២ ពេត្រុស 2:11-16

២ ពេត្រុស 2:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម្បី​តែ​ពួក​ទេវតា​ដែល​មាន​កម្លាំង និង​ឫទ្ធា‌នុភាព​ខ្លាំង​ជាងអ្នក​ទាំង​នោះ ក៏​មិនដែល​ចោទ​ប្រកាន់ ប្រមាថ​ពួកអ្នកទាំង​នោះ នៅ​ចំពោះ​ព្រះ‌អម្ចាស់​ផង។ ប៉ុន្តែ មនុស្ស​ទាំង​នេះ ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន គ្មាន​វិចារណញ្ញាណ កើត​មក​សម្រាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​សម្លាប់​ប៉ុណ្ណោះ គេ​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​មិន​យល់ ហើយ​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ ដូច​សត្វ​តិរច្ឆាន​ទាំង​នោះ​ដែល​ត្រូវ​វិនាស​ដែរ គេ​រង​ទុក្ខ​ជា​ឈ្នួល​នៃ​អំពើ​ទុច្ចរិត​របស់​គេ។ គេ​រាប់​ការ​នោះ​ជា​សេចក្ដី​ត្រេក​ត្រអាល ដើម្បី​អរ​សប្បាយ​នៅ​ពេល​ថ្ងៃ។ គេ​ជា​ស្នាម​ប្រឡាក់ និង​ជា​សេចក្ដី​ស្មោក‌គ្រោក ដោយ​ត្រេក‌អរ​នឹង​សេចក្ដី​បញ្ឆោត​របស់​ខ្លួន កាល​គេ​ជប់​លៀង​ជា​មួយ​អ្នក​រាល់​គ្នា។ គេ​មាន​ភ្នែក​ពេញ​ដោយ​សេចក្តី​ផិត​ក្បត់ ដោយ​ធ្វើ​បាប​មិន​ចេះ​ស្កប់ គេ​ទាក់​ទាញ​ព្រលឹង​ដែល​ទន់​ខ្សោយ។ គេ​មាន​ចិត្ត​ពូកែ​ខាង​លោភ​លន់ ជា​ពួក​កូន​ដែល​ត្រូវ​បណ្ដាសា។ គេ​បាន​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បា‌ឡាម ជា​កូន​របស់​បេអ៊រ ដែល​ស្រឡាញ់​ឈ្មួល​នៃ​អំពើ​ទុច្ចរិត តែ​គាត់​ត្រូវ​ទទួល​ការ​ស្ដី​បន្ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​ខ្លួន គឺ​សត្វ​លា​ដែល​មិន​ចេះ​និយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស ហើយ​ឃាត់​សេចក្ដី​ចំកួត​របស់​ហោរា​នោះ។

ចែក​រំលែក
អាន ២ ពេត្រុស 2

២ ពេត្រុស 2:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម្បី​តែ​ទេវតា*​ដែល​មាន​កម្លាំង និង​ឫទ្ធា‌នុភាព​ខ្លាំង​ជាង​អ្នក​ទាំង​នោះ ក៏​ពុំ​ដែល​ចោទ​ប្រកាន់​ប្រមាថ​ទេវតា​នៅ​មុខ​ព្រះ‌ជា‌ម្ចាស់​ដែរ។ រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្តរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។ អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេក‌ត្រអាល​នឹង​ការ​ស្រើប‌ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បងប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។ គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ត​ស្រើប‌ស្រាល និង​ប្រព្រឹត្ត​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ត​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដាសា!។ ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់ ដែល​គេ​ជួល​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ប៉ុន្តែ ព្យាការី*​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ត​ល្មើស​វិន័យ* គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។

ចែក​រំលែក
អាន ២ ពេត្រុស 2

២ ពេត្រុស 2:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដែល​ពួក​ទេវតា​ដ៏​មាន​កំឡាំង មាន​ឫទ្ធិ​លើស​ជាង​គេ​ទៅ​ទៀត ក៏​មិន​ហ៊ាន​ប្រមាថ​ដល់​ពួក​នោះ នៅ​ចំពោះ​ព្រះ‌អម្ចាស់​ឡើយ តែ​ដោយ​ព្រោះ​គេ​ជេរ​ប្រមាថ​ដល់​ការ​ដែល​គេ​មិន​ស្គាល់ នោះ​គេ​នឹង​ត្រូវ​វិនាស​បាត់​ក្នុង​ការ​ខូច​អាក្រក់​របស់​គេ​អស់​រលីង ដូច​ជា​សត្វ​តិរច្ឆាន ដែល​កើត​មក​សំរាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​កាប់​សំឡាប់​ប៉ុណ្ណោះ​ដែរ គេ​ហៀប​នឹង​ទទួល​រង្វាន់​នៃ​ការ​ទុច្ចរិត គេ​ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើប‌ស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេក‌អរ​សប្បាយ គេ​ជា​ស្នាម​ប្រឡាក់ ហើយ​ជា​សេចក្ដី​ស្មោក‌គ្រោក គេ​ត្រេក‌អរ​ដោយ​សេចក្ដី​បញ្ឆោត​របស់​ខ្លួន ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​មាន​ចិត្ត​នឹក​ឃើញ​តែ​ស្រី​សំផឹង គេ​មិន​ចេះ​លែង​ធ្វើ​បាប​ឡើយ ក៏​បិទ​នុយ​ចាប់​ព្រលឹង​មនុស្ស​ដែល​មិន​ខ្ជាប់‌ខ្ជួន ហើយ​មាន​ចិត្ត​ធ្លាប់​ខាង​ឯ​សេចក្ដី​លោភ គឺ​ជា​មនុស្ស​ដែល​ត្រូវ​បណ្តាសា គេ​បាន​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បាឡាម ជា​កូន​បេអ៊រ ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត តែ​គាត់​ត្រូវ​បន្ទោស ដោយ​ព្រោះ​ការ​រំលង​របស់​គាត់ ដោយ​សត្វ​ព្រនាក់គ បាន​និយាយ​ជា​សំឡេង​មនុស្ស ទាំង​ឃាត់‌ឃាំង​សេចក្ដី​ចំកួត​របស់​គាត់

ចែក​រំលែក
អាន ២ ពេត្រុស 2