២ សាំយូអែល 12:15-31

២ សាំយូអែល 12:15-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ណា‌ថាន់​ក៏​វិល​ទៅ​ផ្ទះ​លោក​វិញ។ ព្រះ‌យេហូវ៉ា​បាន​ប្រហារ​បុត្រ​ដែល​ប្រពន្ធ​អ៊ូរី​បាន​បង្កើត​ឲ្យ​ដាវីឌ ឲ្យ​មាន​ជំងឺ​ឈឺ​ជា​ខ្លាំង។ ព្រះ​បាទ​ដាវីឌ​ក៏​សូម​អង្វរ​ដល់​ព្រះ​ពី​ដំណើរ​បុត្រ ទ្រង់​ក៏​តម​ព្រះ‌ស្ងោយ ព្រម​ទាំង​ចូល​ទៅ​ផ្ទំ​នៅ​ដី​ពេញ​មួយ​យប់​នោះ។ ពួក​ចាស់​ទុំ​នៅ​ដំណាក់ ក៏​ក្រោក​ទៅ​រក​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា‌មួយ​គេ​ដែរ។ ដល់​ថ្ងៃ​ទី​ពីរ បុត្រ​នោះ​ក៏​សុគត​ទៅ ហើយ​ពួក​អ្នក​បម្រើ​របស់​ដាវីឌ​ខ្លាច​មិន​ហ៊ាន​ទូល​ទ្រង់​ឲ្យ​ជ្រាប​ថា បុត្រ​នោះ​សុគត​ទេ ដោយ​គិត​គ្នា​ថា «កាល​បុត្រ​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ យើង​បាន​ទូល​អង្វរ​ដល់​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​យើង​ទៅ​ហើយ ចំណង់​បើ​យើង​ទូល​ទ្រង់​ឲ្យ​ជ្រាប​ពី​បុត្រ​សុគត​ទៀត តើ​នឹង​ធ្វើឲ្យ​ទ្រង់​កើត​ទុក្ខ​យ៉ាង​ណា​ទៅ​ទៀត»។ ប៉ុន្តែ កាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បម្រើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បម្រើ​ថា៖ «បុត្រ​របស់​យើង​សុគត​ហើយ​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «សុគត​ហើយ»។ ព្រះបាទ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា។ ក្រោយ​មក ពេល​ព្រះ‌អង្គ​បាន​ត្រឡប់​ចូល​មក​ក្នុង​ដំណាក់​វិញ ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បម្រើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ។ ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា៖ «ម្តេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ? កាល​បុត្រ​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ ទ្រង់​បែរ​ជា​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​វិញ»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ យើង​បាន​តម ហើយ​យំ ដោយ​គិត​ថា ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​មេត្តា​ដល់​យើង ឲ្យ​បុត្រ​មាន​ព្រះ‌ជន្ម​រស់ តែ​ឥឡូវ​នេះ បុត្រ​សុគត​ទៅ​ហើយ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ? យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​អាច​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ»។ ដាវីឌ​ក៏​ជួយ​កម្សាន្ត​ទុក្ខ​នាង​បាត‌សេ‌បា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា‌មួយ​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ទៀត ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សា‌ឡូ‌ម៉ូន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​បុត្រ​នោះ ក៏​ចាត់​ហោរា​ណា‌ថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។ លោក​យ៉ូអាប់​កំពុង​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា៖ «ទូល‌បង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​នៅ​ខាង​មាត់​ទឹក​ហើយ។ ដូច្នេះ សូម​ទ្រង់​ប្រមូល​ពួក​ពល‌ទ័ព​ដែល​នៅ​សល់ មក​បោះ​ទ័ព ចាប់​យក​ទី​ក្រុង​នោះ​ចុះ ក្រែង​ទូល‌បង្គំ​វាយ​យក​បាន ហើយ​គេ​តាំង​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​ទូល‌បង្គំ»។ ព្រះបាទ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ព័ទ​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន។ ព្រះបាទ​ដាវីឌ​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​ស្តេច របស់​គេ មក​បំពាក់​លើ​ព្រះ‌សិររបស់​ព្រះ​បាទ​ដាវីឌ​វិញ មកុដ​នោះ​មាន​ទម្ងន់​ជា‌មួយ​ហាប​មាស ដាំ​ដោយ​ត្បូង​មាន​តម្លៃ​ផ្សេងៗ រួច​ស្ដេច​នាំ​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក។ ទ្រង់​ក៏​នាំ​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្រុង​នោះ​ចេញ​មក ប្រើ​គេ​ឲ្យ​ធ្វើ​ការ​កាប់​រំលំ អារ​ឈើ ភ្ជួរ​រាស់ និង​ធ្វើ​ការ​ក្នុង​ឡ​អិដ្ឋ ទ្រង់​ក៏​ធ្វើ​ដូច្នោះ​ដល់​អស់​ទាំង​ក្រុង​របស់​ពួក​កូន​ចៅ​អាំម៉ូន រួច​ទ្រង់​នាំ​ពល​ទ័ព​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ។

២ សាំយូអែល 12:15-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្យាការី​ណាថាន​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កូន​ដែល​នាង​បាត‌សេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នោះ​មាន​ជំងឺ។ ព្រះ‌បាទ​ដាវីឌ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​កូន​នោះ ទាំង​តម​អាហារ។ កាល​ស្ដេច​យាង​ចូល​ក្រឡា‌បន្ទំ ស្ដេច​ផ្ទំ​ផ្ទាល់​នឹង​ដី។ ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្នុង​ដំណាក់​ទទូច​សូម​ឲ្យ​ស្ដេច​តើន​ឡើង ប៉ុន្តែ ទ្រង់​មិន​ព្រម​ទេ ហើយ​ក៏​មិន​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ពួក​គេ​ដែរ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ កូន​នោះ​ក៏​ស្លាប់។ រាជ​បម្រើ​មិន​ហ៊ាន​ទូល​ដំណឹង​នេះ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​ទេ ព្រោះ​ពួក​គេ​និយាយ​គ្នា​ថា៖ «កាល​កូន​មាន​ជីវិត​នៅ​ឡើយ យើង​បាន​និយាយ​ជា​មួយ​ព្រះ‌ករុណា តែ​ព្រះ‌ករុណា​ពុំ​ព្រម​ស្ដាប់​យើង​ទេ ចុះ​ឥឡូវ​នេះ កូន​ស្លាប់​ហើយ តើ​យើង​ត្រូវ​ទូល​យ៉ាង​ដូច​ម្ដេច ដើម្បី​កុំ​ឲ្យ​ស្ដេច​ធ្វើ​បាប​ខ្លួន​ឯង»។ កាល​ព្រះ‌បាទ​ដាវីឌ​ទត​ឃើញ​រាជ​បម្រើ​ខ្សឹប‌ខ្សៀវ​គ្នា ទ្រង់​ក៏​យល់​ថា កូន​នោះ​ស្លាប់​ហើយ។ ព្រះ‌រាជា​សួរ​ពួក​គេ​ថា៖ «កូន​របស់​យើង​ស្លាប់​ហើយ​ឬ?»។ ពួក​គេ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ព្រះ‌ឱរស​នោះ​សុគត​ហើយ»។ ព្រះ‌បាទ​ដាវីឌ​ក្រោក​ពី​ដី ស្រង់​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​ព្រះ‌ភូសា រួច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ‌បង្គំ​ព្រះអង្គ។ ពេល​ត្រឡប់​មក​វិញ ស្ដេច​បញ្ជា​ឲ្យ​គេ​រៀបចំ​ព្រះ‌ស្ងោយ ហើយ​ទ្រង់​ក៏​សោយ។ ពួក​រាជ​បម្រើ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌ករុណា ស្ដេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ? កាល​ព្រះ‌ឱរស​មាន​ជីវិត​នៅ​ឡើយ ព្រះ‌ករុណា​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ ព្រះ‌ឱរស​សុគត​ផុត​ហើយ ព្រះ‌ករុណា​បែរ​ជា​ក្រោក​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ​វិញ!»។ ព្រះ‌បាទ​ដាវីឌ​តប​វិញ​ថា៖ «កាល​កូន​របស់​យើង​រស់​នៅ​ឡើយ យើង​តម​អាហារ និង​សោក​សង្រេង ដោយ​នឹក​ថា ព្រះ‌អម្ចាស់​ប្រហែល​ជា​ប្រណី​សន្ដោស​ដល់​យើង ហើយ​ទុក​ឲ្យ​កូន​នោះ​មាន​ជីវិត​ត​ទៅ​ទៀត។ ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​ឲ្យ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ​ដែល​នឹង​មក​ជួប​យើង»។ ព្រះ‌បាទ​ដាវីឌ​សម្រាល​ទុក្ខ​នាង​បាត‌សេបា ជា​មហេសី ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​បុត្រ​មួយ​អង្គ រួច​ប្រទាន​នាម​ថា សាឡូម៉ូន។ ព្រះ‌អម្ចាស់​ស្រឡាញ់​បុត្រ​នោះ​ណាស់ ព្រះអង្គ​ចាត់​ព្យាការី​ណាថាន​ឲ្យ​ទៅ​ប្រាប់​ព្រះ‌បាទ​ដាវីឌ​ជ្រាប ហើយ​ថ្វាយ​នាម​បុត្រ​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់»។ នៅ​គ្រា​នោះ លោក​យ៉ូអាប់​វាយ​យក​ទីក្រុង​រ៉ាបាត ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន ហើយ​ដណ្ដើម​យក​វាំង​របស់​ស្ដេច។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ទូលបង្គំ​វាយ​ទីក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ប្រមូល​ទ័ព​ដែល​នៅ​សល់ មក​វាយ​យក​ទីក្រុង​នោះ ដោយ​ផ្ទាល់​ចុះ ក្រែង​ទូលបង្គំ​វាយ​យក​បាន ហើយ​គេ​ថា ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​ទូលបង្គំ»។ ព្រះ‌បាទ​ដាវីឌ​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន។ ព្រះ‌បាទ​ដាវីឌ​យក​បាន​មកុដ​ដែល​ស្ថិត​នៅ​លើ​ព្រះ‌សិរសា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាម‌សិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។ រីឯ​ប្រជា‌ជន​នៅ​ក្រុង​នោះ​វិញ ព្រះ‌បាទ​ដាវីឌ​បាន​កៀរ​យក​មក​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​បង្ខំ​ពួក​គេ​ឲ្យ​អារ​ឈើ ដាប់​ថ្ម កាប់​អុស និង​ធ្វើ​ឥដ្ឋ។ ព្រះ‌បាទ​ដាវីឌ​ធ្វើ​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន‌ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ជា​មួយ​កង‌ទ័ព​ទាំង​មូល។

២ សាំយូអែល 12:15-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រហារ​បុត្រ ដែល​ប្រពន្ធ​អ៊ូរី​បាន​បង្កើត​ឲ្យ​ដាវីឌ ឲ្យ​មាន​ជំងឺ​ឈឺ​ជា​ខ្លាំង ដូច្នេះ ដាវីឌ​ក៏​សូម​អង្វរ​ដល់​ព្រះ ពី​ដំណើរ​បុត្រ ទ្រង់​ក៏​តម​ព្រះ‌ស្ងោយ ព្រម​ទាំង​ចូល​ទៅ​ផ្ទំ​នៅ​ដី​ពេញ​១​យប់​នោះ ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា​មួយ​នឹង​គេ​ដែរ លុះ​ដល់​ថ្ងៃ​ទី​៧ បុត្រ​នោះ​ក៏​សុគត​ទៅ ហើយ​ពួក​អ្នក​បំរើ​របស់​ដាវីឌ គេ​ខ្លាច​មិន​ហ៊ាន​ទូល​ទ្រង់​ឲ្យ​ជ្រាប​ថា បុត្រ​នោះ​សុគត​ទេ ដោយ​គិត​គ្នា​ថា មើល កាល​បុត្រ​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ នោះ​យើង​បាន​ទូល​អង្វរ​ដល់​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​យើង​ទៅ​ហើយ ចំណង់​បើ​យើង​ទូល​ទ្រង់​ឲ្យ​ជ្រាប​ពី​បុត្រ​សុគត​ទៅ នោះ​តើ​នឹង​ធ្វើ​ទុក្ខ​ដល់​អង្គ​ទ្រង់​យ៉ាង​ណា​ទៅ​ទៀត ប៉ុន្តែកាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បំរើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ នោះ​ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បំរើ​ថា បុត្រ​បាន​សុគត​ហើយ​ឬ​អី គេ​ទូល​ឆ្លើយ​ថា សុគត​ហើយ នោះ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ក្រោយ​មក កាល​ទ្រង់​បាន​ត្រឡប់​ចូល​មក ក្នុង​ដំណាក់​វិញ នោះ​ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បំរើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា យ៉ាង​ដូច​ម្តេច​ហ្ន៍ ដែល​ទ្រង់​ប្រព្រឹត្ត​ដូច្នេះ​នេះ ដ្បិត​កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ នោះ​បែរ​ជា​ទ្រង់​តើន​ឡើង​សោយ​ព្រះ‌ស្ងោយ​វិញ ដាវីឌ​មាន​បន្ទូល​តប​ថា កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ យើង​បាន​តមហើយ​យំ ដោយ​គិត​ថា ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​មេត្តា​ដល់​យើង ឲ្យ​បុត្រ​មាន​ព្រះ‌ជន្ម​ត​ទៅ​ទេ​ដឹង តែ​ឥឡូវ​នេះបុត្រ​សុគត​ទៅ​ហើយ​ដូច្នេះ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នឹង​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​ដែល​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ។ ដាវីឌ​ក៏​ជួយ​កំសាន្ត​ទុក្ខ​នាង​បាត‌សេបា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា​មួយ​នឹង​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​១ ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សាឡូម៉ូន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​បុត្រ​នោះ ក៏​ចាត់​ហោរា​ណាថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។ ឯ​យ៉ូអាប់​លោក​កំពុង​តែ​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ទូលបង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​ដែល​នៅ​ខាង​មាត់​ទឹក​ហើយ ដូច្នេះសូម​ទ្រង់​ប្រមូល​ពួក​ពល‌ទ័ព​ដែល​នៅ​សល់ មក​បោះ​ទ័ព ចាប់​យក​ទី​ក្រុង​នោះ​ចុះ ក្រែង​ទូលបង្គំ​វាយ​យក​បាន ហើយ​គេ​តាំង​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​ទូលបង្គំ​វិញ នោះ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ទ័ព​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន ទ្រង់​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​របស់​ស្តេច​គេ មក​បំពាក់​លើ​ព្រះ‌សិរ​នៃ​ទ្រង់​វិញ ឯ​មកុដ​នោះ មាន​ទំងន់​ជា​១​ហាប​មាស ក៏​ដាំ​ដោយ​ត្បូង​មាន​ដំឡៃ​ផ្សេងៗ រួច​ទ្រង់​នាំ​យក​របឹប​យ៉ាង​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក ក៏​នាំ​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្រុង​នោះ​ចេញ​មក ប្រើ​គេ​ឲ្យ​ធ្វើ​ការ​កាប់​រំលំហើយ​អារ​ឈើ ព្រម​ទាំង​ភ្ជួរ‌រាស់ ហើយ​ធ្វើ​ការ​ក្នុង​ឡ​អិដ្ឋ ទ្រង់​ក៏​ធ្វើ​ដូច្នោះ​ដល់​អស់​ទាំង​ក្រុង​របស់​ពួក​កូន​ចៅ​អាំម៉ូន រួច​ទ្រង់​នាំ​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។