២ ពេត្រុស 1:9-11
២ ពេត្រុស 1:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ បើអ្នកណាដែលគ្មានគុណសម្បត្តិទាំងនេះ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនឆ្ងាយទេ ទាំងភ្លេចថា ព្រះបានសម្អាតអំពើបាបរបស់ខ្លួនកាលពីដើមទៀតផង។ ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។ ដ្បិតយ៉ាងនេះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នា ចូលទៅក្នុងព្រះរាជ្យដ៏នៅអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះនៃយើង។
២ ពេត្រុស 1:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្តពីអតីតកាល។ ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។
២ ពេត្រុស 1:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះអ្នកណាដែលគ្មានសេចក្ដីទាំងនោះ គឺឈ្មោះថាជាអ្នកខ្វាក់ មើលទៅឆ្ងាយមិនឃើញ ព្រមទាំងភ្លេចថា ព្រះបានសំអាតបាបដែលខ្លួនធ្វើពីដើមផង ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។