព្រះ‌អង្គ​បាន​ដុត​ស្រែ​របស់​ទូល‌បង្គំ​ដូច្នេះ?»។ អាប់សា‌ឡុម​ទ្រង់​ឆ្លើយ​ថា៖ «មើល៍ យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ទៅ​ទូល​សួរ​ស្តេច​ថា "ដែល​ទូល‌បង្គំ​មក​ពី​ស្រុក​កេស៊ូរី នោះ​តើ​មាន​ប្រ‌យោជន៍​អ្វី ស៊ូ​ឲ្យ​ទូល‌បង្គំ​បាន​នៅ​ទី​នោះ​ល្អ​ជាង" ដូច្នេះ ឲ្យ​យើង​ទៅ​គាល់​ស្តេច​ឥឡូវ បើ​យើង​មាន​ទោស​ខុស​អ្វី នោះ​សូម​ឲ្យ​ទ្រង់​សម្លាប់​យើង​ខ្ញុំ»។ យ៉ូអាប់​ក៏​ចូល​ទៅ​ទូល​ដល់​ស្តេច រួច​កាល​លោក​បាន​ហៅ​អាប់សា‌ឡុម​មក ទ្រង់​ក៏​ចូល​ទៅ​គាល់​ស្តេច ឱន​អង្គ ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី នៅ​ចំពោះ​ទ្រង់ រួច​ស្ដេច​ក៏​ថើប​អាប់សា‌ឡុម។

២ សាំយូអែល 14:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា សង្កេត​ឃើញ​ថា ស្ដេច​មាន​ព្រះ‌ហឫទ័យ​នឹក​រឭក​ដល់​សម្ដេច​អាប់‌សាឡុម លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភូមិ​តេកូ‌អា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។ បន្ទាប់​មក នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​តាម​ពាក្យ​ខ្ញុំ​បង្គាប់»។ លោក​យ៉ូអាប់​បាន​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​នាង​ត្រូវ​និយាយ។ ដូច្នេះ ស្ត្រី​អ្នក​ភូមិ​តេកូ‌អា​នោះ​ក៏​ចូល​ទៅ​គាល់​ស្ដេច។ នាង​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ដោយ​ឱន​មុខ​ដល់​ដី ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ខ្ញុំ​ម្ចាស់​ជា​ស្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ចោល! ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​ពីរ​នាក់ ពួក​វា​ឈ្លោះ​ប្រកែក​គ្នា​នៅ​ឯ​ស្រែ ហើយ​ម្នាក់​បាន​វាយ​ម្នាក់​ទៀត​ស្លាប់ ព្រោះ​គ្មាន​នរណា​ឃាត់​គេ​ទាំង​ពីរ​ឡើយ។ ឥឡូវ​នេះ ញាតិ‌សន្ដាន​របស់​ខ្ញុំ​ម្ចាស់ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ម្ចាស់។ ពួក​គេ​ពោល​ថា “ចូរ​ប្រគល់​ឃាតករ​មក​ឲ្យ​យើង យើង​នឹង​សម្លាប់​វា ដើម្បី​សង‌សឹក​ជំនួស​បងប្អូន​របស់​វា​ដែល​ស្លាប់​នោះ ហើយ​យើង​ក៏​ចង់​បំផ្លាញ​ពូជ‌ពង្ស​របស់​វា​ផង​ដែរ”។ ពួក​គេ​ចង់​បំផ្លាញ​ក្ដី​សង្ឃឹម​ដែល​ខ្ញុំ​ម្ចាស់​មាន​សេស‌សល់ ហើយ​មិន​ចង់​ទុក​ឲ្យ​វង្ស​ត្រកូល​ប្ដី​របស់​ខ្ញុំ​ម្ចាស់​មាន​កូន​ចៅ បន្ត​ពូជ‌ពង្ស​នៅ​លើ​ផែនដី​នេះ​ឡើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ចូរ​វិល​ទៅ​ផ្ទះ​វិញ​ចុះ យើង​នឹង​បង្គាប់​គេ​ឲ្យ​សម្រួល​រឿង​នេះ»។ ស្ត្រី​នោះ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ទោះ​បី​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ក្នុង​រឿង​នេះ​ក៏​ដោយ ខ្ញុំ​ម្ចាស់ និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​ឲ្យ​កំហុស​នេះ​ធ្លាក់​លើ​ព្រះ‌ករុណា ឬ​រាជ​បល្ល័ង្ក​ឡើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្ដី​បន្ទោស​នាង ចូរ​នាំ​គេ​មក​ជួប​យើង គេ​មុខ​ជា​មិន​ហ៊ាន​រក​រឿង​នាង​ទៀត​ទេ»។ នាង​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​មេត្តា​សន្យា​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ត្រូវ​សង‌សឹកជំនួស​កូន​ប្រុស​ខ្ញុំ​ម្ចាស់ ដែល​ស្លាប់​ទៅ​ហើយ ហ៊ាន​សម្លាប់​កូន​ប្រុស​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នោះ​ថែម​ទៀត​ឡើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា: យើង​មិន​ឲ្យ​សក់​មួយ​សរសៃ​របស់​កូន​ប្រុស​នាង​ជ្រុះ​ដល់​ដី​ឡើយ»។ នាង​នោះ​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ថែម​មួយ​ម៉ាត់​ទៀត»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​និយាយ​មក!»។ នាង​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ផ្ទាល់​ក៏​មាន​គំនិត​ដូច្នេះ​ដែរ គឺ​ទាស់​នឹង​ផល​ប្រយោជន៍​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ជាម្ចាស់? រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​អម្បាញ់‌មិញ​នេះ​ពិត​ជា​ដាក់​ទោស​ព្រះ‌ករុណា​ដែរ ព្រោះ​ព្រះ‌ករុណា​មិន​បាន​ត្រាស់​ហៅ​សម្ដេច​អាប់‌សាឡុម ដែល​ស្ដេច​កាត់‌កាល់​នោះ​ឲ្យ​វិល​ត្រឡប់​មក​វិញ​ទេ។ មនុស្ស​យើង​តែងតែ​ស្លាប់​ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន គឺ​យើង​ប្រៀប​ដូច​ជា​ទឹក​ដែល​គេ​ចាក់​លើ​ដី​ហើយ ពុំ​អាច​ប្រមូល​វិញ​បាន​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​នាំ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ឲ្យ​វិល​មក​វិញ​ទេ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​រៀបចំ​គម្រោង‌ការ ដើម្បី​ឲ្យ​សម្ដេច​អាប់‌សាឡុម​ដែល​ត្រូវ​និរទេស​ឆ្ងាយ​ពី​ព្រះអង្គ​នោះ វិល​ត្រឡប់​មក​វិញ។ ខ្ញុំ​ម្ចាស់​មក​ទូល​រឿង​នេះ​ថ្វាយ​ព្រះ‌ករុណា​ហើយ ព្រោះ​ប្រជា‌រាស្ត្រ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភ័យ​បារម្ភ។ ខ្ញុំ​ម្ចាស់​នឹក​ថា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​មក​ទូល​ព្រះ‌ករុណា ស្ដេច​ប្រហែល​ជា​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា។ ព្រះ‌ករុណា​មុខ​ជា​ស្ដាប់​ពាក្យ​ខ្ញុំ​ម្ចាស់ ហើយ​រំដោះ​ខ្ញុំ​ម្ចាស់ និង​កូន ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ចង់​បំផ្លាញ​យើង​ឲ្យ​បាត់​ពី​ទឹក​ដី ជា​កេរ‌មត៌ក​របស់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ព្រះ‌ករុណា​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌ករុណា​ស្គាល់​ល្អ ស្គាល់​អាក្រក់។ សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​គង់​ជា​មួយ​ព្រះ‌ករុណា!»។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «យើង​សូម​សួរ​នាង​រឿង​មួយ ហើយ​នាង​មិន​ត្រូវ​លាក់‌លៀម​អ្វី​ឡើយ»។ ស្ត្រី​នោះ​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​មាន​រាជ‌ឱង្ការ​មក​ចុះ!»។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ខ្ញុំ​ម្ចាស់​សូម​ស្បថ​ថា នេះ​ពិត​ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា បាន​បង្គាប់​ឲ្យ​ខ្ញុំ​ម្ចាស់​និយាយ​ពាក្យ​ទាំង​អស់​នេះ។ លោក​ធ្វើ​ដូច្នេះ ដើម្បី​សម្រួល​សភាព​ការណ៍។ ប៉ុន្តែ ព្រះ‌ករុណា​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​ដូច​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ដែរ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូអាប់​ថា៖ «យើង​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ហើយ ចូរ​ទៅ​នាំ​អាប់‌សាឡុម​មក​វិញ​ចុះ»។ លោក​យ៉ូអាប់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​ឱន​មុខ​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះ‌ករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។ លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួ‌រី ហើយ​នាំ​សម្ដេច​អាប់‌សាឡុម វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទេ។ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​រូប​សម្បត្តិ​ល្អ​ស្អាត គួរ​ជា​ទី​គយ‌គន់​ដូច​សម្ដេច​អាប់‌សាឡុម​ទេ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។ រៀង​រាល់​ឆ្នាំ សម្ដេច​អាប់‌សាឡុម​តែងតែ​កាត់​សក់​នៅ​ពេល​ចុង​ឆ្នាំ ព្រោះ​សក់​នោះ​ធ្ងន់​ពេក។ គេ​ថ្លឹង​សក់​នោះ​ឃើញ​មាន​ទម្ងន់​ជាង​ពីរ​គីឡូ​ក្រាម តាម​របៀប​ថ្លឹង​របស់​ស្ដេច។ សម្ដេច​អាប់‌សាឡុម​មាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ។ បុត្រី​នោះ​មាន​នាម តាម៉ារ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។ សម្ដេច​អាប់‌សាឡុម​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ពីរ​ឆ្នាំ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា​ទេ។ ថ្ងៃ​មួយ សម្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ូអាប់​មក ដើម្បី​នាំ​សម្ដេច​ចូល​ទៅ​គាល់​ព្រះ‌រាជា ប៉ុន្តែ លោក​យ៉ូអាប់​មិន​ព្រម​មក​ទេ។ សម្ដេច​អាប់‌សាឡុម​ចាត់​គេ​ឲ្យ​ទៅ​ជា​លើក​ទី​ពីរ តែ​លោក​យ៉ូអាប់​នៅ​តែ​មិន​ព្រម​ដដែល។ ហេតុ​នេះ សម្ដេច​អាប់‌សាឡុម​បង្គាប់​ពួក​អ្នក​បម្រើ​ថា៖ «មើល៍! ស្រែ​លោក​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង ចូរ​ដុត​ចោល​ទៅ!»។ អ្នក​បម្រើ​នាំ​គ្នា​ដុត​ស្រែ​របស់​លោក​យ៉ូអាប់។ ដូច្នេះ លោក​យ៉ូអាប់​ក៏​អញ្ជើញ​ទៅ​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​បម្រើ​របស់​សម្ដេច​ដុត​ស្រែ​របស់​ទូលបង្គំ​ចោល?»។ សម្ដេច​អាប់‌សាឡុម​ឆ្លើយ​ថា៖ «ពី‌ព្រោះ​ខ្ញុំ​សូម​ឲ្យ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​ឲ្យ​លោក​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហៅ​ខ្ញុំ​ឲ្យ​វិល​មក​ពី​ស្រុក​កេស៊ួ‌រី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​គាល់​ស្ដេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ទ្រង់​សម្លាប់​ខ្ញុំ​ចុះ!»។ លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្ដេច​អាប់‌សាឡុម​ទៅ​ទូល​ព្រះ‌រាជា។ ព្រះ‌រាជា​ត្រាស់​ហៅ​សម្ដេច​អាប់‌សាឡុម សម្ដេច​ក៏​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី រួច​ព្រះ‌រាជា​ក៏​ឱប​សម្ដេច​អាប់‌សាឡុម។

២ សាំយូអែល 14:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ទ័យ​នឹក​រឭកដល់​អាប់‌សា‌ឡំម នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ រួច​ចូល​ទៅ​គាល់​ស្តេច​ទូល​យ៉ាង​ដូច្នេះ នោះ​យ៉ូអាប់​ក៏​បង្គាប់​ពាក្យ​ឲ្យ​និយាយ។ កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង នោះ​ស្តេច​ទ្រង់​សួរ​ថា តើ​វា​ថ្វី នាង​ទូល​ឆ្លើយ​ថា ឱ​ហ្ន៎​ព្រះ‌អង្គ​អើយ ខ្ញុំ​ម្ចាស់​នេះ​ជា​ស្រី​មេម៉ាយ ប្ដី​បាន​ស្លាប់​ចោល​ទៅ​ហើយ ហើយ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ មាន​កូន​ប្រុស​២ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចំការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​១​បាន​វាយ​១​ស្លាប់​ទៅ ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ដោយ​ថា ចូរ​ប្រគល់​អា​១​ដែល​សំឡាប់​បង​ខ្លួន​មក​ឲ្យ​យើង​សំឡាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង ដែល​វា​បាន​សំឡាប់​ចុះ យើង​នឹង​សំឡាប់ ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មរដក​នេះ​ទៅ​ផង ដូច្នេះគេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្ដី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ។ ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​ស្ត្រី​នោះ​ថា ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា ឱ​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​សេចក្ដី​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ នឹង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា នឹង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ ស្តេច​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ រួច​នាង​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹកនឹង​ឈាម មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សំឡាប់​កូន​របស់​ខ្ញុំ​ម្ចាស់ នោះ​ទ្រង់​មាន​បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ។ ស្ត្រី​នោះ​ក៏​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​ទូល​១​ម៉ាត់​សិន រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​និយាយ​ចុះ ដូច្នេះស្ត្រី​នោះ​ក៏​ទូល​សួរ​ថា បើ​យ៉ាង​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​ការ​យ៉ាង​នេះ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​វិញ ដ្បិត​ដែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ នោះ​ទ្រង់​ក៏​ដូច​ជា​អ្នក​មាន​ទោស​ដែរ ដោយ​ព្រោះ​ទ្រង់​មិន​នាំ​អ្នក​ដែល​ទ្រង់​បាន​និរទេស​ទៅ​ឲ្យ​មក​វិញ ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី នឹង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ ឥឡូវ​នេះ ដែល​ខ្ញុំ​ម្ចាស់​មក​ក្រាប​ទូល​ពាក្យ​ទាំង​នេះ ដល់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ នោះ​គឺ​ពី​ព្រោះ​បណ្តាជន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភិត‌ភ័យ​ដូច្នេះ ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​សំរេច​នឹង​មក​ទូល​ដល់​ព្រះ‌ករុណា ដោយ​ស្មាន​ថា ប្រាកដ​ជា​ទ្រង់​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​សំណូម​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ ជា​មិន​ខាន ដ្បិត​មុខ​ជា​ទ្រង់​នឹង​ស្តាប់​តាម ដើម្បី​នឹង​ប្រោស​ឲ្យ​អ្នក​បំរើ​ទ្រង់​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស ដែល​ចង់​បំផ្លាញ​ទាំង​ខ្ញុំ​ម្ចាស់ នឹង​កូន​ខ្ញុំ​ម្ចាស់ឲ្យ​បាត់​ពី​មរដក​នៃ​ព្រះ​ទៅ​ផង នោះ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​នឹក​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នឹង​បាន​ស្រួល ពី​ព្រោះ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដើម្បី​នឹង​ពិចារណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ។ នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នោះ​ថា កុំ​ឲ្យ​លាក់​អ្វី​ចំពោះ​សេចក្ដី​នេះ​ដែល​យើង​សួរ​នាង​ឡើយ នាង​ទូល​តប​ថា សូម​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ មាន​បន្ទូល​ឥឡូវ​នេះ​ចុះ នោះ​ស្តេច​មាន​បន្ទូល​សួរ​ថា ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា​មួយ​នឹង​នាង​ទេ​ឬ​អី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​នៃ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​បន្ទូល​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បំរើ​នៃ​ទ្រង់​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ផង យ៉ូអាប់​ជា​អ្នក​បំរើ​ទ្រង់ បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន។ រួច​ពី​នោះ​មក ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូអាប់​ថា មើល ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះចូរ​ទៅ​នាំ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ នោះ​យ៉ូអាប់​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ដូច្នេះ យ៉ូអាប់​ក៏​រៀបចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់‌សា‌ឡំម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ តែ​ស្តេច​មាន​បន្ទូល​ប្រាប់​ថា ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំនៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​អញ​ឡើយ ដូច្នេះ អាប់‌សា‌ឡំម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញទៅ ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្តេច​ទេ។ រីឯ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់‌សា‌ឡំម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ ដ្បិត​ចាប់​តាំង​ពី​ផ្ទៃ​ព្រះ‌បាទ រហូត​ដល់​កំពូល​ព្រះ‌សិរ​ទ្រង់ នោះ​ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ រីឯ​ព្រះ‌កេសា លុះ​ដល់​ចុង​ឆ្នាំ ទ្រង់​ក៏​កាត់​ចេញ ពី​ព្រោះ​ធ្ងន់​ណាស់​ដល់​ទ្រង់ ហេតុ​នោះ​បាន​ជា​រាល់​តែ​ឆ្នាំ ទ្រង់​តែង​កាត់​ចេញ ហើយ​តាម​ដំឡឹង​ហ្លួង ឃើញ​មាន​ទំងន់​២០០​ដំឡឹង អាប់‌សា‌ឡំម​បង្កើត​បាន​បុត្រា​៣​អង្គ នឹង​បុត្រី​១​អង្គ នាម​នាង​តាម៉ារ នាង​នោះ​ជា​ស្ត្រី​មាន​រូប​ល្អ​ស្រស់។ អាប់‌សា‌ឡំម ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ពេញ​២​ឆ្នាំ ឥត​ដែល​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្តេច​ឡើយ រួច​មកទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ូអាប់​មក ដើម្បី​ឲ្យ​លោក​ទៅ​គាល់​ស្តេច តែ​លោក​មិន​ព្រម​មក​ទេ ទ្រង់​ក៏​ចាត់​គេ​ទៅ​ម្តង​ទៀត តែ​លោក​មិន​ព្រម​មក​សោះ​ឡើយ ហេតុ​នោះ​បាន​ជា​អាប់‌សា‌ឡំម​បង្គាប់​ដល់​ពួក​បាវ​បំរើ​ទ្រង់​ថា មើល​ន៏ ស្រែ​របស់​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង មាន​ទាំង​ស្រូវ​ឱក​ផង ចូរ​ដុត​ចោល​ទៅ ពួក​បាវ​បំរើ​របស់​ទ្រង់​ក៏​ទៅ​ដុត​ស្រែ​នោះ ដូច្នេះយ៉ូអាប់​ក៏​ក្រោក​ឡើង ចូល​ទៅ​ឯ​អាប់‌សា‌ឡំម នៅ​ក្នុង​លំនៅ​ទ្រង់ សួរ​ថា ហេតុ​អ្វី​បាន​ជា​បាវ​របស់​ទ្រង់​បាន​ដុត​ស្រែ​របស់​ទូលបង្គំ​ដូច្នេះ អាប់‌សា‌ឡំម​ទ្រង់​ឆ្លើយ​ថា មើល យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ទៅ​ទូល​សួរ​ស្តេច​ថា ដែល​ទូលបង្គំ​មក​ពី​ស្រុក​កេស៊ូរី នោះ​តើ​មាន​ប្រយោជន៍​អ្វី ស៊ូ​ឲ្យ​ទូលបង្គំ​បាន​នៅ​ទី​នោះ​ល្អ​ជាង ដូច្នេះ ឲ្យ​យើង​ទៅ​គាល់​ស្តេច​ឥឡូវ បើ​យើង​មាន​ទោស​ខុស​អ្វី នោះ​សូម​ឲ្យ​ទ្រង់​សំឡាប់​យើង​ចុះ យ៉ូអាប់​ក៏​ចូល​ទៅ​ទូល​ដល់​ស្តេច រួច​កាល​លោក​បាន​ហៅ​អាប់‌សា‌ឡំម​មក នោះ​ទ្រង់​ក៏​ចូល​ទៅ​គាល់​ស្តេច ឱន​ព្រះ‌អង្គ​ក្រាប​ព្រះ‌ភ័ក្ត្រ​ចុះ​ដល់​ដី នៅ​ចំពោះ​ទ្រង់ រួច​ស្តេច​ទ្រង់​ក៏​ថើប​អាប់‌សា‌ឡំម។