២ សាំយូអែល 12:1-9

២ សាំយូអែល 12:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​ចាត់​ណា‌ថាន់ ឲ្យ​ទៅ​គាល់​ព្រះបាទ​ដាវីឌ លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា៖ «នៅ​ទី​ក្រុង​មួយ​មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ អ្នក​ដែល​មាន​នោះ មាន​ចៀម និង​គោ​យ៉ាង​សន្ធឹក តែ​អ្នក​ដែល​ក្រ​គ្មាន​អ្វី​សោះ មាន​តែ​កូន​ចៀម​មួយ ដែល​បាន​ទិញ​មក​ចិញ្ចឹម​ប៉ុណ្ណោះ កូន​ចៀម​នោះ​ក៏​ចម្រើន​ធំ​ឡើង​នៅ​ជា‌មួយ​គាត់ និង​កូន​គាត់ វា​តែង​ស៊ី​អាហារ ហើយ​ផឹក​ពី​ពែង​របស់​គាត់ ក៏​ដេក​នៅ​នា​ដើម​ទ្រូង​គាត់​ដែរ គាត់​ទុក​វា​ដូច​ជា​កូន​ស្រី​របស់​ខ្លួន។ គ្រា​នោះ មាន​អ្នក​ដំណើរ​ម្នាក់​មក​ឯ​មនុស្ស​អ្នក​មាន​នោះ តែ​អ្នក​មាន​មិន​ព្រម​យក​សត្វ​ណា​មួយ​ពី​ហ្វូង​ចៀម​ហ្វូង​គោ​របស់​ខ្លួន ដើម្បី​នឹង​ចាត់‌ចែង​រៀបចំ​ទទួល​អ្នក​ដំណើរ ដែល​មក​ឯ​ខ្លួន​នោះ​ទេ គឺ​បាន​ចាប់​យក​កូន​ចៀម​របស់​អ្នក​ក្រីក្រ​នោះ ទៅ​ចាត់‌ចែង​ទទួល​អ្នក​ដែល​មក​នោះ​វិញ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ខ្ញាល់​នឹង​អ្នក​នោះ​ជា​ខ្លាំង ក៏​មាន​រាជ‌ឱង្ការ​ទៅ​ណា‌ថាន់​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ គួរ​ស្លាប់​ហើយ ត្រូវ​ឲ្យ​វា​សង​មួយ​ជា​បួន​ជំនួស​ចៀម​នោះ ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​ឥត​ប្រណី​ដូច្នោះ»។ នោះ​ណា‌ថាន់​ទូល​តប​ថា៖ «ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សូល ហើយ​បាន​ប្រគល់​ដំណាក់ និង​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ចៅ‌ហ្វាយ​ឯង មក​ឲ្យ​ឯង​ឱប​នៅ​នា​ទ្រូង ព្រម​ទាំង​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា មក​ក្នុង​អំណាច​ឯង​ដែរ បើ​នៅ​មិន​ល្មម​គ្រាន់ នោះ​យើង​នឹង​បន្ថែម​យ៉ាង​នេះ​មួយៗ​ឲ្យ​ថែម​ទៀត ហេតុ​អ្វី​បាន​ជា​ឯង​មើល​ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច្នេះ ឯង​បាន​សម្លាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សម្លាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន

២ សាំយូអែល 12:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​ចាត់​ព្យាការី*​ណាថាន​ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ដាវីឌ។ លោក​ណាថាន​ចូល​គាល់​ស្ដេច ហើយ​ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​បុរស​ពីរ​នាក់ ម្នាក់​ជា​សេដ្ឋី ម្នាក់​ទៀត​ជា​អ្នក​ក្រ។ សេដ្ឋី​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ រីឯ​អ្នក​ក្រ​វិញ មាន​កូន​ចៀម​ញី​តែ​មួយ​គត់ ដែល​គាត់​បាន​ទិញ​មក។ គាត់​ចិញ្ចឹម​វា ហើយ​វា​ក៏​ធំ​ឡើង​ជា​មួយ​កូនៗ​របស់​គាត់។ វា​ធ្លាប់​ស៊ី​ចំណី​អាហារ និង​ផឹក​ទឹក​ក្នុង​ពែង​របស់​គាត់ គាត់​ដេក​ឱប​វា ហើយ​គាត់​ស្រឡាញ់​វា​ទុក​ដូច​ជា​កូន​ស្រី​របស់​គាត់។ ថ្ងៃ​មួយ មាន​អ្នក​ដំណើរ​ម្នាក់​បាន​មក​ដល់​ផ្ទះ​របស់​សេដ្ឋី។ សេដ្ឋី​នោះ​ពុំ​ដាច់​ចិត្ត​យក​សត្វ​ក្នុង​ហ្វូង​ចៀម ឬ​ហ្វូង​គោ​របស់​គាត់ មក​សម្លាប់​ធ្វើ​ម្ហូប​អាហារ​ជូន​ភ្ញៀវ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ទៅ​យក​កូន​ចៀម​របស់​អ្នក​ក្រ មក​កាប់​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ»។ ព្រះ‌បាទ​ដាវីឌ​ខ្ញាល់​នឹង​សេដ្ឋី​នោះ​យ៉ាង​ខ្លាំង ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា មនុស្ស​ដែល​ប្រព្រឹត្ត​ដូច្នេះ ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ គេ​ត្រូវ​សង​កូន​ចៀម​វិញ​មួយ​ជា​បួន ព្រោះ​គេ​ប្រព្រឹត្ត​ដូច្នេះ​ដោយ​គ្មាន​ចិត្ត​ត្រា​ប្រណី​សោះ»។ ព្យាការី​ណាថាន​ទូល​ព្រះ‌បាទ​ដាវីឌ​វិញ​ថា៖ «បុរស​នោះ គឺ​ព្រះ‌ករុណា​ហ្នឹង​ហើយ! ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​បាន​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​យើង​ក៏​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សូល​ដែរ។ យើង​បាន​ប្រគល់​រាជ​សម្បត្តិ ព្រម​ទាំង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​ម្ចាស់​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ យើង​ក៏​បាន​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​យូដា​ដែរ។ បើ​អ្នក​នៅ​តែ​មិន​ស្កប់​ទេ យើង​អាច​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គាប់​ចិត្ត​យើង គឺ​អ្នក​បាន​ធ្វើ​ឃាត​អ៊ូរី ជា​ជន‌ជាតិ​ហេត ដោយ​ប្រគល់​ទៅ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​សម្លាប់ រួច​យក​ប្រពន្ធ​របស់​អ៊ូរី​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឯង។

២ សាំយូអែល 12:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅឯ​ដាវីឌ​លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា នៅ​ទី​ក្រុង​១​មាន​មនុស្ស​២​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ អ្នក​ដែល​មាន​នោះ មាន​ចៀមហើយ​នឹង​គោ​យ៉ាង​សន្ធឹក តែ​អ្នក​ដែល​ក្រ​គ្មាន​អ្វី​សោះ មាន​តែ​កូន​ចៀម​១ ដែល​បាន​ទិញ​មក​ចិញ្ចឹម​ប៉ុណ្ណោះ កូន​ចៀម​នោះ​ក៏​ចំរើន​ធំ​ឡើង​នៅ​ជា​មួយ​នឹង​គាត់ ហើយ​នឹង​កូន​គាត់ វា​តែង​ស៊ី​អាហារ ហើយ​ផឹក​ពី​ពែង​របស់​គាត់ ក៏​ដេក​នៅ​នា​ដើម​ទ្រូង​គាត់​ដែរ គាត់​ទុក​វា​ដូច​ជា​កូន​ស្រី​របស់​ខ្លួន គ្រា​នោះ មាន​អ្នក​ដំណើរ​ម្នាក់​មក​ឯ​មនុស្ស​អ្នក​មាន​នោះ តែ​អ្នក​មាន​មិន​ព្រម​យក​សត្វ​ណា​មួយ​ពី​ហ្វូង​ចៀម​ហ្វូង​គោ​របស់​ខ្លួន ដើម្បី​នឹង​ចាត់‌ចែង​រៀបចំ​ទទួល​អ្នក​ដំណើរ ដែល​មក​ឯ​ខ្លួន​នោះ​ទេ គឺ​បាន​ចាប់​យក​កូន​ចៀម​របស់​អ្នក​ក្រីក្រ​នោះ ទៅ​ចាត់‌ចែង​ទទួល​អ្នក​ដែល​មក​នោះ​វិញ ដូច្នេះដាវីឌ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ក្តៅ​ឡើង​ចំពោះ​អ្នក​នោះ​ជា​ខ្លាំង ក៏​មាន​បន្ទូល​ទៅ​ណាថាន់​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះគួរ​ស្លាប់​ហើយ ត្រូវ​ឲ្យ​វា​សង​១​ជា​៤​ជំនួស​ចៀម​នោះ ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​ឥត​ប្រណី​ដូច្នោះ។ នោះ​ណាថាន់​ទូល​សប​ថា ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ក៏​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​សូល ហើយ​បាន​ប្រគល់​ដំណាក់ នឹង​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ចៅហ្វាយ​ឯង មក​ឲ្យ​ឯង​ឱប​នៅ​នា​ទ្រូង ព្រម​ទាំង​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រាអែល នឹង​យូដា មក​ក្នុង​អំណាច​ឯង​ដែរ បើ​នៅ​មិន​ល្មម​គ្រាន់ នោះ​អញ​នឹង​បន្ថែម​យ៉ាង​នេះ​មួយៗ​ឲ្យ​ថែម​ទៀត ហេតុ​អ្វី​បាន​ជា​ឯង​មើល‌ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​ទ្រង់​ដូច្នេះ ឯង​បាន​សំឡាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សំឡាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន