២ សាំយូអែល 12:7-13
២ សាំយូអែល 12:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះណាថាន់ទូលតបថា៖ «ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា យើងបានចាក់ប្រេងតាំងឯងឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ក៏បានជួយឯងឲ្យរួចពីកណ្ដាប់ដៃរបស់សូល ហើយបានប្រគល់ដំណាក់ និងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល និងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះយើងនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្ររបស់ព្រះអង្គដូច្នេះ ឯងបានសម្លាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសម្លាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចាំមើល យើងនឹងបណ្ដាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ ដ្បិតឯងបានធ្វើការនោះដោយសម្ងាត់ តែយើងនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ"»។ ព្រះបាទដាវីឌមានរាជឱង្ការទៅណាថាន់ថា៖ «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» ណាថាន់ក៏ទូលតបថា៖ «ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ។
២ សាំយូអែល 12:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្យាការីណាថានទូលព្រះបាទដាវីឌវិញថា៖ «បុរសនោះ គឺព្រះករុណាហ្នឹងហើយ! ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានចាក់ប្រេងអភិសេកអ្នក ជាស្ដេចលើជនជាតិអ៊ីស្រាអែល ហើយយើងក៏បានរំដោះអ្នកឲ្យរួចពីកណ្ដាប់ដៃរបស់សូលដែរ។ យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងប៉ុន្មានរបស់ម្ចាស់អ្នកមកក្នុងកណ្ដាប់ដៃរបស់អ្នក។ យើងក៏បានឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល និងយូដាដែរ។ បើអ្នកនៅតែមិនស្កប់ទេ យើងអាចបន្ថែមលើសពីនេះទៅទៀត! ចុះហេតុដូចម្ដេចបានជាអ្នកមើលងាយព្រះបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់ចិត្តយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។ ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើង ដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេត មកធ្វើជាប្រពន្ធរបស់ខ្លួន”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យមានរឿងអពមង្គលកើតចេញពីក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ប្រគល់ឲ្យមនុស្សម្នាក់ ដែលជាសាច់ឈាមរបស់អ្នក។ គេនឹងរួមដំណេកជាមួយស្ត្រីៗនោះ នៅកណ្ដាលវាល ចំពោះមុខអ្នកផង។ អ្នកបានប្រព្រឹត្តអំពើអាក្រក់ដោយស្ងាត់កំបាំង រីឯយើង យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកវិញនៅកណ្ដាលវាល ឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ”»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។
២ សាំយូអែល 12:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះណាថាន់ទូលសបថា ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញបានចាក់ប្រេងតាំងឯងឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ក៏បានជួយឯងឲ្យរួចពីកណ្តាប់ដៃរបស់សូល ហើយបានប្រគល់ដំណាក់ នឹងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល នឹងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះអញនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្រទ្រង់ដូច្នេះ ឯងបានសំឡាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសំឡាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់អញ ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចាំមើល អញនឹងបណ្តាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេកនឹងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ ដ្បិតឯងបានធ្វើការនោះដោយសំងាត់ តែអញនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ រួចដាវីឌមានបន្ទូលទៅណាថាន់ថា យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ណាថាន់ក៏ទូលតបថា ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ