២ សាំយូអែល 11:1-5

២ សាំយូអែល 11:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​រដូវ​ក្ដៅ​នៃ​ឆ្នាំ ជា​ពេល​ដែល​ស្តេច​ទាំង​ប៉ុន្មាន​ត្រូវ​ចេញ​ទៅ​ច្បាំង ព្រះបាទ​ដាវីឌ​បាន​ចាត់​យ៉ូអាប់ ជា​មួយ​ពល​ទ័ព​របស់​លោក និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឲ្យ​ទៅ គេ​បាន​បំផ្លាញ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​រ៉ាបាត ឯ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។ មាន​ថ្ងៃ​មួយ នៅ​ពេល​ល្ងាច​ជិត​ងងឹតទៅ​ហើយ ព្រះបាទ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់។ ព្រះបាទ​ដាវីឌ​ក៏​ចាត់​ឲ្យ​គេ​ទៅ​ស៊ើប​សួរ​ពី​នាង ហើយ​ម្នាក់​នោះ​ទូល​ថា៖ «នាង​ឈ្មោះ​បាត‌សេ‌បា ជា​កូន​អេលាម ប្រពន្ធ​អ៊ូរី សាសន៍​ហេត»។ ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ស្ដេច​ផ្ទំ​ជា‌មួយ​នាង (ដ្បិត​នាង​ទើប​បាន​ស្អាត​ពី​រដូវ)។ រួច​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ នាង​ក៏​មាន​គភ៌ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា៖ «ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ»។

២ សាំយូអែល 11:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក ព្រះ‌បាទ​ដាវីឌ​ចាត់​លោក​យ៉ូអាប់ ព្រម​ទាំង​នាយ​ទាហាន និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​បាន​កម្ទេច​ស្រុក​នោះ ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ មាន​ថ្ងៃ​មួយ នៅ​ពេល​រសៀល ព្រះ‌បាទ​ដាវីឌ​តើន​ពី​ផ្ទំ ហើយ​ស្ដេច​យាង​កម្សាន្ត​តាម​ថែវ ដែល​នៅ​ជាន់​ខាង​លើ​ព្រះ‌ដំណាក់។ ស្ដេច​ទត​ឃើញ​ស្ត្រី​ម្នាក់​កំពុង​មុជ​ទឹក ស្ត្រី​នោះ​មាន​រូប​ឆោម​ល្អ​ណាស់។ ស្ដេច​ក៏​ស៊ើប‌សួរ​ពី​ស្ត្រី​នោះ គេ​ទូល​ថា «នាង​ឈ្មោះ​បាត‌សេបា ជា​កូន​របស់​លោក​អេលាម និង​ជា​ប្រពន្ធ​របស់​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត»។ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​ស្ដេច ហើយ​ស្ដេច​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ នាង​បាត‌សេបា​ក៏​មាន​ផ្ទៃ​ពោះ នាង​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ»។

២ សាំយូអែល 11:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​១​ខួប​ក្រោយ​មក ក្នុង​រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​ចេញ​ទៅ​ច្បាំង​បាន នោះ​ដាវីឌ​ទ្រង់​ចាត់​យ៉ូអាប់ ព្រម​ទាំង​ពល​ទ័ព​របស់​លោក នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ឲ្យ​ទៅ គេ​ក៏​បំផ្លាញ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​រ៉ាបាត តែ​ឯ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ។ មាន​កាល​១​ថ្ងៃ ពេល​ជិត​ងងឹត​ហើយ នោះ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​តែ​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់ ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​ពី​នាង ហើយ​ម្នាក់​នោះ​ទូល​ថា នាង​ឈ្មោះ​បាត‌សេបា​ជា​កូន​អេលាម ប្រពន្ធ​អ៊ូរី សាសន៍​ហេត នោះ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​យក​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ផ្ទំ​ជា​មួយ​នឹង​នាង​ទៅ ដ្បិត​នាង​ទើប​នឹង​បាន​ស្អាត​ពី​រដូវ​នាង​ហើយ រួច​នាង​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ នាង​ក៏​មាន​គភ៌ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌថា ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ។