២ ពេត្រុស 2:17-22
២ ពេត្រុស 2:17-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ និងជាពពកដែលខ្យល់ព្យុះបក់ផាត់ ដ្បិតសេចក្ដីងងឹតសូន្យឈឹងបានបម្រុងទុកសម្រាប់ពួកគេ។ គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។ គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។ ព្រោះបើក្រោយពីគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយ៍នេះ ដោយសារការស្គាល់យេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើងហើយ តែបែរទៅជាជំពាក់ជំពិននឹងសេចក្ដីនេះម្ដងទៀត ហើយសេចក្ដីទាំងនោះបង្រ្កាបគេបាន នោះសណ្ឋានចុងក្រោយរបស់អ្នកនោះ នឹងក្លាយទៅអាក្រក់ជាងមុនទៅទៀត។ ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះល្អជាងដែលបានស្គាល់ រួចបែរចេញពីបទបញ្ជាបរិសុទ្ធ ដែលបានប្រគល់មកគេ។ ហេតុការណ៍កើតមានដល់គេ ដូចសេចក្ដីដែលសុភាសិតចែងទុកមកពិតមែន គឺថា «ឆ្កែបានត្រឡប់ទៅស៊ីកម្អួតរបស់វា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ»។
២ ពេត្រុស 2:17-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។ គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។ ពួកគេសន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។ ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយឲ្យអំពើសៅហ្មងនេះមានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។ គួរកុំឲ្យអ្នកនោះស្គាល់មាគ៌ាសុចរិតជាជាងឲ្យស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាដ៏វិសុទ្ធដែលខ្លួនបានទទួល។ ហេតុការណ៍ដែលកើតមានដល់គេនេះ សឲ្យឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ «ឆ្កែតែងតែវិលទៅរកកំអួតរបស់វាវិញ ជ្រូកដែលទើបនឹងលាងស្អាតក៏តែងតែវិលទៅននៀលភក់វិញដែរ»។
២ ពេត្រុស 2:17-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ ជាពពកដែលខ្យល់ព្យុះបក់ផាត់ ដែលសេចក្ដីងងឹតសូន្យឈឹង បានបំរុងទុកឲ្យគេនៅអស់កល្បជានិច្ច ដ្បិតគេនិយាយសេចក្ដីអំនួតអួតយ៉ាងសំបើម ទាំងបិទនុយដែលប្រកបដោយសេចក្ដីសំរើបខាងសាច់ឈាម នឹងសេចក្ដីខូចអាក្រក់ទាំងប៉ុន្មាន ដើម្បីចាប់ពួកអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកវង្វេង ទាំងសន្យាឲ្យអ្នកទាំងនោះបានសេរីភាពផង តែខ្លួនគេក៏នៅជាប់ជាបាវបំរើរបស់សេចក្ដីពុករលួយវិញ ដ្បិតបើអ្នកណាត្រូវគេបង្ក្រាបខ្លួន នោះត្រូវនៅជាប់ជាបាវរបស់អ្នកនោះហើយ ពីព្រោះក្រោយដែលបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយនេះ ដោយបានស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះហើយ បើអ្នកណាត្រឡប់ទៅជាជាប់ទាក់ទិន ឲ្យសេចក្ដីទាំងនោះបានបង្រ្កាបខ្លួនវិញ នោះសណ្ឋានក្រោយរបស់អ្នកនោះ បានអាក្រក់ជាងមុនទៅទៀត ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះជាជាងឲ្យបានស្គាល់ រួចបែរចេញពីសេចក្ដីបញ្ញត្តបរិសុទ្ធ ដែលបានប្រគល់មកហើយនោះវិញ តែមានការកើតមកដល់គេ ដូចជាពាក្យទំនៀមពិតដែលថា «ឆ្កែបានត្រឡប់ទៅស៊ីកំអួតវា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលនៅក្នុងខ្នាចវិញ»។