២ សាំយូអែល 11:14-27

២ សាំយូអែល 11:14-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដល់​ព្រឹក​ឡើង ព្រះបាទ​ដាវីឌ​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​យ៉ូអាប់​តាម​រយៈ​អ៊ូរី ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​បង្គាប់​ថា៖ «ចូរ​ឲ្យ​អ៊ូរី​មាន​កន្លែង​ក្នុង​ពួក​ទ័ព​ខាង​មុខ ត្រង់​កន្លែង​ដែល​កំពុង​ច្បាំង​គ្នា​ជា​ខ្លាំង រួច​ថយ​ចោល​គាត់​ទៅឲ្យ​គេ​បាន​វាយ​សម្លាប់»។ ដូច្នេះ យ៉ូអាប់​ក៏​សង្កេត​មើល​ទី​ក្រុង រួច​ចាត់​អ៊ូរី​ឲ្យ​ទៅ​កន្លែង​មួយ ដែល​លោក​ដឹង​ថា មាន​មនុស្ស​ក្លាហាន​នៅ។ ពួក​ទ័ព​ក្នុង​ក្រុង​នោះ​ក៏​ចេញ​មក​ច្បាំង​នឹង​យ៉ូអាប់ ហើយ​មាន​ពួក​ពល‌ទ័ព​របស់​ព្រះបាទ​ដាវីឌ​ខ្លះ​បាន​ដួល​ស្លាប់ ឯ​អ៊ូរី​ជា​សាសន៍​ហេត​គាត់​ក៏​ស្លាប់​ដែរ។ យ៉ូអាប់​ចាត់​ម្នាក់​ឲ្យ​នាំ​ដំណឹង​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ពី​រឿង​ចម្បាំង។ លោក​បង្គាប់​អ្នក​នោះ​ថា៖ «ពេល​ឯង​ទូល​ពី​រឿង​ចម្បាំង​ដល់​ស្តេច​រួច​ហើយ ពេល​នោះ ប្រសិន‌បើ​ស្ដេច​ក្រោធ ហើយ​បន្ទោស​ថា "ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ច្បាំង ជិត​ទី​ក្រុង​ម៉្លេះ? តើ​ឯង​មិន​ដឹង​ជា​គេ​នឹង​បាញ់​ពី​លើ​កំផែង​មក​ទេ​ឬ? តើ​អ្នក​ណា​បាន​សម្លាប់​អ័ប៊ី‌ម៉ាឡិច ជា​កូន​យេរូ​បេសេថ? តើ​មិន​មែន​ជា​ស្រី​ដែល​ទម្លាក់​ត្បាល់‌កិន​ពី​លើ​កំផែង​មក​លើ​វា ឲ្យ​ស្លាប់​នៅ​ត្រង់​ថេ‌បេស​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ជិត​កំផែង​យ៉ាង​ដូច្នេះ?" នោះ​ឯង​ត្រូវ​ទូល​ឆ្លើយ​យ៉ាង​នេះ​ថា "អ៊ូរី សាសន៍​ហេត ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ក៏​បាន​ស្លាប់​ដែរ"»។ អ្នក​នាំ​ដំណឹង​ទៅ​ទូល​ដល់​ព្រះបាទ​ដាវីឌ តាម​សេចក្ដី​ដែល​យ៉ូអាប់​បាន​បង្គាប់​គ្រប់​ប្រការ។ គាត់​ទូល​ថា៖ «ពួក​ពល​មាន​កម្លាំង​ជាង​ពួក​ទូល‌បង្គំ គេ​ចេញ​មក​ដល់​ទូល‌បង្គំ​ទាំង‌ឡាយ​នៅ​ឯ​វាល ហើយ​ពួក​ទូល‌បង្គំ​ក៏​ដេញ​គេ​ទៅ​វិញ រហូត​ដល់​ទ្វារ​ក្រុង។ ពេល​នោះ ពួក​ពល​ធ្នូ​បាញ់​ពី​លើ​កំផែង​មក​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​មាន​ពួក​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បម្រើ​របស់​ទ្រង់ ក៏​ស្លាប់​ដែរ»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​នាំ​ដំណឹង​មក​ថា៖ «អ្នក​ត្រូវ​ទៅ​ប្រាប់​យ៉ូអាប់​វិញ ដូច្នេះ​ថា "កុំ​តូច​ចិត្ត​ពី​ការ​នោះ​ឡើយ ព្រោះ​ដាវ​តែង​ប្រហារ​ទាំង​សង​ខាង ចូរ​ខំ​ប្រឹង​ច្បាំង​នឹង​ក្រុង​នោះ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចាប់​យក​ឲ្យ​បាន" ចូរ​ឯង​និយាយ​លើកទឹក​ចិត្ត​លោក​ផង»។ កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្តី​ស្លាប់​ហើយ នាង​ក៏​យំ​សោក​នឹង​ប្តី លុះ​វេលា​កាន់​ទុក្ខ​បាន​គ្រប់​កំណត់​ហើយ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ទទួល​នាង​មក​នៅ​ក្នុង​ដំណាក់ នាង​ក៏​ធ្វើ​ជា​ភរិយារបស់​ស្ដេច ហើយ​បង្កើត​បាន​បុត្រា​មួយ​អង្គ​ថ្វាយ​ទ្រង់ តែ​អំពើ​ដែល​ដាវីឌ​បាន​ប្រព្រឹត្ត​នោះ ទាស់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា​ណាស់។

២ សាំយូអែល 11:14-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រលឹម​ឡើង ព្រះ‌បាទ​ដាវីឌ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក​យ៉ូអាប់ តាម​រយៈ​លោក​អ៊ូរី។ ក្នុង​សំបុត្រ​នោះ​ស្ដេច​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​ឲ្យ​នៅ​សមរ‌ភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្ដៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​ឲ្យ​បច្ចា‌មិត្ត​ប្រហារ​ជីវិត​គាត់»។ លោក​យ៉ូអាប់​សង្កេត​មើល​ទីក្រុង​ដែល​លោក​ឡោម‌ព័ទ្ធ ហើយ​ដាក់​លោក​អ៊ូរី​នៅ​កន្លែង​ដែល​លោក​ដឹង​ថា មាន​សត្រូវ​ខ្លាំង​ពូកែ។ កង‌ទ័ព​សត្រូវ​ចេញ​មក​ច្បាំង​តទល់​នឹង​កង‌ទ័ព​របស់​លោក​យ៉ូអាប់។ ពួក​គេ​សម្លាប់​ពល​ទាហាន​ខ្លះ ក្នុង​ជួរ​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត ក៏​ស្លាប់​ដែរ។ លោក​យ៉ូអាប់​បាន​ចាត់​គេ​ឲ្យ​ទៅ​រាយ‌ការណ៍​ថ្វាយ​ព្រះ‌បាទ​ដាវីឌ យ៉ាង​សព្វ​គ្រប់​អំពី​សភាព​ការណ៍​ចម្បាំង គឺ​លោក​បញ្ជា​អ្នក​នាំ​សារ​ថា៖ «ពេល​អ្នក​រាយ‌ការណ៍​អំពី​សភាព​ការណ៍​ចម្បាំង​ចប់​សព្វ​គ្រប់​ហើយ ប្រសិន​បើ​ស្ដេច​ខ្ញាល់ ហើយ​មាន​រាជ‌ឱង្ការ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​កំពែង​ក្រុង ក្នុង​ពេល​ប្រយុទ្ធ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ខ្មាំង​បាញ់​ព្រួញ​ពី​លើ​កំពែង​ក្រុង​មក​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា លោក​អប៊ី‌មាឡេក ជា​កូន​របស់​លោក​យេរូ‌បាល ត្រូវ​ស្លាប់​នៅ​ថេ‌បេស ព្រោះ​តែ​ស្ត្រី​ម្នាក់​ទម្លាក់​ថ្ម​ត្បាល់​ពី​លើ​កំពែង​មក​ចំ​លោក។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ជិត​កំពែង​ក្រុង​យ៉ាង​នេះ?” នោះ​ត្រូវ​ទូល​ស្ដេច​ថា លោក​អ៊ូរី ជន‌ជាតិ​ហេត ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ក៏​ស្លាប់​ដែរ»។ អ្នក​នាំ​សារ​ចេញ​ទៅ រាយ‌ការណ៍​ថ្វាយ​ព្រះ‌បាទ​ដាវីឌ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូអាប់​បាន​បង្គាប់។ អ្នក​នាំ​សារ​នោះ​បាន​រៀប​រាប់​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ពួក​ខ្មាំង​មាន​ប្រៀប​ជាង​យើង​ខ្ញុំ គេ​ចេញ​មក​វាយ​យើង​ខ្ញុំ​នៅ​តាម​វាល។ យើង​ខ្ញុំ​បាន​វាយ​បក​ទៅ​វិញ និង​រុញ​ពួក​គេ​រហូត​ដល់​ខ្លោង​ទ្វារ​ក្រុង។ ប៉ុន្តែ ពេល​នោះ ពួក​ខ្មាំង​បាន​បាញ់​ព្រួញ​ពី​លើ​កំពែង​តម្រង់​មក​រក​យើង​ខ្ញុំ ធ្វើ​ឲ្យ​ពល​ទាហាន​ខ្លះ​ស្លាប់ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត និង​ជាអ្នក​បម្រើ​របស់​ព្រះ‌ករុណា ក៏​ស្លាប់​ដែរ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​នាំ​សារ​នោះ​ថា៖ «ចូរ​លើក​ទឹក​ចិត្ត​លោក​យ៉ូអាប់​ថា កុំ​ឲ្យ​ពិបាក​ចិត្ត ព្រោះ​តែ​រឿង​នេះ​ឡើយ ដ្បិត​ក្នុង​សង្គ្រាម​តែងតែ​មាន​ការ​ស្លាប់​ទាំង​សង​ខាង​ដូច្នេះ។ ចូរ​ខំ​ប្រឹង​ច្បាំង​ឲ្យ​កាន់​តែ​ខ្លាំង‌ក្លា​ឡើង ហើយ​បំផ្លាញ​ក្រុង​នោះ​ឲ្យ​បាន»។ ពេល​នាង​បាត‌សេបា​ដឹង​ថា​ប្ដី​ស្លាប់ នាង​ក៏​កាន់​ទុក្ខ។ លុះ​ចប់​ពេល​កាន់​ទុក្ខ​ហើយ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​នាង​ចូល​មក​ក្នុង​ដំណាក់ នាង​ធ្វើ​ជា​មហេសី​របស់​ស្ដេច ហើយ​សម្រាល​បាន​បុត្រ​មួយ​ថ្វាយ​ស្ដេច។ អំពើ​ដែល​ព្រះ‌បាទ​ដាវីឌ​ប្រព្រឹត្ត​នេះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ឡើយ។

២ សាំយូអែល 11:14-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ព្រឹក​ឡើង ដាវីឌ​ទ្រង់​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​យ៉ូអាប់​ដោយ‌សារ​អ៊ូរី ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​បង្គាប់​ថា ចូរ​ឲ្យ​អ៊ូរី​មាន​កន្លែង​ក្នុង​ពួក​ទ័ព​ខាង​មុខ ត្រង់​កន្លែង​ដែល​កំពុង​ច្បាំង​គ្នា​ជា​ខ្លាំង រួច​ថយ​ចោល​វា​ទៅ​ឲ្យ​គេ​បាន​វាយ​សំឡាប់​ចេញ ដូច្នេះយ៉ូអាប់​ក៏​សង្កេត​មើល​ទី​ក្រុង រួច​ចាត់​អ៊ូរី​ឲ្យ​ទៅ​ឯ​កន្លែង​១ ដែល​លោក​ដឹង​ថា មាន​មនុស្ស​ក្លាហាន​នៅ ពួក​ទ័ព​ក្នុង​ក្រុង​នោះ​ក៏​ចេញ​មក​ច្បាំង​នឹង​យ៉ូអាប់ ហើយ​មាន​ពួក​ពល‌ទ័ព​របស់​ដាវីឌ​ខ្លះ​បាន​ដួល​ស្លាប់ ឯ​អ៊ូរី​ជា​សាសន៍​ហេត​គាត់​ក៏​ស្លាប់​ដែរ នោះ​យ៉ូអាប់​ចាត់​ម្នាក់ ឲ្យ​នាំ​ដំណឹង​ទៅ​ទូល​ដល់​ដាវីឌ ពី​រឿង​ចំបាំង លោក​បង្គាប់​អ្នក​នោះ​ថា កាល​ណា​ឯង​បាន​រាប់‌រៀប​ទូល​ពី​រឿង​ច្បាំង​ដល់​ស្តេច​រួច​ហើយ នោះ​បើ​សិន​ជា​ស្តេច​ទ្រង់​ក្រោធ ហើយ​បន្ទោស​ថា ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ច្បាំង ជិត​ទី​ក្រុង​អី​ម៉្លេះ តើ​ឯង​មិន​ដឹង​ជា​គេ​នឹង​បាញ់ ពី​លើ​កំផែង​មក​ទេ​ឬ​អី តើ​អ្នក​ណា​បាន​សំឡាប់​អ័ប៊ី‌ម៉ាលេក ជា​កូន​យេរូ-បាល តើ​មិន​មែន​ជា​ស្រី​ដែល​ទំលាក់​ត្បាល់‌កិន​ពី​លើ​កំផែង​មក​លើ​វា ឲ្យ​ស្លាប់​នៅ​ត្រង់​ថេបេស​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ជិត​កំផែង​យ៉ាង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ឆ្លើយ​យ៉ាង​នេះ​ថា អ៊ូរី សាសន៍​ហេត ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​ស្លាប់​ដែរ។ អ្នក​នាំ​ដំណឹង​ក៏​ទៅ​ទូល​ដល់​ដាវីឌ តាម​សេចក្ដី​ដែល​យ៉ូអាប់​បាន​បង្គាប់​គ្រប់​ប្រការ គាត់​ទូល​ថា ពួក​ពល​គេ​មាន​កំឡាំង​ជាង​ពួក​ទូលបង្គំ គេ​ចេញ​មក​ដល់​ទូលបង្គំ​ទាំង‌ឡាយ​នៅ​ឯ​វាល ហើយ​ពួក​ទូលបង្គំ​ក៏​ដេញ​គេ​ទៅ​វិញ រហូត​ដល់​ទ្វារ​ក្រុង នោះ​ពួក​ពល​ធ្នូ គេ​បាញ់​ពី​កំផែង​មក​លើ​ពួក​បាវ​បំរើ​នៃ​ទ្រង់ ហើយ​មាន​ពួក​អ្នក​បំរើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បំរើ​ទ្រង់ ក៏​ស្លាប់​ដែរ នោះ​ដាវីឌ​មាន​បន្ទូល​ទៅ​អ្នក​ដែល​នាំ​ដំណឹង​មក​ថា ចូរ​ឯង​ទៅ​ប្រាប់​យ៉ូអាប់​វិញ ដូច្នេះ​ថា កុំ​ឲ្យ​តូច​ចិត្ត​ពី​ការ​នោះ​ឡើយ ពី​ព្រោះ​ដាវ​តែង​សំឡាប់​អ្នក​១​ដូច​ជា​អ្នក​១ ចូរ​ខំ​ប្រឹង​ច្បាំង​នឹង​ក្រុង​នោះ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចាប់​យក​ឲ្យ​បាន​ចុះ ចូរ​ឯង​និយាយ​កំឡា​ចិត្ត​លោក​ឡើង។ កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្ដី​ស្លាប់​ហើយ នោះ​នាង​ក៏​យំ​សោក​នឹង​ប្ដី លុះ​វេលា​កាន់​ទុក្ខ​បាន​គ្រប់​កំណត់​ហើយ នោះ​ដាវីឌ​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ទទួល​នាង​មក​នៅ​ក្នុង​ដំណាក់ នាង​ក៏​ធ្វើ​ជា​ភរិយា​ទ្រង់ ហើយ​បង្កើត​បាន​បុត្រា​១​ថ្វាយ​ទ្រង់ តែ​អំពើ​ដែល​ដាវីឌ​បាន​ប្រព្រឹត្ត​នោះ ជា​ទី​ទាស់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា​ណាស់។