២ ពេត្រុស 3:2-6

២ ពេត្រុស 3:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​រាល់​សេចក្ដី​ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ថ្លែង​កាល​ពី​ដើម និង​ពី​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ តាម​រយៈ​ពួក​សាវក​របស់​អ្នក​រាល់​គ្នា ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក មក​ចំអកមើល​ងាយ ហើយ​បណ្តោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ។ គេ​នឹង​ពោល​ថា៖ «តើ​សេចក្ដី​សន្យា​ពី​ការ​យាង​មក​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ដូន​តា​របស់​យើង​បាន​ស្លាប់​ទៅ អ្វីៗ​ទាំង​អស់​នៅ​តែ​ដដែល ដូច​កាល​ពី​ដើម​កំណើត​ពិភព​លោក​រៀង​មក​ដែរ!»។ ព្រោះ​គេ​ចង់​បំភ្លេច​ការ​នេះ​ថា ផ្ទៃ​មេ​ឃ​មាន​តាំង​ពី​យូរ​លង់​មក​ហើយ ឯផែន​ដី​កើត​ចេញ​ពី​ទឹក នៅ​ក្នុង​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ថា ដោយ​សារ​ទឹក ពិភព​លោក​នៅ​ជំនាន់​នោះ​ត្រូវ​ជន់​លិច ហើយ​វិនាស​ទៅ។

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​បងប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​លោក​ព្យាការី*​ដ៏វិសុទ្ធ*​បាន​ថ្លែង​ទុក​មក និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បងប្អូន។ ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន ហើយ​ចំអក​ឡក‌ឡឺយ​ដាក់​បងប្អូន គេ​នឹង​ពោល​ថា: «បើ​ព្រះអង្គ​សន្យា​ថា​យាង​មក​មែន​នោះ តើ​ឥឡូវ​ព្រះអង្គ​នៅ​ឯ​ណា? តាំង​ពី​បុព្វបុរស*​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​ព្រះអង្គ​បង្កើត​ពិភព​លោក!»។ គេ​និយាយ​ដូច្នេះ​មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែនដី កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព​លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដើម្បី​ឲ្យ​បាន​នឹក​ចាំ ពី​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម នឹង​ពី​សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយ‌សារ​យើង​ខ្ញុំ ជា​ពួក​សាវក ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡក‌ឡឺយ​ថា តើ​សេចក្ដី​សន្យា​ពី​ព្រះ‌អង្គ​យាង​មក​នៅ​ឯ​ណា ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ ពី​ព្រោះ​គេ​ចង់​បំភ្លេច​ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ រួច​មក​លោកីយ​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ

ចែក​រំលែក
អាន ២ ពេត្រុស 3