២ សាំយូអែល 10:1-19

២ សាំយូអែល 10:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ស្តេច​របស់​ប្រជា​ជន​អាំម៉ូន​សុគត​ទៅ ហើយ​ហានូន​ជា​បុត្រា បាន​ឡើង​សោយ‌រាជ្យ​ជំនួស។ ព្រះបាទ​ដាវីឌ​ព្រះ‌តម្រិះ​ថា៖ «យើង​នឹង​សម្ដែង​សេចក្ដី​សប្បុ‌រស​ចំពោះ​ហានូន កូន​ណា‌ហាស ដូច​បិតា​លោក​បាន​សម្ដែង​ដល់​យើង​ដែរ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ចាត់​ពួក​រាជ‌ទូត ឲ្យ​ទៅ​ជួយ​កម្សាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ‌ទូត​របស់​ដាវីឌ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន។ ប៉ុន្តែ ពួក​មេលើ​ពួក​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ជា​ម្ចាស់​គេ​ថា៖ «តើ​ព្រះករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​នេះ​ឲ្យ​មក​ជួយ​កម្សាន្ត​ទុក្ខ​ព្រះករុណា ដោយយល់​ដល់​បិតា​ទ្រង់​ឬ? តើព្រះបាទ​ដាវីឌ​មិន​ចាត់​ពួក​ទូត​នេះ​ឲ្យ​មក ដើម្បី​សង្កេត​មើល​ទី​ក្រុង ក្នុង​បំណង​វាយ​ដណ្ដើម​យក​ទេ​ឬ?» ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ កោរ​ពុក​ចង្កា​គេ​មួយ​ចំហៀង ហើយ​កាត់​អាវ​ផ្តាច់​ផ្នែក​ខាង​ក្រោម​នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ។ កាល​ដំណឹង​នោះ​បាន​ជ្រាប​ដល់​ដាវីឌ ទ្រង់​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​ត្រូវ​ខ្មាស​ណាស់ ស្តេច​បាន​បង្គាប់​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទម្រាំ​ពុក‌ចង្កា​ដុះ​ជា​ថ្មី សឹម​ត្រឡប់​មក​វិញ»។ ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ព្រះបាទ​ដាវីឌ​បាន​ខ្ពើម​គេ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា មាន​ពល​ថ្មើ​ជើង​ពីរ​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​មួយ​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត។ ពេល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប​ហើយ ទ្រង់​បាន​ចាត់​យ៉ូអាប់ និង​ពួក​ពល​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ទៅ។ ឯ​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា និង​ក្រុង​រេហុប ហើយ​ពួក​ថូប និង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ​ឡែក។ ពេល​យ៉ូអាប់​បាន​ឃើញ​ថា គេ​ព័ទ​ច្បាំង​លោក​ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នោះ លោក​ក៏​រើស​យក​ពួក​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល ចាត់​ឲ្យ​ទៅ​តម្រៀប​គ្នា ត​នឹង​ពួក​ស៊ីរី។ ឯ​បណ្ដា​ទ័ព​ដែល​នៅ​សល់ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ​ជា​ប្អូន ហើយ​ប្អូន​ក៏​តម្រៀប​ពល ដើម្បី​តទល់​នឹង​ពួក​កូន​ចៅ​អាំម៉ូន។ លោក​ប្រាប់​ថា៖ «ប្រសិន‌បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​ខ្ញុំ ចូរ​ឯង​មក​ជួយ​ខ្ញុំផង តែ​បើ​ពួក​កូន​ចៅ​អាំម៉ូន​ខ្លាំង​ជាង​ឯង នោះ​ខ្ញុំ​នឹង​ទៅ​ជួយ​ឯង​វិញ។ ចូរ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​មាន​កម្លាំង​ចុះ ព្រោះ​សាសន៍​របស់​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​សេចក្ដី​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ»។ ដូច្នេះ យ៉ូអាប់ និង​ពួក​ពល​ដែល​នៅ​ជា‌មួយ ក៏​ចូល​ទៅ​តស៊ូ​នឹង​ពួក​ស៊ីរី ហើយ​គេ​បាក់​ទ័ព​រត់​ពី​មុខ​លោក​ចេញ​ទៅ កាល​ពួក​កូន​ចៅ​អាំម៉ូន​បាន​ឃើញ​ថា ពួក​ស៊ីរី​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ចេញ​ពី​មុខ​អ័ប៊ី‌សាយ​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ រួច​យ៉ូអាប់​ក៏​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន វិល​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។ កាល​ពួក​ស៊ីរី​ឃើញ​ថា គេ​ត្រូវ​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​ប្រ​មូល​គ្នា ហើយ​ព្រះបាទ​ហាដា‌រេស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក​ជា​មេ‌ទ័ព​ធំ​របស់​ហាដា‌រេស៊ើរ ជា​អ្នក​នាំ​មុខ។ កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​បាន​ត្រៀម​ពល​ត​នឹង​ដាវីឌ តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល​ទៅ ហើយ​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​ពួក​គេ ដែលបរ​រទេះ​ចម្បាំង​អស់​ប្រាំពីររយ​រទេះ និង​ពួក​ពល​សេះ​បួន​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក​ជា​មេ‌ទ័ព ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។ កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​អំណាច​ហាដា‌រេស៊ើរ​ឃើញ​ថា ខ្លួន​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​ចង​ស្ពាន​មេត្រី​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ចំណុះ​គេ​វិញ ដូច្នេះ ពួក​ស៊ីរី​មិន​ហ៊ាន​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។

២ សាំយូអែល 10:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន​សោយ​ទិវង្គត ហើយ​បុត្រា​ព្រះ‌នាម​ហា‌នូន ឡើង​សោយ​រាជ្យ​ជំនួស។ ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហា‌នូន ជា​បុត្រ​របស់​ព្រះ‌បាទ​ណា‌ហាស ដូច​បិតា​របស់​ស្ដេច​បាន​សម្តែង​ចំពោះ​យើង​ដែរ»។ ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហា‌នូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អាំម៉ូន ទូល​ព្រះ‌បាទ​ហា‌នូន ជា​ម្ចាស់​របស់​ខ្លួន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍​ទីក្រុង ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក»។ ពេល​នោះ ព្រះ‌បាទ​ហា‌នូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ឲ្យ​គេ​កោរ​ពុក​ចង្កា​មួយ​ចំហៀង ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ទ្រង់​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​មន្ត្រី ដែល​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នោះ។ ស្ដេច​ត្រាស់​បង្គាប់​ដល់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។ កាល​ជន‌ជាតិ​អាំ‌ម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់​ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្ដេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ ឲ្យ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។ ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេត‌រេហូប ព្រម​ទាំង​ទ័ព​ស្រុក​ថូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។ លោក​យ៉ូអាប់​ឃើញ​ថា លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ​ដល់​ទៅ​ពីរ​មុខ​ព្រួញ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ ដូច្នេះ លោក​ជ្រើស​រើស​ទាហាន​ដ៏​ចំណានៗ​ពី​កង‌ទ័ព​អ៊ីស្រា‌អែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​ពួក​ស៊ីរី។ រីឯ​កង‌ទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​ឲ្យ​លោក​អប៊ី‌សាយ​ជា​ប្អូន ចេញ​ទៅ​តទល់​នឹង​ជន‌ជាតិ​អាំម៉ូន។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ប្រយុទ្ធ​ដើម្បី​ប្រជា‌ជន​របស់​យើង និង​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ»។ លោក​យ៉ូអាប់ ព្រម​ទាំង​កង‌ទ័ព បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។ កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ី‌សាយ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ​ដែរ។ លោក​យ៉ូអាប់​ក៏​វិល​ពី​ច្បាំង​តទល់​នឹង​កង‌ទ័ព​អាំម៉ូន ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។ ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​អ៊ីស្រា‌អែល គេ​ក៏​ប្រមូល​ផ្ដុំ​កង‌ទ័ព។ ព្រះ‌បាទ​ហាដា‌រេស៊ើរ​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ កង‌ទ័ព​ស៊ីរី​បាន​មក​ដល់​ហេ‌ឡាម ដោយ​មាន​លោក​សូបាក់​ដែល​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​អ្នក​ដឹក​នាំ។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ទ្រង់​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ហេ‌ឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ព្រះ‌បាទ​ដាវីឌ ហើយ​វាយ​សម្រុក។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចម្បាំង អស់​ប្រាំ‌ពីរ​រយ​នាក់ និង​ពល​ទ័ព​សេះ​អស់​បួន​ម៉ឺន​នាក់ ស្ដេច​ក៏​បាន​ប្រហារ​លោក​សូបាក់ ជា​មេ​បញ្ជា​ការ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។ កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ឃើញ​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ស្ដេច។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

២ សាំយូអែល 10:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ ហើយ​ហានូន ជា​បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស នោះ​ដាវីឌ​ទ្រង់​ព្រះ‌ដំរិះ​ថា អញ​នឹង​សំដែង​សេចក្ដី​សប្បុរស ដល់​ហានូន កូន​ណា‌ហាស ដូច​ជា​បិតា​លោក​បាន​សំដែង​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ‌ទូត ឲ្យ​ទៅ​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ‌ទូត​របស់​ដាវីឌ ក៏​ចូល​ទៅ​ក្នុង​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន ប៉ុន្តែពួក​មេ​របស់​កូន​ចៅ​អាំម៉ូន ទូល​ដល់​ហានូន​ជា​ម្ចាស់​គេ​ថា ទ្រង់​ជឿ​ថា ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់​ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់​ឬ​អី ឯ​គំនិត​ដាវីឌ ដែល​ចាត់​ពួក​ទូត​នេះ ឲ្យ​មក​ដូច្នេះ គឺ​ដើម្បី​តែ​នឹង​ឈ្លប‌លប ហើយ​សង្កេត​មើល​ទី​ក្រុង រួច​រំលំ​ចេញ​ប៉ុណ្ណោះ​វិញ​ទេ​តើ ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ កោរ​ពុក‌ចង្កា​គេ​១​ចំហៀង ក៏​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម​នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ កាល​ដំណឹង​នោះ​បាន​ជ្រាប​ដល់​ដាវីឌ នោះ​ទ្រង់​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​មាន​សេចក្ដី​ខ្មាស​ណាស់ ស្តេច​ទ្រង់​បង្គាប់​ថា ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទំរាំ​ពុក‌ចង្កា​ដុះ​ជា​ថ្មី​ឡើង រួច​សឹម​ត្រឡប់​មក​វិញ។ កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ដាវីឌ​ត្រឡប់​ជា​ខ្ពើម​គេ​ហើយ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប នឹង​ពី​ក្រុង​សូបា បាន​ពល​ថ្មើរ‌ជើង​២​ម៉ឺន​នាក់ នឹង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​១​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​១​ម៉ឺន​២​ពាន់​នាក់​ទៀត កាល​ដាវីឌ​បាន​ជ្រាប​ហើយ នោះ​ទ្រង់​ចាត់​យ៉ូអាប់ នឹង​ពួក​ពល​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ទៅ ឯ​ពួក​កូន​ចៅ​អាំម៉ូន គេ​ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា នឹង​ក្រុង​រេហុប ហើយ​ពួក​ថូប នឹង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ‌ឡែក។ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ចោម​ច្បាំង​នឹង​លោក​ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នោះ នោះ​លោក​ក៏​រើស​យក​ពួក​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រាអែល ចាត់​ទៅ​ឲ្យ​ដំរៀប​គ្នា ត​នឹង​ពួក​ស៊ីរី ឯ​បណ្តា​ទ័ព​ដែល​សល់​នៅ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន ហើយ​ប្អូន​ក៏​ដំរៀប​ពល​ត​នឹង​ពួក​កូន​ចៅ​អាំម៉ូន លោក​ប្រាប់​ថា បើ​សិន​ជា​ពួក​ស៊ីរី​មាន​កំឡាំង​ហួស​ពេក អញ​ឈ្នះ​គេ​មិន​បាន នោះ​ចូរ​ឯង​មក​ជួយ​អញ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កំឡាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​អញ​នឹង​ទៅ​ជួយ​ឯង​វិញ ចូរ​ឲ្យ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កំឡាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង នឹង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​សេចក្ដី តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ ដូច្នេះ យ៉ូអាប់ នឹង​ពួក​ពល ដែល​នៅ​ជា​មួយ​ក៏​ចូល​ទៅ​តស៊ូ​នឹង​ពួក​ស៊ីរី ហើយ​គេ​បាក់​ទ័ព​រត់​ពី​មុខ​លោក​ចេញ​ទៅ កាល​ពួក​កូន​ចៅ​អាំម៉ូន​បាន​ឃើញ​ថា ពួក​ស៊ីរី​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ចេញ​ពី​មុខ​អ័ប៊ី‌សាយ​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ រួច​យ៉ូអាប់​ក៏​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន វិល​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។ កាល​ពួក​ស៊ីរី​ឃើញ​ថា បាន​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះគេ​ក៏​មូល​គ្នា ហើយ​ហាដារេ‌ស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក ជា​មេ‌ទ័ព​ធំ​របស់​ហាដារេ‌ស៊ើរ ជា​អ្នក​នាំ​មុខ កាល​ដាវីឌ​ទ្រង់​ជ្រាប នោះ​ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​គេ​ក៏​ត្រៀម​ពល​ត​នឹង​ដាវីឌ តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រាអែល​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​គេ ដែល​នៅ​រទេះ​ចំបាំង​អស់​៧០០​រទេះ នឹង​ពួក​ពល​សេះ​៤​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក ជា​មេ‌ទ័ព​គេ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​អំណាច​ហាដារេ‌ស៊ើរ​ឃើញ​ថា ខ្លួន​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះ​ក៏​ចង​ជា​ស្ពាន​មេត្រី​នឹង​ពួក​អ៊ីស្រាអែល ហើយ​ចំណុះ​គេ​វិញ ដូច្នេះ ពួក​ស៊ីរី​មិន​ហ៊ាន​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។