២ ពេត្រុស 2:1-9
២ ពេត្រុស 2:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។ មនុស្សជាច្រើននឹងដើរតាមផ្លូវឧបាយមុខរបស់គេ ហើយមនុស្សម្នាប្រមាថផ្លូវនៃសេចក្តីពិត ព្រោះតែអ្នកទាំងនោះ។ គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។ ដ្បិតបើព្រះមិនបានប្រណីពួកទេវតាដែលបានធ្វើបាប គឺទម្លាក់ទៅក្នុងនរក ហើយឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹតដ៏ជ្រៅ ដើម្បីឃុំទុករហូតដល់គ្រាជំនុំជម្រះ ហើយបើព្រះអង្គមិនបានប្រណីដល់ពិភពលោកពីបុរាណ គឺបានសង្គ្រោះលោកណូអេ ជាអ្នកប្រកាសពីសេចក្ដីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត កាលព្រះអង្គធ្វើឲ្យទឹកជន់លិចពិភពលោករបស់មនុស្សទមិឡល្មើស ហើយបើព្រះអង្គបានបញ្ឆេះក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងដាក់ទោសគេឲ្យវិនាសសាបសូន្យទៅ ទុកជាគំរូអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សទមិឡល្មើស ហើយបើព្រះអង្គបានសង្គ្រោះលោកឡុតជាមនុស្សសុចរិតឲ្យរួច ដែលលោកមានចិត្តព្រួយជាខ្លាំង ដោយសារអំពើឧបាយមុខរបស់មនុស្សទទឹងច្បាប់ទាំងនោះ (ដ្បិតមនុស្សសុចរិតនោះរស់នៅក្នុងចំណោមពួកគេ ក៏កើតទុក្ខនៅក្នុងចិត្តសុចរិតរបស់លោករាល់ថ្ងៃ ដោយសារលោកបានឃើញ និងឮនូវអំពើទុច្ចរិតរបស់គេ) ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ
២ ពេត្រុស 2:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពីសម័យដើម មានព្យាការី*ក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ត្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្តរាយយ៉ាងទាន់ហន់មិនខាន។ មនុស្សជាច្រើននឹងដើរតាមពួកគេទៅប្រព្រឹត្តអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។ ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្តែ ព្រះអង្គបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ ដ្បិតព្រះជាម្ចាស់ពុំបានយោគយល់ដល់ពួកទេវតា*ដែលប្រព្រឹត្តអំពើបាបទេ ព្រះអង្គបានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំឃាំងនៅទីនោះ រង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។ ព្រះអង្គក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត*នោះផង។ ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។ ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត* ព្រោះគាត់ព្រួយចិត្តដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។ រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានគ្រាំគ្រាក្នុងចិត្តដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។ យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក
២ ពេត្រុស 2:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្ដីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្ដីប្រមាថមើលងាយ ដោយព្រោះគេដែរ ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្ដីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនងុយងោកដែរ។ ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតា ដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ ហើយបើទ្រង់មិនបានប្រណីដល់លោកីយពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេ ទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត ហើយបើទ្រង់បានបញ្ឆេះក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្ដីទមិលល្មើស តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ បើដូច្នេះ ឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ