២ ពេត្រុស 3:1-7

២ ពេត្រុស 3:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​សរសេរ​សំបុត្រ​ទី​ពីរ​នេះ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​ពីរ ខ្ញុំ​បាន​ព្យាយាម​រំឭក​ស្មារតី​ដ៏ស្មោះ​របស់​អ្នក​រាល់​គ្នាឲ្យ​ភ្ញាក់​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​រាល់​សេចក្ដី​ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ថ្លែង​កាល​ពី​ដើម និង​ពី​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ តាម​រយៈ​ពួក​សាវក​របស់​អ្នក​រាល់​គ្នា ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក មក​ចំអកមើល​ងាយ ហើយ​បណ្តោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ។ គេ​នឹង​ពោល​ថា៖ «តើ​សេចក្ដី​សន្យា​ពី​ការ​យាង​មក​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ដូន​តា​របស់​យើង​បាន​ស្លាប់​ទៅ អ្វីៗ​ទាំង​អស់​នៅ​តែ​ដដែល ដូច​កាល​ពី​ដើម​កំណើត​ពិភព​លោក​រៀង​មក​ដែរ!»។ ព្រោះ​គេ​ចង់​បំភ្លេច​ការ​នេះ​ថា ផ្ទៃ​មេ​ឃ​មាន​តាំង​ពី​យូរ​លង់​មក​ហើយ ឯផែន​ដី​កើត​ចេញ​ពី​ទឹក នៅ​ក្នុង​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ថា ដោយ​សារ​ទឹក ពិភព​លោក​នៅ​ជំនាន់​នោះ​ត្រូវ​ជន់​លិច ហើយ​វិនាស​ទៅ។ តែ​ដោយ​សារ​ព្រះ‌បន្ទូល​ដដែល​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​ជំនាន់​នេះ ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ ហើយ​បំផ្លាញ​មនុស្ស​ទមិឡ​ល្មើស​ចេញ។

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​ពីរ​ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​បងប្អូន។ សេចក្ដី​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ ខ្ញុំ​បាន​រំឭក​ដាស់‌តឿន​បងប្អូន ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវជានិច្ច។ សូម​បងប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​លោក​ព្យាការី*​ដ៏វិសុទ្ធ*​បាន​ថ្លែង​ទុក​មក និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បងប្អូន។ ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន ហើយ​ចំអក​ឡក‌ឡឺយ​ដាក់​បងប្អូន គេ​នឹង​ពោល​ថា: «បើ​ព្រះអង្គ​សន្យា​ថា​យាង​មក​មែន​នោះ តើ​ឥឡូវ​ព្រះអង្គ​នៅ​ឯ​ណា? តាំង​ពី​បុព្វបុរស*​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​ព្រះអង្គ​បង្កើត​ពិភព​លោក!»។ គេ​និយាយ​ដូច្នេះ​មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែនដី កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព​លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។ មួយ​វិញ​ទៀត ព្រះ‌បន្ទូល​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ឲ្យ​វិនាស​អន្តរាយ។

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​ទី​២​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​២​ច្បាប់ ខ្ញុំ​បាន​រំឭក​ដាស់‌តឿន​សតិ‌ស្មារតី​ដ៏​ស្អាត​របស់​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​បាន​នឹក​ចាំ ពី​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម នឹង​ពី​សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយ‌សារ​យើង​ខ្ញុំ ជា​ពួក​សាវក ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡក‌ឡឺយ​ថា តើ​សេចក្ដី​សន្យា​ពី​ព្រះ‌អង្គ​យាង​មក​នៅ​ឯ​ណា ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ ពី​ព្រោះ​គេ​ចង់​បំភ្លេច​ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ រួច​មក​លោកីយ​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ តែ​ផ្ទៃ​មេឃ​នឹង​ផែនដី​នៅ​ជាន់​នេះ បាន​បំរុង​ទុក​ដល់​ថ្ងៃ​ជំនុំ‌ជំរះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ទ្រង់ សំរាប់​ឲ្យ​ភ្លើង​ឆេះ​វិញ ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ

ចែក​រំលែក
អាន ២ ពេត្រុស 3