២ សាំយូអែល 13:1-39

២ សាំយូអែល 13:1-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច្នេះ គឺ​អាប់សា‌ឡុម បុត្រា​ដាវីឌ​មាន​កនិដ្ឋា​មួយ​អង្គ មាន​រូប​ស្រស់​ល្អ​ណាស់ គឺ​នាង​តាម៉ារ ហើយ​អាំណូន ជា​បុត្រា​ដាវីឌ មាន​ព្រះ‌ឫ‌ទ័យ​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​រូប​នាង។ អាំណូន​រំជួល​ចិត្ត​ស្រឡាញ់​នាង​តាម៉ារ​ជា​កនិដ្ឋា​យ៉ាង​ខ្លាំង រហូត​ធ្លាក់​ខ្លួន​ឈឺ ទ្រង់​នឹក​ឃើញ​ថា ពិបាក​ធ្វើ​អ្វី​ដល់​នាង​ណាស់ ព្រោះ​នាង​នៅ​បរិសុទ្ធ។ ប៉ុន្តែ អាំណូន​មាន​មិត្ត​ម្នាក់ ឈ្មោះ​យ៉ូ‌ណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ព្រះបាទ​ដាវីឌ ជា​មនុស្ស​ឈ្លាស​វៃ​ណាស់។ អ្នក​នោះ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង ដែល​ជា​កូន​ស្តេច រស់​នៅ​ស្គាំង‌ស្គម​រាល់​តែ​ថ្ងៃ​ដូច្នេះ? សូម​ប្រាប់​ឲ្យ​យើង​ដឹង​ផង» អាំណូន​ប្រាប់​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​នាង​តាម៉ារ ជា​ប្អូន​អាប់សា‌ឡុម បង​ខ្ញុំ​ណាស់»។ រួច​យ៉ូ‌ណា‌ដាប​ប្រាប់​ថា៖ «ដូច្នេះ ចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ត្រូវ​ទូល​ថា "សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​ឃើញ ហើយ​បាន​ទទួល​ពី​ដៃ​នាង​មក​បរិ‌ភោគ​បន្តិច"»។ ដូច្នេះ អាំណូន​ក៏​ដេក ហើយ​ក្លែង​ធ្វើ​ជាឈឺ ពេល​ស្តេច​បាន​យាង​មក​សួរ អាំណូន​ទូល​ថា៖ «សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​ធ្វើ​នំ​ពីរ​នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បានបរិភោគ​ពី​ដៃ​នាង»។ ព្រះបាទ​ដាវីឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ដំណាក់ ប្រាប់​នាង​តាម៉ារ​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​បង​របស់​ឯង ហើយ​រៀប​ចំ ម្ហូប​ឲ្យបង​បរិភោគ​ផង»។ ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន ដែល​កំពុង​ផ្ទំ។ នាង​ក៏​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខបង។ រួច​លើក​ខ្ទះ​មក​ចាក់​នំ​នោះ​នៅនឹង​មុខ ប៉ុន្តែ ទ្រង់​មិន​បរិ‌ភោគ​ទេ ហើយ​បង្គាប់​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​យើង​ទៅ» ដូច្នេះ គ្រប់​គ្នា​ក៏​ចេញ​ទៅ​ក្រៅ។ បន្ទាប់​មក អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា៖ «សូម​យក​នំ​មក​ក្នុង​បន្ទប់ ដើម្បី​យើង​បរិ‌ភោគ​ពី​ដៃ​ឯង»។ ព្រះ​នាង​ក៏​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឲ្យ​អាំណូន​ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់។ ប៉ុន្តែ ពេល​នាង​ទៅ​ជិត ដើម្បី​ថ្វាយ​នំ​ឲ្យ​សោយ ទ្រង់​ក៏​ចាប់​នាង​ដោយ​ពាក្យ​ថា៖ «ប្អូន​អើយ ចូរ​មក​ដេក​ជា‌មួយ​យើង»។ នាង​ប្រកែក​ថា៖ «ទេ បង​អើយ កុំ​ធ្វើ​បាប​ខ្ញុំអី ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រា‌អែល​ខ្លាំង​ណាស់ សូម​កុំ​ប្រព្រឹត្ត​អា‌ក្រក់​យ៉ាង​នេះ។ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​សេចក្ដី​ខ្មាស​ទៅ​ទុក​ឯ​ណា? ហើយ​ចំណែក​បង​វិញ នោះ​គេ​នឹងចាត់ទុក​បង​ថា​ជា​មនុស្ស​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រា‌អែល។ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក ដែល​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ»។ ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​ជា​មួយ​នាង ដោយ​ទ្រង់​មាន​កម្លាំង​ខ្លាំង​ជាង។ បន្ទាប់​មក អាំណូន​មានចិត្ត​ណាយ ហើយ​ស្អប់​នាង​យ៉ាង​ខ្លាំង គឺ​ស្អប់​ខ្ពើម​នាង​ខ្លាំង​លើស​ជាង​សេចក្ដី​ស្រឡាញ់​ដល់​នាង​ពី​មុន​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ»។ ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «ទេ បង ដ្បិត​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ អា‌ក្រក់​ជាង​ការ​ដែល​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត»។ ប៉ុន្តែ ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ។ អាំណូន​ក៏​ហៅ​ក្មេង​បម្រើ​ម្នាក់​មក​ប្រាប់​ថា៖ «ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​ខ្ទាស់​ទ្វារឲ្យ​ជិត»។ ដូច្នេះ អ្នក​បម្រើ​ក៏​នាំ​នាង​ទៅ​ក្រៅ ហើយ​បិទ​ទ្វារ​ជិត។ ឯ​នាង​តាម៉ារ ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច​ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ។ នាង​តាម៉ារ​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ព្រះ‌កន្សែង​ជា​ខ្លាំង។ អាប់សា‌ឡុម​ជា​ជេដ្ឋា​ក៏​សួរ​ថា៖ «តើ​អាំណូន​បង​ឯង ធ្វើ​បាប​ឯង​ឬ? ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន ដ្បិត​ជា​បង​ឯង​ទេ កុំមាន​ចិត្ត​ព្រួយ​ពី​ការ​នេះ​ឡើយ»។ ដូច្នេះ នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់សា‌ឡុម​ជា​ជេដ្ឋា។ ពេល​ស្ដេច​ដាវីឌ​បាន​ឮ​និយាយ​ពី​រឿង​ទាំង​នោះ ទ្រង់​ពិរោធ​យ៉ាង​ខ្លាំង ។ ប៉ុន្តែ អាប់សា‌ឡុម​មិន​បាន​មាន​រាជ‌ឱង្ការ​អ្វី​នឹង​អាំណូន ទោះ​ល្អ ឬ​អា‌ក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា។ ពីរ​ឆ្នាំ​ក្រោយ​មក មាន​ពួក​ជាង​មក​កាត់​រោម​ចៀម​របស់​អាប់សា‌ឡុម នៅ​ត្រង់​បាល-ហាសោរ ដែល​នៅ​ជិត​ដែន​អេប្រាអិម ហើយ​អាប់សា‌ឡុម​ក៏​អញ្ជើញ​ពួក​បុត្រា​ស្តេច​ទាំង​អស់​មក ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះ សូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា‌មួយ​ទូល‌បង្គំ» តែ​ស្ដេច​មាន​រាជ‌ឱង្ការ​តប​ទៅ​អាប់សា‌ឡុម​ថា៖ «ទេ កូន​អើយ យើង​មិន​ត្រូវ​ទៅ​ទាំង​អស់​គ្នា​ទេ ក្រែង​ជា​បន្ទុក​ធ្ងន់​ដល់​ឯង​ពេក»។ អាប់សា‌ឡុម​ក៏​ទូល​បង្ខំ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ទៅ​ទេ គឺ​បែរ​ជា​ប្រទាន​ពរ​ឲ្យ​វិញ នោះ​អាប់សា‌ឡុម​ទូល​ថា៖ «បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូល‌បង្គំ​ទៅ​ជា‌មួយ​ចុះ» តែ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចង់​ឲ្យ​វា​ទៅ​ជា‌មួយ​ឯង​ធ្វើ​អី»។ ប៉ុន្តែ ដោយ​អាប់សា‌ឡុម​ចេះ​តែ​បង្ខំ​ទ្រង់ បាន​ជា​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​អាំណូន និង​ពួក​បុត្រា​របស់​ស្ដេច​ទាំង​អស់​ទៅ​ជា‌មួយ។ អាប់សា‌ឡុម​បាន​ធ្វើ​ពិធី​ជប់​លៀង ដូច​ពិធី​ជប់​លៀង​របស់​ស្ដេច រី​ឯ​អាប់សា‌ឡុម​បាន​បង្គាប់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា៖ «ចូរ​ឯង​ឃ្លាំ​មើល កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​យើង​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សម្លាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​យើង​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ»។ ពួក​អ្នក​បម្រើ​របស់​អាប់សា‌ឡុម​ក៏​ធ្វើ​ដល់​អាំណូន​តាម​បង្គាប់​របស់​ចៅ‌ហ្វាយ​ខ្លួន រួច​ពួក​បុត្រា​ស្តេច​គ្រប់​អង្គ​ក៏​ក្រោក​ឡើង ជិះ​លា​កាត់​រៀង​អង្គ​រត់​ទៅ។ កាល​បុត្រា​ស្តេច​ទាំង​នោះ កំពុង​តែ​យាង​មក​តាម​ផ្លូវ នោះ​ដំណឹង​ក៏​ឮ​ទៅ​ដល់​ដាវីឌ​ថា អាប់សា‌ឡុម​បាន​សម្លាប់​បុត្រ​ព្រះ‌ករុណា​ទាំង​អស់​ហើយ គ្មាន​សល់​មួយ​ឡើយ នោះ​ស្ដេច​ក៏​ក្រោក​ឡើង​ហែក​ព្រះ‌ពស្ត្រ រួច​ផ្ទំ​នៅ​ដី ឯ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ក៏​ឈរ​នៅ​ជិត ទាំង​មាន​អាវ​រហែក​ដែរ តែ​យ៉ូ‌ណា‌ដាប ជា​បុត្រា​សាំម៉ា​ជេដ្ឋា​ដាវីឌ ទូល​ឡើង​ថា «បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​កុំ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មាន​ថា គេ​បាន​ធ្វើ​គុត​ពួក​ព្រះ‌រាជ​បុត្រ​ទាំង​អស់​នៃ​ព្រះ‌ករុណា​ឡើយ សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ដ្បិត​ការ​នោះ​បាន​គិត​ជា​ស្រេច តាម​បង្គាប់​នៃ​អាប់សា‌ឡុម តាំង​ពី​ថ្ងៃ​ដែល​អាំណូន​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​មក ដូច្នេះ សូម​កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​ពេក ដោយ​ស្មាន​ថា ពួក​ព្រះ‌រាជ​បុត្រា​បាន​សុគត​ទាំង​អស់​នោះ​ឡើយ ដ្បិត​សុគត​តែ​អាំណូន​ប៉ុណ្ណោះ»។ អាប់សា‌ឡុមក៏​រត់​បាត់​ទៅ។ រី​ឯ​យុវជន​ដែល​ចាំ​យាម បាន​ងើប​ភ្នែក​ឡើង​មើល​ទៅ​ឃើញ​មាន​មនុស្ស​ជា​ច្រើន មក​តាម​ផ្លូវ​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។ នោះ​យ៉ូ‌ណា‌ដាប​ទូល​ទៅ​ស្តេច​ថា៖ «ន៎ុះន៏ ពួក​បុត្រា​របស់​ព្រះ‌ករុណា​មក​ដល់​ហើយ ដូច​ទូល‌បង្គំ​ជា​អ្នក​បម្រើ​បាន​ទូលព្រះ​ករុណា​មែន»។ កាល​ទូល​ដូច្នោះ​រួច​ស្រេចហើយ ពួក​បុត្រា​ស្តេច​ក៏​មក​ដល់ ហើយ​ឡើង​សំឡេង​យំ ទ្រង់​ព្រះ‌កន្សែង ឯ​ស្ដេច​ព្រះ‌កន្សែង​ដែរ ព្រម​ទាំង​ពួក​មហា‌តលិក ក៏​យំ​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង។ ប៉ុន្តែ អាប់សា‌ឡុម​បាន​រត់​ទៅ​នៅ​ជា​មួយ​តាល‌ម៉ាយ ជា​បុត្រា​អាំ‌មិហ៊ូត ស្តេច​ស្រុក​កេស៊ូរី ។ ឯ​ព្រះបាទ​ដាវីឌ​សោយ‌សោក​នឹង​បុត្រ​ជា​រាល់​ថ្ងៃ។ អាប់សា‌ឡុម​បាន​រត់​ទៅ​នៅ​ស្រុក​កេស៊ូរី​នោះ​អស់​រយៈ​ពេល​បី​ឆ្នាំ។ ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​រឭក ចង់​ទៅរក​អាប់សា‌ឡុម ដោយ​ព្រោះ​បាន​ក្សាន្ត​ចិត្ត​ពី​ដំណើរ​អាំណូន ដែល​សុគត​នោះ​ហើយ។

២ សាំយូអែល 13:1-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្ដេច​អាប់‌សាឡុម ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​ប្អូន​ស្រី​ម្នាក់​នាម​ព្រះ‌នាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្ដេច​អាំណូន ជា​បុត្រា​មួយ​អង្គ​ទៀត​របស់​ព្រះ‌បាទ​ដាវីឌ មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង។ សម្ដេច​អាំណូន​មាន​ចិត្ត​ស្រឡាញ់​ព្រះ‌នាង ជា​ប្អូន​ស្រី​ខ្លាំង​ពេក រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ដ្បិត​រក​ធ្វើ​អ្វី​នាង​មិន​បាន ព្រោះ​នាង​នៅ​ក្រមុំ​ព្រហ្មចារី។ សម្ដេច​អាំណូន​មាន​មិត្ត​ម្នាក់ ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ណាស់ ឈ្មោះ​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ។ លោក​យ៉ូណា‌ដាប់​សួរ​សម្ដេច​អាំណូន​ថា៖ «ព្រះអង្គ​ម្ចាស់ ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្ដេច​អាំណូន​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​របស់​សម្ដេច​អាប់‌សាឡុម ប្អូន​របស់​ខ្ញុំ»។ លោក​យ៉ូណា‌ដាប់​ពោល​ថា៖ «ដូច្នេះ សូម​ទៅ​ផ្ទំ​នៅ​លើ​គ្រែ ហើយ​ធ្វើ​ពុត​ជា​ឈឺ​ទៅ។ កាល​បិតា​របស់​ព្រះអង្គ​ម្ចាស់​យាង​មក​សួរ​សុខ​ទុក្ខ ព្រះអង្គ​ម្ចាស់​ត្រូវ​ទូល​ថា “សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​របស់​ទូលបង្គំ យក​ម្ហូប​អាហារ​មក​ឲ្យ​ទូលបង្គំ​ផង។ នាង​ត្រូវ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​នេះ​នៅ​ចំពោះ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ ហើយ​ទទួល​ម្ហូប​អាហារ​ពី​ដៃ​របស់​នាង​ផ្ទាល់”»។ សម្ដេច​អាំណូន​ក៏​ទៅ​ផ្ទំ ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ព្រះ‌រាជា​យាង​មក​សួរ​សុខ​ទុក្ខ សម្ដេច​ទូល​ថា៖ «សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​ទូលបង្គំ មក​ធ្វើ​នំ​ពីរ នៅ​មុខ​ទូលបង្គំ រួច​ហើយ​នាង​លើក​នំ​នោះ​មក​ឲ្យ​ទូលបង្គំ​ដោយ​ផ្ទាល់​ដៃ ទើប​ទូលបង្គំ​ទទួល​ទាន»។ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ព្រះ‌នាង​តាម៉ារ នៅ​ឯ​ដំណាក់​របស់​ព្រះ‌នាង​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​ជា​បង​របស់​នាង ហើយ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​បង​សោយ​ផង»។ ព្រះ‌នាង​តាម៉ារ​យាង​ទៅ​ដល់​ដំណាក់​របស់​សម្ដេច​អាំណូន ជា​បង​ដែល​កំពុង​ផ្ទំ​លើ​គ្រែ។ ព្រះ‌នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។ ព្រះ‌នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ថ្វាយ​សម្ដេច​អាំណូន ប៉ុន្តែ សម្ដេច​មិន​ព្រម​សោយ​ទេ។ សម្ដេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។ សម្ដេច​អាំណូន​ប្រាប់​ព្រះ‌នាង​តាម៉ារ​ថា៖ «ចូរ​យក​នំ​មក​ឲ្យ​បង​ដល់​គ្រែ​ផង ដើម្បី​ឲ្យ​បង​ទទួល​ទាន​នំ​ពី​ដៃ​របស់​ប្អូន​ផ្ទាល់»។ ព្រះ‌នាង​តាម៉ារ​យក​នំ​ដែល​ខ្លួន​បាន​ធ្វើ​នោះ ទៅ​ថ្វាយ​សម្ដេច​អាំណូន​ដល់​គ្រែ។ ពេល​នាង​កំពុង​លើក​នំ​មក​ថ្វាយ​នោះ សម្ដេច​ចាប់​នាង ទាំង​ពោល​ថា៖ «អូន​អើយ! ចូរ​មក​រួម​ដំណេក​ជា​មួយ​បង!»។ ព្រះ‌នាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​ម្ចាស់​បែប​នេះ! នៅ​ស្រុក​អ៊ីស្រា‌អែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​ឲ្យ​សោះ។ បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រា‌អែល។ សូម​ម្ចាស់​បង​ទូល​បិតា​ទៅ ទ្រង់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ម្ចាស់​ឲ្យ​ម្ចាស់​បង​ឡើយ»។ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​បាន​ចាប់​បង្ខំ ហើយ​រំលោភ​លើ​នាង។ បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។ ព្រះ‌នាង​ប្រកែក​ថា៖ «ទេ! ម្ចាស់​បង​បណ្ដេញ​ខ្ញុំ​ម្ចាស់​ដូច្នេះ អាក្រក់​ជាង​អំពើ​ដែល​ម្ចាស់​បង​ទើប​នឹង​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ​ម្ចាស់​នោះ​ទៅ​ទៀត!»។ ប៉ុន្តែ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​ហៅ​ក្មេង​បម្រើ​ម្នាក់​មក បង្គាប់​ថា៖ «ចូរ​ដេញ​ស្រី​នេះ​ចេញ​ពី​មុខ​យើង​ទៅ ហើយ​ខ្ទាស់​ទ្វារ​ឲ្យ​ជិត»។ ក្មេង​បម្រើ​របស់​សម្ដេច​អាំណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ ព្រះ‌នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្ដេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។ ព្រះ‌នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ ទាំង​ស្រែក​ផង។ សម្ដេច​អាប់‌សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌នាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ជា​បង។ ពេល​ព្រះ‌បាទ​ដាវីឌ​ជ្រាប​រឿង​នេះ ទ្រង់​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង។ សម្ដេច​អាប់‌សាឡុម​មិន​និយាយ​រក​សម្ដេច​អាំណូន សូម្បី​មួយ​ម៉ាត់​សោះ​ឡើយ ព្រោះ​ទ្រង់​ស្អប់​សម្ដេច​អាំណូន ដែល​បាន​ចាប់​រំលោភ​ព្រះ‌នាង​តាម៉ារ​ជា​ប្អូន​ស្រី។ ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្ដេច​អាប់‌សាឡុម កាត់​រោម​ចៀម​នៅ​បាល-‌ហាសោរ ជិត​ភូមិ​អេប្រាអ៊ីម។ សម្ដេច​អាប់‌សាឡុម​បាន​អញ្ជើញ​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មក​ចូល​រួម​ដែរ។ សម្ដេច​អាប់‌សាឡុម​បាន​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «បពិត្រ​បិតា ពួក​គង្វាល​របស់​ទូលបង្គំ​កំពុង​តែ​កាត់​រោម​ចៀម សូម​បិតា​មេត្តា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ​ជា​មួយ​ពួក​មន្ត្រី​របស់​បិតា​ផង»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​ឲ្យ​កូន​ពិបាក»។ សម្ដេច​អាប់‌សាឡុម​បាន​ទទូច​អង្វរ​ព្រះ‌រាជា តែ​ស្ដេច​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​ទ្រង់​គ្រាន់​តែ​ប្រទាន​ពរ​ឲ្យ​បុត្រ​ប៉ុណ្ណោះ។ សម្ដេច​អាប់‌សាឡុម​ទូល​ថា៖ «បើ​បិតា​មិន​យាង​ទៅ​ទេ សូម​អនុញ្ញាត​ឲ្យ​តែ​បង​អាំណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ព្រះ‌រាជា​សួរ​ថា៖ «ហេតុ​អ្វី​ចាំបាច់​ឲ្យ​អាំណូន​ទៅ​ជា​មួយ?»។ សម្ដេច​អាប់‌សាឡុម​ទទូច​អង្វរ​សា​ជា​ថ្មី ហើយ​ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ​សម្ដេច​អាំណូន និង​បុត្រ​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។ សម្ដេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្ដេច​អាំណូន​ឲ្យ​ជាប់ ពេល​ណា​សម្ដេច​អាំណូន​សោយ​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់‌អាច​ក្លាហាន​ឡើង!»។ ពួក​អ្នក​បម្រើ​ធ្វើ​តាម​បញ្ជា​របស់​សម្ដេច​អាប់‌សាឡុម ហើយ​សម្លាប់​សម្ដេច​អាំណូន។ បុត្រ​ឯ​ទៀតៗ​របស់​ព្រះ‌បាទ​ដាវីឌ​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​ជិះ​លា​រៀងៗ​ខ្លួន​រត់​ចេញ​ទៅ។ បុត្រ​ទាំង​នោះ​កំពុង​តែ​យាង​មក​តាម​ផ្លូវ ព្រះ‌បាទ​ដាវីឌ​ទទួល​ដំណឹង​ថា សម្ដេច​អាប់‌សាឡុម​បាន​សម្លាប់​បុត្រា​ទាំង​អស់​របស់​ស្ដេច គ្មាន​សល់​មួយ​អង្គ​ណា​សោះ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ហែក​សម្លៀក‌បំពាក់ ហើយ​ផ្ទំ​ផ្ទាល់​នឹង​ដី។ មន្ត្រី​ទាំង​អស់​នាំ​គ្នា​ឈរ​ជុំ‌វិញ​ស្ដេច ទាំង​ហែក​សម្លៀក‌បំពាក់​ដែរ។ ប៉ុន្តែ លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​កុំ​នឹក​ស្មាន​ថា​គេ​ធ្វើ​គុត​បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត ដ្បិត​សម្ដេច​អាប់‌សាឡុម​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តាំង​ពី​ថ្ងៃ​ដែល​សម្ដេច​អាំណូន​បាន​រំលោភ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​ស្រី​ម៉្លេះ។ ហេតុ​នេះ សូម​ព្រះ‌ករុណា​កុំ​នឹក​ស្មាន​ថា បុត្រា​របស់​ព្រះ‌ករុណា​ត្រូវ​សុគត​អស់​នោះ​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត»។ សម្ដេច​អាប់‌សាឡុម​គេច​ខ្លួន​រត់​បាត់​ទៅ។ អ្នក​យាម​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចុះ​ពី​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។ លោក​យ៉ូណា‌ដាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា​យាង​មក​ដល់​ហើយ! ដូច​ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​មែន»។ លោក​យ៉ូណា‌ដាប់​ទូល​មិន​ទាន់​ផុត​ពី​មាត់​ផង បុត្រា​របស់​ស្ដេច​ក៏​យាង​មក​ដល់។ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហើយ​ស្ដេច និង​មន្ត្រី​ទាំង​អស់​យំ​សោក​យ៉ាង​ខ្លាំង​ដែរ។ សម្ដេច​អាប់‌សាឡុម​រត់​គេច​ខ្លួន​ទៅ​ជ្រក​នៅ​ជា​មួយ​ព្រះ‌បាទ​តាល‌ម៉ាយ ជា​បុត្រ​របស់​ព្រះ‌បាទ​អាំមី‌ហ៊ូដ និង​ជា​ស្ដេច​ស្រុក​កេស៊ួ‌រី។ ក្នុង​អំឡុង​ពេល​នោះ ព្រះ‌បាទ​ដាវីឌ​កាន់​ទុក្ខ​សម្ដេច​អាំណូន​ជា​បុត្រ។ សម្ដេច​អាប់‌សាឡុម​បាន​គេច​ខ្លួន​ទៅ​នៅ​ស្រុក​កេស៊ួ‌រី អស់​រយៈ​ពេល​បី​ឆ្នាំ។ ព្រះ‌បាទ​ដាវីឌ​ឈប់​ខ្ញាល់ នឹង​សម្ដេច​អាប់‌សាឡុម​ទៀត ព្រោះ​ស្ដេច​លែង​ព្រួយ​ចិត្ត​អំពី​សម្ដេច​អាំណូន​សោយ​ទិវង្គត។

២ សាំយូអែល 13:1-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក កើត​មាន​រឿង​ដូច្នេះ គឺ​អាប់‌សា‌ឡំម​បុត្រា​ដាវីឌ​មាន​កនិដ្ឋា១ មាន​រូប​ស្រស់‌បស់​ល្អ នាម​នាង​តាម៉ារ ហើយ​អាំណូន ជា​បុត្រា​ដាវីឌ មាន​ព្រះ‌ទ័យ​ប្រតិ‌ព័ទ្ធ​ស្រឡាញ់ អាំណូន​មាន​សេចក្ដី​រំជួល​ស្រឡាញ់​នាង​តាម៉ារ​ជា​កនិដ្ឋាដល់​ម៉្លេះ បាន​ជា​ទ្រង់​ទៅ​ជា​ប្រឈួន ទ្រង់​នឹក​ឃើញ​ថា ពិបាក​នឹង​ធ្វើ​អ្វី​ដល់​នាង​ណាស់ ដោយ​ព្រោះ​នាង​នៅ​បរិសុទ្ធ តែ​អាំណូន​មាន​ពួក‌ម៉ាក​ម្នាក់​ឈ្មោះ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ដាវីឌ ជា​មនុស្ស​ឆ្លៀវ‌ឆ្លាត​ណាស់ អ្នក​នោះ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង ដែល​ជា​កូន​ស្តេច នៅ​តែ​ស្គាំង‌ស្គម​រាល់​តែ​ថ្ងៃ​ដូច្នេះ សូម​ប្រាប់​ឲ្យ​អញ​ដឹង​ផង នោះ​អាំណូន​ប្រាប់​ថា អញ​មាន​ចិត្ត​ស្រឡាញ់​ដល់​នាង​តាម៉ារ ជា​ប្អូន​អាប់‌សា‌ឡំម បង​អញ​ណាស់ រួច​យ៉ូណា‌ដាប​ប្រាប់​ថា ដូច្នេះចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ចូរ​ទូល​ថា សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូលបង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូលបង្គំ ឲ្យ​ទូលបង្គំ​បាន​ឃើញ ហើយ​បាន​ទទួល ពី​ដៃ​នាង​មក​បរិភោគ​បន្តិច ដូច្នេះអាំណូន​ក៏​ដេក​ទៅ ហើយ​ក្លែង​ធ្វើ​ជា​ប្រឈួន លុះ​កាល​ស្តេច​បាន​យាង​មក​សួរ នោះ​អាំណូន​ទូល​ថា សូម​បិតា​អនុញ្ញាត ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូលបង្គំ មក​ធ្វើ​នំ​២​នៅ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ទទួល​ពី​ដៃ​នាង​មក​បរិភោគ។ នោះ​ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ដំណាក់ ប្រាប់​នាង​តាម៉ារ​ថា ចូរ​ឯង​ទៅ​ឯ​ដំណាក់​អាំណូន​ជេដ្ឋា​ឯង ហើយ​ធ្វើ​នំ​ឲ្យ​វា​ចុះ ដូច្នេះនាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន​ជា​ជេដ្ឋា​ខ្លួន កំពុង​ដែល​ទ្រង់​ផ្ទំ នាង​ក៏​យក​ម្សៅមក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​ចំពោះ​ទ្រង់ រួច​លើក​ខ្ទះ​ចាក់​នំ​នោះ​នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​បរិភោគ​ទេ ហើយ​បង្គាប់​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​អញ​ទៅ គេ​ក៏​ចេញ​ទាំង​អស់​គ្នា រួច​អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា សូម​នាំ​យក​នំ​មក​ក្នុង​បន្ទប់​ឯ​ណេះ ដើម្បី​អញ​នឹង​បរិភោគ​ពី​ដៃ​ឯង នាង​ក៏​នាំ​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឯ​អាំណូន ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់ កាល​នាង​ទៅ​ជិត ដើម្បី​ថ្វាយ​នំ​ទៅ​ឲ្យ​សោយ នោះ​ទ្រង់​ក៏​ចាប់​នាង​ដោយ​ពាក្យ​ថា ប្អូន​អើយ ចូរ​មក​ដេក​នឹង​អញ​ចុះ តែ​នាង​ប្រកែក​ថា ទេ បង​អើយ សូម​កុំ​បន្ទាប​ខ្ញុំ​ឡើយ ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រាអែល​ណាស់ សូម​កុំ​ធ្វើ​ការ​អាក្រក់​នេះ​ឲ្យ​សោះ ឯ​ខ្ញុំ​ម្ចាស់ តើ​នឹង​យក​សេចក្ដី​ខ្មាស​ទៅ​ទុក​ឯ​ណា ហើយ​ចំណែក​ឯ​បង នោះ​គេ​នឹង​រាប់​បង ទុក​ជា​មនុស្ស​ងងឹត​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រាអែល​ដែរ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក នឹង​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ ដោយ​ទ្រង់​មាន​កំឡាំង​ច្រើន​ជាង។ រួច​មកអាំណូន​មាន​ព្រះ‌ទ័យ​ណាយ ស្អប់​ដល់​នាង​ជា​ខ្លាំង​ក្រៃ‌លែង ដល់​ម៉្លេះ​បាន​ជា​សេចក្ដី​ស្អប់​ខ្ពើម ដែល​ទ្រង់​មាន​ដល់​នាង នោះ​ខ្លាំង​លើស​ជាង​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​បាន​មាន​ដល់​នាង​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ នោះ​នាង​ឆ្លើយ​ថា កុំ​ឡើយ ដ្បិត​ការ​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ នោះ​អាក្រក់​ជាង​ការ ដែល​បាន​ធ្វើ​ហើយ ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ ក៏​ហៅ​អ្នក​ដែល​តែង​បំរើ​ទ្រង់​មក​ប្រាប់​ថា ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​បិទ​ទ្វារ​ដាក់​រនុក​ផង ដូច្នេះ អ្នក​បំរើ​ក៏​នាំ​នាង​ទៅ​ក្រៅ រួច​បិទ​ទ្វារ ឯ​នាង​តាម៉ារ ទ្រង់​ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច​ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ រួច​នាង​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។ អាប់‌សា‌ឡំម​ជា​ជេដ្ឋា​ក៏​សួរ​ថា តើ​អាំណូន​បង​ឯង​បាន​នៅ​ជា​មួយ​នឹង​ឯង​ឬ​អី ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន​ចុះ ដ្បិត​ជា​បង​ឯង​ទេ កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​នឹង​ការ​នេះ​ពេក​ឡើយ នោះ​នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់‌សា‌ឡំម ជា​ជេដ្ឋា កាល​ស្តេច​ដាវីឌ​បាន​ឮ​និយាយ​ពី​រឿង​ទាំង​នោះ ទ្រង់​មាន​សេចក្ដី​ពិរោធ​ជា​ខ្លាំង តែ​អាប់‌សា‌ឡំម​មិន​បាន​មាន​បន្ទូល​អ្វី​នឹង​អាំណូន ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​ទ្រង់។ ក្រោយ​២​ឆ្នាំ​មក មាន​ពួក​ជាង​មក​កាត់​រោម​ចៀម​របស់​អាប់‌សា‌ឡំម នៅ​ត្រង់​បាល-ហាសោរ ដែល​នៅ​ជិត​ដែន​អេប្រា‌អិម ហើយ​អាប់‌សា‌ឡំម​ក៏​អញ្ជើញ​ពួក​បុត្រា​ស្តេច​ទាំង​អស់​មក ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ជា​អ្នក​បំរើ​នៃ​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះសូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បំរើ​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា​មួយ​នឹង​ទូលបង្គំ តែ​ស្តេច​ទ្រង់​មាន​បន្ទូល​តប​ទៅ​អាប់‌សា‌ឡំម​ថា ទេ កូន​អើយ មិន​ត្រូវ​ឲ្យ​យើង​ទៅ​ទាំង​អស់​គ្នា​ទេ ក្រែង​ជា​បន្ទុក​ធ្ងន់​ដល់​ឯង​ពេក អាប់‌សា‌ឡំម​ក៏​ទូល​បង្ខំ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ទៅ​ទេ គឺ​បែរ​ជា​ប្រទាន​ពរ​ឲ្យ​វិញ នោះ​អាប់‌សា‌ឡំម​ទូល​ថា បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូលបង្គំ​ទៅ​ជា​មួយ​ចុះ តែ​ស្តេច​មាន​បន្ទូល​សួរ​ថា ចង់​ឲ្យ​វា​ទៅ​ជា​មួយ​នឹង​ឯង​ធ្វើ​អី ប៉ុន្តែ ដោយ​អាប់‌សា‌ឡំម​ចេះ​តែ​បង្ខំ​ទ្រង់ បាន​ជា​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​អាំណូន ហើយ​នឹង​ពួក​បុត្រា​ទ្រង់​ទាំង​អស់ ទៅ​ជា​មួយ រីឯ​អាប់‌សា‌ឡំម​បាន​បង្គាប់​ដល់​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ឯង​ឃ្លាំ​មើល​កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​អញ​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សំឡាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​អញ​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ ពួក​អ្នក​បំរើ​របស់​អាប់‌សា‌ឡំម ក៏​ធ្វើ​ដល់​អាំណូន​តាម​បង្គាប់​របស់​ចៅហ្វាយ​ខ្លួន រួច​ពួក​បុត្រា​ស្តេច​គ្រប់​អង្គ​ក៏​ក្រោក​ឡើង ជិះ​លា​កាត់​រៀង​អង្គ​រត់​ទៅ។ កាល​បុត្រា​ស្តេច​ទាំង​នោះ កំពុង​តែ​យាង​មក​តាម​ផ្លូវ នោះ​ដំណឹង​ក៏​ឮ​ទៅ​ដល់​ដាវីឌ​ថា អាប់‌សា‌ឡំម​បាន​សំឡាប់​បុត្រ​ទ្រង់​ព្រះ‌ករុណា​ទាំង​អស់​ហើយ គ្មាន​សល់​១​ឡើយ នោះ​ស្តេច​ទ្រង់​ក៏​ក្រោក​ឡើង​ហែក​ព្រះ‌ពស្ត្រ រួច​ផ្ទំ​នៅ​ដី ឯ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ឈរ​នៅ​ជិត ទាំង​មាន​អាវ​រហែក​ដែរ តែ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា​ជេដ្ឋា​ដាវីឌ ទូល​ឡើង​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​កុំ​មាន​ព្រះ‌ទ័យ​ស្មាន​ថា គេ​បាន​ធ្វើ​គុត​ពួក​ព្រះ‌រាជ​បុត្រ​ទាំង​អស់​នៃ​ព្រះ‌ករុណា​ឡើយ សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ដ្បិត​ការ​នោះ​បាន​គិត​ជា​ស្រេច តាម​បង្គាប់​នៃ​អាប់‌សា‌ឡំម តាំង​ពី​ថ្ងៃ​ដែល​អាំណូន​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​មក ដូច្នេះ សូម​កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​មាន​ព្រះ‌ទ័យ​ព្រួយ​ពេក ដោយ​ស្មាន​ថា ពួក​ព្រះ‌រាជ​បុត្រា​បាន​សុគត​ទាំង​អស់​នោះ​ឡើយ ដ្បិត​សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ឯ​អាប់‌សា‌ឡំម​ទ្រង់​រត់​បាត់​ទៅ។ រីឯ​ទាហាន​ដែល​ចាំ​យាម គេ​បាន​ងើប​ភ្នែក​ឡើង​មើល​ទៅ​ឃើញ​មាន​មនុស្ស​ជា​ច្រើន មក​តាម​ផ្លូវ​ចង្កេះ​ភ្នំ​ខាង​ក្រោយ​ខ្លួន នោះ​យ៉ូណា‌ដាប​ទូល​ទៅ​ស្តេច​ថា នុ៎ះ​ន៏ ពួក​បុត្រា​នៃ​ព្រះ‌ករុណា​មក​ហើយ ដូច​ជា​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​បាន​ទូល​ទុក កាល​ទូល​ដូច្នោះ​រួច​ជា​ស្រេច នោះ​ពួក​បុត្រា​ស្តេច​ក៏​មក​ដល់ ហើយ​ឡើង​សំឡេង​ទ្រង់​ព្រះ‌កន្សែង ឯ​ស្តេច​ទ្រង់​ព្រះ‌កន្សែង​ដែរ ព្រម​ទាំង​ពួក​មហា‌តលិក ក៏​យំ​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង​ក្រៃ‌លែង។ តែ​អាប់‌សា‌ឡំម​ទ្រង់​រត់​ទៅ​ឯ​តាល‌ម៉ាយ ជា​បុត្រា​អាំមីហ៊ូត ស្តេច​ស្រុក​កេស៊ូរី។ ឯ​ដាវីឌ​ទ្រង់​សោយ‌សោក​នឹង​បុត្រ​ជា​រាល់​ថ្ងៃ អាប់‌សា‌ឡំម​បាន​រត់​ទៅ​នៅ​ឯ​ស្រុក​កេស៊ូរី​នោះ​អស់​៣​ឆ្នាំ ហើយ​ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌ទ័យ​រឭកចង់​ទៅ​ឯ​អាប់‌សា‌ឡំម ដោយ​ព្រោះ​បាន​ក្សាន្ត​ព្រះ‌ទ័យ​ពី​ដំណើរ​អាំណូន ដែល​សុគត​នោះ​ហើយ។