២ ពេត្រុស 2:6-9
២ ពេត្រុស 2:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយបើព្រះអង្គបានបញ្ឆេះក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងដាក់ទោសគេឲ្យវិនាសសាបសូន្យទៅ ទុកជាគំរូអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សទមិឡល្មើស ហើយបើព្រះអង្គបានសង្គ្រោះលោកឡុតជាមនុស្សសុចរិតឲ្យរួច ដែលលោកមានចិត្តព្រួយជាខ្លាំង ដោយសារអំពើឧបាយមុខរបស់មនុស្សទទឹងច្បាប់ទាំងនោះ (ដ្បិតមនុស្សសុចរិតនោះរស់នៅក្នុងចំណោមពួកគេ ក៏កើតទុក្ខនៅក្នុងចិត្តសុចរិតរបស់លោករាល់ថ្ងៃ ដោយសារលោកបានឃើញ និងឮនូវអំពើទុច្ចរិតរបស់គេ) ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ
២ ពេត្រុស 2:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។ ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត* ព្រោះគាត់ព្រួយចិត្តដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។ រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានគ្រាំគ្រាក្នុងចិត្តដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។ យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក
២ ពេត្រុស 2:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយបើទ្រង់បានបញ្ឆេះក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្ដីទមិលល្មើស តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ បើដូច្នេះ ឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ