២ សាំយូអែល 12:1-6
២ សាំយូអែល 12:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានចាត់ណាថាន់ ឲ្យទៅគាល់ព្រះបាទដាវីឌ លោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា៖ «នៅទីក្រុងមួយមានមនុស្សពីរនាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ អ្នកដែលមាននោះ មានចៀម និងគោយ៉ាងសន្ធឹក តែអ្នកដែលក្រគ្មានអ្វីសោះ មានតែកូនចៀមមួយ ដែលបានទិញមកចិញ្ចឹមប៉ុណ្ណោះ កូនចៀមនោះក៏ចម្រើនធំឡើងនៅជាមួយគាត់ និងកូនគាត់ វាតែងស៊ីអាហារ ហើយផឹកពីពែងរបស់គាត់ ក៏ដេកនៅនាដើមទ្រូងគាត់ដែរ គាត់ទុកវាដូចជាកូនស្រីរបស់ខ្លួន។ គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ»។ ដូច្នេះ ព្រះបាទដាវីឌខ្ញាល់នឹងអ្នកនោះជាខ្លាំង ក៏មានរាជឱង្ការទៅណាថាន់ថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះ គួរស្លាប់ហើយ ត្រូវឲ្យវាសងមួយជាបួនជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ»។
២ សាំយូអែល 12:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានចាត់ព្យាការី*ណាថានឲ្យទៅជួបព្រះបាទដាវីឌ។ លោកណាថានចូលគាល់ស្ដេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។ សេដ្ឋីមានហ្វូងគោ និងហ្វូងចៀមយ៉ាងច្រើនសន្ធឹកសន្ធាប់។ រីឯអ្នកក្រវិញ មានកូនចៀមញីតែមួយគត់ ដែលគាត់បានទិញមក។ គាត់ចិញ្ចឹមវា ហើយវាក៏ធំឡើងជាមួយកូនៗរបស់គាត់។ វាធ្លាប់ស៊ីចំណីអាហារ និងផឹកទឹកក្នុងពែងរបស់គាត់ គាត់ដេកឱបវា ហើយគាត់ស្រឡាញ់វាទុកដូចជាកូនស្រីរបស់គាត់។ ថ្ងៃមួយ មានអ្នកដំណើរម្នាក់បានមកដល់ផ្ទះរបស់សេដ្ឋី។ សេដ្ឋីនោះពុំដាច់ចិត្តយកសត្វក្នុងហ្វូងចៀម ឬហ្វូងគោរបស់គាត់ មកសម្លាប់ធ្វើម្ហូបអាហារជូនភ្ញៀវទេ ផ្ទុយទៅវិញ គាត់បែរជាទៅយកកូនចៀមរបស់អ្នកក្រ មកកាប់ធ្វើម្ហូបទទួលភ្ញៀវ»។ ព្រះបាទដាវីឌខ្ញាល់នឹងសេដ្ឋីនោះយ៉ាងខ្លាំង ហើយមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវតែទទួលទោសដល់ស្លាប់។ គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។
២ សាំយូអែល 12:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ចាត់ណាថាន់ ឲ្យទៅឯដាវីឌលោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា នៅទីក្រុង១មានមនុស្ស២នាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ អ្នកដែលមាននោះ មានចៀមហើយនឹងគោយ៉ាងសន្ធឹក តែអ្នកដែលក្រគ្មានអ្វីសោះ មានតែកូនចៀម១ ដែលបានទិញមកចិញ្ចឹមប៉ុណ្ណោះ កូនចៀមនោះក៏ចំរើនធំឡើងនៅជាមួយនឹងគាត់ ហើយនឹងកូនគាត់ វាតែងស៊ីអាហារ ហើយផឹកពីពែងរបស់គាត់ ក៏ដេកនៅនាដើមទ្រូងគាត់ដែរ គាត់ទុកវាដូចជាកូនស្រីរបស់ខ្លួន គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ ដូច្នេះដាវីឌទ្រង់មានសេចក្ដីខ្ញាល់ក្តៅឡើងចំពោះអ្នកនោះជាខ្លាំង ក៏មានបន្ទូលទៅណាថាន់ថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះគួរស្លាប់ហើយ ត្រូវឲ្យវាសង១ជា៤ជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ។