២ ពេត្រុស 3:14-16
២ ពេត្រុស 3:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរមានចិត្តឧស្សាហ៍ ដើម្បីឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងរស់នៅដោយសុខសាន្ត។ ត្រូវរាប់ព្រះហឫទ័យអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាការសង្គ្រោះ ដូចលោកប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើង ក៏បានសរសេរមកអ្នករាល់គ្នា តាមប្រាជ្ញាដែលព្រះបានប្រទានមកលោក ដូចលោករៀបរាប់នៅក្នុងសំបុត្រទាំងប៉ុន្មានរបស់លោក អំពីរឿងទាំងនេះដែរ។ មានសេចក្ដីខ្លះនៅក្នុងសំបុត្រទាំងនោះដែលពិបាកយល់ ហើយអ្នកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បង្វែរសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ដែលនាំឲ្យខ្លួនគេត្រូវវិនាស។
២ ពេត្រុស 3:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។ តោងយល់ថា ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានឲ្យលោកស្រាប់ហើយ។ ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្តរាយ។
២ ពេត្រុស 3:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង ហើយត្រូវរាប់សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្ដីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសំដែងពីសេចក្ដីទាំងនេះ នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ នឹងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។