២ សាំយូអែល 11:6-27
២ សាំយូអែល 11:6-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា៖ «ចូរចាត់អ៊ូរីជាសាសន៍ហេត ឲ្យមកជួបយើង» ហើយយ៉ូអាប់ក៏ឲ្យអ៊ូរីទៅគាត់ព្រះបាទដាវីឌ។ ពេលគាត់បានទៅដល់ ព្រះបាទដាវីឌសាកសួរដំណឹងពីយ៉ូអាប់ ហើយពីបណ្ដាទ័ព និងពីការសង្គ្រាមជាយ៉ាងណា។ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអ៊ូរីថា៖ «ចូរចុះទៅផ្ទះ ហើយលាងជើងឯងទៅ» លុះគាត់ចេញពីដំណាក់ស្តេចហើយ នោះក៏មានគេនាំយកម្ហូបម្ហាពីស្តេចទៅជូនគាត់។ ប៉ុន្តែ អ៊ូរីគាត់ទៅដេកជាមួយពួកមហាតលិករបស់ម្ចាស់ខ្លួន នៅត្រង់មុខមាត់ទ្វារដំណាក់ មិនបានទៅផ្ទះខ្លួនទេ។ មានគេទូលព្រះបាទដាវីឌថា៖ «អ៊ូរីមិនបានចូលផ្ទះទេ» ព្រះបាទដាវីឌសួរអ៊ូរីថា៖ «តើឯងមិនបានមកពីឆ្ងាយទេឬ? ដូច្នេះ ម្តេចក៏មិនចុះទៅផ្ទះ?» អ៊ូរីទូលឆ្លើយថា៖ «ហិបរបស់ព្រះ និងពួកអ៊ីស្រាអែល ពួកយូដា សុទ្ធតែនៅក្នុងបង្ហា ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ និងពួកពលរបស់ទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅផ្ទះ និងទទួលទាន ហើយដេកជាមួយប្រពន្ធទូលបង្គំម្តេចកើត? ទូលបង្គំស្បថ បើព្រះជន្ម និងព្រលឹងព្រះករុណានៅមានជីវិតរស់នៅឡើយថា ទូលបង្គំមិនធ្វើដូច្នោះឡើយ»។ ពេលនោះ ដាវីឌមានរាជឱង្ការថា៖ «បើដូច្នេះ ថ្ងៃនេះ ឯងស្នាក់នៅទីនេះទៀតចុះ ហើយដល់ថ្ងៃស្អែក ឯងត្រូវត្រឡប់ទៅវិញ»។ ដូច្នេះ អ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត។ ព្រះបាទដាវីឌបានហៅគាត់មក ហើយគាត់ក៏បរិភោគជាមួយស្ដេច ទ្រង់បំផឹកឲ្យគាត់ស្រវឹង ដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែជាមួយពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត មិនបានទៅផ្ទះឡើយ។ ដល់ព្រឹកឡើង ព្រះបាទដាវីឌធ្វើសំបុត្រផ្ញើទៅយ៉ូអាប់តាមរយៈអ៊ូរី ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា៖ «ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលគាត់ទៅឲ្យគេបានវាយសម្លាប់»។ ដូច្នេះ យ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅកន្លែងមួយ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ។ ពួកទ័ពក្នុងក្រុងនោះក៏ចេញមកច្បាំងនឹងយ៉ូអាប់ ហើយមានពួកពលទ័ពរបស់ព្រះបាទដាវីឌខ្លះបានដួលស្លាប់ ឯអ៊ូរីជាសាសន៍ហេតគាត់ក៏ស្លាប់ដែរ។ យ៉ូអាប់ចាត់ម្នាក់ឲ្យនាំដំណឹងទៅទូលព្រះបាទដាវីឌពីរឿងចម្បាំង។ លោកបង្គាប់អ្នកនោះថា៖ «ពេលឯងទូលពីរឿងចម្បាំងដល់ស្តេចរួចហើយ ពេលនោះ ប្រសិនបើស្ដេចក្រោធ ហើយបន្ទោសថា "ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងម៉្លេះ? តើឯងមិនដឹងជាគេនឹងបាញ់ពីលើកំផែងមកទេឬ? តើអ្នកណាបានសម្លាប់អ័ប៊ីម៉ាឡិច ជាកូនយេរូបេសេថ? តើមិនមែនជាស្រីដែលទម្លាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬ? ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ?" នោះឯងត្រូវទូលឆ្លើយយ៉ាងនេះថា "អ៊ូរី សាសន៍ហេត ជាអ្នកបម្រើរបស់ព្រះករុណា ក៏បានស្លាប់ដែរ"»។ អ្នកនាំដំណឹងទៅទូលដល់ព្រះបាទដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ។ គាត់ទូលថា៖ «ពួកពលមានកម្លាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង។ ពេលនោះ ពួកពលធ្នូបាញ់ពីលើកំផែងមកពួកអ្នកបម្រើរបស់ទ្រង់ ហើយមានពួកអ្នកបម្រើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបម្រើរបស់ទ្រង់ ក៏ស្លាប់ដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅអ្នកដែលនាំដំណឹងមកថា៖ «អ្នកត្រូវទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា "កុំតូចចិត្តពីការនោះឡើយ ព្រោះដាវតែងប្រហារទាំងសងខាង ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបាន" ចូរឯងនិយាយលើកទឹកចិត្តលោកផង»។ កាលប្រពន្ធអ៊ូរីបានឮថាប្តីស្លាប់ហើយ នាងក៏យំសោកនឹងប្តី លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ ព្រះបាទដាវីឌចាត់គេឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយារបស់ស្ដេច ហើយបង្កើតបានបុត្រាមួយអង្គថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។
២ សាំយូអែល 11:6-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេត មកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។ លុះលោកអ៊ូរីមកដល់ ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្ដេចក៏ឲ្យគេយកអំណោយទៅជូនលោកតាមក្រោយ។ ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺលោកទទួលទានដំណេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់ស្ដេច។ មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្ដេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ លោកអ៊ូរីទូលស្ដេចថា៖ «បពិត្រព្រះករុណា ហិបរបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះពន្លា ហើយកងទ័ពអ៊ីស្រាអែល និងយូដា ស្នាក់នៅក្នុងជំរំ រីឯលោកយ៉ូអាប់ ជាចៅហ្វាយរបស់ទូលបង្គំ និងនាយទាហាន ក៏សម្រាកនៅតាមវាលដែរ។ តើពេលនេះ ឲ្យទូលបង្គំទៅផ្ទះ ទទួលទានអាហារឆ្ងាញ់ និងដេកឱបប្រពន្ធម្ដេចកើត? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណាមានព្រះជន្មគង់នៅ ទូលបង្គំមិនប្រព្រឹត្តដូច្នេះឡើយ!»។ ស្ដេចតបវិញថា៖ «ថ្ងៃនេះ ចូរអ្នកនៅទីនេះសិនចុះ ចាំស្អែក យើងឲ្យអ្នកត្រឡប់ទៅវិញ»។ លោកអ៊ូរីស្នាក់នៅក្រុងយេរូសាឡឹមរហូតដល់ស្អែក។ ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុ ព្រមទាំងបង្អកស្រាលោកឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់ស្ដេចដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។ ព្រលឹមឡើង ព្រះបាទដាវីឌសរសេរសំបុត្រមួយផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។ ក្នុងសំបុត្រនោះស្ដេចសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្ដៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។ លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថា មានសត្រូវខ្លាំងពូកែ។ កងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ ក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរី ជាជនជាតិហេត ក៏ស្លាប់ដែរ។ លោកយ៉ូអាប់បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ យ៉ាងសព្វគ្រប់អំពីសភាពការណ៍ចម្បាំង គឺលោកបញ្ជាអ្នកនាំសារថា៖ «ពេលអ្នករាយការណ៍អំពីសភាពការណ៍ចម្បាំងចប់សព្វគ្រប់ហើយ ប្រសិនបើស្ដេចខ្ញាល់ ហើយមានរាជឱង្ការថា “ហេតុអ្វីបានជាអ្នករាល់គ្នាចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ? តើអ្នករាល់គ្នាមិនដឹងថា ខ្មាំងបាញ់ព្រួញពីលើកំពែងក្រុងមកទេឬ? តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាល ត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែងមកចំលោក។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវទូលស្ដេចថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ព្រះករុណាក៏ស្លាប់ដែរ»។ អ្នកនាំសារចេញទៅ រាយការណ៍ថ្វាយព្រះបាទដាវីឌ នូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូអាប់បានបង្គាប់។ អ្នកនាំសារនោះបានរៀបរាប់ទូលព្រះបាទដាវីឌថា៖ «ពួកខ្មាំងមានប្រៀបជាងយើងខ្ញុំ គេចេញមកវាយយើងខ្ញុំនៅតាមវាល។ យើងខ្ញុំបានវាយបកទៅវិញ និងរុញពួកគេរហូតដល់ខ្លោងទ្វារក្រុង។ ប៉ុន្តែ ពេលនោះ ពួកខ្មាំងបានបាញ់ព្រួញពីលើកំពែងតម្រង់មករកយើងខ្ញុំ ធ្វើឲ្យពលទាហានខ្លះស្លាប់ រីឯលោកអ៊ូរី ជាជនជាតិហេត និងជាអ្នកបម្រើរបស់ព្រះករុណា ក៏ស្លាប់ដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អ្នកនាំសារនោះថា៖ «ចូរលើកទឹកចិត្តលោកយ៉ូអាប់ថា កុំឲ្យពិបាកចិត្ត ព្រោះតែរឿងនេះឡើយ ដ្បិតក្នុងសង្គ្រាមតែងតែមានការស្លាប់ទាំងសងខាងដូច្នេះ។ ចូរខំប្រឹងច្បាំងឲ្យកាន់តែខ្លាំងក្លាឡើង ហើយបំផ្លាញក្រុងនោះឲ្យបាន»។ ពេលនាងបាតសេបាដឹងថាប្ដីស្លាប់ នាងក៏កាន់ទុក្ខ។ លុះចប់ពេលកាន់ទុក្ខហើយ ព្រះបាទដាវីឌចាត់គេឲ្យទៅហៅនាងចូលមកក្នុងដំណាក់ នាងធ្វើជាមហេសីរបស់ស្ដេច ហើយសម្រាលបានបុត្រមួយថ្វាយស្ដេច។ អំពើដែលព្រះបាទដាវីឌប្រព្រឹត្តនេះមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ឡើយ។
២ សាំយូអែល 11:6-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា ចូរចាត់អ៊ូរី ជាសាសន៍ហេត ឲ្យមកឯយើង ដូច្នេះយ៉ូអាប់ក៏ឲ្យអ៊ូរីទៅឯដាវីឌ កាលគាត់បានទៅដល់ហើយ នោះដាវីឌសាកសួរដំណឹងពីយ៉ូអាប់ ហើយពីបណ្តាទ័ព នឹងពីការសង្គ្រាមបានជាយ៉ាងណា រួចដាវីឌមានបន្ទូលទៅអ៊ូរីថា ចូរចុះទៅផ្ទះ ហើយលាងជើងឯងទៅ លុះគាត់ចេញពីដំណាក់ស្តេចហើយ នោះក៏មានគេនាំយកម្ហូបម្ហាពីស្តេចទៅជូនគាត់ ប៉ុន្តែអ៊ូរីគាត់ទៅដេកជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួន នៅត្រង់មុខមាត់ទ្វារដំណាក់វិញ ឥតបានចុះទៅឯផ្ទះខ្លួនទេ កាលគេទូលដាវីឌថា អ៊ូរីមិនបានចុះទៅឯផ្ទះគាត់ទេ នោះទ្រង់សួរអ៊ូរីថា តើឯងមិនបានមកពីឆ្ងាយទេឬអី ដូច្នេះ ម្តេចក៏មិនចុះទៅឯផ្ទះ នោះអ៊ូរីទូលឆ្លើយថា ហឹបនៃព្រះ នឹងពួកអ៊ីស្រាអែល ហើយពួកយូដាសុទ្ធតែនៅក្នុងបង្ហារ ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ នឹងពួកពលផងទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅឯផ្ទះនឹងទទួលទាន ហើយដេកនៅជាមួយនឹងប្រពន្ធទូលបង្គំដូចម្តេចកើត ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ នឹងព្រលឹងទ្រង់ដ៏មានជីវិតរស់នៅថា ទូលបង្គំមិនព្រមធ្វើដូច្នោះឡើយ នោះដាវីឌមានបន្ទូលថា បើដូច្នេះ ចូរឯងទៅឯណេះក្នុងថ្ងៃនេះទៀតចុះ ស្អែកឡើងយើងនឹងឲ្យឯងទៅវិញ នោះអ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត កាលដាវីឌទ្រង់ហៅគាត់មក នោះគាត់ក៏បរិភោគនៅចំពោះទ្រង់ ហើយទ្រង់បំផឹកឲ្យគាត់ស្រវឹង តែដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែ ជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត ឥតមានចុះទៅឯផ្ទះឡើយ។ ដល់ព្រឹកឡើង ដាវីឌទ្រង់ធ្វើសំបុត្រផ្ញើទៅយ៉ូអាប់ដោយសារអ៊ូរី ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសំឡាប់ចេញ ដូច្នេះយ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅឯកន្លែង១ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ ពួកទ័ពក្នុងក្រុងនោះក៏ចេញមកច្បាំងនឹងយ៉ូអាប់ ហើយមានពួកពលទ័ពរបស់ដាវីឌខ្លះបានដួលស្លាប់ ឯអ៊ូរីជាសាសន៍ហេតគាត់ក៏ស្លាប់ដែរ នោះយ៉ូអាប់ចាត់ម្នាក់ ឲ្យនាំដំណឹងទៅទូលដល់ដាវីឌ ពីរឿងចំបាំង លោកបង្គាប់អ្នកនោះថា កាលណាឯងបានរាប់រៀបទូលពីរឿងច្បាំងដល់ស្តេចរួចហើយ នោះបើសិនជាស្តេចទ្រង់ក្រោធ ហើយបន្ទោសថា ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងអីម៉្លេះ តើឯងមិនដឹងជាគេនឹងបាញ់ ពីលើកំផែងមកទេឬអី តើអ្នកណាបានសំឡាប់អ័ប៊ីម៉ាលេក ជាកូនយេរូ-បាល តើមិនមែនជាស្រីដែលទំលាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬអី ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ នោះត្រូវឲ្យឯងទូលឆ្លើយយ៉ាងនេះថា អ៊ូរី សាសន៍ហេត ជាបាវបំរើនៃទ្រង់ បានស្លាប់ដែរ។ អ្នកនាំដំណឹងក៏ទៅទូលដល់ដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ គាត់ទូលថា ពួកពលគេមានកំឡាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង នោះពួកពលធ្នូ គេបាញ់ពីកំផែងមកលើពួកបាវបំរើនៃទ្រង់ ហើយមានពួកអ្នកបំរើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបំរើទ្រង់ ក៏ស្លាប់ដែរ នោះដាវីឌមានបន្ទូលទៅអ្នកដែលនាំដំណឹងមកថា ចូរឯងទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា កុំឲ្យតូចចិត្តពីការនោះឡើយ ពីព្រោះដាវតែងសំឡាប់អ្នក១ដូចជាអ្នក១ ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបានចុះ ចូរឯងនិយាយកំឡាចិត្តលោកឡើង។ កាលប្រពន្ធអ៊ូរីបានឮថាប្ដីស្លាប់ហើយ នោះនាងក៏យំសោកនឹងប្ដី លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ នោះដាវីឌទ្រង់ចាត់គេ ឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយាទ្រង់ ហើយបង្កើតបានបុត្រា១ថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ជាទីទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។