២ សាំយូអែល 13:30-34
២ សាំយូអែល 13:30-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលបុត្រាស្តេចទាំងនោះ កំពុងតែយាងមកតាមផ្លូវ នោះដំណឹងក៏ឮទៅដល់ដាវីឌថា អាប់សាឡុមបានសម្លាប់បុត្រព្រះករុណាទាំងអស់ហើយ គ្មានសល់មួយឡើយ នោះស្ដេចក៏ក្រោកឡើងហែកព្រះពស្ត្រ រួចផ្ទំនៅដី ឯពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ក៏ឈរនៅជិត ទាំងមានអាវរហែកដែរ តែយ៉ូណាដាប ជាបុត្រាសាំម៉ាជេដ្ឋាដាវីឌ ទូលឡើងថា «បពិត្រព្រះករុណា សូមទ្រង់កុំមានព្រះហឫទ័យស្មានថា គេបានធ្វើគុតពួកព្រះរាជបុត្រទាំងអស់នៃព្រះករុណាឡើយ សុគតតែអាំណូនប៉ុណ្ណោះទេ ដ្បិតការនោះបានគិតជាស្រេច តាមបង្គាប់នៃអាប់សាឡុម តាំងពីថ្ងៃដែលអាំណូនបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាមក ដូច្នេះ សូមកុំឲ្យទ្រង់ព្រះករុណាជាម្ចាស់នៃទូលបង្គំ មានព្រះហឫទ័យព្រួយពេក ដោយស្មានថា ពួកព្រះរាជបុត្រាបានសុគតទាំងអស់នោះឡើយ ដ្បិតសុគតតែអាំណូនប៉ុណ្ណោះ»។ អាប់សាឡុមក៏រត់បាត់ទៅ។ រីឯយុវជនដែលចាំយាម បានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំ នៅខាងក្រោយគាត់។
២ សាំយូអែល 13:30-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុត្រទាំងនោះកំពុងតែយាងមកតាមផ្លូវ ព្រះបាទដាវីឌទទួលដំណឹងថា សម្ដេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្ដេច គ្មានសល់មួយអង្គណាសោះឡើយ។ ពេលនោះ ព្រះរាជាហែកសម្លៀកបំពាក់ ហើយផ្ទំផ្ទាល់នឹងដី។ មន្ត្រីទាំងអស់នាំគ្នាឈរជុំវិញស្ដេច ទាំងហែកសម្លៀកបំពាក់ដែរ។ ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ ទូលស្ដេចថា៖ «បពិត្រព្រះករុណា សូមកុំនឹកស្មានថាគេធ្វើគុតបុត្រាទាំងអស់របស់ព្រះករុណាឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត ដ្បិតសម្ដេចអាប់សាឡុមបានសម្រេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្ដេចអាំណូនបានរំលោភលើរូបព្រះនាងតាម៉ារ ជាប្អូនស្រីម៉្លេះ។ ហេតុនេះ សូមព្រះករុណាកុំនឹកស្មានថា បុត្រារបស់ព្រះករុណាត្រូវសុគតអស់នោះឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត»។ សម្ដេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។
២ សាំយូអែល 13:30-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបុត្រាស្តេចទាំងនោះ កំពុងតែយាងមកតាមផ្លូវ នោះដំណឹងក៏ឮទៅដល់ដាវីឌថា អាប់សាឡំមបានសំឡាប់បុត្រទ្រង់ព្រះករុណាទាំងអស់ហើយ គ្មានសល់១ឡើយ នោះស្តេចទ្រង់ក៏ក្រោកឡើងហែកព្រះពស្ត្រ រួចផ្ទំនៅដី ឯពួកមហាតលិកទ្រង់ទាំងប៉ុន្មានក៏ឈរនៅជិត ទាំងមានអាវរហែកដែរ តែយ៉ូណាដាប ជាបុត្រាសាំម៉ាជេដ្ឋាដាវីឌ ទូលឡើងថា បពិត្រព្រះករុណា សូមទ្រង់កុំមានព្រះទ័យស្មានថា គេបានធ្វើគុតពួកព្រះរាជបុត្រទាំងអស់នៃព្រះករុណាឡើយ សុគតតែអាំណូនប៉ុណ្ណោះទេ ដ្បិតការនោះបានគិតជាស្រេច តាមបង្គាប់នៃអាប់សាឡំម តាំងពីថ្ងៃដែលអាំណូនបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាមក ដូច្នេះ សូមកុំឲ្យទ្រង់ព្រះករុណា ជាម្ចាស់នៃទូលបង្គំមានព្រះទ័យព្រួយពេក ដោយស្មានថា ពួកព្រះរាជបុត្រាបានសុគតទាំងអស់នោះឡើយ ដ្បិតសុគតតែអាំណូនប៉ុណ្ណោះទេ ឯអាប់សាឡំមទ្រង់រត់បាត់ទៅ។ រីឯទាហានដែលចាំយាម គេបានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំខាងក្រោយខ្លួន