២ សាំយូអែល 12:7-14

២ សាំយូអែល 12:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នោះ​ណា‌ថាន់​ទូល​តប​ថា៖ «ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សូល ហើយ​បាន​ប្រគល់​ដំណាក់ និង​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ចៅ‌ហ្វាយ​ឯង មក​ឲ្យ​ឯង​ឱប​នៅ​នា​ទ្រូង ព្រម​ទាំង​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា មក​ក្នុង​អំណាច​ឯង​ដែរ បើ​នៅ​មិន​ល្មម​គ្រាន់ នោះ​យើង​នឹង​បន្ថែម​យ៉ាង​នេះ​មួយៗ​ឲ្យ​ថែម​ទៀត ហេតុ​អ្វី​បាន​ជា​ឯង​មើល​ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច្នេះ ឯង​បាន​សម្លាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សម្លាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល​ងាយ​ដល់​យើង ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចាំ​មើល យើង​នឹង​បណ្ដាល​ឲ្យ​មាន​ការ​អា‌ក្រក់​កើត​ឡើង ពី​ក្នុង​គ្រួ​ឯង ឲ្យ​ទាស់​នឹង​ឯង ក៏​នឹង​យក​ពួក​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ឯង ប្រគល់​ឲ្យ​ដល់​អ្នក​ជំនិត​ឯង​នៅ​មុខ​ឯង​ផង អ្នក​នោះ​នឹង​រួម​ដំណេក និង​ប្រពន្ធ​ឯង​ទាំង​នោះ នៅ​ទី​ពន្លឺ​ថ្ងៃ ដ្បិត​ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​សម្ងាត់ តែ​យើង​នឹង​ធ្វើ​ការ​នេះ​នៅ​ទី​ពន្លឺ​វិញ ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឃើញ"»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ណា‌ថាន់​ថា៖ «យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» ណា‌ថាន់​ក៏​ទូល​តប​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ។ ប៉ុន្តែ ដោយ​ព្រោះ​អំពើបែប​នេះ ព្រះ​ករុណា​បានមើល​ងាយ​ព្រះ‌យេហូវ៉ា​ជា​ខ្លាំង ហើយ​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នោះ​នឹង​ត្រូវ​សុគត​មិន​ខាន»។

២ សាំយូអែល 12:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្យាការី​ណាថាន​ទូល​ព្រះ‌បាទ​ដាវីឌ​វិញ​ថា៖ «បុរស​នោះ គឺ​ព្រះ‌ករុណា​ហ្នឹង​ហើយ! ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​បាន​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​យើង​ក៏​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សូល​ដែរ។ យើង​បាន​ប្រគល់​រាជ​សម្បត្តិ ព្រម​ទាំង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​ម្ចាស់​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ យើង​ក៏​បាន​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​យូដា​ដែរ។ បើ​អ្នក​នៅ​តែ​មិន​ស្កប់​ទេ យើង​អាច​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គាប់​ចិត្ត​យើង គឺ​អ្នក​បាន​ធ្វើ​ឃាត​អ៊ូរី ជា​ជន‌ជាតិ​ហេត ដោយ​ប្រគល់​ទៅ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​សម្លាប់ រួច​យក​ប្រពន្ធ​របស់​អ៊ូរី​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឯង។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​តែងតែ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ​ជានិច្ច ព្រោះ​អ្នក​បាន​មើល‌ងាយ​យើង ដោយ​យក​ប្រពន្ធ​របស់​អ៊ូរី ជា​ជន‌ជាតិ​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​មាន​រឿង​អពមង្គល​កើត​ចេញ​ពី​ក្នុង​គ្រួសារ​របស់​អ្នក។ យើង​នឹង​យក​ស្ត្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​អ្នក ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ ដែល​ជា​សាច់​ឈាម​របស់​អ្នក។ គេ​នឹង​រួម​ដំណេក​ជា​មួយ​ស្ត្រីៗ​នោះ នៅ​កណ្ដាល​វាល ចំពោះ​មុខ​អ្នក​ផង។ អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​ស្ងាត់​កំបាំង រីឯ​យើង យើង​នឹង​ប្រព្រឹត្ត​ការ​នេះ​ចំពោះ​អ្នក​វិញ​នៅ​កណ្ដាល​វាល ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ”»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ហើយ!»។ ព្យាការី​ណាថាន​ទូល​ថា៖ «ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​ព្រះ‌ករុណា ព្រះ‌ករុណា​នឹង​មិន​សោយ​ទិវង្គត​ទេ។ ប៉ុន្តែ ដោយ​ព្រះ‌ករុណា​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​នេះ ជា​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​មើល‌ងាយ​ព្រះ‌អម្ចាស់ បុត្រ​របស់​ព្រះ‌ករុណា​ដែល​ទើប​ប្រសូត​មក​នោះ នឹង​ត្រូវ​សុគត​ជា​មិន​ខាន»។

២ សាំយូអែល 12:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ណាថាន់​ទូល​សប​ថា ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ក៏​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​សូល ហើយ​បាន​ប្រគល់​ដំណាក់ នឹង​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ចៅហ្វាយ​ឯង មក​ឲ្យ​ឯង​ឱប​នៅ​នា​ទ្រូង ព្រម​ទាំង​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រាអែល នឹង​យូដា មក​ក្នុង​អំណាច​ឯង​ដែរ បើ​នៅ​មិន​ល្មម​គ្រាន់ នោះ​អញ​នឹង​បន្ថែម​យ៉ាង​នេះ​មួយៗ​ឲ្យ​ថែម​ទៀត ហេតុ​អ្វី​បាន​ជា​ឯង​មើល‌ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​ទ្រង់​ដូច្នេះ ឯង​បាន​សំឡាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សំឡាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល‌ងាយ​ដល់​អញ ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចាំ​មើល អញ​នឹង​បណ្តាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ពី​ក្នុង​គ្រួ​ឯង ឲ្យ​ទាស់​នឹង​ឯង ក៏​នឹង​យក​ពួក​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ឯង ប្រគល់​ឲ្យ​ដល់​អ្នក​ជំនិត​ឯង​នៅ​មុខ​ឯង​ផង អ្នក​នោះ​នឹង​រួម​ដំណេក​នឹង​ប្រពន្ធ​ឯង​ទាំង​នោះ នៅ​ទី​ពន្លឺ​ថ្ងៃ ដ្បិត​ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​សំងាត់ តែ​អញ​នឹង​ធ្វើ​ការ​នេះ​នៅ​ទី​ពន្លឺ​វិញ ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឃើញ រួច​ដាវីឌ​មាន​បន្ទូល​ទៅ​ណាថាន់​ថា យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ណាថាន់​ក៏​ទូល​តប​ថា ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ ប៉ុន្តែ ដោយ​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ទ្រង់​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌យេហូវ៉ា មាន​ឱកាស​នឹង​ត្មះ‌តិះដៀល​ជា​ខ្លាំង បាន​ជា​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នោះ នឹង​សុគត​ទៅ​ជា​ពិត​ប្រាកដ រួច​ណាថាន់​ក៏​វិល​ទៅ​ផ្ទះ​លោក​វិញ​ទៅ។