២ ពេត្រុស 3:1-18

២ ពេត្រុស 3:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​សរសេរ​សំបុត្រ​ទី​ពីរ​នេះ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​ពីរ ខ្ញុំ​បាន​ព្យាយាម​រំឭក​ស្មារតី​ដ៏ស្មោះ​របស់​អ្នក​រាល់​គ្នាឲ្យ​ភ្ញាក់​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​រាល់​សេចក្ដី​ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ថ្លែង​កាល​ពី​ដើម និង​ពី​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ តាម​រយៈ​ពួក​សាវក​របស់​អ្នក​រាល់​គ្នា ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក មក​ចំអកមើល​ងាយ ហើយ​បណ្តោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ។ គេ​នឹង​ពោល​ថា៖ «តើ​សេចក្ដី​សន្យា​ពី​ការ​យាង​មក​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ដូន​តា​របស់​យើង​បាន​ស្លាប់​ទៅ អ្វីៗ​ទាំង​អស់​នៅ​តែ​ដដែល ដូច​កាល​ពី​ដើម​កំណើត​ពិភព​លោក​រៀង​មក​ដែរ!»។ ព្រោះ​គេ​ចង់​បំភ្លេច​ការ​នេះ​ថា ផ្ទៃ​មេ​ឃ​មាន​តាំង​ពី​យូរ​លង់​មក​ហើយ ឯផែន​ដី​កើត​ចេញ​ពី​ទឹក នៅ​ក្នុង​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ថា ដោយ​សារ​ទឹក ពិភព​លោក​នៅ​ជំនាន់​នោះ​ត្រូវ​ជន់​លិច ហើយ​វិនាស​ទៅ។ តែ​ដោយ​សារ​ព្រះ‌បន្ទូល​ដដែល​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​ជំនាន់​នេះ ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ ហើយ​បំផ្លាញ​មនុស្ស​ទមិឡ​ល្មើស​ចេញ។ ពួក​ស្ងួន‌ភ្ងា​អើយ សូម​កុំ​ភ្លេច​សេចក្ដី​មួយ​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ទុក​ដូច​ជា​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​មួយ​ថ្ងៃ​ដែរ ។ ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះអ្នក​រាល់​គ្នា ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។ រីឯ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ នឹង​មក​ដូច​ជា​ចោរ​ប្លន់ ហើយ​ពេល​នោះ ផ្ទៃ​មេឃ​នឹង​បាត់​ទៅ​ដោយ​សូរ​គ្រាំ​គ្រេង ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កម្ដៅ​ភ្លើង ផែនដី និងអ្វីៗ​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​ឆេះ​អស់។ បើ​អ្វីៗ​ទាំង​អស់​ត្រូវ​រលាយ​ទៅ​យ៉ាង​នេះ​ទៅ​ហើយ តើ​អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ជា​មនុស្ស​បែប​ណា ក្នុង​កិរិយា​បរិសុទ្ធ និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ទាំង​ទន្ទឹង​រង់​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​របស់​ព្រះ​បាន​ឆាប់​មក​ដល់ ព្រោះ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ ហើយ​រលាយទៅ ធាតុ​សព្វ​សារពើ​នឹង​ត្រូវ​រលាយ​ដោយ​កម្ដៅ​ភ្លើង! ប៉ុន្ដែ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ យើងកំពុង​ទន្ទឹង​រង់​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ។ ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ដើម្បី​ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​រស់​នៅ​ដោយ​សុខសាន្ត។ ត្រូវ​រាប់​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​របស់​ព្រះ‌អម្ចាស់​នៃ​យើង ទុក​ជា​ការ​សង្គ្រោះ ដូច​លោក​ប៉ុល ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​យើង ក៏​បាន​សរសេរ​មក​អ្នក​រាល់​គ្នា តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក ដូច​លោក​រៀប​រាប់​នៅ​ក្នុង​សំបុត្រ​ទាំង​ប៉ុន្មាន​របស់​លោក អំពី​រឿង​ទាំង​នេះ​ដែរ។ មាន​សេចក្ដី​ខ្លះ​នៅ​ក្នុង​សំបុត្រទាំង​នោះ​ដែល​ពិបាក​យល់ ហើយ​អ្នក​ល្ងង់​ខ្លៅ និង​ពួក​មិន​ខ្ជាប់‌ខ្ជួន បង្វែរ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។ ដូច្នេះ ពួក​ស្ងួន‌ភ្ងា​អើយ អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ជា​មុន​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​ពួក​ទទឹង​ច្បាប់​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ចេញ ហើយបាត់​បង់​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​អ្នក​រាល់​គ្នា។ ផ្ទុយ​ទៅ​វិញ សូម​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ក្នុង​ព្រះ‌គុណ និង​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ សូម​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ នៅ​ពេល​ឥឡូវ​នេះ និង​ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ អាម៉ែន។:៚

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​ពីរ​ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​បងប្អូន។ សេចក្ដី​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ ខ្ញុំ​បាន​រំឭក​ដាស់‌តឿន​បងប្អូន ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវជានិច្ច។ សូម​បងប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​លោក​ព្យាការី*​ដ៏វិសុទ្ធ*​បាន​ថ្លែង​ទុក​មក និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បងប្អូន។ ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន ហើយ​ចំអក​ឡក‌ឡឺយ​ដាក់​បងប្អូន គេ​នឹង​ពោល​ថា: «បើ​ព្រះអង្គ​សន្យា​ថា​យាង​មក​មែន​នោះ តើ​ឥឡូវ​ព្រះអង្គ​នៅ​ឯ​ណា? តាំង​ពី​បុព្វបុរស*​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​ព្រះអង្គ​បង្កើត​ពិភព​លោក!»។ គេ​និយាយ​ដូច្នេះ​មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែនដី កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព​លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។ មួយ​វិញ​ទៀត ព្រះ‌បន្ទូល​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ឲ្យ​វិនាស​អន្តរាយ។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បងប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ ​ដូច្នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បងប្អូន ព្រោះ​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក​ប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែនដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែនដីដែរ។ បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បងប្អូន​ត្រូវ​មាន​ចរិយា​ដ៏វិសុទ្ធ និង​គោរព​កោតខ្លាច​ព្រះ‌ជា‌ម្ចាស់​ឲ្យ​មែន​ទែន!។ ចូរ​ទន្ទឹង​រង់‌ចាំ និង​ខ្នះ‌ខ្នែង ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​ត្រូវ​យាង​មក​នោះ កាន់​តែ​ឆាប់​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ​រលាយ ហើយ​ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ​ដែរ។ យើង​ទន្ទឹង​រង់‌ចាំ​ ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​ប្រកប​ដោយ​សេចក្ដី​សុចរិត តាម​ព្រះ‌បន្ទូល​សន្យា។ ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ‌ជា‌ម្ចាស់​ឃើញ​ថា បងប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បងប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ត។ តោង​យល់​ថា ព្រះ‌អម្ចាស់​នៃ​យើង​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ មក​ពី​ព្រះអង្គ​ចង់​សង្គ្រោះ​បងប្អូន ដូច​លោក​ប៉ូល​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង បាន​សរសេរ​មក​ជូន​បងប្អូន តាម​ប្រាជ្ញា​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​លោក​ស្រាប់​ហើយ។ ក្នុង​គ្រប់​សំបុត្រ​ដែល​លោក​បរិយាយ​អំពី​រឿង​ទាំង​នេះ លោក​តែងតែ​សរសេរ​ដូច្នេះ​ឯង។ ក្នុង​សំបុត្រ​ទាំង​នោះ មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ធ្វើ​ឲ្យ​អ្នក​ល្ងង់ និង​អ្នក​ដែល​គ្មាន​ជំនឿ​រឹង‌ប៉ឹង បក​ស្រាយ​ខុស​អត្ថ‌ន័យ ដូច​គេ​ធ្លាប់​បក​ស្រាយ​អត្ថ‌បទ​គម្ពីរ​ឯ​ទៀតៗ​ខុស​ន័យ​ដែរ បណ្ដាល​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស​អន្តរាយ។ រីឯ​បងប្អូន​វិញ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ បងប្អូន​បាន​ជ្រាប​សព្វ​គ្រប់​ជា​មុន​ហើយ។ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បណ្ដោយ​ជន​ពាល​នាំ​បងប្អូន​ឲ្យ​វង្វេង ហើយ​មិន​ត្រូវ​បាត់​បង់​គោល​ជំហរ​ដ៏​រឹង‌ប៉ឹង​របស់​បងប្អូន​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​បងប្អូន​បាន​ចម្រើន​ឡើង ក្នុង​ព្រះ‌គុណ និង​ការ​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត*​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់‌កល្ប​ជានិច្ច​ត​រៀង​ទៅ។ អាម៉ែន។

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​ទី​២​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​២​ច្បាប់ ខ្ញុំ​បាន​រំឭក​ដាស់‌តឿន​សតិ‌ស្មារតី​ដ៏​ស្អាត​របស់​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​បាន​នឹក​ចាំ ពី​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម នឹង​ពី​សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយ‌សារ​យើង​ខ្ញុំ ជា​ពួក​សាវក ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡក‌ឡឺយ​ថា តើ​សេចក្ដី​សន្យា​ពី​ព្រះ‌អង្គ​យាង​មក​នៅ​ឯ​ណា ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ ពី​ព្រោះ​គេ​ចង់​បំភ្លេច​ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ រួច​មក​លោកីយ​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ តែ​ផ្ទៃ​មេឃ​នឹង​ផែនដី​នៅ​ជាន់​នេះ បាន​បំរុង​ទុក​ដល់​ថ្ងៃ​ជំនុំ‌ជំរះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ទ្រង់ សំរាប់​ឲ្យ​ភ្លើង​ឆេះ​វិញ ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ តែ​ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ភ្លេច​សេចក្ដី​១​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់​១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ រីឯ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំ‌គ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃ‌លែង ហើយ​ផែនដី នឹង​ការ​សព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ។ ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ ទាំង​ទន្ទឹង​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង ដែល​នៅ​ថ្ងៃ​នោះ ផ្ទៃ​មេឃ​នឹង​ឆេះ​រលាយ​អស់ ហើយ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃ‌លែង​ដូច្នេះ តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្ដី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង ហើយ​ត្រូវ​រាប់​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌អម្ចាស់​នៃ​យើង ទុក​ជា​សេចក្ដី​សង្គ្រោះ ដូច​ជា​ប៉ុល ជា​បង​ប្អូន​ស្ងួន‌ភ្ងា​របស់​យើង​ខ្ញុំ បាន​សរសេរ​មក​អ្នក​រាល់​គ្នា​តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក​ដែរ ដូច​ជា​ក្នុង​គ្រប់​ទាំង​សំបុត្រ​របស់​លោក ដែល​សុទ្ធ​តែ​សំដែង​ពី​សេចក្ដី​ទាំង​នេះ នោះ​មាន​សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ខ្លៅ​ល្ងង់ នឹង​ពួក​មិន​ខ្ជាប់‌ខ្ជួន គេ​បង្វែរ​ន័យ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។ ដូច្នេះ ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​ប្រយ័ត ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នោះ​ជា​មុន​ហើយ ក្រែង​លោ​ធ្លាក់​ពី​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​អ្នក​រាល់​គ្នា​ចេញ ដោយ​បណ្តោយ​តាម​សេចក្ដី​វង្វេង​របស់​ពួក​ទទឹង​ច្បាប់​នោះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចំរើន​ឡើង​ក្នុង​ព្រះ‌គុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ​នៅ​ជាន់​ឥឡូវ​នេះ ដរាប​ដល់​អស់​‌កល្ប​ជានិច្ច។ អាម៉ែន។:៚

ចែក​រំលែក
អាន ២ ពេត្រុស 3