២ ពេត្រុស 3:10-13
២ ពេត្រុស 3:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរប្លន់ ហើយពេលនោះ ផ្ទៃមេឃនឹងបាត់ទៅដោយសូរគ្រាំគ្រេង ធាតុសព្វសារពើនឹងរលាយទៅ ដោយកម្ដៅភ្លើង ផែនដី និងអ្វីៗនៅលើផែនដីនឹងត្រូវឆេះអស់។ បើអ្វីៗទាំងអស់ត្រូវរលាយទៅយ៉ាងនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅជាមនុស្សបែបណា ក្នុងកិរិយាបរិសុទ្ធ និងការគោរពប្រតិបត្តិដល់ព្រះ ទាំងទន្ទឹងរង់ចាំ ហើយខំជួយឲ្យថ្ងៃរបស់ព្រះបានឆាប់មកដល់ ព្រោះជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះ ហើយរលាយទៅ ធាតុសព្វសារពើនឹងត្រូវរលាយដោយកម្ដៅភ្លើង! ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។
២ ពេត្រុស 3:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។ បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ឲ្យមែនទែន!។ ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។ យើងទន្ទឹងរង់ចាំ ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលប្រកបដោយសេចក្ដីសុចរិត តាមព្រះបន្ទូលសន្យា។
២ ពេត្រុស 3:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី នឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។ ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្តិ ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ