២ ពេត្រុស 3:1-9
២ ពេត្រុស 3:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ពួកស្ងួនភ្ងាអើយ ខ្ញុំសរសេរសំបុត្រទីពីរនេះមកអ្នករាល់គ្នា ដែលក្នុងសំបុត្រទាំងពីរ ខ្ញុំបានព្យាយាមរំឭកស្មារតីដ៏ស្មោះរបស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង ដើម្បីឲ្យអ្នករាល់គ្នានឹកចាំរាល់សេចក្ដីដែលពួកហោរាបរិសុទ្ធបានថ្លែងកាលពីដើម និងពីបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះសង្គ្រោះ តាមរយៈពួកសាវករបស់អ្នករាល់គ្នា ដោយដឹងសេចក្តីនេះជាមុនថា នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក មកចំអកមើលងាយ ហើយបណ្តោយតាមសេចក្ដីប៉ងប្រាថ្នារបស់គេ។ គេនឹងពោលថា៖ «តើសេចក្ដីសន្យាពីការយាងមករបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីដូនតារបស់យើងបានស្លាប់ទៅ អ្វីៗទាំងអស់នៅតែដដែល ដូចកាលពីដើមកំណើតពិភពលោករៀងមកដែរ!»។ ព្រោះគេចង់បំភ្លេចការនេះថា ផ្ទៃមេឃមានតាំងពីយូរលង់មកហើយ ឯផែនដីកើតចេញពីទឹក នៅក្នុងទឹក ដោយសារព្រះបន្ទូលរបស់ព្រះ ហើយថា ដោយសារទឹក ពិភពលោកនៅជំនាន់នោះត្រូវជន់លិច ហើយវិនាសទៅ។ តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។ ពួកស្ងួនភ្ងាអើយ សូមកុំភ្លេចសេចក្ដីមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃទុកដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ទុកដូចជាមួយថ្ងៃដែរ ។ ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
២ ពេត្រុស 3:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរដែលខ្ញុំសរសេរផ្ញើមកជូនបងប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំឭកដាស់តឿនបងប្អូន ឲ្យមានចិត្តគំនិតត្រឹមត្រូវជានិច្ច។ សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់លោកព្យាការី*ដ៏វិសុទ្ធ*បានថ្លែងទុកមក និងបទបញ្ជាដែលព្រះអម្ចាស់ជាព្រះសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។ ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្តលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន គេនឹងពោលថា: «បើព្រះអង្គសន្យាថាយាងមកមែននោះ តើឥឡូវព្រះអង្គនៅឯណា? តាំងពីបុព្វបុរស*របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះអង្គបង្កើតពិភពលោក!»។ គេនិយាយដូច្នេះមកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និងផែនដី កកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។ មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្តរាយ។ បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ប្រៀបបាននឹងមួយថ្ងៃ ដូច្នោះដែរ។ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។
២ ពេត្រុស 3:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ពួកស្ងួនភ្ងាអើយ ខ្ញុំធ្វើសំបុត្រទី២នេះផ្ញើមកអ្នករាល់គ្នា ដែលក្នុងសំបុត្រទាំង២ច្បាប់ ខ្ញុំបានរំឭកដាស់តឿនសតិស្មារតីដ៏ស្អាតរបស់អ្នករាល់គ្នាហើយ ដើម្បីឲ្យបាននឹកចាំ ពីអស់ទាំងសេចក្ដី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម នឹងពីសេចក្ដីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ ដែលបងប្អូនបានឮដោយសារយើងខ្ញុំ ជាពួកសាវក ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ រួចមកលោកីយត្រូវទឹកនោះជន់លិចបំផ្លាញទៅ តែផ្ទៃមេឃនឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ តែពួកស្ងួនភ្ងាអើយ កុំឲ្យភ្លេចសេចក្ដី១នេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់១ថ្ងៃទុកដូចជា១ពាន់ឆ្នាំ ហើយ១ពាន់ឆ្នាំក៏ទុកដូចជា១ថ្ងៃដែរ ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ