២ ពេត្រុស 2:10-22
២ ពេត្រុស 2:10-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាពិសេសអស់អ្នកដែលប្រព្រឹត្តអំពើស្មោកគ្រោក តាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយមើលងាយសិទ្ធិអំណាច។ ពួកគេព្រហើន មានក្បាលរឹង មិនខ្លាចនឹងជេរប្រមាថពួកអ្នកដែលប្រកបដោយសេរីល្អឡើយ សូម្បីតែពួកទេវតាដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏មិនដែលចោទប្រកាន់ ប្រមាថពួកអ្នកទាំងនោះ នៅចំពោះព្រះអម្ចាស់ផង។ ប៉ុន្តែ មនុស្សទាំងនេះ ប្រៀបដូចជាសត្វតិរច្ឆាន គ្មានវិចារណញ្ញាណ កើតមកសម្រាប់តែឲ្យគេចាប់ ហើយសម្លាប់ប៉ុណ្ណោះ គេជេរប្រមាថអ្វីៗដែលគេមិនយល់ ហើយពួកគេនឹងត្រូវវិនាសទៅ ដូចសត្វតិរច្ឆានទាំងនោះដែលត្រូវវិនាសដែរ គេរងទុក្ខជាឈ្នួលនៃអំពើទុច្ចរិតរបស់គេ។ គេរាប់ការនោះជាសេចក្ដីត្រេកត្រអាល ដើម្បីអរសប្បាយនៅពេលថ្ងៃ។ គេជាស្នាមប្រឡាក់ និងជាសេចក្ដីស្មោកគ្រោក ដោយត្រេកអរនឹងសេចក្ដីបញ្ឆោតរបស់ខ្លួន កាលគេជប់លៀងជាមួយអ្នករាល់គ្នា។ គេមានភ្នែកពេញដោយសេចក្តីផិតក្បត់ ដោយធ្វើបាបមិនចេះស្កប់ គេទាក់ទាញព្រលឹងដែលទន់ខ្សោយ។ គេមានចិត្តពូកែខាងលោភលន់ ជាពួកកូនដែលត្រូវបណ្ដាសា។ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត តែគាត់ត្រូវទទួលការស្ដីបន្ទោស ដោយព្រោះអំពើរំលងរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស ហើយឃាត់សេចក្ដីចំកួតរបស់ហោរានោះ។ ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ និងជាពពកដែលខ្យល់ព្យុះបក់ផាត់ ដ្បិតសេចក្ដីងងឹតសូន្យឈឹងបានបម្រុងទុកសម្រាប់ពួកគេ។ គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។ គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។ ព្រោះបើក្រោយពីគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយ៍នេះ ដោយសារការស្គាល់យេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើងហើយ តែបែរទៅជាជំពាក់ជំពិននឹងសេចក្ដីនេះម្ដងទៀត ហើយសេចក្ដីទាំងនោះបង្រ្កាបគេបាន នោះសណ្ឋានចុងក្រោយរបស់អ្នកនោះ នឹងក្លាយទៅអាក្រក់ជាងមុនទៅទៀត។ ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះល្អជាងដែលបានស្គាល់ រួចបែរចេញពីបទបញ្ជាបរិសុទ្ធ ដែលបានប្រគល់មកគេ។ ហេតុការណ៍កើតមានដល់គេ ដូចសេចក្ដីដែលសុភាសិតចែងទុកមកពិតមែន គឺថា «ឆ្កែបានត្រឡប់ទៅស៊ីកម្អួតរបស់វា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ»។
២ ពេត្រុស 2:10-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជាពិសេស ព្រះអង្គដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្តអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវតា ដែលប្រកបដោយសិរីរុងរឿងឡើយ។ សូម្បីតែទេវតា*ដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថទេវតានៅមុខព្រះជាម្ចាស់ដែរ។ រីឯអ្នកទាំងនោះវិញ ពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសម្រាប់តែជាប់អន្ទាក់ និងត្រូវវិនាសអន្តរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។ អ្នកប្រព្រឹត្តអំពើទុច្ចរិតនឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្តកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្តចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។ គេគិតតែពីរំពៃមើលស្រីៗដោយចិត្តស្រើបស្រាល និងប្រព្រឹត្តអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្តអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។ ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ ដែលគេជួលឲ្យប្រព្រឹត្តអំពើទុច្ចរិត។ ប៉ុន្តែ ព្យាការី*នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្តល្មើសវិន័យ* គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្តអំពើលេលាយ៉ាងនោះឡើយ។ អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។ គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។ ពួកគេសន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។ ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយឲ្យអំពើសៅហ្មងនេះមានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។ គួរកុំឲ្យអ្នកនោះស្គាល់មាគ៌ាសុចរិតជាជាងឲ្យស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាដ៏វិសុទ្ធដែលខ្លួនបានទទួល។ ហេតុការណ៍ដែលកើតមានដល់គេនេះ សឲ្យឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ «ឆ្កែតែងតែវិលទៅរកកំអួតរបស់វាវិញ ជ្រូកដែលទើបនឹងលាងស្អាតក៏តែងតែវិលទៅននៀលភក់វិញដែរ»។
២ ពេត្រុស 2:10-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺពួកអស់អ្នកដែលដើរតាមសាច់ឈាមជាដើម ដែលគេមានសេចក្ដីប៉ងប្រាថ្នាខាងឯការស្មោកគ្រោក ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង ដែលពួកទេវតាដ៏មានកំឡាំង មានឫទ្ធិលើសជាងគេទៅទៀត ក៏មិនហ៊ានប្រមាថដល់ពួកនោះ នៅចំពោះព្រះអម្ចាស់ឡើយ តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សំឡាប់ប៉ុណ្ណោះដែរ គេហៀបនឹងទទួលរង្វាន់នៃការទុច្ចរិត គេជាពួកអ្នកដែលរាប់ការស្រើបស្រាលនៅពេលថ្ងៃ ទុកជាការត្រេកអរសប្បាយ គេជាស្នាមប្រឡាក់ ហើយជាសេចក្ដីស្មោកគ្រោក គេត្រេកអរដោយសេចក្ដីបញ្ឆោតរបស់ខ្លួន ក្នុងពេលកំពុងដែលគេស៊ីលៀងជាមួយនឹងអ្នករាល់គ្នា គេមានចិត្តនឹកឃើញតែស្រីសំផឹង គេមិនចេះលែងធ្វើបាបឡើយ ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន ហើយមានចិត្តធ្លាប់ខាងឯសេចក្ដីលោភ គឺជាមនុស្សដែលត្រូវបណ្តាសា គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត តែគាត់ត្រូវបន្ទោស ដោយព្រោះការរំលងរបស់គាត់ ដោយសត្វព្រនាក់គ បាននិយាយជាសំឡេងមនុស្ស ទាំងឃាត់ឃាំងសេចក្ដីចំកួតរបស់គាត់ ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ ជាពពកដែលខ្យល់ព្យុះបក់ផាត់ ដែលសេចក្ដីងងឹតសូន្យឈឹង បានបំរុងទុកឲ្យគេនៅអស់កល្បជានិច្ច ដ្បិតគេនិយាយសេចក្ដីអំនួតអួតយ៉ាងសំបើម ទាំងបិទនុយដែលប្រកបដោយសេចក្ដីសំរើបខាងសាច់ឈាម នឹងសេចក្ដីខូចអាក្រក់ទាំងប៉ុន្មាន ដើម្បីចាប់ពួកអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកវង្វេង ទាំងសន្យាឲ្យអ្នកទាំងនោះបានសេរីភាពផង តែខ្លួនគេក៏នៅជាប់ជាបាវបំរើរបស់សេចក្ដីពុករលួយវិញ ដ្បិតបើអ្នកណាត្រូវគេបង្ក្រាបខ្លួន នោះត្រូវនៅជាប់ជាបាវរបស់អ្នកនោះហើយ ពីព្រោះក្រោយដែលបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយនេះ ដោយបានស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះហើយ បើអ្នកណាត្រឡប់ទៅជាជាប់ទាក់ទិន ឲ្យសេចក្ដីទាំងនោះបានបង្រ្កាបខ្លួនវិញ នោះសណ្ឋានក្រោយរបស់អ្នកនោះ បានអាក្រក់ជាងមុនទៅទៀត ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះជាជាងឲ្យបានស្គាល់ រួចបែរចេញពីសេចក្ដីបញ្ញត្តបរិសុទ្ធ ដែលបានប្រគល់មកហើយនោះវិញ តែមានការកើតមកដល់គេ ដូចជាពាក្យទំនៀមពិតដែលថា «ឆ្កែបានត្រឡប់ទៅស៊ីកំអួតវា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលនៅក្នុងខ្នាចវិញ»។